អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស៊ីរី៖ ការប្រឈមមុខ​ដោយ​អាវុធ​អាច​នឹង​មាន បន្ទាប់​ពីរុស្ស៊ី​ និង​អាមេរិក ​តម្លើង​សរសៃ​ក​ដាក់គ្នា​នៅ​អ.ស.ប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការប្រឈមមុខដាក់គ្នា កំពុងតែកើតមានកាន់តែខ្លាំង រវាងប្រទេសសម្ព័ន្ធមិត្តលោកខាងលិច ជាមួយនឹង​រុស្ស៊ី នៅក្នុងសំណុំរឿងសង្រ្គាមនៅស៊ីរី។ ប្រទេសលោកខាងលិច បានចោទកងទ័ពរដ្ឋាភិបាលស៊ីរី ថាបានប្រើអាវុធគីមី​ សាជាថ្មីទៀត នៅក្រុងឌូម៉ា កាល​ពី​ថ្ងៃសៅរ៍កន្លងទៅ ដែលបណ្តាលឲ្យស្លាប់ជីវិតជនស្លូតត្រង់​៤០នាក់ និងរបួសជាង​៥០០នាក់។ កាលពីថ្ងៃអង្គារទី១០​មេសានេះ សហរដ្ឋអាមេរិក បានដាក់ស្នើគំរោងសេចក្តីសម្រេច​ចិត្ត​មួយ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ តែគំរោងនេះ ត្រូវបានរុស្ស៊ីបោះឆ្នោតវេតូ។ សហរដ្ឋអាមេរិក និងបារាំង បានចេញមុខគំរាម ថាគេនឹងសម្រេចប្រើកំលាំង វាយ​បក​ទៅលើរដ្ឋាភិបាលស៊ីរីវិញ ក្នុងពេលឆាប់ៗនេះ។

សាកសព​ភាគច្រើន​​ជា​កុមារ​ រកឃើញ​​ក្រោយ​​ការ​​​ទំលាក់​គ្រាប់​បែក​គីមី នៅ​ក្រុង​ឌូម៉ា ថ្ងៃសៅរ៍​ទី​​៧ មេសា​​២០១៨
សាកសព​ភាគច្រើន​​ជា​កុមារ​ រកឃើញ​​ក្រោយ​​ការ​​​ទំលាក់​គ្រាប់​បែក​គីមី នៅ​ក្រុង​ឌូម៉ា ថ្ងៃសៅរ៍​ទី​​៧ មេសា​​២០១៨ Handout / AFP
ផ្សាយពាណិជ្ជកម្ម

សន្លឹកឆ្នោតវេតូ លើកទី១២របស់រុស្ស៊ី ក្នុងរវាង៧ឆ្នាំ

ប្រភពដើមដំបូងនៃការតឹងសរសៃកដាក់គ្នា រវាងរុស្ស៊ី និងអាមេរិក គឺការទំលាក់គ្រាប់បែក របស់កងទ័ពរដ្ឋាភិបាលស៊ីរី នៅក្រុងឌូម៉ា តំបន់ហ្គូតាខាងកើត ដែលបានសម្លាប់មនុស្សប្រមាណ៤០នាក់។ ក្រៅពីនោះមានអ្នករបួស​ និងអ្នកដែលមានអាការៈជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ប្រមាណជាជាង៥០០នាក់ផ្សេងទៀត។ នេះបើ យោងតាមកងកម្លាំងមួកស ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ American Medical Society។ យោងតាមប្រភពទាំងអស់នេះហើយ ដែលសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិច បានសង្ស័យថា កងទ័ពរដ្ឋាភិបាលស៊ីរី បានប្រើប្រាស់គ្រាប់បែកដែលផ្ទុកដោយសារធាតុគីមី។

ការនេះបានធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីសំណាក់ក្រុមប្រទេសលោកខាងលិច។ ដោយហេតុនេះហើយ បានជាមានការកោះប្រជុំបន្ទាន់ កាលពីថ្ងៃអង្គារ ទី១០ មេសាម្សិលមិញ នៅក្រុមប្រឹក្សាសន្តិសុខ។ នៅក្នុងការប្រជុំនោះ សហរដ្ឋអាមេរិក បានដាក់ស្នើគំរោងសេចក្តីសម្រេចចិត្តមួយ ដែលមានខ្លឹមសារ កំណត់អំពីយន្តការបន្ទាន់មួយ ដើម្បីធ្វើការស្រាវជ្រាវដោយឯករាជ្យមួយ ស្តីពីការប្រើប្រាស់អាវុធគីមីនេះ។ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខទាំងអស់ បានបោះឆ្នោតគាំទ្រគំរោងនេះ លើកលែងតែរុស្ស៊ី មួយគត់ ដែលបានបោះឆ្នោតវេតូ។ រុស្ស៊ី បានស្នើគំរោង២ដាច់ដោយឡែកផ្សែងទៀត ដើម្បីប្រជែងជាមួយ​គំរោងរបស់សហរដ្ឋអាមេរិក តែគំរោងរបស់រុស្ស៊ី មិនបានទទួលបានការគាំទ្រ ឲ្យគ្រប់សម្លេងនោះទេ។

គឺបញ្ហាទាំងនេះហើយ ដែលបាននាំឲ្យមានការដំឡើងសរសៃកដាក់គ្នា រវាងក្រុមប្រទេសសម្ព័ន្ធមិត្តជាមួយ​សហរដ្ឋអាមេរិក​ ទល់នឹងរុស្ស៊ី ដែលព្យាយាមការពាររដ្ឋាភិបាលបាឆា អាល់អាសាដ។ លោក François Delattre អគ្គរដ្ឋទូតបារាំង ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា​ បារាំង មិនអាចនៅស្ងៀម ទុកឲ្យអ្នកដែលបានប្រើអាវុធគីមីដ៏ព្រៃផ្សែនេះ នៅក្រៅសំណាញ់ច្បាប់បានឡើយ។ ក៏ប៉ុន្តែ លោកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិវិញ បាននិយាយថា រុស្ស៊ី បោះឆ្នោតវេតូ ក៏ដោយសារតែរុស្ស៊ី មិនចង់ឃើញអង្គការសហប្រជាជាតិ ត្រូវសហរដ្ឋអាមេរិកទាក់យក ឲ្យទៅធ្វើរឿងផ្សងព្រេងដ៏គ្រោះថ្នាក់មួយបាន។ គួរបញ្ជាក់ដែរ ថានេះ គឺជាលើកទី១២ហើយ ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ ដែលរុស្ស៊ី បានប្រើសិទ្ធិវេតូ ទាត់ចោលរាល់សំណើរនានា នៅក្នុងក្រុមប្រឹក្សាសន្តិសុខ។

អាមេរិក គំរាមប្រើកំលាំង ទៅលើកងទ័ពបាឆា អាល់អាសាដ នឹងអ្នកគាំទ្រ

អគ្គរដ្ឋទូតអាមេរិក នៅអង្គការសហប្រជាជាតិ ក៏ដូចជាអ្នកនាំពាក្យសេតវិមាន សុទ្ធតែបានអះអាងថា​ ក្នុងពេលដ៏ឆាប់ខាងមុខនេះ លោកដូណាល់ ត្រាំ នឹងបញ្ជាឲ្យមានការវាយប្រហារ ទៅលើកងទ័ពរដ្ឋាភិបាលរបស់បាឆា អាល់អាសាដ។ យ៉ាងណាមិញ សំណុំរឿងស៊ីរីនេះ​មានលក្ខណៈធ្ងន់ធ្ងរ និងបន្ទាន់បំផុត ដែលបានតំរូវឲ្យលោកដូណាល់ ត្រាំ ត្រូវលប់ចោលការធ្វើដំណើររបស់លោក ទៅកាន់ប្រទេសប៉េរូ ដែលមានបើកវេទិកាកំពូលអាមេរិកឡាទីន។

បើតាមប្រភពពីសេតវិមាន លោកដូណាល់ ត្រាំ បាននិយាយទូរស័ព្ទជាមួយលោកស្រីតេរ៉េសា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស ស្តីពីការសហការគ្នា ក្នុងការរកវិធី ដាក់ទណ្ឌកម្មពិន័យទៅលើរដ្ឋាភិបាលស៊ីរី ដែលបានប្រើអាវុធគីមី។ ចំណែករដ្ឋាភិបាលបារាំង វិញក៏បានប្រកាសដែរថា ក្នុងរវាង ២ ទៅ ៣ថ្ងៃទៀត លោកប្រធានាធិបតីបារាំង នឹងសម្រេចបញ្ជា ថាត្រូវប្រើកម្លាំងដោយរបៀបណា ដោយសហការគ្នាជាមួយនឹងកងទ័ពសម្ព័ន្ធមិត្តផ្សេងទៀត។

លោក ដូណាល់ ត្រាំ បានគំរាមថា បើអាមេរិកប្រើកំលាំង គឺមិនមែនវាយបកតែទៅលើរដ្ឋាភិបាលបាឆា អាល់អាសាដប៉ុណ្ណោះទេ គឺកងទ័ពអាមេរិក នឹងវាយប្រហារទៅលើសម្ព័ន្ធមិត្តរបស់បាឆា អាល់អាសាដ​ដែរ ពោលគឺ មានមូលដ្ឋានទ័ពរុស្ស៊ី និង អ៊ីរ៉ង់ នេះតែម្តង។ ដោយឡែក លោកម៉ាក្រុង ប្រធានាធិបតីបារាំងវិញ បានអះអាងថា បារាំងនឹងចូលរួមប្រើកំលាំង តែនឹងវាយប្រហារតែទៅលើទីតាំងយុទ្ធសាស្ត្ររបស់កងទ័ពរដ្ឋាភិបាលបាឆា អាល់អាសាធប៉ុណ្ណោះ តួយ៉ាង ដូចជាទីតាំងស្រាវជ្រាវ និងតំកល់ទុកនូវអាវុធគីមី របស់កងទ័ពស៊ីរី ជាដើម។

រុស្ស៊ី ថានឹងកំទេចមីស៊ីលចោល រួមជាមួយទីតាំងបាញ់មីស៊ីល

ដូចយើងតែងតែដឹងហើយ ថាលោកដូណាល់ ត្រាំ ជាមនុស្សចិត្តក្តៅ និងពុះកញ្ជ្រោលកំរិតណា។ ម្យ៉ាងទៀត​ វាក៏មិនមែនលើកទីមួយដែរ ដែលកងទ័ពអាមេរិក បើកការវាយប្រហារ ទៅលើកងទ័ពរដ្ឋាភិបាល​ស៊ីរី។ ជាក់ស្តែង កាលពីខែមេសា ឆ្នាំ២០១៧ ក្រោយពេលដែលកងទ័ពស៊ីរី បានទំលាក់គ្រាប់បែកគីមីសម្លាប់​មនុស្ស​៨០នាក់ នៅតំបន់ Khan Cheikhoun លោកដូណាល់ ត្រាំ បានបញ្ជាឲ្យកម្ទេចមូលដ្ឋានទ័ពស៊ីរីមួយកន្លែង ទាំងដោយមិនបានគំរាមមុនផង។

ដូច្នេះលើកនេះ បើគាត់គំរាមប៉ុណ្ណឹងទៅហើយ មានន័យថា​លទ្ធភាព ដែលអាចនឹងមានការប្រើកម្លាំងនោះ គឺពិតជាមានខ្ពស់។ យ៉ាងណាមិញ កាលពីថ្ងៃចន្ទ នាវាចម្បាំង USS Donald Cook របស់អាមេរិក​ ដែលចតនៅមូលដ្ឋាន Larcana លើកោះហ្សីព្រ៍នោះ បានចេញដំណើរចេញទៅហើយ ដែលតាមការស្មានគឺសំដៅទៅសំចត នៅទីតាំងមួយ ដើម្បីងាយស្រួលបាញ់មីស៊ីល សំដៅទៅស៊ីរី។

បន្តែទន្ទឹមគ្នានេះ រុស្ស៊ីក៏បានគំរាមតបមកវិញដែរ ថាបើសិនជាមានមីស៊ីលបាញ់សំដៅមកលើមូលដ្ឋានកងទ័ពស៊ីរី នោះរុស្ស៊ី នឹងបាញ់កម្ទេចមីស៊ីលនោះចោល។​ ហើយមិនមែនតែត្រឹមនេះទេ រុស្ស៊ី នឹងបាញ់កម្ទេច​ទីតាំង ដែលមីស៊ីលនោះហោះចេញមក។ អញ្ចឹងមានន័យថាម៉េច សោភ័ណ គឺមានន័យថា បើអាមេរិកបាញ់មីស៊ីលចេញពីនាវាចម្បាំង ក្នុងសមុទ្រមេឌីទែរ៉ាណេ នោះរុស្ស៊ី នឹងបាញ់កម្ទេចនាវាចម្បាំងរបស់អាមេរិកចោល។ ដូច្នេះ រឿងបន្ទាប់ទៅទៀត គឺយើងមិនបាច់វិភាគច្រើនទេ គឺវានឹងក្លាយជាសង្រ្គាមប្រើអាវុធ យ៉ាងបើកចំហរ រវាងអាមេរិក និងរុស្ស៊ី​ នៅលើទឹកដីស៊ីរី។

អ្នករបួស មានអាការៈជំងឺ អាចបណ្តាលមកពីសារធាតុគីមី

រុស្ស៊ី បានចោទត្រលប់មកវិញថា សហរដ្ឋអាមេរិក បានយកលេសគ្រាប់បែកគីមីនេះ ដើម្បីបញ្ឆេះសង្រ្គាមតែប៉ុណ្ណោះ។ រហូតមកត្រឹមពេលនេះ នៅមិនទាន់មានការស៊ើបអង្កេតឲ្យច្បាស់លាស់ទេ។ ជាការពិត ភាគីរុស្ស៊ី ចោទសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័​ន្ធមិត្តលោកខាងលិច ថាចោទរដ្ឋាភិបាលស៊ីរី ទាំងដោយគ្មានភស្តុតាង។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ នៅពេលដែលអាមេរិក ស្នើឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ រុស្ស៊ី បែរជាបោះឆ្នោតវេតូទៅវិញ។

ដោយឡែករដ្ឋាភិបាលស៊ីរី បានចេញមុខមកអញ្ជើញ ក្រុមការងាររបស់អង្គការអន្តរជាតិ ទទួលបន្ទុកអាវុធគីមី OIAC ឲ្យទៅស៊ើបអង្កេតចុះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។ តែយ៉ាងណាក៏ដោយ អ្នកវិភាគជាច្រើនជឿថា ការអញ្ជើញអ្នកជំនាញរបស់អង្គការនេះ ឲ្យទៅស៊ើបអង្កេត គឺគ្រាន់តែជាវិធី ដើម្បី​​ពន្យា​ការប្រើកម្លាំង ដែលអាមេរិក បានគំរាមតែប៉ុណ្ណោះ។

មកត្រឹមពេលនេះ អ្វីដែលគេបានដឹង គឺជាការអះអាង ពីមន្ត្រីជំនាញសង្រ្គោះ របស់អង្គការ​នានា ដែលនៅកន្លែងកើតហេតុផ្ទាល់ ដែលគ្រប់គ្នាសុទ្ធតែអះអាងថា អ្នករបួសទាំងជាង៥០០នាក់នោះ សុទ្ធតែមានអាការៈជំងឺ ផ្លូវដង្ហើម នឹងរលាកសាច់ដុំធ្ងន់ធ្ងរ ដែលទំនង បណ្តាលមកពីសារធាតុគីមី។

យ៉ាងណាមិញ អង្គការសុខភាពពិភពលោក ទើបតែបានប្រកាសទាមទារ​ មុននេះបន្តិចថា ត្រូវតែបើកផ្លូវ ឲ្យអ្នកជំនាញរបស់អង្គការខ្លួន ចុះទៅត្រួតពិនិត្យ និងសង្រ្គោះមនុស្សជាបន្ទាន់ ព្រោះបើតាមការអះអាងច្បាស់លាស់នានា គឺពិតជាអាចមានសារធាតុគីមី ផ្ទុកនៅក្នុងគ្រាប់បែក ដែលកងទ័ពស៊ីរី បានទំលាក់ ពិតមែន។ ចំណែកលោក Heather Nauert អ្នកនាំពាក្យអង្គទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានអះអាងថា សហរដ្ឋអាមេរិកដឹងយ៉ាងច្បាស់ ​ថាគ្រាប់បែកនោះ ពិតជាគ្រាប់បែកគីមី បើទោះបីជាគេមិនដឹងថា ជាសារធាតុគីមី ​ប្រភេទអីឲ្យប្រាកដក៏ដោយ។ ដូច្នេះ អ្នកប្រកែក មិនបាច់ប្រឹងប្រកែកទៀតទេ ព្រោះវាមិនមែនជាលើកទីមួយឡើង ដែលកងទ័ពបាឆា អាល់អាសាដ ប្រើអាវុធគីមីរបៀបនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ