អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អារ៉ាប៊ីសាអូឌីត៖ ​ជំហាន​ថ្មី​នៃ​កំណែ​ទំរង់​ តែ​បង្កប់​ដោយ​ទំនោរ​ផ្តាច់ការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​​ពី​ថ្ងៃ​ទី ​២៦​ កញ្ញា​ ព្រះចៅ​សាល់ម៉ាន់ ​របស់​អារ៉ាប៊ីសាអូឌីត ​បាន​ចុះ​ព្រះហស្ថ​លេខា ​លើ​ព្រះរាជ​ក្រិត្យ​មួយ ​ដើម្បី​អនុញ្ញាតិ​ឲ្យ​ស្ត្រី​អារ៉ាប៊ូសាអូឌីត​ មាន​សិទ្ធិ​បើកបរ​រថយន្ត​ដូច​បុរស​ដែរ។ នេះគឺ​ជា​ការ​បោះ​ជំហាន​ថ្មី ​ទៅកាន់​ការ​ធ្វើ​កំណែ​ទំរង់​សង្គម​អារ៉ាប៊ីសាអូឌីត។ តែ​ទោះ​ជា​យ៉ាង​ណា ​ហេតុផល​សេដ្ឋកិច្ច​ និង​នយោបាយ ​ស្ថិត​នៅ​ពី​ក្រោយ​កំណែ​ទំរង់​នេះ ​ជា​ជាង​ចេតនា​ចង់​ផ្តល់​សិទ្ធិ​ឲ្យ​ស្ត្រី។ ​កំណែ​ទម្រង់​នេះ​ វា​គ្រាន់តែ​ជា​តំណក់ទឹក​តូច​មួយ​ប៉ុណ្ណោះ ​ព្រោះ​ថា​ស្ត្រី​អារ៉ាប៊ីសាអូឌីត ​នៅ​តែ​ជាប់​ក្នុង​រនាំង​សាសនា​អ៊ីស្លាម​ យ៉ាង​តឹងតែង​ដដែល។ ហើយ​ទន្ទឹម​គ្នា​នេះ​ព្រះ​អង្គម្ចាស់​ ទាយាទ​នៃ​ព្រះចៅ​សាល់ម៉ាន់ ​កំពុង​តែ​ពង្រឹង​អំណាច ​កាន់តែ​រឹងមាំ​ ក្នុង​កណ្តាប់​ដៃ។

ស្ត្រីអារ៉ាប៊ីសាអូឌីត ​ក្នុង​សម្លៀកបំពាក់​រុំជិត​តាម​​ទ្រឹស្តី​ឥស្លាម​​តឹងរឹង ​កំពុង​​សាក​បើកបរ​​រថយន្ត
ស្ត្រីអារ៉ាប៊ីសាអូឌីត ​ក្នុង​សម្លៀកបំពាក់​រុំជិត​តាម​​ទ្រឹស្តី​ឥស្លាម​​តឹងរឹង ​កំពុង​​សាក​បើកបរ​​រថយន្ត REUTERS/Faisal Al Nasser
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០១៨​ ស្ត្រី​អារ៉ាប៊ីសាអូឌីត ​អាច​មាន​សិទ្ធិ​បើកបរ​រថយន្ត​ហើយ

ចាប់ពី​ខែ​មិថុនា​ ​ឆ្នាំ​២០១៨​ទៅ ​ស្ត្រី​ជនជាតិ ​អារ៉ាប៊ីសាអូឌីត ​និង​អាច​មាន​សិទ្ធិ​បើកបរ ​ដូច​បុរស​ហើយ។ បើ​យើង​មិន​មែន​ជា​ស្ត្រី​អារ៉ាប៊ូសាអូឌីត ​នោះ​យើង​ប្រាកដ​ជា​ពុំអាច​យល់ ​ពី​អារម្មណ៍​រំភើប​សប្បាយ​ប៉ុណ្ណាទេ ​ បន្ទាប់​ពី ​ពួកគេ​បាន​ឮ​ដំណឹង​នេះ។ នេះគឺ​ជា​ក្តី​រំពឹង​របស់​ស្ត្រី​អារ៉ាប៊ីសាអូឌីត ​យូរ​អង្វែង​មក​ហើយ។

គេនៅ​ចាំ​ថា​ ថ្ងៃទី​ ៦​ វិច្ឆិកា​ ឆ្នាំ​១៩៩០​ ជាថ្ងៃ​ដែល​ស្ត្រី​អារ៉ាប៊ីសាអូឌីត​ មួយ​ក្រុម​ ហ៊ាន​ប្តេជ្ញា​ប្រឆាំង​នឹង​ច្បាប់​រដ្ឋ​ ដោយ​បាន​បើក​រថយន្ត​ធ្វើ​ក្បួន​ដង្ហែរ​នៅ​តាម​ផ្លូវ​ ក្នុង​ទីក្រុង​រីយ៉ាត ​ដើម្បី​ជា​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​សម្រេច​អនុញ្ញាត ​ឲ្យស្ត្រី​មាន​សិទ្ធិ​បើកបរ។ ពួកគេ​ត្រូវ​នគរបាល​ចាប់​ ដាក់​ពិន័យ្យ ​និង​ជេរ​ប្រទេច​ផ្តាសារ ​ជា​សាធារណៈ។ តែ​២៨​ឆ្នាំ​ក្រោយ​មក ​ក្តី​ស្រម៉ៃ ​របស់​ស្ត្រី​អារ៉ាប៊ីសាអូឌីត ​ថា​អាច​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ​ដោយ​ខ្លួនឯង​ ដោយ​មិន​ចាំបាច់​មាន​មនុស្ស​ប្រុស​ជូន​នោះ ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។

អ្នក​ដែលនៅ​ពីក្រោយ​គំនិត​ធ្វើ​កំណែ​ទំរង់ ​ដ៏​គួរ​ឲ្យ​អបអរ​នេះ​ គឺ​ ព្រះអង្គ​ម្ចាស់​រាជ​ទាយាទ​ នៃ​រាជវង្ស​សាល់ ​ម៉ាន់ ​ដែល​មាន​ឈ្មោះថា​ Mohammed Ben Salman ​ឬ​ដែល​គេ​និយម​ហៅ​កាត់​ថា ​MSB។ ព្រះអង្គ​ម្ចាស់ ​Mohammed Ben Salman​ ក្នុង​វ័យ​៣២​ឆ្នាំ ​កំពុង​ដឹកនាំ​អំណាច​រដ្ឋាភិបាល​ប្រទេស​មហាសេដ្ឋី​ប្រេង​នេះ ​ដោយ​បាន​កំណត់​ទិស​ដៅ​កំណែ​ទម្រង់​យ៉ាង​សកម្ម។

ព្រះអង្គម្ចាស់ Mohammed ben Salman ម្ចាស់ផែនការ​ "Vision 2030"
ព្រះអង្គម្ចាស់ Mohammed ben Salman ម្ចាស់ផែនការ​ "Vision 2030" REUTERS/Saudi Press Agency/Handout via Reuters

គេ​មិន​អាច​មិន​អបអរ​ នឹង​ការ​ផ្លាស់​ប្តូរ​ថ្មី​នេះ​ទេ។​​ តែ​គេ​ក៏​មិន​ត្រូវ​ ត្រេកអរ ​សរសើរ​លឿន​ជ្រុល ​ដល់​បន្ទាត់​នយោបាយ​កំណែ​ទម្រង់​ របស់​ព្រះ​អង្គម្ចាស់ ​Mohammed Ben Salman ​ដែរ។ នៅ​ពីក្រោយ ​ការ​អនុញ្ញាតិ​ ឲ្យ​ស្ត្រី​មាន​សិទ្ធិ​បើកបរ​នេះ ​គឺ​បង្កប់​ទៅ​ដោយ​ហេតុ​ផល​នយោបាយ ​និង​សេដ្ឋកិច្ច ​ដែល​ព្រះ​អង្គម្ចាស់ ​Mohammed Ben Salman បាន​សម្លឹង​ឃើញ។ គ្មាន​នរណា​ជឿទេ​ថា ​ព្រះអង្គ​ម្ចាស់ ​Mohammed Ben Salman ​សម្រេច​ធ្វើ​កំណែ​ទម្រង់​នេះ ​ក៏​ដោយសារ​ព្រះអង្គ ​បាន​ទត​ឃើញ​នូវ​សេចក្តី​លំបាក​របស់​ស្ត្រី​អារ៉ាប៊ូសាអូឌីត។ ផ្ទុយ​ទៅ​វិញ​ គឺ​កំណែ​ទម្រង់​សេដ្ឋកិច្ច ​តម្រូវ​ការ​ឲ្យ​មាន​ស្ត្រី​ចូលរួម​ទេ ​ដែល​ព្រះអង្គ​ម្ចាស់​បាន​សម្លឹង​មើល​ឃើញ។

ត្រូវការស្ត្រី ​ដើម្បី​សម្រេច​ផែនការ​ ផ្តល់​សន្ទុះ​សេដ្ឋកិច្ច

គោលបំណង​ធំ​បំផុត​របស់​ព្រះអង្គ​ម្ចាស់ ​Mohammed Ben Salman ​គឺ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ថ្មី​ ដល់​អារ៉ាប៊ីសាអូឌីត​ តាម​រយៈ​ការ​ពង្រីក​ទីផ្សារ​ការងារ​ក្នុង​ស្រុក ​ទៅ​លើ​វិស័យ​ផ្សេងទៀត ​ដែល​មិន​រំពឹង​តែ​ទៅ​លើវិស័យ​ប្រេងកាត។ ជាមួយ​នឹងការ​ធ្លាក់ចុះ​នៃ​តំលៃ​ប្រេងឆៅ ​ដែល​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​ របស់​អារ៉ាប៊ីសាអូឌីត​ រដ្ឋាភិបាល ​ទើបតែ​បាន​ភ្លឺ​ភ្នែក ​ហើយ​ចាប់​ផ្តើម ​រក​ប្រភព​ចំណូល​ផ្សេង​ទៀត។

ការ​ចូលរួម​ របស់​ស្រ្តី​អារ៉ាប៊ីសាអូឌីត ​មក​ក្នុង​ទីផ្សារ​ការងារ ​គឺ​ជា​ការ​ចាំបាច់​បំផុត។ បើ​ស្ត្រី​មិន​អាច​បើក​បរបាន ​ទៅណា​ចាំ​តែ​មនុស្ស​ប្រុស​ជូន ​នោះ​ស្ត្រី​គ្មាន​សិទ្ធិ​សេរីភាព ​គ្រប់គ្រាន់​នឹង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ ​ឬ​ទៅ​បំពេញ​បេកសសក​កម្ម​នានា​ទេ។ បច្ចុប្បន្ន​នេះ ​ក្នុង​ចំណោម​បុគ្គលិក​បំរើ​ការងារ​នៅ​អារ៉ាប៊ីសាអូឌីត ​មាន​ស្ត្រី​អារ៉ាប៊ីសាអូឌីត ​ប្រមាណ​តែ​២២%​ប៉ុណ្ណោះ។ តួលេខ​នេះ​ទាប​ណាស់ ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្បែរខាង​ ដែល​មាន​ប្រព័ន្ធ​នយោបាយ ​និង​សង្គម​ប្រហាក់​ប្រហែល​គ្នា។ នោះ​ក៏​ ​ដោយសារ​តែ​ នៅ​តាម​ប្រទេស​ក្បែរ​ខាង​ទាំង​នោះ ​គេ​អនុញ្ញាតិ ​ឲ្យ​មនុស្ស​ស្រី​អាច​បើកបរ​បាន។

ជាទូទៅ​ ស្ត្រី​អារ៉ាប៊ីសាអូឌីត ​មាន​សញ្ញាប័ត្រ​ខ្ពស់ ​រៀន​បាន​ឆ្ងាយ​ជាង​បុរស។ តែជា​ទូទៅ ​ពួកគេ​ ត្រូវ​បង្ខំ​ចិត្ត​មិន​ធ្វើការ ​នៅ​តែ​ផ្ទះ ​ដោយសារ​តែ​មិន​អាច​បើកបរ​បាន។ កុំថា​ឡើយ​ដល់​ទៅ​ធ្វើការ ​ទោះ​ជូន​កូន​ទៅ​សាលា ​ទៅ​ផ្សារ​ទិញ​ទំនិញ ​ពួកគេ​ត្រូវការ​អ្នក​បើកបរ​ជា​បុរស ​ជូន​ទៅ​ជានិច្ច។ ជាមួយ​នឹង​ការ​អនុញ្ញាតិ​ឲ្យស្រ្តី​មាន​សិទ្ធិ​បើកបរ​នេះ ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត ​អះអាង​ថា​រដ្ឋាភិបាល​លោក​ ជឿថា​នៅ​រវាង​ឆ្នាំ​២០៣០ ​ចំនួន​បុគ្គលិក​ជា​ស្ត្រី ​នឹង​ឡើង​ដល់​៣០%។

ស្ត្រីអាច​បើកបរ ស្រ្តី​​អាចទៅ​ធ្វើការ ​និង​មាន​ចំណូល

ការ​ចូលរួម​របស់​ស្ត្រី ​នឹង​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត។ ជា​បឋម​ ទីផ្សារ​លក់​រថយន្ត ​និង​រីក​កាន់​តែធំ​​​ ដោយសារ ​តែ​មាន​តំរូវ​ការ​បន្ថែ។ ក្រុមហ៊ុន​រថយន្ត​ Toyota ​ឬ ​Hyundai ​ដែល​បាន​តាំងទី​យ៉ាង​រឹងមាំ ​ក្នុង​ប្រទេស​នេះ​រួច​ទៅ​ហើយ​នោះ ​កំពុងតែ​លេប​ទឹក​មាត់ ​ដោយសារ​ដំណឹង​ល្អ​នេះ។ វិស័យ​ធានា​រ៉ាប់រង​រថយន្ត ​និង​កម្ចី​ប្រាក់ ​ក៏​នឹង​កាន់​តែ​រីក​ធំ​ទៅ​តាម​នោះ។

ជាមួយ​នឹង​ថវិការ​រដ្ឋ​ថយ​ចុះ ​ដោយសារ​តែ​ប្រេងចុះថ្លៃ​ រដ្ឋាភិបាល​កំពុង​សម្រេច​បន្ថែម​ពន្ធ​ជា​ច្រើន ​លើ​ប្រជាជន​អារ៉ាប៊ីសាអូឌីត។ គ្រួសារ​នីមួយៗ​ អាច​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់ ​លើ​ការ​ជួល​អ្នក​បើកបរ​ ដើម្បី​សន្សំ​យក​ទៅ​បង់​ពន្ធ។​ ប៉ុន្តែ ​នេះ​គឺ​ជា​ដំណឹង​អាក្រក់ ​សម្រាប់​បុគ្គលិក​ស៊ីឈ្នួល​បើកបរ ​ដែល​ភាគ​ច្រើន​ សុទ្ធតែ​ជា​អ្នក​ធ្វើ​ការ​ចំណាក​ស្រុក ​មក​ពី​តំបន់​អាស៊ី​ខាងត្បូង​ និង​អាស៊ី​អាគ្នេយ៍​ទៅ​វិញ​ទេ ​ដែល​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ការងារ។

ពេល​ដែល​ស្ត្រី​អាច​ធ្វើការ​បាន ​គឺ​ស្រ្តី​នឹង​មាន​ចំណូល។ ស្ត្រី​មាន​សិទ្ធិ​បើកបរ​ គឺ​គេ​អាច​ទៅ​ផ្សារ​ទិញ​ទំនិញ ​បាន​ដោយ​សេរី។ ការ​នេះ​នឹង​បង្កើន​សន្ទុះ ​ដល់​មីក្រូ​សេដ្ឋកិច្ច ​ការ​ទិញដូរ​ទំនិញ​ ក្នុង​ស្រុក​ ដែល​កាន់​តែ​កើន​ឡើង។ ទាំងនេះ​ គឺ​ជា​ហេតុផល​សេដ្ឋកិច្ច​ត្រួសៗ ​នៅ​ពី​ក្រោយ​ការ​អនុញ្ញាតិ​ ឲ្យ​ស្រ្តី​អារ៉ាប៊ីសាអូឌីត ​បើកបរ។

កំណែ​ទម្រង់​សង្គម​ លួង​ចិត្ត​យុវជន​កុំឲ្យ​តវ៉ា

ទន្ទឹម​គ្នា​នេះ ​គឺ​មាន​ហេតុផល​នយោបាយ​ដ៏​ធំ​បំផុត ​គឺ​ការ​ពង្រឹង​អំណាច ​ប្រមូល​ការ​គាំទ្រ ​ដល់​រាជវង្ស​សាល់ម៉ាន់​ ដែល​ព្រះ​អង្គម្ចាស់ ​Mohammed Ben Salman ​បាន​រំពឹង​ទុក។ ៦៥% ​នៃ​ប្រជាជន​អារ៉ាប៊ីសាអូឌីត ​គឺ​ជា​មនុស្ស​ក្មេង ​អាយុ​ក្រោម​៣០​ឆ្នាំ។ ដូច្នេះ​ការ​ធ្វើ​កំណែ​ទម្រង់​នេះ ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោល​នយោបាយ​រំងាប់​ការ​រិះគន់ ​ការ​តវ៉ា​ពី​សំណាក់​យុវជន។ យុវជន​អារ៉ាប៊ីសាអូឌីត ​សម័យ​២០១៨ ​មាន​ទំនោរ​សេរីភាព​ ធំធេង​ណាស់ ​បើ​ប្រៀបធៀប​នឹង​ឪពុក​ម្តាយ​របស់​ពួក​គេ។ ដរាប​ណា​ រាជវង្ស​សាល់ ម៉ាន់ ​ត្រូវ​បាន​យុវជន​សម្លឹង​ឃើញ​ថា​ល្អ ​នោះ​រាជវង្ស​នេះ ​នឹង​នៅកាន់​អំណាច​បាន​យូរ​តទៅ​ទៀត។

គំរូ​នយោបាយ ​និង​សេដ្ឋកិច្ច​ ដែល​ព្រះអង្គ​ម្ចាស់ ​Mohammed Ben Salman ​ចង់​យក​តាម​ គឺ​គំរូ ​របស់​អេមៀរ៉ាត់​អារ៉ាប់រួម ​ដែល​ដឹកនាំ​ដោយ​ ព្រះចៅ​អេមៀរ​ Mohammed Ben Zayed។ អេមៀរ៉ាត់​អារ៉ាប់រួម​ បាន​បោះ​ជំហាន ​ទៅមុន​អារ៉ាប៊ីសាអូឌីត​ លើ​គ្រប់​វិស័យ ​មិនថា​កំណែទំរង់​សេដ្ឋកិច្ច ​ឬ​សង្គម។ តែ​ទន្ទឹម​គ្នា​នេះ ​ព្រះចៅ ​Mohammed Ben Zayed ​បាន​ពង្រឹង​អំណាច​នយោបាយ ​បាន​យ៉ាង​រឹងមាំ ​ដោយ​សារ​មាន​សេដ្ឋកិច្ច​ល្អ ​ប្រជាជន​មិន​តវ៉ា។ តែ​យ៉ាងណា ​គំរូ​របស់​អេមៀរ៉ាត់​អារ៉ាប់រួម​នេះ​ មិន​អាច​យក​មក​អនុវត្ត​ ​នៅ​អារ៉ាប៊ីសាអូឌីត​បាន ​ដោយ​ងាយ​ទេ​ ព្រោះ​អារ៉ាប៊ីសាអូឌីត​ មាន​ប្រជាជន​ច្រើន​ជាង ​មាន​ផ្ទៃ​ដីធំ​ជាង ​និង​មាន​ជំរៀក​សង្គម​និង​សាសនា ​ច្រើន​ជាង​ អេមៀរ៉ាត់​អារ៉ាប់រួម។

បើកខាងមុខ​ បិទខាង​ក្រោយ

ក្នុង​រយៈពេល ​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​គឺ​ឃើញភាព​ស្ទើស្ទាក់​ មួយ​ជំហ៊ាន​ទៅមុខ​ មួយ​ជំហ៊ាន​ទៅ​ក្រោយ​របស់​ព្រះអង្គ​ម្ចាស់ ​Mohammed Ben Salman។ ​ ព្រះ​អង្គម្ចាស់ ​មាន​បំណង​បើក​ផ្លូវ​សេដ្ឋកិច្ច ​និង​សិទ្ធិ​សេរីភាព ​ឲ្យ​ប្រជាជន​បាន​ដក​ដង្ហើម​បន្តិច​មែន​ តែ​ទន្ទឹម​គ្នា​នេះ ​ព្រះអង្គ​ក៏​ប្រឹង​ព្យាយាម​បិទ​ការ​តវ៉ា​រិះគន់ ​ផ្នែក​នយោបាយ​ដែរ។ កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា ​សកម្មជន​នយោបាយ ​និង​ប្រមុខ​សាសនា​ជាង​៤០​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន ​បន្ទាប់​ពី​បាន​រិះគន់​ជា​ចំហរ ​ដល់​កម្មវីធី​កំណែ​ទម្រង់​របស់​ព្រះអង្គ។ ហើយ​បន្ទាប់​ពី​បាន​ អនុញ្ញាត ​ឲ្យ​ស្រី​មាន​សិទ្ធិ​បើកបរ​ ស្រាប់​តែ​ព្រះអង្គ​បាន​បញ្ជា​ មិន​ឲ្យ​សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី ​និយាយ​ជាមួយ​បណ្តាញ​ព័ត៌មាន​នានា​ ស្តីពី​បញ្ហា​នេះ​ទៅ​វិញ។​

ស្ត្រី​អារ៉ាប៊ីសាអូឌីត​ នៅតែ​ជាប់​ក្នុង​រនាំង​អ៊ីស្លាម​ផ្តាច់ការ

ត្រលប់​មក​និយាយ​ពី​សិទ្ធិ​ស្ត្រី ​ការ​អនុញ្ញាតិ ​ឲ្យ​ស្ត្រី​មាន​សិទ្ធិ​បើកបរ ​គឺ​ជា​ជំហាន​កំណែ​ទំរង់​ ដ៏​តូច​មួយ​ប៉ុណ្ណោះ។ ស្ត្រី​អារ៉ាប៊ីសាអូឌីត ​នៅ​តែ​ជាប់​ក្នុង​រនាំង​ប្រពៃណី​អ៊ីស្លាម ​តឹងតែង​ដដែល។ ទ្រឹស្តី​អ៊ីស្លាម​ វ៉ាហាប៊ីស ​ដែល​អារ៉ាប៊ីសាអូឌីត​ អនុវត្ត​ បាន​កំណត់​ឲ្យ​ស្ត្រី ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​មនុស្ស​ប្រុស​ ម្នាក់​ អស់​មួយ​ជីវិត។ មនុស្ស​ប្រុស​នោះ ​អាច​ជា​ឪពុក​ ឬ​ជា​ស្វាមី។ ស្ត្រី​គ្មាន​សិទ្ធិ​ធ្វើ​ដំណើរ​ទៅក្រៅ​ប្រទេស ​គ្មាន​សិទ្ធិ​រៀប​អាពាហ៍ពិពាហ៍ ​គ្មាន​សិទ្ធិ​ទិញ​អចលនទ្រព្យ​ទេ ​បើ​សិន​ជា​គ្មាន​ការ​អនុញ្ញាត​ ពី​មនុស្ស​ប្រុស ​ដែល​ជា​អាណាព្យាបាល​របស់​ខ្លួន។ កំណែ​ទម្រង់ ​ដើម្បី​លើក​កំពស់​សិទ្ធិ​ស្ត្រី ​នៅ​អារ៉ាប៊ីសាអូឌីត​ នៅ​មាន​ចំងាយ​ឆ្ងាយ​តទៅ​ទៀត​។

តាម​ពិតទៅ ​ការ​អនុញ្ញាតិ ​ឲ្យ​មនុស្ស​ស្រី​អាច​បើកបរ​បាន​ គឺ​ជា​តម្រូវ​ការ​សេដ្ឋកិច្ច ​និង​នយោបាយ ​ដែល​ព្រះអង្គ​ម្ចាស់ ​Mohammed Ben Salman ​ត្រូវ​តែ​ធ្វើ។ បន្ថែម​ពី​នេះ​ទៀត ​វា​ក៏​ជា​ផែនការ ​កសាង​មុខមាត់​ អារ៉ាប៊ីសាអូឌីត ​លើ​ឆាក​អន្តរជាតិ​ដែរ​ ដើម្បី​ប្រជែង​ជា​មួយ​ប្រទេស​កាតា។ អំណេះ​តទៅ ​អារ៉ាប៊ីសាអូឌីត​ លែង​មាន​ឈ្មោះ​អាក្រក់ ​ដែល​ហាម​មនុស្ស​ស្រី​ មិន​ឲ្យ​បើកបរ​ទៀត​ហើយ។ គេ​អាច​រីករាយ​ត្រេកអរ​ នឹង​ការ​បោះ​ជំហាន​កំណែ​ទំរង់ ​ដ៏​សំខាន់​សំរាប់​ស្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​នេះ ​តែ​អ្វី​ដែល​គេ​សោក​ស្តាយ​ គឺ​ឆន្ទៈ​ពិត​ប្រាកដ ​របស់​ព្រះអង្គ​ម្ចាស់ ​Mohammed Ben Salman។ ស្តាយ​ត្រង់​ថា ​បុព្វ​ហេតុ​ដើម្បី​សិទ្ធិ​ស្ត្រី ​មិន​ត្រូវ​គេ​យក​មក​ធ្វើ​ជា​មូលដ្ឋាន​គ្រិះ ​នៃ​កំណែ​ទំរង់​នេះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ