អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿងរ៉ាវបាត់ខ្លួន​ របស់អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត ឈ្មោះ Jamal Khashoggi បន្ទាប់ពីលោកម្នាក់នេះ បានចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្តង់ប៊ូល​ កាលពីថ្ងៃទី២តុលានោះ កំពុងតែបង្កឲ្យក្លាយជាការរិះគន់មួយដ៏ធំ ទៅលើរដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត។ បន្ទាប់ពីអាជ្ញាធរតួកគី បានសន្និដ្ឋានថា អ្នកកាសែតរូបនេះ ត្រូវបាន​ក្រុមការកិច្ចសម្ងាត់របស់អារ៉ាប៊ីសាអូឌីត សម្លាប់នៅក្នុងអាគារកុងស៊ុល នៅថ្ងៃសៅរ៍​ទី​១៣​តុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីត​ បានចេញមុខមកប្រកាសថា អារ៉ាប៊ីសាអូឌីត មិនដែលមានបំណងសម្លាប់លោក  Jamal Khashoggi ទេ។ ប៉ុន្តែ​បើយោង​តាមការចុះផ្សាយរបស់សារព័ត៌មានតួកគី បានឲ្យដឹងថា គេមានភស្តុតាងជាសម្លេង បញ្ជាក់ពីការធ្វើឃាតនេះ។

សកម្មជនសិទ្ធិមនុស្ស លើក​​បដា​រូប​​លោក Jamal Khashoggi នៅមុខ​ស្ថាន​កុងស៊ុល​​អារ៉ាប៊ីីសាអូឌីត ក្រុង​​អ៊ីស្តង់ប៊ីួល ថ្ងៃទី​៩ តុលា ២០១៨។
សកម្មជនសិទ្ធិមនុស្ស លើក​​បដា​រូប​​លោក Jamal Khashoggi នៅមុខ​ស្ថាន​កុងស៊ុល​​អារ៉ាប៊ីីសាអូឌីត ក្រុង​​អ៊ីស្តង់ប៊ីួល ថ្ងៃទី​៩ តុលា ២០១៨។ REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

មិនដែលមានបំណងសម្លាប់ទេ!

តាំងតែពីថ្ងៃបាត់ខ្លួន រហូតដល់មានការអះអាង ពីអាជ្ញាធរតួកគី ដែលសន្និដ្ឋានថា អារ៉ាប៊ីសាអូឌីត បានបញ្ជូនមនុស្ស១៥នាក់ មកស្ថានកុងស៊ុលប្រចាំក្រុងអ៊ីស្តង់ប៊ូល ដើម្បីសម្លាប់លោក​ Jamal Khashoggi នោះ គឺអារ៉ាប៊ីសាអូឌីត បាននៅស្ងាត់រហូត។ ភ្លាមៗ ថ្នាក់ដឹកនាំអារ៉ាប៊ីសាអូឌីត គ្រាន់តែបាននិយាយថា វាជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន គ្មានភស្តុតាង។​ ខាងអារ៉ាប៊ីសាអូឌីត គិតតែពីអះអាង ថាលោក ​ Jamal Khashoggi បានចូលទៅក្នុង​អាគារកុងស៊ុលនៅអ៊ីស្តង់ប៊ូលមែន តែបានចេញមកវិញហើយ។ ប៉ុន្តែដល់ពេលគេសួររកភស្តុតាង ដែលបញ្ជាក់ថា លោក​ Jamal Khashoggi ពិតជាបានចេញមកវិញមែន អាជ្ញាធរអារ៉ាប៊ីសាអូឌីត បានលើកឡើងថា នៅថ្ងៃនោះ កាម៉េរ៉ាសុវត្ថិភាពដែលថតនៅច្រកចូលស្ថានកុងស៊ុល បានខូចមិនដំណើរការទេ។

រឿងនេះ គឺវាធ្វើឲ្យគេកាន់តែសង្ស័យ ថាអារ៉ាប៊ីសាអូឌីត ប្រាកដជាមានអ្វីលាក់លាមហើយ។ ក្រោយពីស្ងាត់មិនមាត់ប៉ុន្មានថ្ងៃ ស្រាប់តែនៅ ថ្ងៃសៅរ៍ទី ១៣តុលានេះ ព្រះអង្គម្ចាស់ Abdel Aziz Ben Saud Ben Nayef រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់អារ៉ាប៊ីសាអូឌីត បានចេញមុខមកប្រកាសថា អារ៉ាប៊ីសាអូឌីត មិនដែលមានបំណងសម្លាប់លោក ​ Jamal Khashoggi សោះឡើយណា។ រដ្ឋមន្ត្រីរបស់អារ៉ាប៊ីសាអូឌីតរូបនេះបន្ថែមថា ការចោទប្រកាន់មកលើរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតទាំងអំបាលម៉ាន គឺជាការចោទប្រកាន់គ្មានភស្តុតាង ហើយថា អារ៉ាប៊ីសាអូឌីត​ មានប្រពៃណីគោរពសន្ធិសញ្ញាអន្តរជាតិ យ៉ាងត្រឹមត្រូវ មិនធ្វើទង្វើបែបនេះទេ។ សម្តីទាំងនេះ​ត្រូវបានចុះផ្សាយ ដោយភ្នាក់ងារព័ត៌មានផ្លូវការ SAP របស់អារ៉ាប៊ីសាអូឌីត។

បង្កើតក្រុមស៊ើបអង្កេតរួមគ្នា សហការ​ជាមួយតួកគី

ភ្លាមៗក្រោយការសន្និដ្ឋាន របស់តួកគី  ដែលថាអារ៉ាប៊ីសាអូឌីទ បានសម្លាប់លោក ​ Jamal Khashoggi ព្រះអង្គម្ចាស់ Mohammed Ben Salman បានធានាថា អារ៉ាប៊ីសាអូឌីត ​នឹងបើក​ទ្វារ​ស្ថានកុងស៊ុល​នៅអ៊ីស្តង់ប៊ូល ដើម្បីឲ្យអាជ្ញាធរ តួកគី អាចចូលទៅឆែកឆេរ ត្រួតពិនិត្យ ព្រោះអារ៉ាប៊ីសាអូឌីតស្អាតបរិសុទ្ធ គ្មានអ្វីលាក់បាំងទេ។

ក្រោយមក កាលពីថ្ងៃព្រហស្បតិ៍ ព្រះអង្គម្ចាស់ Khaled al Faiçal តំណាងជាន់ខ្ពស់របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានទៅដល់ក្រុងអង់ការ៉ា ដើម្បីស្នើបង្កើតក្រុមការងារស៊ើបអង្កេតរួមគ្នាមួយ ជាមួយនឹងតួកគី។ នៅថ្ងៃនេះ បើកាមការចុះផ្សាយ របស់ភ្នាក់ងារព័ត៌មាន SPA របស់អារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា គេបានបញ្ជូនគណៈប្រតិភូមួយក្រុម ទៅក្រុងអង់ការ៉ា ដើម្បីធ្វើការ ជាមួយអាជ្ញាធរតួកគី ក្នុងស្រាវជ្រាវតាមដានរឿងរ៉ាវនេះ។ បណ្តាញព័ត៌មានអារ៉ាប៊ីសាអូឌីត ដដែល បានបន្ថែមថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មានសង្ឃឹម​ និងទុកចិត្តជាខ្លាំង លើក្រុមការងារ សហការគ្នារវាងប្រទេសទាំង២នេះ ហើយធានាធ្វើយ៉ាងណា ធ្វើការងារនេះ ឲ្យបានសម្រេចលទ្ធផលល្អ។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu របស់តួកគី គឺពិតជាមានក្រុមការងារ​មួយក្រុម ដែលអារ៉ាប៊ីសាអូឌីត បានបញ្ជូនមក ឲ្យមកធ្វើការអង្កេតតាមដាន សហការជាមួយភាគីតួកគីមែន។

តួកគី មានភស្តុតាងជាសម្លេង ថតដោយនាឡិកាApple Watch

កាលពីថ្ងៃសុក្រទី ១២ តុលា កាសែតតួកគី២ គឺកាសែតSözcü និងកាសែត Milliyet បានចុះផ្សាយស្រដៀងគ្នា ដោយម្នាក់ៗ សុទ្ធតែអះអាង ថាបានប្រភពព័ត៌មាន​ ពីមន្ត្រីស៊ើបការណ៍​សំងាត់របស់តួកគី ដែលកំពុងស៊ើបអង្កេតរឿងនេះ។ កាសែតទាំងពីរនេះ លើកឡើងថា អាជ្ញាធរតួកគី បានទាញយកបានសម្លេង ​ដែលថតបានដោយនាឡិកា Apple Watch របស់លោក  Jamal Khashoggi។

បើតាមការចុះផ្សាយរបស់កាសែតទាំង២នេះ គឺថាលោក ​ Jamal Khashoggi បានពាក់នាឡិកា Apple Watch ដែលភ្ជាប់បណ្តាញជាមួយ ទូរស័ព្ទ iPhone របស់លោក។ ប៉ុន្តែមុននឹងចូលទៅស្ថានកុងស៊ុល លោកបានប្រគល់ទូរស័ព្ទទៅឲ្យគូដណ្តឹងរបស់គាត់ ដែលចាំនៅឯផ្ទះ។ ហើយមុនពេលចូលទៅដល់ ក្នុងអាគារកុងស៊ុល លោក ​Jamal Khashoggi បានចុចថតសម្លេងទាំងអស់ ហើយបញ្ជូនទៅកាន់ទូរស័ព្ទដៃ។

ប៉ុន្តែកាសែតទាំង២នេះ លើកឡើងខុសគ្នាបន្តិច ត្រង់ថា​មួយ លើកឡើងថា គេឮសំឡេងស្រែក ដោយការធ្វើទារុណកម្ម និងសួរចំលើយ។ ចំណែកកាសែតមួយទៀត លើកឡើងថា គឺឮតែសម្លេងនិយាយគ្នាទេ។ តែយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់តួកគី ២នាក់ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Reuters ថា លោក​ Jamal Khashoggi ពិតជាមានពាក់នាឡិកា Apple Watch នៅនឹងកដៃមែន។

សួរចំលើយ ធ្វើទារុណកម្ម សម្លាប់កាត់ដៃជើង ពុះជាចម្រៀក

នៅព្រឹកថ្ងៃសៅរ៍ទី១៣តុលា កាសែតតួកគី មួយទៀត ឈ្មោះ Sabah បានចុះផ្សាយថា ក្នុងសម្លេងដែលបញ្ជូនមកដោយ Apple Watch របស់លោក ​Jamal Khashoggi នេះ គឺគេអាចឮ និង​ដឹងពីសកម្មភាព សួរចំលើយ និងការធ្វើទារុណកម្ម ព្រមទាំងសកម្មភាពសម្លាប់រូបលោក​ Jamal Khashoggi នៅក្នុងអាគារកុងស៊ុល។

កាសែតនេះអះអាងថា ដោយយោងលើសម្លេងនេះ គឺសាកសពលោក ​ Jamal Khashoggi ត្រូវគេកាត់ដៃកាត់ជើង ពុះជាចំរៀកតូចៗ ដើម្បីងាយស្រួលក្នុងការបំបាត់​ដាន។ កាសែតដដែលនេះ លើកឡើងបន្ថែមថា ក្រុមចារកិច្ចរបស់អារ៉ាប៊ីសាអូឌីត ដែលធ្វើ​សកម្មភាពនេះ មិនបានចាប់ភ្លឹកនឹងនាឡិកានោះទេ ទើបតែដល់ចុងក្រោយបានដឹង ហើយ​បានយកម្រាមដៃរបស់លោក​ Jamal Khashoggi ចុចបើក ដើម្បីចូលទៅ​លប់​ចោល​ទិន្ន័យ​ខ្លះ តែលប់មិនអស់ គឺនៅសល់សម្លេងមួយចំនួន ដែលបញ្ជូនមកដល់ ទូរស័ព្ទ​របស់លោក​ Jamal Khashoggi។

កិត្តិយសអារ៉ាប៊ីសាអូឌីត កំពុងចុះថោក

បញ្ហានេះ គឺជារឿងធំណាស់ ដែលប៉ះពាល់ ដល់មុខមាត់អារ៉ាប៊ីសាអូឌីត។ នៅអឺរ៉ុប បញ្ហានេះ ត្រូវគេតាមដានយ៉ាងស្អិតបំផុត។ លោកប្រធានាធិបតី បារាំង បានលើកឡើងថា រឿងនេះ មិនមែនតូចទេ ប៉ុន្តែលោករងចាំ ឲ្យមានព័ត៌មានលំអិត ច្បាស់ការជាងនេះ ដើម្បីដឹងច្បាស់ ថាការពិតយ៉ាងណា។

ពីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ លោកដូណាល់ ត្រាំ បានអះអាងថាគាត់ បានទូរស័ព្ទនិយាយ ជាមួយនឹងព្រះអង្គម្ចាស់ Mohammed Ben Salman ពីបញ្ហានេះ។ លោក​ដូណាល់ ត្រាំ ​បាននិយាយប្រាប់អ្នកកាសែតថា លោកអត់ចូលចិត្តសោះរឿងរ៉ាវធ្ងន់ធ្ងររបៀប​នេះ ហើយលោកបានសុំឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ត្រូវពន្យល់សេចក្តីឲ្យបានច្បាស់។

ដោយឡែក លោក Bob Corker ប្រធានគណៈកម្មការសភាអាមេរិក ទទួលបន្ទុកកិច្ចការអន្តរជាតិ បានលើកឡើងថា បញ្ហានេះ ធ្វើឲ្យមនុស្សខឹងសម្បារ នឹងអារ៉ាប៊ីសាអូឌីត ខ្លាំងណាស់។ លោកម្នាក់នេះ បានអំពាវនាវ ឲ្យអាមេរិក ត្រូវពិនិត្យឡើងវិញ​ លើកិច្ចសន្យាលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត។ តើគំនិតនេះ ត្រូវបានលោកដូណាល់ ត្រាំ ទាត់ចោលភ្លាម ដោយលោកនិយាយ កិច្ចសន្យាតម្លៃ១១ម៉ឺនលានដុល្លារ មិនអាចចេះតែហែកចោលងាយៗបានទេ។ បើអាមេរិកមិនលក់ឲ្យ ក៏មានប្រទេសផ្សេង ដូចជារុស្ស៊ី ឬចិន គេលក់ឲ្យអារ៉ាប៊ីសាអូឌីតដែរ។

យ៉ាងណាក៏ដោយ មានមតិខ្លះ លើកឡើងថា លោកដូណាល់ ត្រាំ ដូចជាមិនសូវស្វះស្វែង​ ក្នុងរឿងរ៉ាវបាត់ខ្លួន របស់លោក ​ Jamal Khashoggi នេះទេ​ ដោយសារលុយអារ៉ាប៊ីសាអូឌីត​ច្រើនពេក។ គូរដណ្តឹងរបស់លោក​ Jamal Khashoggi បានអំពាវនាវ ជាថ្មីម្តងទៀត នៅលើTwitter សុំឲ្យលោកដូណាល់ ត្រាំ ជួយធ្វើអន្តរាគមន៍។​ តែយ៉ាងណា ចង់​មិនចង់ បញ្ហាឃាតកម្មក្នុងស្ថានកុងស៊ុលនេះ កំពុងធ្វើឲ្យកិត្តិយសរបស់អារ៉ាប៊ីសាអូឌីត ត្រូវចុះថោកខ្លាំងណាស់។ ជាក់​ស្តែង មហាសេដ្ឋីអង់គ្លេសម្នាក់ឈ្មោះ Richard Branson បានសម្រេច ភ្ជួរទុកកិច្ចសន្យាវិនិយោគជាច្រើនគំរោង ជាមួយអារ៉ាប៊ីសាអូឌីត ក្រោយហេតុការណ៍នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ