អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អារ៉ាប៊ីសាអូឌីត៖ព្រះអង្គម្ចាស់​MBS ​កំពុង​បោស​សំអាត​អំពើ​ពុករលួយ ​ឬ​បោស​កន្លែង​អង្គុយ​តែ​ម្នាក់​ឯង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ព្រះចៅសាល់ម៉ាន់ អារ៉ាប៊ីសាអូឌីត បានបញ្ជាឲ្យបង្កើត គណកម្មការប្រឆាំងអំពើពុករលួយមួយ ដោយមានព្រះអង្គម្ចាស់ស្នងរាជ្យ Mohammed Ben Salman ជាអ្នកដឹកនាំ។ គ្រាន់តែបង្កើតបានប៉ុន្មានម៉ោង គណកម្មការនេះ បានបង្គាប់ ឲ្យឃាត់ខ្លន មនុស្សជាច្រើននាក់ រាប់ចាប់ពីព្រះអង្គម្ចាស់ គ្រួសារញាតិវង្សប្រមាណ១១នាក់ រដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីជាង១០នាក់ ព្រមទាំងមហាសេដ្ឋី អ្នកជំនួញធំៗផងដែរ។ ការប្រកាសដកដំណែង និងឃាត់ខ្លួន មនុស្សដោយទាន់ហន់​ ក្នុងនាមដើម្បីបោសសំអាតអំពើពុករលួយនេះ  មិនអាច មិនធ្វើឲ្យគេនឹកឆ្ងល់បានទេ ថាតើ វាជាចេតនាធ្វើកំណែទម្រង់ពិតប្រាកដ ឬក៏គ្រាន់តែជាយុទ្ធសាស្ត្រ របស់ព្រះអង្គម្ចាស់រាជទាយាទ ដើម្បីរៀបចំអំណាចឲ្យរឹងមាំ គ្មានអ្នកប្រឆាំង?

ព្រះអង្គម្ចាស់រាជទាយាទ​ Mohammed Ben Salman
ព្រះអង្គម្ចាស់រាជទាយាទ​ Mohammed Ben Salman Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី៣ឆ្នាំមុន លើឆាកអន្តរជាតិ​គេពុំដែលឮឈ្មោះ ឬស្គាល់មុខ ព្រះអង្គម្ចាស់ Mohammed Ben Salman ទេ។ ប៉ុន្តែត្រឹមតែ៣ឆ្នាំសោះ ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតរូបនេះ បានធ្វើឲ្យពិភពលោកស្គាល់យ៉ាង ច្បាស់អំពីភាពស្វាហាប់​ និងយុទ្ធសាស្ត្រដឹកនាំ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ កាលពីខែ មិថុនា ឆ្នាំនេះ ព្រះអង្គម្ចាស់ Mohammed Ben Samlman ដែលគេតែងតែនិយាមហៅកាត់ថា  MBS ត្រូវបានបិតា គឺព្រះចៅសាល់ម៉ាន់ តែងតាំងជាផ្លូវការ ឲ្យក្លាយ​ជាអ្នកស្នងរាជ្យទៅថ្ងៃអនាគត។

បោសសំអាតផ្ទៃក្នុង

ក្នុងវ័យ៣២ឆ្នាំ ព្រះអង្គម្ចាស់រាជទាយាទ បានក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត។ តែពេលនេះ ព្រះអង្គ ​MBS កំពុងតែគ្រងមុខតំណែងមួយទៀត គឺប្រធានគណកម្មការប្រឆាំងអំពើពុករលួយ។ ទើបតែបង្កើតនៅយប់ថ្ងៃសៅរ៍ ទី៤វិច្ឆិកា គណកម្មការនេះ បានអនុវត្តការឃាត់ខ្លួន រាប់សិបករណី ភ្លាមៗ នៅថ្ងៃអាទិត្យ ទី៥ វិច្ឆិកា។ វាគឺជាយុទ្ធនាការចុះដកហូតតំណែង ឃាត់ខ្លួន និងដកហូតទ្រព្យសម្បត្តិដ៏ធំសម្បើម មិនធ្លាប់មានទេ ក្នុងប្រវត្តិសាស្ត្រប្រទេសមហាសេដ្ឋីប្រេង និងជាមហាអំណាចតំបន់មួយនេះ។

មនុស្សជាច្រើននាក់ ដែលបានជាប់ក្នុងសំណាញ់នេះ។ ក្នុងនោះមានព្រះអង្គម្ចាស់គ្រួសារព្រះញាតិវង្ស ចំនួន១១នាក់ អតីតមន្រ្តីរាជរដ្ឋាភិបាលជាង១០នាក់  ព្រមទាំងអ្នកជំនួញមហាសេដ្ឋីគ្រាក់ៗ​ មួយចំនួនផង។ ព្រះអង្គម្ចាស់ Miteb Ben Abdallah ត្រូវបានគេដកហូតតំណែង ចេញពីរដ្ឋមន្ត្រីកងសេនាធិការទទួលបន្ទុកសន្តិសុខផ្ទៃក្នុង។ លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Abdel Fakih និងព្រះអង្គម្ចាស់ Abdallah al-Sultan អគ្គមេបញ្ជាការកងទ័ពជើងទឹក ក៏ត្រូវជ្រុះពីកៅអី។ បន្ថែមពីនេះ គឺនៅមានមហាសេដ្ឋីដ៏ធំបំផុត ២នាក់មួយឈ្មោះ​ Al-Walid Ben Talal នាយក The Kingdom Holding លោក Bakr Ben Laden នាយកក្រុមហ៊ុនអចលនទ្រព្យដ៏មហាសាល សុទ្ធតែជាប់ក្នុងបញ្ជីខ្មៅ ទាក់ទិននឹងអំពើពុករលួយច្រើនករណី រួមជាមួយ​នឹងលោក​ Ibrahim Al Assaf អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

កំណែទម្រង់សង្គម​ និងសេដ្ឋកិច្ច

ជាការពិត ​គេមិនអាចមិនមើលឃើញពីចេតនា ចង់ធ្វើកំណែទំរង់ របស់ព្រះអង្គម្ចាស់​ MBS បានទេ។ ក្នុងរយៈពេលជិត៣ឆ្នាំនេះ អារ៉ាប៊ីសាអូឌីត កំពុងតែដើរលើមាគ៌ាថ្មី ឈានទៅរកការធ្វើកំណែទំរង់ចាំបាច់ មិនថា នៅក្នុងសង្គមផ្ទៃក្នុងប្រទេស និងលើឆាកតំបន់ ឬអន្តរជាតិទាំងមូល។ ជាមហាសេដ្ឋីប្រេង សោយសុខលើគំនរមាសប្រាក់ មហាសាល អារ៉ាប៊ីសាអូឌីត តែងតែត្រូវគេចំណាំ ថាជាប្រទេសផ្តាច់ការបែបអ៊ីស្លាម​វ៉ាហាប៊ីស ដ៏តឹងតែង។​ គឺអារ៉ាប៊ីសាអូឌីតនេះហើយ​ ដែលបានជះប្រាក់ដ៏សន្ធឹកសន្ធាប់​ ដើម្បីផ្សព្វផ្សាយទ្រឹស្តីអ៊ីស្លាម​វ៉ាហាប៊ីស នៅទូទាំងពិភពលោក។

ក៏ប៉ុន្តែ  ព្រះអង្គម្ចាស់ MBS មិនដែលលាក់ទេ ពីចេតនា ក្នុងការលាងជំរះកេរ្តិ៍តំណែលចាស់គំរិល របស់អារ៉ាប៊ីសាអូឌីត។  កាលពីចុងខែតុលាកន្លងទៅនេះ ព្រះអង្គម្ចាស់រាជទាយាទ បានថ្លែងថា ព្រះអង្គសន្យាថា នឹងកែប្រែអារ៉ាប៊ីសាអូឌីត ទៅជារាជាណាចក្រអ៊ីស្លាម ដែលស្អាតស្អំ បើកចំហរ មិនជ្រុលនិយម។ ជាក់ស្តែង ក្រោមគំនិតផ្តួ​ចផ្តើម របស់ព្រះអង្គ ព្រះចៅសាល់ម៉ាន់ មានធ្វើក្រិត្យ អនុញ្ញាតឲ្យស្ត្រីអារ៉ាបីសាអូឌីត ​មានសិទ្ធិបើកបរ ដូចបុរសដែរ។​ មិនត្រឹមតែប៉ុណ្ណោះ គេកំពុងតែពិចារណា អនុញ្ញាតឲ្យមានរោងភាពយន្ត នៅអារ៉ាប៊ីសាអូឌីតទៀតផង។ ទាំងនេះ គឺការវិវឌ្ឍន៍ដ៏ធំណាស់ សម្រាប់ប្រជាជនអារ៉ាប៊ីសាអូឌីត ជាពិសេសមនុស្សស្រី ដែលធ្លាប់តែស្ថិតក្នុងគំនៀបប្រពៃណីអ៊ីស្លាមតឹងតែង រាប់សិបតំណរមកហើយ។

ទាក់ទិននឹងវិស័យសេដ្ឋកិច្ចវិញ ព្រះអង្គ MBS បានយល់យ៉ាងច្បាស់ថា ថ្ងៃណាមួយ អារ៉ាប៊ីសាអូឌីត នឹងអស់ប្រេង ដែលជាប្រភពចំណូលតែមួយគត់របស់ខ្លួន។ យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃប្រេងបានធ្លាក់ចុះ ធ្វើឲ្យប្រទេសបាត់បង់ប្រាក់ចំណូលជាច្រើន។ ដូច្នេះ ក្នុងនាមនជាអនាគតមហាក្សត្រ ព្រះអង្គ ត្រូវរៀបចំ ស្វែងរកប្រភពសង្ហើមសេដ្ឋកិច្ចថ្មី ក្រៅពីប្រេងកាត។ មួយវិញទៀត បើសិនជាកំណែទម្រង់ដើរយឺតពេល ធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ច នោះវានឹងបង្កើតទៅជាវិបត្តិសង្គម ការិះគន់ ការតវ៉ា ដែលការនេះ ពិតជាគ្រោះថ្នាក់ដល់រាជបល្ល័ង្គ នៃរាជវង្សសាអ៊ូឌីត។

រៀបចំអំណាចឲ្យរឹងមាំ ដើម្បីគ្រប់គ្រងតែម្នាក់ឯង?

ជាមួយនឹងយុទ្ធនាការបោសសំអាតអំពើពុករលួយ ដែលឈានទៅចាប់ឃាត់ខ្លួន គ្រួសារស្តេច រដ្ឋមន្ត្រី និងមហាសេដ្ឋីធំៗ នាពេលនេះ គឺវាស្ថិតក្នុងចេតនា របស់ព្រះអង្គម្ចាស់ MBS ដែលចង់កសាងអារ៉ប៊ីសាអូឌីតថ្មី ដែលស្អាតស្អំ មានតម្លាភាព គ្មានអំពើពុករលួយ។ បើសិននេះជាចេតនាពិតមែននោះ នោះគ្រប់គ្នាមានតែអបអរសាទរ។ សករាជថ្មីនៃអារ៉ាប៊ីសាអូឌីត នឹងចាប់បើកហើយ។

ក៏ប៉ុន្តែ បើយើងសំឡឹង ឲ្យបានឆ្ងាយជាងនេះបន្តិច យើងនឹងយល់ថា​អ្វីៗទាំងអស់នេះ គឺមិនខុសពីអាវុធមុខពីរទេ។ លោក Stephane Lacroix សាស្ត្រាចារ្យនៅសាលាវិទ្យសាស្ត្រនយោបាយក្រុងប៉ារីស បានពន្យល់ថា សកម្មភាពបោសសំអាតអំពើពុករលួយ ដែលព្រះអង្គម្ចាស់ MBS កំពុងធ្វើនេះ​ គឺជាកណ្តាប់ដៃនយោបាយសុទ្ធសាធ។ លោកបន្តថា នៅអារ៉ាប៊ីសាអូឌីត ពុំមានការបែងចែក ឲ្យដាច់ស្រលះរវាងទ្រព្យសម្បតិ្តផ្ទាល់ខ្លួនរបស់គ្រួសារព្រះញាតិវង្ស និងទ្រព្យសម្បតិ្តរដ្ឋឡើយ។ ជាងនេះទៅទៀត ព្រះអង្គម្ចាស់មួយៗ តែងតែមានខ្សែ មានបណ្តាញ ជាមួយមហាសេដ្ឋី​អ្នករកស៊ីរៀងៗខ្លួន។ បំណងរបស់ ព្រះអង្គម្ចាស់ MBS គឺធ្វើយ៉ាងណា កំទេចខ្សែបណ្តាញណា ដែលអាចជាគ្រោះថ្នាក់ដល់ការដឹកនាំរបស់ព្រះអង្គ ទៅថ្ងៃអនាគត។

ជាការពិត នៅពីក្រោយហេតុផល បោសសំអាតអំពើពុករលួយ វាពិតជាមានហេតុផលនយោបាយ ដែលសំដៅ កំចាយមនុស្សមួយចំនួន ដែលអាចបង្កគ្រោះថ្នាក់ទៅថ្ងៃខាងមុខ។ ជាក់ស្តែង ការដកហូតតំណែង និងឃាត់ខ្លួន ព្រះអង្គម្ចាស់ Miteb Ben Abdallah ដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុង។  ព្រះអង្គម្ចាស់ Miteb Ben Abdallah គឺជាបុត្រសំណព្វ របស់ព្រះចៅអាប់ដាឡា អតីតព្រះចៅអារ៉ាប៊ីសាអូឌីត មុននឹងរាជ្យសម្បត្តិត្រូវបានមកខាងព្រះចៅសាល់ម៉ាន់។

យ៉ាងណាមិញ មុននឹងមានការតែងតាំង ព្រះអង្គម្ចាស់MBS ជាអ្នកស្នងរាជ្យជាផ្លូវការ  មានពាក្យចចាម​អារ៉ាម គួរជាទីទុកចិត្តជាច្រើន បានលើកឡើងថា ​គឺ ព្រះអង្គម្ចាស់ Miteb Ben Abdallah ទៅវិញទេ ដែលនឹងត្រូវឡើងស្នងរាជ្យ។ តែអ្វីៗបានប្រែប្រួល ហើយព្រះអង្គម្ចាស់ Miteb Ben Abdallah គឺជាមនុស្សតែម្នាក់គត់ ដែលមកពីខ្សែរាជវង្ស Abdallah ដែលបំពេញការងារ ក្នុងជួរដ្ឋាភិបាលបច្ចុប្បន្ន។ ក៏ប៉ុន្តែពេលនេះ ខ្សែAbdallah ត្រូវគេរំលាយចោល គ្មានសល់ម្នាក់។

ការចាប់ឃាត់ខ្លួនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ព្រមជាមួយនឹងអ្នកជំនួញធំៗ ក៏បានសំដែងពីចេតនារបស់ព្រះអង្គម្ចាស់រាជទាយាទ ដែលចង់ក្តោបក្តាប់វិស័យសេដ្ឋកិច្ច ឲ្យបានណែនក្នុងដៃ។​ ក្រសួងសេដ្ឋកិច្ច នឹងត្រូវប្រគល់ទៅឲ្យមនុស្សស្និតនិងព្រះអង្គ ក្រុមហ៊ុនព្រមទាំងភាគហ៊ុនមហាសាលដែលជាប់ពាក់ព័ន្ធ និងត្រូវរដ្ឋប្រមូលមកកាន់កាប់។ ជាងនេះទៅទៀត ព្រះអង្គម្ចាស់ MBS មានបំណងធ្វើឯកជនភាវូបនីយកម្ម លើក្រុមហ៊ុនរដ្ឋជាច្រើន។

ដូចគ្នាដែរ ក្នុងវិស័យការពារជាតិ វាមិនមែនជារឿងចៃដន្យទេ ដែលព្រះអង្គម្ចាស់ MBS បានដកហូតតំណែង និងចាប់ឃាត់ខ្លួន រដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុង  មេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងអតីតមន្ត្រីធំៗផ្សេងទៀត។ ទាំងវិស័យសេដ្ឋកិច្ច វិស័យសន្តិសុខមហាផ្ទៃ វិស័យការពារជាតិ កំពុងតែស្ថិតក្នុងកណ្តាប់ដៃរបស់ព្រះអង្គរាជទាយាទ តែមួយអង្គឯងគត់។ ចំណែកមតិសាធារណៈអារ៉ាប៊ីសាអូឌីតវិញ ព្រះអង្គគឺជាសេចក្តីសង្ឃឹមថ្មី ព្រោះព្រះអង្គបាននាំមកនូវកំណែទម្រង់សង្គមជាច្រើន។

ប្រជែងធ្វើមេគេក្នុងតំបន់ តទល់ជាមួយអ៊ីរ៉ង់

ការច្បាមក្តោបក្តាប់អំណាច បញ្ចេញសាច់ដុំ គឺព្រះអង្គម្ចាស់ MBS មិនមែនធ្វើតែក្នុងប្រទេសទេ តែនៅក្នុងតំបន់ ព្រះអង្គម្ចាស់វ័យក្មេងរូបនេះ  កំពុងតែរុញអារ៉ាប៊ីសាអូឌីត ឲ្យស្ថិតនៅលើជួរមុខក្នុងឆាកនយោបាយតំបន់ដើមបូព៌ា។ ជាក់ស្តែង អន្តាគមន៍យោធានៅយេម៉ែន គឺជាគំនិតផ្តួចផ្តើម របស់ព្រះអង្គម្ចាស់រូបនេះ។ អនាគតព្រះចៅអារ៉ាប៊ីសាអូឌីត បានជ្រើសយកអ៊ីរ៉ង់ ជាចំណុ​ចគោល ជាសត្រូវធំ ហើយតាមរយៈនេះ ប្រទេសក្នុងតំបន់ទាំងអស់ ត្រូវតែសម្រេចចិត្ត ឲ្យបានច្បាស់ ថាត្រូវជ្រើសរើសយក អារ៉ាប៊ីសាអូឌីត ឬរើសយកអ៊ីរ៉ង់។

ភស្តុតាងមានស្រាប់ គឺកាតា។ ដោយយោងលើហេតុផលនេះ អារ៉ាប៊ីសាអូឌីត បានចោទកាតា ថាមានទំនោរគាំទ្រអ៊ីរ៉ង់ និងបំពាក់បំប៉នចលនាភេរវកម្មនិយម។ រួមជាមួយប្រទេសបក្សពួកខ្លួន អារ៉ាប៊ីសាអូឌីត បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្តាច់ចំណងទូតជាមួយកាតា ជាច្រើនខែមកហើយ។ នេះក៏ដោយសារតែ កាតា បានបដិសេធមិនព្រមចុះចូល។

ជាងនេះទៀត កាលពីថ្ងៃអាទិត្យទី៥ វិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រីលីបង់ Saad Hariri  ដែលមានទំនោរទន់ជាមួយនឹងក្រុមហេបូឡា និងអ៊ីរ៉ង់នោះ បានប្រកាសលាលែងពីតំណែង យ៉ាងតក់ក្រហល់។ ការប្រកាសនេះ បានធ្វើចេញពីរដ្ឋធានីអារ៉ាប៊ីសាអូឌីត តែម្តង ក្នុងពេលដែលលោកកំពុងបំពេញទស្សនកិច្ច។ បើតាមការសង្ស័យ គឺលោកនាយករដ្ឋមន្ត្រីលីបង់ បានទទួលគំនៀប ពីព្រះអង្គម្ចាស់ MBS ថាត្រូវចុះចេញពីតំណែង ពុំនោះទេរឿងអាស្រូវពុករលួយរាប់រយលានដុល្លារ ប្រាកដជាបែកធ្លាយ ហើយលោកនាយករដ្ឋមន្ត្រីអាចនឹងត្រូវជាប់គុក។

អារ៉ាប៊ីសាអូឌីត ឆ្នាំ២០១៧ កំពុងស្ថិតនៅលើផ្លូវ ដ៏គ្រោះថ្នាក់ មិនថាផ្ទៃក្នុង ឬតំបន់។​ ផែនការកំណែទម្រង់របស់ព្រះអង្គម្ចាស់ Mohammed Ben Salman អាចជាចំណុចល្អ ដើម្បីកាច់ចង្កូតប្រទេស ឲ្យទាន់សភាពការ។ ភាពចាក់ស្រែសនៃប្រព័ន្ធសង្គម និងនយោបាយ អាចតំរូវ ឲ្យព្រះអង្គម្ចាស់រាជទាយាទ ត្រូវតែប្រុងប្រយ័ត្ន។ ភាពប្រុងប្រយ័ត្ន ខ្លាចក្រែងហួសហេតុ អាចឈាននាំទៅរកអំណាចផ្តាច់ការ។ ជាងនេះទៅទៀត មហិច្ឆិតា ចង់គ្រងអំណាងចក្នុងតំបន់ដើមបូព៌ា តែម្នាក់ឯង ប្រជែងជាមួយអ៊ីរ៉ង់ វាគឺជាគ្រោះថ្នាក់ដ៏ធំបំផុត។ តំបន់ដើមបូព៌ា ដែលមិនធ្លាប់ស្គាល់សន្តិភាពសោះនេះ អាចនឹងប្រឈមមុខនឹងជម្លោះតំបន់ដ៏ធំមួយ ក្នុងពេលដ៏ឆាប់ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ