អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សាកិច្ចការបរទេសបារាំងទៅអ៊ីរ៉ង់ ដើម្បីបើកផ្លូវសម្របសម្រួល
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៤
ការប្រឈមមុខដាក់គ្នា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺជារឿងគ្រោះថ្នាក់មួយ នៅតំបន់ដើមបូព៌ានាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃពុធ ទី១០កក្កដានេះ ទីក្រឹប្សាកិច្ចការបរទេស របស់ប្រធានាធិបតីបារាំង បានទៅដល់ក្រុងតេអេរ៉ង់ ដើម្បីព្យាយាមសាកល្បង សម្របសម្រួលភាគីអ៊ីរ៉ង់ ឲ្យបន្តគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងសុំឲ្យអ៊ីរ៉ង់បញ្ចៀសឲ្យបាន នូវការថ្លោះធ្លោយណាមួយ ដែលនាំឲ្យកើតសង្រ្គាម ជាមួយនឹងសហរដ្ឋអាមេរិក។ តើការប្រឹងប្រែង របស់បារាំងនេះ អាចនឹងជួយអ្វីបានខ្លះ ក្នុងការបន្ថយកំដៅតានតឹង រវាងអាមេរិក និងអ៊ីរ៉ង់?
បារាំងខំធ្វើអាជ្ញាកណ្តាល
អ្វីក៏ដោយ បើមិនសាក មិនដឹងទេ។ បារាំងកំពុងតែព្យាយាម ធ្វើជាអាជ្ញាកណ្តាល នៅក្នុងសំណុំរឿងរវាងអ៊ីរ៉ង់ និងអាមេរិក។ លោក Emmanuel Bonne ទីប្រឹក្សាផ្នែកកិច្ចការបរទេស របស់លោកប្រធានាធិបតីម៉ាក្រុង បានទៅដល់ទីក្រុងតេអេរ៉ង់ នៅព្រឹកថ្ងៃពុធនេះ។ មិនមានព័ត៌មានច្រើន ស្តីអំពីកម្មវិធីលំអិត នៃដំណើរទៅដល់នេះទេ តែបើផ្អែកតាម អ្នកយកព័ត៌មានបារាំង AFP គឺលោក Emmanuel Bonne បានជួបជាមួយលោក Ali Shamkhani អគ្គលេខានៃក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់។ ហើយបន្ទាប់មកទៀត លោកទីប្រឹក្សាកិច្ចការបរទេសបារាំង នឹងត្រូវជួបលោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Mohammed Javad Zarif។
បើផ្អែកតាមសម្តី របស់លោករដ្ឋមន្ត្រីការបរទេសបារាំង បេសកកម្មរបស់លោក Emmanuel Bonne នាពេលនេះ គឺធ្វើយើងសាកល្បងបើកផ្លូវចរចានិយាយគ្នា ដើម្បីបញ្ចៀសរាល់គ្រោះថ្នាក់ជាយថាហេតុ ឬការថ្លោះធ្លោយណាមួយ ដែលនាំឲ្យកើតទៅជាការប្រឈមមុខគ្នាដោយអាវុធ រវាងអាមេរិក និង អ៊ីរ៉ង់។
ជាការពិត ស្មានការណ៍បច្ចុប្បន្ននេះ គឺភាគីម្ខាង កំពុងតែសង្រ្គឺតធ្មេញដាក់គ្នា រងចាំចាប់កំហុសគ្នា នឹងអាលបានលេសប្រើកម្លាំង ដូច្នេះ បើមានអ្វីថ្លោះធ្លោយបន្តិច នោះវានឹងក្លាយជារឿងដែលពិបាកត្រលប់ថយក្រោយវិញណាស់។
ជាមួយនឹងការប្រឹងប្រែងសម្របសម្រួល ពីសំណាក់រដ្ឋាភិបាលបារាំងនេះ ភាគីអ៊ីរ៉ង់តាមរយៈ អ្នកនាំពាក្យក្រសួងការបរទេសខ្លួន បានប្រកាសអបអរចំពោះតួនាទីរបស់បារាំង ក្នុងការជួយកាត់បសម្របសម្រួល ជួយកាត់បន្ថយកំដៅនៃភាពតានតឹង។ អ៊ីរ៉ង់អរគុណបារាំង ដែលនៅតែចង់ ជួយស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។
បង្ខំឲ្យអ៊ីរ៉ង់គោរពកិច្ចសន្យា ទាំងដោយគ្មានទទួលបានផលវិជ្ជមានសេដ្ឋកិច្ច
សួរថា តើការជួយជ្រោមជ្រែងរបស់បារាំង តែម្នាក់ឯងនេះ វាអាចសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ បានដែរឬទេ ? ទន្ទឹមដែលបារាំងចេះតែសុំទទូចឲ្យអ៊ីរ៉ង់ អត់ធ្មត់ខាំមាត់សង្កត់ចិត្ត កុំធ្វើអ្វីឲ្យផ្ទុយពីកិច្ចព្រមព្រៀងនុយក្លេអែរ ក៏ប៉ុន្តែបារាំង ក៏ដូចជាភាគីអឺរ៉ុបហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ មិនបានដាក់ចុះនូវដំណោះស្រាយណាមួយ ឲ្យច្បាស់ប្រាកដ និងមានប្រសិទ្ធិភាព ដើម្បីជួយអ៊ីរ៉ង់ទេ។ ត្រង់នេះហើយ ដែលអ៊ីរ៉ង់ចេះតែតឹងទ្រូង អត់ទ្រាំទៀតលែងបាន។
អ៊ីរ៉ង់បានយល់ព្រមមិនចម្រាញ់ធាតុអុយរ៉ានីញ៉ូម ទៅតាមកិច្ចព្រមព្រៀង ប្រមាណជាង៣ឆ្នាំមកនេះ ជាថ្នូរនឹងការសន្យា របស់មហាអំណាចផ្សេងទៀត ក្នុងការជួយសេដ្ឋកិច្ចអ៊ីរ៉ង់។ តែផ្ទុយទៅវិញ សហរដ្ឋអាមេរិក បានដកខ្លួនចេញ ឈប់គោរពកិច្ចព្រមព្រៀង ហើយបានបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចមកលើអ៊ីរ៉ង់ ដោយមិនមានប្រទេសហត្ថលេខីផ្សេងទៀត ហ៊ានឈឺឆ្អាលទេ។ អ៊ីរ៉ង់ បាត់បង់អតិថិជនទិញប្រេង និងម្ចាស់គំរោងវិនិយោគ ម្តងមួយម្តងមួយ សឹងតែអស់ទៅហើយ ដោយសារតែគេខ្លាចអាមេរិក។
កាលពីដើមខែឧសភា អ៊ីរ៉ង់ បានប្រកាសថាខ្លួន នឹងចាប់ផ្តើមដកថយម្តងបន្តិចៗ ទាក់ទិននឹងការគោរពក្របខណ្ឌកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ រៀងរាល់៦០ថ្ងៃម្តង អ៊ីរ៉ង់នឹងសម្រេចចិត្តមួយជំហានម្តង ដើម្បីធ្វើយ៉ាងណា ដាក់សំពាធមកលើប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង ជាពិសេសគឺប្រទេសអឺរ៉ុប ឲ្យរកដំណោះស្រាយជួយអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់ មិនអាចបន្តគោរពកិច្ចព្រមព្រៀងតែម្នាក់ឯង ខណៈខ្លួនមិនបានទទួលផលវិជ្ជមានអ្វីសោះ ផ្នែកសេដ្ឋកិច្ច ពីកិច្ចព្រមព្រៀងនេះ ដោយសារតែគ្រប់គ្នាខ្លាចសំណាញ់ទណ្ឌកម្មអាមេរិក។
ដូច្នេះហើយ បានជាកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ៊ីរ៉ង់ បានអះអាងថា ខ្លួនបានបង្កើនការចំរាញ់ធាតុអ៊ុយរ៉ានីញ៉ូម បានដល់កម្រិត៤,៥% ដែលកម្រិតនេះលើសពីកម្រិតអតិបរមាកំណត់ដោយកិច្ចព្រមព្រៀង ពោលគឺត្រឹម ៣,៦៧%។ តែយ៉ាងណាក៏ដោយ ការបង្កើននេះ គឺវាគ្រាន់តែលើសបន្តិចប៉ុណ្ណោះ។ វានៅឆ្ងាយខ្លាំងណាស់ ពីកំរិត ៩០% ដែលអាចឲ្យអ៊ីរ៉ង់ មានលទ្ធភាពផលិតគ្រាប់បែកបរមាណូបាន។
យុទ្ធសាស្ត្រដាក់សំពាធសង្កត់ឲ្យណែន របស់លោកដូណាល់ត្រាំ
តើយើងអាចនិយាយបានទេ ថាយុទ្ធសាស្ត្រដាក់សំពាធសង្កត់ឲ្យណែន របស់លោកដូណាល់ ត្រាំ ទៅលើអ៊ីរ៉ង់ អាចមានផ្លូវនាំអ៊ីរ៉ង់ឲ្យចរចា ធ្វើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយអាមេរិក? យើងពិបាកស្មានណាស់ ព្រោះថាមកត្រឹមពេលនេះ អ៊ីរ៉ង់ មិនព្រមឱនក្បាលសូម្បីតែបន្តិច។ តាមយោបល់អ្នកវិភាគខ្លះ យល់ថា យុទ្ធសាស្ត្រដាក់សំពាធសង្កត់ឲ្យណែន របស់លោកដូណាល់ ត្រាំ គឺបានធ្វើឡើង ដោយមើលស្រាលកម្លាំងរបស់របបដឹកនាំអ៊ីរ៉ង់បន្តិចហើយ។ រដ្ឋបាលរបស់អាមេរិក គិតថា ទណ្ឌកម្មសេដ្ឋកិច្ចពីគ្រប់ច្រកល្ហក នឹងធ្វើឲ្យរបបដឹកនាំអ៊ីរ៉ង់ ដួលរលំ ហើយនឹងរកវិធីសុំអាមេរិកចរចា។
ក៏ប៉ុន្តែ អ្វីដែលយើងឃើញប្រមាណ១ឆ្នាំមកនេះ គឺរបបដឹកនាំអ៊ីរ៉ង់មិនបានចុះទន់ជ្រាយ ឬក៏រងការតវ៉ាស្តីបន្ទោសពីសំណាក់ប្រជាជនអ៊ីរ៉ង់ទេ។ ផ្ទុយទៅវិញ របបដឹកនាំរបស់អ៊ីរ៉ង់ កាន់តែរឹងមាំ កាន់តែមានកម្លាំង ដោយសារក្រុមអភិរក្សនិយម ដែលមានទំនោរស្អប់អាមេរិកខ្លាំងនោះ កាន់តែមានបង្អែក ថាការយល់ឃើញរបស់ខ្លួនកន្លងមក ដែលស្អប់អាមេរិកនិងបក្សពួកនោះ គឺមិនខុសទេ។ ប្រជាជនអ៊ីរ៉ង់ឃើញនឹងភ្នែកស្រាប់ហើយ ថាអាមេរិក ចង់ធ្វើបាបអ៊ីរ៉ង់ប៉ុណ្ណា។ ដូច្នេះរបបដឹកនាំអ៊ីរ៉ង់ មិនអាចរលំងាយៗ តាមការចង់បានរបស់អាមេរិកនោះទេ។
និយាយទៅដល់ការចរចាវិញ វាជារឿងកិត្តិយស។ កិត្តិយសនេះ របបដឹកនាំអ៊ីរ៉ង់ ផ្តល់តម្លៃខ្លាំងណាស់។ មេដឹកនាំអ៊ីរ៉ង់មិនអាចបាក់មុខ ទៅសុំអាមេរិកចរចាបានទេ។ ផ្ទុយទៅវិញ អ្នកវិភាគខ្លះ អះអាងថា គឺលោកដូណាល់ ត្រាំទេ ដែលចង់ចរចាខ្លាំងណាស់ រាល់ថ្ងៃនេះ។ មន្ត្រីមួយចំនួននៅក្នុងរដ្ឋាភិបាលបារាំង បានលើកឡើងថា លោកដូណាល់ ត្រាំ ជាអ្នកជំនួញ ដែលចូលចិត្តនិយាយតថ្លៃ ចរចាចុះឡើង ដើម្បីបានចំណេញ ហើយនឹងអាលដើរទៅនិយាយអួតគេ ថាគាត់ឡូយពូកែចរចា។ គេទទួលស្គាល់ថា ការចរចាគឺជាចំណុចខ្លាំងរបស់លោកត្រាំ។ លោកត្រាំចង់យកការចរចាជាមួយអ៊ីរ៉ង់នេះ ជាយុទ្ធសាស្ត្រមួយទៀត ក្នុងការប្រមូលការគាំទ្រ យកឈ្នះការបោះឆ្នោតអាណត្តិថ្មី។
អ៊ីរ៉ង់រងទណ្ឌកម្មសេដ្ឋកិច្ចច្រើនទសវត្សមកហើយ មិនមែនទើបតែ១ឆ្នាំនេះទេ។ ប្រសិនបើអ៊ីរ៉ង់ តស៊ូអត់ទ្រាំលំបាកបន្តិចទៀត ឲ្យផុតការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅចុងឆ្នាំ២០២០ នោះមានន័យថា យុទ្ធសាស្ត្រដាក់សំពាធសង្កត់ខ្លាំង របស់លោកត្រាំ ពិតជាបរាជ័យហើយ។ ប្រហែលជាត្រង់ចំណុចនេះហើយ ដែលបារាំងចង់និយាយឲ្យអ៊ីរ៉ង់ ប្រុងប្រយត្ន័ កុំអាលធ្វើអ្វីឲ្យថ្លោះធ្លោយក្នុងពេលនេះ។ ថាមិនត្រូវ ចុងឆ្នាំ២០២០ ជាមួយនឹងរដ្ឋាភិបាលថ្មី អាមេរិកអាចនឹងប្តូរចិត្តគំនិតខ្លះ ហើយងាកមកនិយាយជាមួយអ៊ីរ៉ង់ ក៏ថាបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ