កងទ័ពអ៊ីរ៉ាក់ រំដោះបានក្រុងម៉ូស៊ូលភាគខាងកើត ពីដៃក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម
កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងថា គេបានធ្វើការរំដោះទីក្រុងម៉ូស៊ូល ភាគខាងកើត បាទាំងស្រុងមកវិញហើយ ពីដៃក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។ នេះគឺជាលទ្ធផលនៃការតស៊ូប្រយុទ្ធយ៉ាងលំបាក របស់កងទ័ពអ៊ីរ៉ាក់ ដោយមានជំនួយពីកងកម្លាំងគួដ និងអ្នកជំនាញការអាមេរិក តទល់ជាមួយនិងក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ដែលបានគ្រប់គ្រងម៉ូស៊ូល តាំងតែពីខែមុថិនា ២០១៤មក។ ទោះយ៉ាងនេះក្តី ភាគខាងលិចម៉ូស៊ូល នៅតែស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមជីហាតជ្រុលនិយមនេះដដែល។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៦
លោក មេបញ្ជាការកងទ័ពអ៊ីរ៉ាក់ ទទួលបន្ទុកសមរភូមិប្រយុទ្ធនឹងក្រុមភេរវកម្ម បានប្រកាសប្រាប់ឲ្យដឹងថា ទីក្រុងម៉ូស៊ូលត្រើយខាងឆ្វេងនៃទន្លេខ្លា ត្រូវបានរំដោះទាំងស្រុងមកវិញហើយ។ លោកបន្តថា មូលដ្ឋានធំៗ នៅភាគខាងកើតម៉ូស៊ូល ចាប់ពីពេលនេះទៅ គឺស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់។
សូមបញ្ជាក់ថា ទីក្រុងម៉ូស៊ូល ត្រូវចែកជាពីរ ម្ខាងខាងលិច ម្ខាងខាងកើត ដោយមានទន្លេខ្លា ហូរកាត់ពីជើងទៅត្បូង។ ម៉ូស៊ូល បានធ្លាក់ទៅក្នុងដៃរបស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម កាលពីខែមិថុនា ឆ្នាំ២០១៤។ កន្លងមកជាង២ឆ្នាំមកនេះ ប្រជាជនដែលបានរត់គេចចេញ បានផ្តល់សក្ខីកម្មជាច្រើន ស្តីពីសកម្មភាពសម្លាប់រង្គាល របស់ក្រុមជីហាត ទៅលើប្រជាជនស្លូតត្រង់។ កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ បានរកឃើញរណ្តៅសាកសព្វរួម ជាច្រើនកន្លែង។
កាលពីថ្ងៃទី ១៧ តុលា កន្លងទៅនេះ កងទ័ពអ៊ីរ៉ាក់ និងក្រុមកម្លាំងគួដអ៊ីរ៉ាក់ ដោយមានជំនួយពីកងកម្លាំងកុម្មង់ដូរពិសេសរបស់អាមេរិក ប្រមាណជា១៧០០នាក់ បានចាប់ផ្តើមប្រតិបតិ្តការសង្រ្គុប ដើម្បីរំដោះម៉ូស៊ូលមកវិញ។ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ បានសន្យាថា នឹងត្រូវរំដោះម៉ូស៊ូលឲ្យបានទាំងស្រុង មុនដាច់ឆ្នាំ២០១៦។
មកទល់ពេលនេះ មានតែភាគខាងកើតទេ ដែលត្រូវរំដោះបាន។ ចំណែកភាគខាងលិចម៉ូស៊ូល ស្ថិតនៅក្នុងដៃរបស់ពួកជីហាតអង្គការរដ្ឋអ៊ីស្លាមដដែល។ អ្នកជំនាញការកងទ័ពអាមេរិក បានសារភាពថា ការវាយដណ្តើមភាគខាងលិច មិនមែនជាការងាយស្រួលទេ ដោយសារកត្តាភូមិសាស្ត្រ ហើយម្យ៉ាងទៀត ភាគខាងលិច គឺជាទីក្រុងបុរាណ ដែលមានផ្លូវលំតូចៗ មិនអាចឲ្យរថក្រោះ រឺរថពាសដែកចូលទៅបានទេ។ ការសម្រុកចូលដោយថ្មើរជើង គឺជាការប្រថុយនឹងការបាត់បង់ជីវិតមនុស្សច្រើន។ មេបញ្ជាការកងទ័ពអ៊ីរ៉ាក់ខ្លះ បានបញ្ជាក់ថា គេនៅមិនទាន់ទទួលបានគម្រោងផែនការ ស្តីពីការប្រយុទ្ធដណ្តើមយកភាគខាងលិចទេ។ សម្រាប់ពេលនេះ គ្មាននរណាម្នាក់ ហ៊ានឆ្លងទឹកទន្លេខ្លា ទៅត្រើយខាងស្តាំឡើយ។
តែយ៉ាងណា ជាមួយនឹងជោគជ័យពាក់កណ្តាល ក្នុងដំណាក់កាលនេះ ទាំងកងទ័ពអាមេរិក ទាំងកងទ័ពអ៊ីរ៉ាក់ បន្តរក្សាក្តីសង្ឃឹម ថានឹងយកឈ្នះលើក្រុមជីហាត ក្នុងពេលដ៏ឆាប់ខាងមុខ។ ជោគជ័យរំដោះបានភាគខាងកើត បាននាំសេចក្តីសង្ឃឹម និងកម្លាំងចិត្តដល់កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ ហើយវាក៏ធ្វើឲ្យក្រុមជីហាត វាយដកថយបន្តិចម្តងៗ ដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ