អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល-ប៉ាឡេស្ទីន៖ រងើក​ភ្លើង​សង្រ្គាម​ចាស់​ ឆាបឆេះ​ជាថ្មី ​ដោយ​ខ្យល់​លោកត្រាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពីរដ្ឋាភិបាលអាមេរិក​ ដឹកនាំដោយលោកដូណាល់ ត្រាំ បានសម្រេចទទួលស្គាល់​ក្រុង​ហ្សេរុយសាឡឹម ជារដ្ឋធានី របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ ទី៦ធ្នូកន្លងមកនេះ​ សហគ​មអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ទៅលើការសម្រេចនេះ ដែលគេចាត់ទុកថា មិនខុសពីយកសាំង ទៅជះលើភ្លើង ហើយការនេះ នឹងធ្វើឲ្យកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរវាង អ៊ីស្រាអែល ប៉ាឡេស្ទីន​ រលាយយសាបសូន្យ។ អ៊ីស្រាអែល ប៉ាឡេស្ទីន បានប្រឈមមុខដាក់គ្នា សាជាថ្មី ជាមួយនឹងអំពើហិង្សា កុបកម្ម ការបះបោរ ព្រមទាំងមានការបាញ់ផ្លោងគ្រាប់រ៉ូកែត និងការទំលាក់គ្រាប់បែក ទៀតផង។

ក្រុមហាម៉ាសនៅហ្កាហ្សា លើក​សព​សកម្មជន​ហាម៉ាស​ ដែលបាន​ស្លាប់​ដោយ​គ្រាប់បែក​របស់​អ៊ិស្រាអែល​ នៅ​ថ្ងៃ​សោរ៍ទី ​៩ ធ្នូ ​២០១៧។
ក្រុមហាម៉ាសនៅហ្កាហ្សា លើក​សព​សកម្មជន​ហាម៉ាស​ ដែលបាន​ស្លាប់​ដោយ​គ្រាប់បែក​របស់​អ៊ិស្រាអែល​ នៅ​ថ្ងៃ​សោរ៍ទី ​៩ ធ្នូ ​២០១៧។ REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

ហិង្សា ចលាចល បះបោរ ការបាញ់ផ្លោងគ្រាប់រ៉ូកែត និងការទំលាក់គ្រាប់បែក

សេចក្តីសម្រេ​ចរបស់លោកដូណាល់ ត្រាំ ប្រមុខរដ្ឋាភិបាលអាមេរិកបានធ្វើឲ្យ​តំបន់ដើមបូព៌ាទាំងមូល រញ្ជួយ ជាពិសេស គឺនៅប៉ាឡេស្ទីនតែម្តង។ ថ្នាក់ដឹកនាំនយោបាយ ចលនា​​តស៊ូ​ប្រដាប់អវុធ ឬប្រជាជនប៉ាឡេស្ទីនទូទៅ បានចាត់ទុកថា ការសម្រេចរបស់លោក​ដូណាល់ ត្រាំ នេះ មិនខុសពីអំពើអយុត្តិធម៌ ហើយលំអៀងយ៉ាងច្បាស់នឹងភ្នែក។

អំពើកុបកម្ម ការបះបោរហិង្សា បានផ្ទុះឡើងតាំងតែពីថ្ងៃពុធម្លេះ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ចលនាបះបោរ របស់យុវជនប៉ាឡេស្ទីន និងក្រុមកងប្រដាប់អាវុធហាម៉ាសនៅតំបន់​ហ្កាហ្សា បានរីកកាន់តែធំ។ កាលពីថ្ងៃសុក្រម្សិលមិញ ដែលមេដឹកនាំនយោបាយប៉ាឡេស្ទីន​​បានយកជាទិវាចងកំហឹងនោះ ក្រុមបាតុករប៉ាឡេស្ទីន​នៅតំបន់ស៊ីហ្សកដានី រាប់​ពាន់នាក់ បានប្រឈមមុខនឹងនគរបាល និងទាហានអ៊ីស្រាអែល។ ឆ្លើយតបនឹងការ​យក​ដុំថ្ម​គុបរបស់បាតុករប៉ាឡេស្ទីន ទាហានអ៊ីស្រាអែល បានបាញ់កាំភ្លើងដើម្បីបំបែកបាតុករ ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់២នាក់ នឹងរបួសរាប់សិបនាក់។

កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺនៅតំបន់ហ្កាហ្សា។ ក្រុមហាម៉ាសប៉ាឡេស្ទីន បានបាញ់​គ្រាប់រ៉ូកែត ជាច្រើនគ្រាប់សំដៅទៅដីអ៊ីស្រាអែល តែគ្រាប់ខ្លះ ត្រូវបានអ៊ីស្រាអែលស្ទាក់​បាន ហើយធ្លាក់ក្នុងដីប៉ាឡេស្ទីន។ តែបើតាមដំណឹង គឺមិនមានមនុស្សរងគ្រោះទេ។ ក៏ប៉ុន្តែអ៊ីស្រាអែល បានប្រើយន្តហោះចម្បាំង ហោះមកទំលាក់គ្រាប់បែក ជាច្រើនកន្លែង នៅហ្កាហ្សា នៅព្រឹកព្រហាមថ្ងៃសៅរ៍នេះ។ មេដឹកនាំរបស់ក្រុមហាម៉ាសម្នាក់ បានឲ្យដឹងថា មានក្រុមសកម្មជនហាម៉ាស ​យ៉ាង​ហោច​២​នាក់ បាន​ស្លាប់ និងរបួសជិត​២០​នាក់​​ទៀត ដោយសារគ្រាប់បែករបស់អ៊ីស្រាអែលនេះ។ ទាហានអ៊ីស្រាអែល បានអះអាងថា គេបានទំលាក់គ្រាប់បែកទៅលើ ជំរំ និងកន្លែងស្តុកអាវុធ របស់ក្រុមអាម៉ាស ដែលជាក្រុមភេរវកម្ម។

នៅថ្ងៃសោរ៍នេះអំពើកុបកម្មចលាចល កំពុងកើតមានបន្តទៀត ជាអាថទិ៍នៅទីក្រុង​បេត្លេហិម ក្នុងតំបន់ស៊ីហ្សកដានី ដែលស្ថិតក្រោមការកាន់កាប់ របស់អ៊ីស្រាអែល។ ក្រុមចលនា​តស៊ូប៉ាឡេស្ទីន ជាច្រើនក្រុមមិនថាក្រុមហាម៉ាស ឬក្រុមហ្វាតាស សុទ្ធតែបានអំពាវនាវ ឲ្យមានចលនាបះបោរ ងើបតតាំង នឹងអ៊ីស្រាអែល។

បាតុករ​ប៉ាឡេស្ទីន​ ដុត​ទង់ជាតិ​អាមេរិក ​និង​រូប​លោក​ ដូណាល់​ ត្រាំ។ ហ្កាហ្សា​ ថ្ងៃ​ទី​​៧​ ធ្នូ ​២០១៧
បាតុករ​ប៉ាឡេស្ទីន​ ដុត​ទង់ជាតិ​អាមេរិក ​និង​រូប​លោក​ ដូណាល់​ ត្រាំ។ ហ្កាហ្សា​ ថ្ងៃ​ទី​​៧​ ធ្នូ ​២០១៧ REUTERS/Mohammed Salem

អាមេរិកលំអៀង ធ្វើឲ្យប៉ាឡេស្ទីនលែងទុកចិត្ត

គ្រប់គ្នាសួរថា តើរដ្ឋាភិបាលលោកដូណាល់ ត្រាំ គិតឃើញយ៉ាងដូចម្តេចបានជាធ្វើរឿងនេះឡើង? វាមិនត្រឹមតែមិនបានផលទេ តែផ្ទុយទៅវិញគឺវាបានបំផ្លាញ អ្វីៗដែលគេខំកសាងមកទាំងអស់។ អ្នកវិភាគស្ថានការណ៍ខ្លះ បានលើកឡើងថា លោកដូណាល់ ត្រាំ មិនមែនគ្រាន់តែជាមនុស្ស គ្មានចំណេះដឹងលើកិច្ចការនយោបាយអន្តរជាតិប៉ុណ្ណោះទេ  តែលោកដូណាល់ ត្រាំ នេះ គឺជាមនុស្សដែលកំពុងតែ បង្កគ្រោះថ្នាក់បំផុត ដល់ពិភពលោក​យើងទាំងមូល ដោយសារតែការសម្រេចចិត្ត ដោយគ្មានគិតមុខគិតក្រោយរបៀបនេះ។

នៅក្នុងអង្គប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ស៊ុយអែត ជាដើម បានរួមគ្នា ប្រកាសថ្កោលទោស ថា ការសមេ្រចចិត្តរបស់លោកដូណាល់ ត្រាំនេះ​ មិនមានខ្លឹមសារជំរុញឲ្យមានសន្តិភាពទេ ហើយមិនត្រឹមតែប៉ុណ្ណោះ គឺវាផ្ទុយស្រលះ ពីខ្លឹមសាររួមនៃសេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិទៀតផង។

ក៏ប៉ុន្តែលោកស្រី Nikki Haley ប្រមុខការទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ បានច្រានចោលការចោទប្រកាន់ទាំងស្រុង ហើយបានអះអាងថា រដ្ឋាភិបាលអាមេរិក បានទទួលស្គាល់ក្រុងហ្សេរុយសាឡឹមជារបស់អ៊ីស្រាអែលមែន តែមិនបានប្រកាសទទួលស្គាល់​ព្រំដែន ខណ្ឌចែកក្រុងហ្សេរូសាឡឹមទេ។ មានន័យថា បញ្ហាហ្សេរុយសាឡឹមខាងកើត ដែលប៉ាឡេស្ទីនទាមទារ គឺនៅតែអាចយកមកចរចា ហើយអាមេរិក នឹងនៅតែមានតួនាទីជាអាជ្ញាកណ្តាលដដែល។

ក៏ប៉ុន្តែសម្រាប់ថ្នាក់ដឹក​នាំនយោបាយប៉ាឡេស្ទីន គឺគេមិនអាចទទួលយកបានទេ។ ការដែលអាមេរិក​ទទួល​ស្គាល់​ហ្សេរុយសាឡឹម ​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែលនាពេលនេះ គឺវាបញ្ជាក់ច្បាស់ទៅហើយ ថាអាមេរិក លំអៀងទៅរកអ៊ីស្រាអែល ដូច្នេះការចរចាស្តីអំពី​ហ្សេរុយសាឡឹម ខាងកើតដែលអ៊ីស្រាអែល បានទន្ទ្រានយកនៅឆ្នាំ៦៧នោះ គឺគ្មានន័យអ្វីទៀតឡើយ។

ថ្ងៃសុក្រម្សិលមិញនេះ លោកដូណាល់ ត្រាំ បានប្រកាសថានឹងបញ្ជូនលោក Mike Pence អនុប្រធានាធិបតីអាមេរិក ឲ្យទៅតំបន់ដើមបូព៌ា ដើម្បីសម្របសម្រួល។  ក៏ប៉ុន្តែ នៅថ្ងៃសៅរ៍នេះ ប្រមុខសាសនាអ៊ីស្លាម ឈ្មោះ Al-Azhar នៅទីក្រុងគែរប្រទេសអេហ្ស៊ីប បានបដិសេធ មិនទទួលជួបលោក Mike Pence ទេ។ ដូចគ្នាដែរ មន្ត្រីធំម្នាក់ របស់ចលនា​ហ្វាតាស​ប៉ាឡេស្ទីន បានអះអាងថា លោក Mike Pence មិនបាច់មកជាន់ដី​ប៉ាឡេស្ទីន​ទេ ព្រោះគ្មាននរណាស្វាគមន៍ឡើយ។

ប្រធានាធិបតីតួកគី ចេញមុខ​ប្រមូលប្រទេសអ៊ីស្លាម

ដោយឡែក គេសង្កេត  ឃើញថា លោក អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី កំពុងតែស្វះស្វែង ចេញមុខ ដើម្បីប្រមូលផ្តុំប្រទេសអ៊ីស្លាមទាំងអស់ ឲ្យរួមគ្នាប្រឆាំងនឹងការសម្រេច របស់​លោកដូណាល់ ត្រាំ ទាក់ទិននឹងបញ្ហាក្រុងហ្សេរូសាឡឹមនេះ។តាមការគ្រោងទុក ថ្ងៃ​ពុធ សប្តាហ៍ក្រោយ លោកប្រធានាធិបតីតួកគី នឹងដឹកនាំការប្រជុំធំមួយ នៅក្រុងអ៊ីស្តង់ប៊ូល ​ក្នុងក្របខណ្ឌ អង្គការសហប្រតិបត្តិការអ៊ីស្លាម ដែលមានប្រទេសសមាជិក​៥៧ប្រទេស។ ការចេញមុខចេញមាត់របស់លោក អ៊ែរដូហ្កាន់នេះ ត្រូវបានគេមើលឃើញ​ថា ជាការកេងចំណេញ ចង់ដើរតួជាមេដឹកនាំប្រទេសអ៊ីស្លាមទាំងអស់។

បើតាមការវិភាគទូទៅ ការប្រមែរប្រមូលកំលាំងនេះ វាមានផលវិជ្ជមានតិចណាស់ ដើម្បីដោះស្រាយបញ្ហាក្រុងហ្សេរូសាឡឹម។ ព្រោះ អី ព្រោះថា ប្រទេសអ៊ីស្លាមទាំងអស់ មាន​គោល​ជំហរ​មិនស្របគ្នាទេ។ គេមិនទាំងដឹងថា មានប្រទេសប៉ុន្មាន នឹងមកចូលរួមប្រជុំ​ផងទេ។ ដូចយើងដឹងហើយ ថា ក្រុមប្រទេសអ៊ីស្លាមទាំងអស់​ជាទូទៅ គឺចែកបក្សជាពីរក្រុម ម្ខាងគឺក្រុមឈីអ៊ីត ដែលមានអ៊ីរ៉ង់នាំមុខ និងម្ខាងទៀត ជាក្រុមស៊ុនីត ដែលមានអារ៉ាប៊ីសាអូឌីត ជាអ្នកបោះមេ។ ដូច្នេះ បើមេទៅខាងណា កូនចៅទៅខាងនោះហើយ។

ក្នុងបញ្ហាប៉ាឡេស្ទីននេះ គឺមានទេអ៊ីរ៉ង់ទេ ដែលមោះមុតការពារប៉ាឡេស្ទីនជាងគេ ហើយបានជួយទំនុកបំរុងក្រុមហាម៉ាស ព្រោះអ៊ីរ៉ង់ចាត់ទុកអ៊ីស្រាអែលជាសត្រូវ។ ដោយឡែកកន្លងមក អារ៉ាប៊ីសាអូឌីត ធ្លាប់គាំទ្រជួយប៉ាឡេស្ទីនដែលជាប្រទេសអ៊ីស្លាមដូចគ្នាមែន ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ អារ៉ាប៊ីសាអូឌីត ផ្តល់សារៈសំខាន់ ទៅបញ្ហាអ៊ីរ៉ង់ជាង។ ក្នុងក្រសែភ្នែកអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ជាសត្រូវធំបំផុតរបស់គេ។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត​ ដឹកនាំដោយ ព្រះអង្គម្ចាស់ Mohamed Ben Salman គឺស្និតនឹងអាមេរិកជាទី​បំផុត ហើយក៏កំពុងតែងាកទៅគាំទ្រអ៊ីស្រាអែលដែរ ព្រោះពួកគេទាំង៣ មានសត្រូវរួមគ្នា តែមួយ គឺ អ៊ីរ៉ង់។

យ៉ាងណាមិញ កាលពីសប្តាហ៍មុននេះ កាសែត New York Times បានចុះផ្សាយថា ព្រះអង្គម្ចាស់​ Mohamed Ben Salman បាន​ទាំង​ហៅ​លោក​ ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន ​ទៅបញ្ចុះ​បញ្ចូល ថា​ឈប់​ទាមទារ​យកក្រុង​ហ្សេរុយសាឡឹម​ខាងកើតទៀតទៅ។ ហើយត្រូវទទួលយក ការតាំងរដ្ឋធានីនៅក្រុង Abus Dis ជំនួសវិញ។ ដូច្នេះ គេគ្មានសង្ឃឹមទេ ថាប្រទេសអ៊ីស្លាមតូចតាចផ្សេងទៀត អាចមានលទ្ធភាព ធ្វើអ្វីបាន ក្នុងបញ្ហានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ