អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

២០១៧ ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​បាក់ទ័ព​ តែនៅ​តែ​គំរាម​សន្តិសុខ​សកល​ដដែល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេញមួយឆ្នាំ២០១៧កន្លងមកនេះ ក្រុមសម្ព័ន្ធមិត្ត ប្រយុទ្ធប្រឆាំង នឹង​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ​នៅ​ស៊ីរី ​និង​នៅ​អ៊ីរ៉ាក់ ​បាន​ប្រឹងប្រែង​ រហូត​យកឈ្នះ ​ដណ្តើម​បាន​មកវិញ ​នូវ​ដែនដី​ដែល​ក្រុម​នេះ​បាន​កាន់កាប់ ​តាំងតែ​ពី​ឆ្នាំ​២០១៤​មក។  រ៉ាខា​ មូស៊ូល ​ម្តងមួយៗ ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ​ បាន​បាត់បង់​ដែនដី​កាន់កាប់ទាំ​ងស្រុង​ នៅស៊ីរី​ និង​នៅ​អ៊ីរ៉ាក់។  បន្តែ​ទន្ទឹមគ្នា​នេះ ​ពេញ​មួយឆ្នាំ ​២០១៧​នេះដែរ ​ ក្រុម​ជីហាត​ជ្រុល​និយម​នេះ​  បាន​ដឹកនាំ ​និង​ញុះញង់ ​ ឲ្យ​មាន​ការធ្វើ​អំពើ​ភេរវកម្ម​ ជា​ច្រើន​កន្លែង​ ទូទាំង​ពិភពលោក ​ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​ស្លូតត្រង់ ​រាប់​ពាន់​នាក់។ នេះ​ស​បង្ហាញ​ថា​ ថ្វី​បើ​ក្រុម​នេះ​ បាត់បង់​ដែនដី ​បាក់​ទ័ព​ខ្ចាត់ខ្ចាយ​មែន​ពិត​ តែ​ក្រុម​ជីហាត​នេះ ​នៅតែ​បន្ត​គំរាម​សន្តិសុខ​សកល​លោក​ជានិច្ច។

ក្រុម​ជីហាត ​អង្គការ​រដ្ឋអ៊ីស្លាម​ "ISIS"
ក្រុម​ជីហាត ​អង្គការ​រដ្ឋអ៊ីស្លាម​ "ISIS"
ផ្សាយពាណិជ្ជកម្ម

យើងទាំងអស់គ្នា ពិតជានៅចាំមិនភ្លេចទេ ថាឆ្នាំ២០១៧នេះ បានបើកសម្ភោធឡើង ជាមួយនឹងអំពើភេរវកម្ម នៅក្នុងក្លឹបកំសាន្តមួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគី ក្នុងយប់ឆ្លងឆ្នាំ  ដោយជនជីហាតម្នាក់ បានចូលទៅបាញ់រះសម្លាប់មនុស្ស៣៩នាក់។

តាមរយៈមធ្យោបាយគ្រប់រូបភាព ដូចជាការផ្តល់អាវុធ ការជួយហ្វឹកហាត់ បង្រៀនពីរបៀបធ្វើគ្រាប់បែកច្នៃ ឬក៏គ្រាន់តែជាអំពាវនាវពន្យុះ តាមបណ្តាញអ៊ីនធើនែត  ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម  បានចូលរួមប្រព្រឹត្តិ នឹងជំរុញឲ្យប្រព្រឹត្តិអំពើភេរវកម្មយង់ឃ្នងជាច្រើនករណី ក្នុងឆ្នាំ២០១៧កន្លងមកនេះ។ មិនថា នៅស៊ីរី អ៊ីរ៉ាក់ ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន អេហ្ស៊ីប សូម៉ាលី  អេស្ប៉ាញ  ឬអង់គ្លេស  ម្តងៗ ភេរវកម្មរៀបចំ នឹងជំរុញដោយក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម  សុទ្ធតែបានសំដៅផ្តាច់ជីវិតជនស្លូតត្រង់។

ថ្ងៃទី ២២ ខែឧសភា ជនជីហាតអង់គ្លេស ដើមកំណើតលីប៊ី  បានដាក់គ្រាប់បែកបង្កៃ សម្លាប់ខ្លួនឯង និងមនុស្ស២២នាក់ផ្សេងទៀត  នៅច្រកចេញរោងប្រគុំតន្រ្តីមួយនៅទីក្រុង Manchester។ នៅមានមធ្យោបាយ​ធ្វើ​ភេរវកម្មសម្លាប់មនុស្ស តាមរូបភាពផ្សេងទៀត  ដែលមិនអាចឲ្យអាជ្ញាធរទប់ទល់បាន មានជាអាថទិ៍ ការបើករថយន្តទៅបុករះសម្លាប់មនុស្សតាមដងផ្លូវ និងទីប្រជុំជន។ ទីក្រុងឡុងដ៍ ទីក្រុងបាសេឡូណា ទីក្រុងហ្សេរុយសាឡឹម ទីក្រុងស្តុកខូម  ទីក្រុងញូយក  សុទ្ធតែបានជួបហេតុការណ៍របៀបនេះទាំងអស់  ក្នុងឆ្នាំ២០១៧កន្លងមកនេះ។

មានត្រឹមសេវាអ៊ីនធឺនែត គ្រប់គ្រាន់ហើយ!

អំពើភេរវកម្ម ជាបន្តបន្ទាប់ទាំងអស់នេះ បានកើតឡើង  ថ្វីបើនៅឯស៊ីរី និងអ៊ីរ៉ាក់ឯណោះ  ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម  បានចាញ់ការប្រយុទ្ធ ស្លាប់មនុស្ស បាក់ទ័ព បាត់បង់ដែនដីគ្រប់គ្រងក៏ដោយ។ នេះបានស្តែងឲ្យឃើញថា មូលដ្ឋាន ឬទីតាំងរបស់ក្រុមនេះ មិនអាចជះឥទ្ធិពលទៅលើសកម្មភាពវាយប្រហារ របស់ក្រុមនេះទេ។ ក្រុមជីហាតនេះ នៅតែអាចធ្វើសកម្មភាពដដែល  ទោះបីគ្មានដែនដីកាន់កាប់ក៏ដោយ។

គ្មានដែនដីកាន់កាប់មិនសំខាន់ទេ ព្រោះថាក្រុមជីហាតនេះ ត្រូវការតែបណ្តាញ​អ៊ីនធើនែត​ប៉ុណ្ណោះ ដើម្បីប្រមូលកម្លាំង ញុះញង់ ពង្វក់ស្មារតីមនុស្ស ឲ្យប្រព្រឹត្តិអំពើឃោរឃៅទាំងនេះ។ អង្គការរដ្ឋអ៊ីស្លាម  បានដំឡើងបណ្តាញពិសេសមួយ ដើម្បីរើសយុវជន នៅតាមប្រទេសផ្សេងៗ  និងបានផ្តល់លុយ ផ្តល់សម្ភារៈ ផ្តល់ផែនការ ដើម្បីរៀបចំធ្វើអំពើភេរវកម្ម។

លោក Yves Trotignon អតីតអ្នកជំនាញវិភាគនៅការិយាល័យសន្តិសុខផ្ទៃក្នុងបារាំង បាននិយាយថា គ្រោះថា្នក់នៅតែមានទោះបី គេបានយកឈ្នះក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម  នៅស៊ីរី និងអ៊ីរ៉ាក់ក៏ដោយ។ គ្រោះថ្នាក់នៅតែមាន ព្រោះថា នៅមានជនជីហាតយ៉ាងហោច ៣ពាន់នាក់  ដែលកំពង់ចល័ត ឬកំពុងលាក់ខ្លួន។ មួយវិញទៀត យើងមិនត្រូវឆាប់ភ្លេចមេរៀនចាស់ទេ  កាលពីឆ្នាំ២០០៩  ក្រុមជីហាតមួយក្រុមនៅអ៊ីរ៉ាក់ ត្រូវបានកងទ័ពអាមេរិក វាយបំបែកបាន តែមិនដល់២ឆ្នាំក្រោយមកផង គឺក្រុមដដែលនេះ  បានកកើតឡើងវិញ រីកកាន់តែធំ ក្លាយជាក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមសព្វថ្ងៃនេះ។

អ្នកវិភាគជាច្រើននាក់បានលើកឡើងថា អស់ពីក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមទៅ ក្រុមអ៊ីស្លាមស៊ុនីតជ្រុលនិយម  ប្រាកដជារិះរកវិធី ងៀកទៅដើរតាម បណ្តាញអ៊ីស្លាមភេរវនិយមផ្សេងទៀត ជាក់ជាមិនខាន ដើម្បីបន្តការពារទ្រឹស្តីខ្មៅងងឹង បែបហិង្សា និងផ្តាច់ការរបស់ពួកគេ។ ជាក់ស្តែងបណ្តាញអាល់កាយដា ដែលនៅជាដំបៅមហារីកដដែល។ ក្រុមអាល់កាយដា កំពុងតែពង្រីកសំបុក កាន់តែធំ នៅឯយេមែន ក្នុងឧបទ្វីបអារ៉ាប៊ី។

ពីយេមែន ក្រុមបណ្តាញភេរវកម្មនេះ  អាចចេញទៅធ្វើសកម្មភាព នៅអាហ្វ្រិក និងអឺរ៉ុប បានយ៉ាងងាយស្រួល។ ប្រតិបត្តិការរបស់ក្រុមជីហាតជ្រុលនិយម ​ទៅលើអ្នកសហគមអ្នកកាន់សាសនាផ្សេង អ្នកជឿចរន្តនិកាយផ្សេង អាចកាន់តែសាហាវ ខ្លាំងឡើងថែមទៀត។ ជាក់ស្តែង អំពើភេរវកម្មបាញ់រះសម្លាប់សហគមអ៊ីស្លាម ចរន្តស៊ូហ្វីស ចំនួន ៣០៥នាក់ នៅតំបន់ស៊ីណៃ ប្រទេសអេហ្ស៊ីប កាលពីចុងខែវិច្ឆិកា គឺជាភស្តុតាងមួយ បង្ហាញថា ក្រុមជីហាតអ៊ីស្លាមជ្រុលនិយម នៅតែអាចធ្វើសកម្មភាព។

មិនសាបសូន្យ តែបានប្រែប្រួលរូបរាង្គ

លោកមេបញ្ជាការ Ryan Dillon អ្នកនាំពាក្យក្រុមសម្ព័ន្ធមិត្ត ប្រឆាំងក្រុមជីហាតអង្គការដ្ឋអ៊ីស្លាម នៅដើមបូព៌ា បានបញ្ជាក់ថា ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅតែជាការគំរាមមួយដ៏ធំ បើទោះបីជាក្រុមនេះ បានរលាយដែនដី និងកម្លាំងប្រយុទ្ធនៅស៊ីរី និងអ៊ីរ៉ាក់ក៏ដោយ។

ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម មិនបានវិនាសសាបសូន្យទេ។ តែក្រុមនេះ កំពុងតែវិវឌ្ឍន៍ ប្រែប្រួសរូបរាង្គ​។ អ្នកចូលរួមប្រព្រឹត្តិសក​ម្មភាពភេរវកម្មក៏ប្រែប្រួល ហើយរបៀបធ្វើភេរវកម្ម ក៏ប្រែប្រួល។ ពីមុន ភេរវជន អាចជាអ្នកកកាន់សាសនាអ៊ីស្លាមស៊ុនីតងុបងុល ធ្វើដំណើរមកពីប្រទេសអ៊ីស្លាមនៅដើមបូព៌ា ដែលបានស្បថចូលបំរើ ក្រុមជីហាត ហើយ​មក​ដាក់គ្រាប់បែកនៅតាមប្រទេសនៅអឺរ៉ុប។ ប៉ុន្តែឥឡូវ គឺមនុស្សសាមញ្ញ មិនធ្លាប់មានប្រវត្តិធ្វើជីហាត រស់នៅក្នុងប្រទេសនីមួយៗតែម្តង ដែលចេញធ្វើសកម្មភាព ដោយគ្រាន់តែបានមើលវីដេអូញុះញង់ របស់ពួកជីហាត តាមអ៊ីនធឺនែត។

មិនថាដើមបូព៌ា មិនថាអាហ្វ្រិក មិនថាអាស៊ី មិនថាអឺរ៉ុប គឺសុទ្ធតែត្រូវប្រឈមមុខ នឹងបញ្ហានេះទាំងអស់។ អ្នកស្រាវជ្រាវ បានលើកឡើងថា បញ្ហាភេរវកម្មនេះ នឹងនៅតែបន្ត យាយីសន្តិសុខ ស្ថិរភាពពិភពលោកយើង ជាច្រើនជំនាន់មនុស្សតទៅទៀត។

អ្វីដែលកាន់តែព្រួយបារម្ភទៀតនោះ គឺកន្លងមកនេះ  ពុំមានការប្រឹងប្រែងណាមួយ  ពីអាជ្ញាធររដ្ឋ ដើម្បីជួយទប់កំហឹង ការស្អប់ខ្ពើម និងទឹកចិត្តពុះកញ្ជ្រោល របស់ជនទាំងនោះទេ។ មនុស្សកាន់តែស្អប់គ្នា កាន់តែប្រកាន់គ្នា កាន់តែឈឺចាប់ ដោយអំពើអយុត្តិធម៌ និងការជិះជាន់ផ្សេង។ ទាំងអស់នេះហើយ ដែលធ្វើឲ្យមនុស្សកាន់តែងាយស្រួល ឲ្យបណ្តាញ​ជ្រុលនិយមនានា អូសទាញទៅបាន។ ក្នុងនាមជាមនុស្សលោក ដែលរួមរស់​លើ​ផែនដី​តែមួយ ជាមួយគ្នា យើងគ្មានជំរើសអ្វី ក្រៅពីតតាំងនឹងការគំរាមកំហែងនេះទេ។ យើងម្នាក់ៗ មានទួនាទី សាបព្រួសនូវអំពើល្អ ការសណ្តោសមេត្តាគ្នា មិនរើសអើង មិនប្រកាន់ពូជសាសន៍ ដើម្បីជាបច្ច័យ បំបាត់រាល់សេចក្តីក្រេវក្រោធ និងនាំទៅដល់សេចក្តីស្ងប់ក្នុងចិត្ត រៀងៗខ្លួនបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ