ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
មជ្ឈិមបូព៌ា

កងទ័ពអ៊ីស្រាអែល​បាញ់សម្លាប់ ​“ជន​ប៉ាឡេស្ទីន​ប្រដាប់​អាវុធ” ៤នាក់ ​នៅ​ព្រំដែន​ហ្កាហ្សា

media  
ទាហានអ៊ីស្រាអែល ឈរយាមនៅ​តាម​ព្រំដែន ជាមួយតំបន់​ហ្កាហ្សា Said KHATIB / AFP

កាលពីថ្ងៃសៅរ៍ ទី​១០សីហា កងទ័ពអ៊ីស្រាអែល បានអះអាងថា ខ្លួនបានទប់ស្កាត់ទាន់ពេល​វេលា នូវផែន​ការវាយប្រហារដោយអាវុធមួយ របស់ក្រុមភេរវកម្ម​ប៉ាឡេស្ទីន។ ជន​ប៉ាឡេស្ទីន​៤នាក់ ប្រដាប់ដោយកាំភ្លើងយន្ត និងគ្រាប់រ៉ូកែត ត្រូវបាន​ទាហានអ៊ីស្រាអែល ស្ទាក់​បាញ់​សម្លាប់ នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា ក្នុងពេលដែលពួកគេកំពុង​ព្យាយាម​ឆ្លងព្រំដែន​ចូល​មក​​ទឹកដី​​អ៊ីស្រាអែល។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃសៅរ៍ កងទ័ព​អ៊ីស្រាអែល បានស្ទាក់បាញ់សម្លាប់ភេរវជនប៉ាឡេស្ទីន៤នាក់ នៅជាយព្រំដែនតំបន់ហ្កាហ្សាភាគខាងត្បូង។ ជនទាំង៤នាក់នោះ មានជាប់ខ្លួន​ ដោយកាំភ្លើងយន្ត គ្រាប់បែក និងកាំភ្លើងបាញ់ប្លោងគ្រាប់រ៉ូកែត។ អ្នកនាំពាក្យដដែលបាននិយាយលំអិតថា ទាហានអ៊ីស្រាអែល បានបាញ់សំដៅទៅលើជន​ប៉ាឡេស្ទីន ដែលកំពុងព្យាយាមឡើងរបងព្រំដែន ឆ្លងចូលទឹកដីអ៊ីស្រាអែល។ ភេរវជនប៉ាឡេស្ទីន បានបាញ់តបមកវិញ ហើយបានគប់គ្រាប់បែក សំដៅមកលើទាហានអ៊ីស្រាអែល។

កងទ័ពអ៊ីស្រាអែល បានធ្វើការចោទប្រកាន់ថា ជនប៉ាឡេស្ទីនទាំង៤នាក់នេះ គឺជាភេរវជនរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែល​មានគំរោងចូលទៅធ្វើភេរវកម្ម វាយប្រហារនៅក្នុងទឹកដីអ៊ីស្រាអែល។

ដោយឡែក ក្រុមហាម៉ាស បានចាត់ទុក ការបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីនទាំង៤នាក់ ថាគឺជាសកម្មភាពឧក្រិដ្ឋ ធ្វើឡើងដោយកងទ័ពអ៊ីស្រាអែល។ តែយ៉ាងណា ក្រុមហាម៉ាសមិនបានបញ្ជាក់ថា ជនទាំង៤នាក់នោះ ជាសមាជិករបស់ក្រុមខ្លួន ឬក៏អត់ទេ។

គួរកត់សំគាល់ថា ករណីប្រហាក់ប្រហែលគ្នានេះ​ ក៏បាន​កើតឡើងម្តង​​រួចមកហើយ កាល​ពី​ថ្ងៃទី​១សីហា នៅចំណុចព្រំដែនដដែល ដែលភេរវជនប៉ាឡេស្ទីនម្នាក់ បានព្យាយាម​ឆ្លងព្រំដែន ហើ​យត្រូវបាន​ទាហានអ៊ីស្រាអែល បាញ់សម្លាប់។

សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០១៨មក នៅតាមបណ្តោយព្រំដែនរវាងតំបន់​ហ្កាហ្សា និង​អ៊ីស្រាអែល បានផ្ទុះការតវ៉ា នឹងភាពតានតឹងតាំងកាន់តែខ្លាំងឡើង។ ស្ទើរមិន​លស់ថ្ងៃ ប្រជាជនប៉ាឡេស្ទីន បានធ្វើបាតុកម្មតវ៉ា នៅតាមបណ្តោយព្រំដែន ដើម្បីប្រឆាំង​នឹងការដាក់គំនាបសេដ្ឋកិច្ច ក៏តឹងតែងពីសំណាក់អ៊ីស្រាអែល មកលើតំបន់​ហ្កាហ្សា។ ប្រមាណជាងមួយឆ្នាំមក​នេះ ការប្រឈមមុខដាក់គ្នា រវាងកងទ័ពអ៊ីស្រាអែល និងប្រជាជនតំបន់ហ្កាហ្សា បានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីន​ ប្រមាណ​ជាង​៣០០នាក់ ខណៈជនជាតិអ៊ីស្រាអែល មានស្លាប់​៧នាក់។

ដោយឡែក កាលពីថ្ងៃសុក្រ ទី៩សីហា មានករណីវាយប្រហារមួយបានកើតឡើង នៅក្នុងតំបន់ស៊ីហ្សកដានី ដោយទាហានអ៊ីស្រាអែលម្នាក់ បានស្លាប់ដោយការចាក់នឹងកាំបិតចាក់។ នគរបាលអ៊ីស្រាអែល បានបង្កើនការយាមល្បាត នៅតាមតំបន់តាំងទីលំនៅរបស់ជនជាតិជ្វីស ក្នុងទឹកដីស៊ីហ្សកដានីប៉ាឡេស្ទីន៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ