អានតួអត្ថបទ
កាតា

កម្មករ​សំណង់​​ជាតិ​បរទេស​ នៅ​កាតា ច្រើន​នាក់ មិនបាន​ទទួលប្រាក់ខែជាង១ឆ្នាំ

អង្គការ Amnesty International បានចេញរបាយការណ៍មួយ នៅថ្ងៃទី២៦កញ្ញានេះ ដោយបានលើកឡើងថា ពលករជនជាតិបរទេស ដែលកំពុងធ្វើការ ក្នុងការដ្ឋានសំណង់ សាងសង់ហេដ្ឋារចនាសម្ពន្ធ័កីឡា ​នៅប្រទេសកាតា ជាច្រើននាក់ មិនបានទទួលប្រាក់ខែជាងមួយឆ្នាំមកហើយ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ បានអំពាវនាវឲ្យអាជ្ញាធរកាតា ត្រូវដោះស្រាយបញ្ហានេះ និងធ្វើការកែលម្អលក្ខខណ្ឌការងារ របស់កម្មករ ឲ្យសម ជាប្រទេសម្ចាស់ផ្ទះ រៀបចំកីឡាបាល់ទាត់ពិភពលោក។

កម្មការបរទេស នៅ​ការដ្ឋាន​សំណង់​ពហុកីឡាដ្ឋាន Al-Wakrah Stadium ជាយ​ក្រុង​ដូហា ប្រទេសកាតា។
កម្មការបរទេស នៅ​ការដ្ឋាន​សំណង់​ពហុកីឡាដ្ឋាន Al-Wakrah Stadium ជាយ​ក្រុង​ដូហា ប្រទេសកាតា។ KARIM JAAFAR / AFP
ផ្សាយពាណិជ្ជកម្ម

កម្មករសំណង់ ប្រមាណ៧៨នាក់ ដែលភាគច្រើន ជាជនជាតិណេប៉ាល់ ជនជាតិឥណ្ឌា និងហ្វីលីពីន ធ្វើការក្នុងការដ្ឋានសំណង់មួយ របស់ក្រុមហ៊ុន Mercury MENA ក្នុងប្រទេសកាតា មិនបានទទួលប្រាក់ខែ ជាង១ឆ្នាំមក​ហើយ។ ប្រាក់ខែដែលពលករទាំងនោះមិនបានទទួលបាន មានជាមធ្យម សរុបប្រហែល១៧០០ដុល្លារ។

លោក Steve Cockburn តំណាងរបស់​អង្គការAmnesty International បានលើកឡើងថា អង្គការ​លោក បានធ្វើការអង្កេតសាកសួរ បុគ្គលិកចំនួន៧៨នាក់ ដែលគ្រប់គ្នាសុទ្ធតែមិនបានទទួល​ប្រាក់ខែ។ ដូច្នេះ ចំនួនបុគ្គលិក ដែលមិនបានទទួលប្រាក់ខែ អាចមានលើសនេះទៅទៀត។ ក្រុមហ៊ុនសំណង់ បានឈប់បើកប្រាក់ខែ តាំងតែពីខែកុម្ភៈឆ្នាំ២០១៦ម្លេះ។

Amnesty International បានអំពាវនាវ ឲ្យរដ្ឋាភិបាលកាតា រកដំណោះស្រាយជាបន្ទាន់ ឲ្យដល់កម្មករទាំងនោះ ព្រោះការមិនប្រគល់ប្រាក់ខែជាច្រើនខែមកនេះ កំពុងតែបង្ករការលំបាកយ៉ាងធ្ងន់ធ្ងរ ដល់កម្មករ ព្រមទាំងក្រុមគ្រួសារពួកគេ ដែលរំពឹងទាំងស្រុងទៅលើប្រាក់ខែនេះ។ រដ្ឋាភិបាល​កាតា ត្រូវតែចេញមុខដោះស្រាយ ឲ្យសម​ជាប្រទេសជឿនលឿន ដែលត្រៀមទទួលរៀបចំកីឡាបាល់ទាត់ពិភពលោក។

ក្រោយចេញរបាយការណ៍នេះ ក្រសួងការងារកាតា បានចេញលិខិតប្រកាសមួយ ដោយអះអាង​ថា ក្រុមហ៊ុនសំណង់ Mercury MENA បានចាកចេញ ឈប់រកស៊ីនៅកាតាហើយ ហើយថារដ្ឋាភិបាល​កាតា កំពុងមានទំនាស់ផ្លូវច្បាប់ ជាមួយក្រុមហ៊ុននេះ។ លិខិតនេះអះអាងបន្ថែមថា សកម្មភាព​រំលោភបំពានសិទ្ធិពលករ ដូចដែលរបាយការណ៍នេះ​បានលើកឡើង គឺរដ្ឋាភិបាល​កាតា មិនអាច​អត់ឱនឲ្យបានទេ។

គួរកត់សំគាល់ថា ដើម្បីត្រៀមទទួលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ កាតាត្រូវ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធកីឡា សំណង់ផ្លូវថ្នល់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ក្រុមហ៊ុនសំណង់ បាន​ប្រើកម្លាំងពលកម្មរបស់កម្មករជនបរទេស ដែលមានតម្លៃថោក។ ក៏ប៉ុន្តែកាតាមានច្បាប់ការងារដ៏តឹងតែងបំផុត តួយ៉ាង ដូចជាការហាមឃាត់ មិនឲ្យបុគ្គលិកបរទេសប្តូរថៅកែ ឬនិយោជក និងហាមមិនឲ្យចាកចេញពីកាតាទេ ដរាបណាមិនទាន់ចប់ការងារ ហើយត្រូវតែមានទិដ្ឋាកាចាកចេញ ទើបអាចត្រលប់ទៅប្រទេសដើម​វិញបាន។ យោងតាមអង្គការ Amnesty International គឺការហាមឃាត់ដ៏តឹងតែងនេះហើយ ដែលជាប្រភព ធ្វើឲ្យមានការជិះជាន់ ​កេងប្រវ័ញ្ចកម្លាំងពលកម្មលើពលករ។

កាលពីដើមខែកញ្ញានេះ អាជ្ញាធរកាតា បានប្រកាសថា នឹងលុបចោលនូវទិដ្ឋាកាចាកចេញ​ពី​កាតា។ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងថា គោលការណ៍ថ្មីនេះ​ នឹងចូលជាធរមាននៅពេល​ណា​នោះទេ។ លោកស្រី​ May Romanos មន្ត្រី Amnesty International និងជាអ្នកធ្វើរបាយការណ៍នេះ បានលើកឡើងថា រដ្ឋាភិបាល​កាតា បានផ្លាស់ប្តូរបន្ធូរបន្ថយខ្លះ តែយ៉ាងណា គឺវានៅយឺតណាស់ ខណៈពលករកម្មករ ព្រមទាំងក្រុមគ្រួសារពួកគេ កំពុងរងការលំបាក និងជាប់បំណុលយ៉ាងក្រាស់ក្រែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ