អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ផ្ទុះសង្រ្គាម​ការទូត រវាង​ប្រទេស​កាតា ជាមួយ​ប្រទេស​អារ៉ាប់​​តំបន់​​​ឈូង​សមុទ្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាម​ការទូត​ កំពុងតែ​ចាប់​ផ្តើម​ឆាបឆេះ ​រវាង​ប្រទេស​អារ៉ាប់​មហាសេដ្ឋី​ប្រេង ​នៅ​តំបន់​ដើម​បូព៌ា ។ នៅព្រឹក​ថ្ងៃច​ន្ទ​ទី​ ៥ ​មិថុនា​នេះ ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ប្រទេស​អេមៀរ៉ាត់​ អារ៉ាប់រួម​ ប្រទេស​អេហ្ស៊ីប ​ និង​ប្រទេស​បារ៉ែន ​បាន​ប្រកាស​ជា​បន្ត​បន្តាប់​ ថា​គេ​ផ្តាច់​ទូត ​និង​បិទ​ព្រំដែន​ជាមួយ​ប្រទេស​កាតា។ យោង​តាម​លិខិត​ជូន​ដំណឹង​ផ្លូវការ ​ ប្រទេស​កាតា ​ត្រូវបាន​ក្រុម​ប្រទេស​អារ៉ាប់​ទាំង​នោះ ​ចោទ​ប្រកាន់​ថា​ជា​ប្រទេស​ក្បត់ ​ដោយ​បាន​គាំទ្រ​ទំនុកបំរុង​ ចលនា​ភេវកម្ម។ កាតា​បាន​ឆ្លើយ​តប​វិញ​ថា ​ទាំងអស់​នេះ ​គឺ​ជា​រៀប​ចំ​បំប៉ោង​ ដោយសារ​តែ​គេ​ចង់ ​ត្រួតត្រា​លើ​អធិបតេយ្យភាព​របស់​កាតា ​តែ​មិន​បាន​សម្រេច។

ប្រមុខរដ្ឋាភិបាល​កាតា លោកអេមៀរ  Tamim Ben Hamad Al-Thani
ប្រមុខរដ្ឋាភិបាល​កាតា លោកអេមៀរ Tamim Ben Hamad Al-Thani Reuters
ផ្សាយពាណិជ្ជកម្ម

កាតា​ត្រូវ​បាន​គេចោទ​ ថា​បាន​គាំទ្រ​ចលនា​ភេរវនិយម

ខ្យល់ព្យុះ​​ពាក្យ​សំដី ​កំពុង​បោកបក់​មក​លើ​ប្រទេស​អារ៉ាប់​ដំបន់​ដើម​បូព៌ា ​ឈូង​សមុទ្រ​ពែក្ស។ កាតា ​កូនប្រទេស​មហា​សេដ្ឋី​អារ៉ាប់ ​កំពុង​ត្រូវ​គេ​ឡោមព័ទ្ធ​ដោយ​ពាក្យ​សម្តី​ចោទ​ប្រកាន់។ អារ៉ាប៊ីសាអូឌីត  ​បារ៉ែន ​អេហ្ស៊ីប ​និង​អេមៀររ៉ាត់​អារ៉ាបរួម ​បាន​ចេញ​សេចក្តី​ប្រកាស​ជា​បន្ត​បន្ទាប់ ​នៅ​វេលា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៥ មិថុនា​​​ថា​ប្រទេស​គេ ​ប្រកាស​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​កាតា។ រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ​បាន​ផ្សាយ​ថា ​អារ៉ាប៊ីសាអូឌីត ​និង​បិទ​ទូត​ ហើយ​បិទ​ព្រំដែន​ទាំង​ផ្លូវ​គោក ​ផ្លូវទឹក​ និង​ផ្លូវ​អាកាស​ ជាមួយ​នឹង​កាតា។ ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​អារ៉ាប៊ីសាអូឌីត ​បាន​លើក​ឡើង​ថា ​អារ៉ាប៊ីសាអូឌីត ​បាន​ចេញ​វិធានការ​នេះ ​គឺ​ដើម្បី​ការពារ​សន្តិសុខ​អារ៉ាប៊ីសាអូឌីត​ ព្រោះ​ថា​កាតា​ បាន​ចូលរួម​គាំទ្រ​ក្រុម​ចលនា​ភេរវកម្ម ​និង​ពួក​ជ្រុល​និយម។

ដោយឡែក ​អេហ្ស៊ីប​វិញ ​បាន​បញ្ជាក់​ថា ​គេ​បាន​សម្រេច​ផ្តាច់​ទំនាក់​ទំនង​ទូត​ ជាមួយ​កាតា​នេះ ​ក៏​ដោយសារ​តែ​កាតា ​បាន​បង្កើន​គោល​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អេហ្ស៊ីប​ កាន់តែ​ខ្លាំង​ឡើងៗ។ ចំណែក​អេមៀរ៉ាត់​ អារ៉ាបរួម​ និង​បារ៉ែន ​បាន​បញ្ជាក់​ថា ​ចាប់​ពី​ថ្ងៃ​អង្គារ​ទៅ ​គេ​នឹង​បិទ​ មិនឲ្យ​មាន​ជើង​យន្តហោះ​ ជាមួយ​នឹង​ប្រទេស​កាតា​ទេ ​រហូត​ទាល់តែ​មាន​ការ​ចេញ​បទ​បញ្ជា​ថ្មី។

ប្រជាជន​កាតា ​នៅ​តាម​ប្រទេស​ទាំង​៤​នេះ ​មាន​ពេល​១៤​ថ្ងៃ ​ដើម្បី​ចាកចេញ​ពី​ប្រទេស​គេ ​ហើយ​ចំណែក​បុគ្គលិក ​មន្ត្រី​ការទូត​របស់​កាតា ​មាន​ពេល​៤៨​ម៉ោង​ ដើម្បី​ចាកចេញ។ ប្រទេស​ទាំង​បួន​នេះ ​ក៏​បាន​ហាម​ឃាត់​ប្រជាជន​ខ្លួន ​ មិនឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កាតា​ដែរ។ សម្ព័ន្ធ​យោធា​អារ៉ាប់​ ដែល​ដឹក​នាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ និង​កំពុងតែ​ធ្វើប្រតិបត្តិការ​នៅ​យេមែន​ នោះ ​ក៏បាន​សម្រេច​ដក​កាតា​ចេញ​ដែរ។

ជារួម ​ប្រទេស​ទាំងបួន​ មាន​អារ៉ាប៊ីសាអូឌីត​ អេមៀរ៉ាត់​អារ៉ាប់រួម​ បារ៉ែន ​និង​អេហ្ស៊ីប ​បាន​ចោទ​ប្រទេស​កាតា ​ថា​បាន​គាំទ្រ​ចលនា​ភេរវកម្ម ​មាន​ដូចជា ​ចលនា​អាល់​កាយដា ​ចលនា​បង​ប្អូន​អ៊ីស្លាម ​និង​ចលនា​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។
 
សង្រ្គាម​ពាក្យសំដី​លើ​បណ្តាញ​ព័ត៌មាន ​ថា​កាតា ​កាន់ជើង​អ៊ីរ៉ង់
 
សង្រ្គាម​ពាក្យ​សំដី​បាន​ចាប់​ផ្តើម​មាន​តាំង​តែ​ពី​២​សប្តាហ៍​មក​ហើយ ​ពោល​គឺ​ក្រោយ​ពេល​លោក​ដូណាល់ ត្រាំ​ ទៅ​អារ៉ាប៊ីសាអូឌីត។​ ក្នុង ឱ​កាសនោះ​ លោក​ដូណាល់ ត្រាំ ​បាន​ចង្អុរមុខ​អ៊ីរ៉ង់​ ហើយ​បាន​ពន្យុះ​ឲ្យ​ប្រទេស​អារ៉ាប់​ផ្សេង​ទៀត​ ឲ្យ​នាំ​គ្នា​តតាំង​ជាមួយ​អ៊ីរ៉ង់​ ដែល​លោក​ដូណាល់ ត្រាំ​ ចោទ​ថា​គឺ​ជា​អ្នក​ចិញ្ចឹម​បណ្តាញ​ភេរវកម្ម។

សង្រ្គាម​ការទូត​រវាង​ប្រទេស​អារ៉ាប់​ទាំង​បួន​នេះ ​ជាមួយ​នឹង​កាតា​ បាន​ចាប់​ផ្តើម​ឡើង ​កាល​ពី២​សប្តាហ៍​មុន​នេះ ​តាម​រយៈ​សង្រ្គាម​នៅ​លើ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន។ បណ្តាញ​ព័ត៌មាន​អារ៉ាប៊ីសាអូឌីត ​និង​អេមៀរ៉ាត់ ​បាន​លើក​ឡើង​ថា ​ប្រមុខ​ដឹកនាំ​កាតា ​គឺ​លោក​ តាមីម​ បេនហាម៉ាដ ​អាល់ថានី ​បាន​និយាយ​សម្តី​ដែល​មាន​ខ្លឹមសារ​កាន់​ជើង​អ៊ីរ៉ង់។

ការ​ចោទ​ប្រកាន់​របស់​បណ្តាញ​ព័ត៌មាន​អារ៉ាប៊ីសាអូឌីត​ និង​អេមៀររ៉ាត់ ​គឺដោយ​យោង​ទៅ​លើ​អត្ថបទ​ ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​កាតា ​ (QNA) ដែល​ទីភ្នាក់ងារ​នេះ ​បាន​ស្រង់​សំដី​របស់​លោក​ តាមីម ​បេន​ហាម៉ាដ ​អាល់ថានី ​ថា​ បាន​និយាយ​ថា ​“ អ៊ីរ៉ង់​គឺ​ជា​មហា​អំណាច​អ៊ីស្លាម​មួយ​ក្នុង​តំបន់ ​ដែល​មាន​តួនាទី​ធំ​ មិន​គួរ​មើល​រំលង ​ហើយ​ការ​ប្រឈមមុខ​តទល់​ជាមួយ​អ៊ីរ៉ង់ ​គឺ​ជា​ជម្រើស​មួយ​ដែល​មិន​ប្រយ័ត្ន​ប្រយែង​ឡើយ។ ប្រភព​ដដែល​នេះ​បាន​បន្ត​ថា ​លោក​ប្រមុខ​រដ្ឋាភិបាល​កាតា ​បាន​ចំអក​ថា ​អារ៉ាប៊ីសាអូឌីត ​គួរណា​តែ​គិត​គូរ​ពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ខ្លួន​ ជាជាង​ចំណាយ​ប្រាក់​មហាសាល ​ទៅ​ទិញ​គ្រឿង​សព្វាវុធ​ ពី​អាមេរិក ​ទុក​ច្បាំង​ជាមួយ​អ៊ីរ៉ង់។

គឺ​សំដី​នេះ​ហើយ ​ដែល​អារ៉ាប៊ីសាអូឌីត​ អេមៀរ៉ាត់​ អេហ្ស៊ីប ​និង​បារ៉ែន​ នាំគ្នា​យក​ទៅ​បក​ស្រាយ ​ថា​កាតា ​កំពុង​កាន់ជើង​អ៊ីរ៉ង់ ​ហើយ​គាំទ្រ​ចលនា​ភេវកម្ម​នានា។ ក៏ប៉ុន្តែ ​រដ្ឋាភិបាល​កាតា ​បាន​ឆ្លើយ​តបមកវិញ​ថា ​នេះគឺ​ជា​ការ​ប្រឌិត​ទាំងស្រុង។ លោក ​ប្រមុខ​រដ្ឋាភិបាល​កាតា ​មិនបាន​និយាយ​សម្តី​នេះ​ទេ។ គឺ​គេហទំព័រ​អ៊ីនធើនែត ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កាតា ​ត្រូវ​បាន​ចោរ​ព័ត៌មានវិទ្យា ​ចូល​មក​លុកលុយ ​ហើយ​បាន​បង្ហោះ​ផ្សាយ​ព័ត៌មាន​ប្រឌិត​នេះ។

តែ​យ៉ាងណា ​ខាង​អារ៉ាប់ប៊ីសាអូឌីត​ និង​សម្ព័ន្ធមិត្ត​ មិន​បាន​ទទួល​យក​ហេតុផល​នេះ​ឡើយ ​ហើយ​សង្រ្គាម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​កាសែត ​ទូរទស្សន៍ ​កាន់តែ​រីក​ធំ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ អារ៉ាប៊ីសាអូឌីត ​បាន​បិទ​ខ្ទប់​គេហទំព័រ​អ៊ីនធើនែត​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កាតា ​មាន​ដូច​ជា​ទូរទស្សន៍ ​Al-Jazeera ​ជាដើម។
 

ប្រទេសសមាជិកក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិការ​ឈូងសមុទ្រ (CCG)
ប្រទេសសមាជិកក្រុម​ប្រឹក្សា​សហ​ប្រតិបត្តិការ​ឈូងសមុទ្រ (CCG)

ដូណាល់ ត្រាំ​ ជួយ​បំផ្ទុះ​វិបត្តិ​ផ្ទៃក្នុង ​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ(CCG)
 
កាតា​ អារ៉ាប៊ីសាអូឌីត ​អេមៀរ៉ាត់​អារ៉ាប់រួម​ អេហ្ស៊ីប ​និង​បារ៉ែន ​សុទ្ធតែជា​ប្រទេស​សមាជិក​នៃ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ។ យើង​មិន​អាច​ប្រកែក​ថា ​នៅក្នុង​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​នេះ​ គ្មាន​វិបតិ្ត​បាន​ទេ​។ វាគឺ​ជា​ជំងឺ​រ៉ាំរ៉ៃ ​ យូរ​មក​ហើយ។ ប្រភព​នៃ​បញ្ហា​គឺ​ កើតចេញ​ពី​ចរន្ត​ផ្សព្វផ្សាយ​សាសនា​អ៊ីស្លាម ​របស់​ប្រទេស​ទាំង​នោះ។ អារ៉ាប៊ីសាអូឌីត ​គឺ​ជា​ប្រភព​​នៃការ​សាបព្រួស​ទ្រឹស្តី​អ៊ីស្លាម​ សាល់អាហ្វីស្ត៍ ​ខណៈ​ដែល​កាតា ​មាន​ទំនោរ​គាំទ្រ​ក្រុម​ចលនា​បងប្អូន​អ៊ីស្លាម ​រឺ​ហៅជា​ភាសា​បារាំង​ថា ​Les Frères Musulmans។

ចលនា​បង​ប្អូន​អ៊ីស្លាម​នេះ ​ជា​ចរន្ត​អ៊ីស្លាម​ស៊ូនីត​មួយ​បែប​ទៀត ​មាន​ប្រភព​នៅ​អេហ្ស៊ីប​ ហើយ​ដែល​ជា​គូរ​ប្រជែង​របស់​ចរន្ត​សាល់អាហ្វីស្ត៍​របស់​អារ៉ាប៊ីសាអូឌីត។ កាតា​ធ្លាប់​ត្រូវ​បាន​គេ​ចោទ ​ថា​បាន​ជួយ​ទំនុកបំរុង​ ​ចលនា​បង​ប្អូន​អ៊ីស្លាម​នេះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​កាតា ​ក៏ត្រូវ​គេ​ចោទ​ថា​មាន​ទំនោរ​គាំទ្រ​ក្រុម​ហេបូឡា ​នៅ​លីបង់​ដែរ។ ក្រុមនេះ ​ក៏​ស្និទ​នឹង​អ៊ីរ៉ង់​ទៀត។

កាលពី​ឆ្នាំ​២០១៣ ​នៅ​ពេល​លោក​អាល់ស៊ីស៊ី ​បាន​ធ្វើ​រដ្ឋ​ប្រហារ​រំលំ​របប​ដឹកនាំ​របស់​ ម៉ូហាម៉េដ ​ម៉កស៊ី ​ដែលជា​សកម្មជន​របស់​ចរន្ត​បងប្អូន​អ៊ីស្លាម ​កាតា​ បាន​ប្រើ​ទូរទស្សន៍ ​Al Jazeera​ ដើម្បី​រិះគន់ ​លោក​អាល់ស៊ីស៊ី។ រដ្ឋាភិបាល​លោក​អាល់​ស៊ីស៊ី ​ដែល​ស្និទ​នឹង​អារ៉ាប៊ីសាអូឌីត ​បាន​ទាមទារ​ឲ្យ​ទូរទស្សន៍ ​Al Jazeera ​ឈប់​ផ្សាយ​លំអៀង​ទៅ​ខាង​ចលនា​បងប្អូន​អ៊ីស្លាម​តទៅ​ទៀត។ ឆ្នាំ​២០១៤​ អារ៉ាប៊ីសាអូឌីត ​និង​កាតា ​ក៏បាន​ផ្តាច់ទូត​នឹង​គ្នា​ អស់​៩ខែ​ដែរ​ ដោយសារ​បញ្ហា​នេះ។

វិបត្តិនេះ​ វា​បាន​បូក​បន្ថែម ​ ជាមួយ​នឹង​បញ្ហា​អ៊ីរ៉ង់​ ក្នុង​ពេល​នេះ។ លោក​ដូណាល់ ត្រាំ ​បាន​ឆ្កិះ​កកាយ​ដំបៅ​នេះ ​ឲ្យកាន់​តែ​រីកធំ ​ដោយ​បាន​ប្រកាស​ពន្យុះ​ឲ្យ​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ ​នាំគ្នា​ស្អប់​អ៊ីរ៉ង់។ កន្លង​មក​ គោល​ជំហរ​របស់​ក្រុម​ប្រឹក្សា​នេះ​ជាមួយ​នឹង​អ៊ីរ៉ង់ ​គឺ​វា​អាស្រ័យ​ទៅ​តាម​ប្រទេស​សមាជិក​នីមួយៗ។ អារ៉ាប៊ីសាអូឌីត​ និង​អេមៀរ៉ាត់​អារ៉ាប់រួម​ រឹងរូស​ខ្លាំង​ជាងគេ​ជាមួយ​អ៊ីរ៉ង់។ តែ​ចំណែក​កាតា ​អូម៉ង់ ​ឬ​កូវ៉េត​ គឺគេ​មាន​ឆន្ទៈ​ទន់ ​និង​រួមរួម​ជាង ​មិន​ចង់​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ ទ័លច្រក​ឡើយ។

ក្រោយ​ពី​បាន​ពន្យុះ​ឲ្យ​អារ៉ាប៊ីសាអូឌីត ​ទិញ​អាវុធ​ពី​ខ្លួន​ ទុក​ដើម្បី​ធ្វើ​សង្រ្គាម​ទប់ទល់​ជាមួយ​អ៊ីរ៉ង់​ លោក​ដូណាល់ ​ត្រាំ ​បាន​ធ្វើ​ឲ្យ​តំបន់​ឈូង​សមុទ្រ​ពែក្ស ​មាន​បញ្ហា​ថ្មី​មួយទៀត ​គឺ​ការ​បែកបាក់​ផ្ទៃ​ក្នុង។ ការ​បែក​បាក់​ផ្ទៃក្នុង​ ផ្តាច់ទំនាក់​ទំនង​ទូត​នេះ ​នឹង​អាច​ជះ​ជា​ផលអវិជ្ជមាន ​​លើ​វិស័យ​ហិរញ្ញវត្ថុ​របស់​កាតា ​និង​ដល់​ការ​ផលិត ​និង​នាំចេញ​ប្រេង​ឆៅ​ចេញ​ របស់​ប្រទេស​ឈូង​សមុទ្រ។ ទីផ្សារ​ប្រេង​នៅ​តំបន់​ដើម​បូព៌ា ​អាច​នឹង​ធ្លាក់​ចុះ ​ទុក​ឱកាស​ឲ្យ​ការ​ផលិត​ប្រេងឆៅ​របស់​អាមេរិក ​វាយ​លុក​​ទីផ្សារ​វិញ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ