អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​តំបន់​ឈូង​សមុទ្រ៖ អស់​ពី​នាំ​គេ​បន្ទោស​កាតា ​ដូណាល់ ត្រាំ ​ប្តូរ​មក​ចង់​ជួយ​សម្រុះ​សម្រួល

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិការ​ទូត ​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស ​រវាង​ប្រទេស​កាតា ​និង​ក្រុម​ប្រទេស ​នាំមុខ​ដោយ​អារ៉ាប៊ីសាអូឌីត ​ នៅ​មិន​ទាន់​បាន​ស្ងប់​នៅ​ឡើយ​ទេ ​ ជិត​មួយ​សប្តាហ៍​ទៅ​ហើយ។ ក្រោយ​ពេល ​ដែល​អារ៉ាប៊ីសាអូឌីត​ អេមៀរ៉ាត់​អារ៉ាប់រួម​ អេហ្ស៊ីប​ បារ៉ែន ​និង​កូវ៉េត​ បាន​នាំគ្នា ​ ផ្តាច់​ទំនាក់ទំនង​ការទូត ​និង​ព្រំដែន​ជាមួយ​នឹង​កាតា ​ពេល​នេះ ​កាតា​កំពុង​ស្ថិត​ក្នុង​ការ​បិទខ្ទប់​សេដ្ឋកិច្ច​ទាំងស្រុង។ ដោយឡែក ​លោក​ប្រធានធិបតី​សហរដ្ឋ​អាមេរិក​ ដែល​បាន​ដំឡើង​សំឡេង ​បន្ទោស​កាតា ​ថា​ជា​ប្រទេស​គាំទ្រ​ក្រុម​ភេរវកម្ម​នោះ ​ពេល​នេះ​ហាក់​បាន​បន្ទាប​មក​វិញ ​ដោយ​លោក​ដូណាល់ ត្រាំ ​បាន​សុំខ្លួន​ធ្វើ​ជា​អាជ្ញារ​កណ្តាល​សម្រុះ​សម្រួល។

ផែនទី​ប្រទេសកាតា ជាប់​អារ៉ាប៊ីសាអូឌីត​ និង​ឈូង​សមុទ្រ​ពែក្ស
ផែនទី​ប្រទេសកាតា ជាប់​អារ៉ាប៊ីសាអូឌីត​ និង​ឈូង​សមុទ្រ​ពែក្ស REUTERS/Thomas White
ផ្សាយពាណិជ្ជកម្ម

បិទ​ខ្ទប់​ដង្ហើម បង្អត់​​ចំណី​កាតា

ជិត​មួយ​សប្តាហ៍​មក​នេះ ​កាតា ​ប្រៀប​បាន​នឹង​កូន​សត្វ​មួយ​ក្បាល ​ដែល​គេ​បង្អត់​ចំណី​ដូច្នោះ​ឯង។ ចង់​ដឹង​ថា ​កាតា ​ទទួល​រង​ផល​លំបាក​អ្វីខ្លះ​ នៅ​ក្រោយ​ការ​ផ្តាច់​ទំនាក់​ទំនង​ការ​ទូត ​ពី​សំណាក់​ប្រទេស​តំបន់​ឈូង​សមុទ្រ​ពែក្ស​ទាំង៥ ​គឺ​យើង​ត្រូវ​មើល​ពី​ស្ថានភាព​ភូមិសាស្ត្រ​របស់​កាតា។ កាតា ​ជា​កូន​ប្រទេស​តូច​មួយ ​ ស្ថិត​នៅ​លើ​ដី​ជ្រោយ​ ក្នុង​ឈូង​សមុទ្រ​ពែក្ស ​ហើយ​ដែល​មាន​ព្រំដែន​ដី​គោក​ ជាប់​ជាមួយ​តែ​អារ៉ាប៊ីសាអូឌីត ​មួយ​គត់។ ចំណី​អាហារ​ទាំង​អស់​សឹង​តែ​៩០% ​គឺ​នាំ​ចូល​ពី​បរទេស ​ហើយ​ក្នុង​នោះគឺ​ មាន​៤០% ​ដែល​ត្រូវ​នាំចូល​ពី​ អារ៉ាប៊ីសាអូឌីត។

ដូច្នេះ ​ការ​ដែល​អារ៉ាប៊ីសាអូឌីត ​បាន​បិទ​ព្រំដែន​គោក ​គឺ​មិន​ខុស​ពីការ​បិទ​ខ្ទប់​ដង្ហើម ​បង្អត់​ចំណី​កាតា​ទេ។ នៅ​តាម​បណ្តាញ​សង្គម​ ប្រជាជន​កាតា ​បាន​បង្ហោះ​រូបថត​ជាច្រើន ​បង្ហាញ​ពី​ការ​ខ្វះខាត​ទំនិញ​ប្រើប្រាស់ ​និង​ជា​ពិសេស ​គឺ​ចំណី​អាហារ ​នៅ​កាតា ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ច្រក​ចេញ​ចូល​កាតា ​ដ៏សំខាន់​មួយ​ទៀត​នោះ ​គឺ​ច្រក​ផ្លូវ​អាកាស ​តាម​រយៈ​ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​ Qatar Airways ។ ប្រទេស​ទាំង​៥​ខាង​លើ ​ដែល​នៅ​ព័ទ្ធ​ជុំវិញ​កាតា ​បាន​ហាមឃាត់​មិន​ឲ្យ​យន្តហោះ​កាតា ​ចេញ​ចូល ​ឬ​ហោះ​កាត់​ប្រទេស​គេ​ឡើយ។
 
ជិត​មួយ​សប្តាហ៍​នេះ​ យើង​ឃើញថា​ កាតា ​ត្រូវ​បាន​គេ​ព្រួត​គ្នា​បិទ​ខ្ទប់ ​ឲ្យ​នៅ​ឯកោ ​ ​ជាទី​បំផុត ​ ដែល​វិបត្តិ​ ដ៏​ទាន់ហន់ ​ធ្ងន់​ធ្ងរ​បែបនេះ ​ មិន​ធ្លាប់​មាន​ទេ​ពីមុន​មក​ នៅ​ក្នុង​ក្របខណ្ឌ​ក្រុម​ប្រទេស​សមាជិក​ ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ។

ការចោទប្រកាន់​ ដែល​មិន​សម​ហេតុផល

ប្រទេស​អារ៉ាប់​ទាំង​៥ ​ដែល​មាន​អារ៉ាប៊ីសាអូឌីត ​ជា​អ្នក​នាំមុខ​នេះ ​ បាន​ចោទ​កាតា​ថាបាន​ទំនុក​បំរុង​គាំទ្រ ​ក្រុម​ភេរវកម្ម​ និង​មាន​ទំនោរ​ទន់​ទៅ​រក​អ៊ីរ៉ង់។ តែ​កាតា​បាន​ឆ្លើយ​ត្រលប់​មក​វិញ​ថា ​ជា​ការ​ចោទ​ប្រកាន់​ដោយ​មិន​សមហេតុ​ផល​ ទាល់តែ​សោះ។ ​ចំណែក​តួកគី​ ប្រទេស​អ៊ីស្លាម​ស៊ុនីត​ ដ៏ធំ​មួយ​ដែរ​នៅ​ក្នុង​តំបន់​ បាន​ចេញ​មុខ​មក​ការពារ​កាតា។

ជារួម ​គឺ​ជាការ​ចោទ​ប្រកាន់ ​ដែល​ចាត់​ទុក​ថា​រដ្ឋាភិបាល​កាតា ​ជាអ្នក​នៅ​ពីក្រោយ ​ការ​ទំនុកបំរុង​ គាំទ្រ​ដល់​ចលនា​ឧទ្ទាម​អ៊ីស្លាម​និយម​នានា ​ មាន​ដូច​ជា ​ចលនា​បងប្អូន​អ៊ីស្លាម​នៅ​អេហ្ស៊ីប ​ ចលនា​អាល់​កាយដា​ និង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ តាមពិត​ ជាច្រើន​ឆ្នាំ​មក​ហើយ ​ ដែល​គេ​ដឹង​ពី​ទំនោរ​អ៊ីស្លាម​និយម ​របស់​កាតា។ កាតា​បាន​ជួយ​ឧបត្ថម្ភ​ចលនា​បះបោរ​អ៊ីស្លាម​ផ្សេងៗ ​ដូចជា​នៅ​លីប៊ី ​នៅ​អេហ្ស៊ីប ​និង​នៅ​ស៊ីរី​ ជាដើម។ ជំនួយ​ភាគ​ច្រើន​ជា​ជំនួយ​ឯកជន​ ចេញ​ពី​សមាគម​ អង្គការ ​រឺ​មូលនិធិ​របស់​កាតា។ វា​មិនមែន​ជា​ជំនួយ​ផ្លូវការ ​ក្នុងនាម​រដ្ឋាភិបាល​កាតា​ទេ។ មួយ​វិញទៀត ​ការ​ជួយ​គាំទ្រ​ក្រុម​បះបោរ​អ៊ីស្លាម​និយម ​ មិនមែន​មាន​ន័យ​ថា ​គឺ​ជា​ការ​គាំទ្រ​ចលនា​ភេរវកម្ម​ទេ។

ជាផ្លូវការ ​ រដ្ឋាភិបាល​កាតា ​បាន​ចូលរួម ​ក្នុង​សម្ព័ន្ធភាព​អន្តរជាតិ​នានា ​ដើម្បី​បោស​សំអាត​ពួក​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម។ យ៉ាង​ណាមិញ ​កាតា ​ក៏​ចូលរួម​ក្នុង​ប្រតិបត្តិការ​នៅ​យេមែន​ ដើម្បី​វាយ​បំបែក​ក្រុម​ឧទ្ទាម​ហ៊ូទី​ដែរ។ ដូច្នេះ ​ការ​ចោទ​របស់​អារ៉ាប៊ីសាអូឌីត​ ថា​កាតា ​គាំទ្រ​ពួក​ភេរវកម្ម​អ៊ីស្លាម​ទាំង​អស់​នោះ ​ គឺ​ ជា​ការ​មិន​សម​ហេតុផល​ពិតមែន។

មើលឃើញ​តែ​ដំបៅ​អ្នក​ដ៏ទៃ ​ចុះ​ខ្លួន​ឯង?
 
ក្នុង​បញ្ហានេះ​ វា​មិនមែន​មាន​ម្ខាង​ស ​ម្ខាង​ខ្មៅ ​ ខាង​នោះ​ត្រូវ​ ខាង​នេះ​ខុស ​នោះ​ទេ។ ប្រទេស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្រ​ទាំងអស់​ ជា​ពិសេស​អារ៉ាប៊ីសាអូឌីត ​សុទ្ធតែ​មាន​ចំណង​ទាក់ទង ​ជាមួយ​នឹង​ចរន្ត​ទ្រឹស្តី​អ៊ីស្លាម​ ពាសពេញ​ពិភពលោក។ អារ៉ាប៊ីសាអូឌីត ​គឺ​ជា​អ្នក​សាបព្រួស ​ទ្រឹស្តី​អ៊ីស្លាម​វ៉ាហាប៊ីស ​ឬដែល​គេ​ហៅ​ទូទៅថា​ជា​ពួក​សាល់អាហ្វីស្ត៍។ ក្រុមនេះ​ ​ក៏មាន​ចំណង ​ជាមួយ​នឹង​ក្រុម​តាលីបង់​ នៅ​អាហ្វហ្កានីស្ថាន​ និង​ប៉ាគីស្ថាន​ដែរ។

ទាំង​កាតា ​ទាំង​អារ៉ាប៊ីសាអូឌីត ​សុទ្ធតែ​បាន​ផ្តល់​ជំរក​ ដល់​សកម្មជន​អ៊ីស្លាម​​និយម ​ហើយ​សុទ្ធតែ​បាន​ជះ​ប្រាក់​រាប​លាន​ដុល្លារ ​ដើម្បី​កសាង​វិហារ​ម៉ូស្កេ ​ដើម្បី​ផ្សព្វផ្សាយ​ទ្រឹស្តី​អ៊ីស្លាម​រៀងៗ​ខ្លួន ​ នៅ​តាម​ប្រទេស​ជាច្រើន​ មាន​ទាំង​អាស៊ី​អាគ្នេយ៍​យើង​ជាដើម។ ដូច្នេះ​គ្មាន​នរណា​ស្អាត​ស្អំ ​ មួយ​រយ​ភាគ​រយ​ទេ ​ ក្នុង​បញ្ហា​នេះ។

ច្រណែន?
 
ទង្វើ​ដែល​អារ៉ាប៊ីសាអូឌីត ​កំពុង​ដឹកនាំ​ធ្វើ​នា​ពេល​នេះ ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​​ ដើម្បី​វាយ​កាតា ​ឲ្យ​ទន់​ជង្គង់​ ធ្វើឲ្យ​កាតា​អាម្មាស់មុខ​  ហើយ​បង្ខំ​កាតា ​ឲ្យ​ងៀក​មក​ស្តាប់​ការ​បង្គាប់​បញ្ជារ​ របស់​មេ​ធំ​ប្រចាំ​ដំបន់ ​គឺ​អារ៉ាប៊ីសាអូឌីត​ខ្លួនឯង។ អ្នក​វិភាគ​ជាច្រើន​យល់​ថា ​ការ​ដែល​ប្រទេស​ទាំង៥ ​ដែល​មាន​អារ៉ាប៊ីសាអូឌីត ​ជាអ្នក​នាំមុខ ​ធ្វើបាប​កាតា​នាពេល​នេះ ​ គឺ​មួយ​ផ្នែក ​កើត​ពី​ចិត្ត​ច្រណែន​នឹង​កាតា។

ច្រណែន​នឹង​ប្រទេស​ដ៏តូច​មួយ​នេះ ​ ដែល​មាន​ប្រជាជន​មិនដល់ ​៣សែន​នាក់​ផង ​តែ​កាតា​កំពុង​​តែល្បី​រន្ទឺ​ ពាសពេញ​ពិភពលោក ​តាម​រយៈ​ការ​បោះទុន​វិនិយោគ ​លើ​គ្រប់​វិស័យ​នៅ​ទូទាំង​សកលលោក។ ឆ្នាំ​២០២២​ កាតា ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡា​បាល់ទាត់​ World Cup។ កាតា ​ជា​ជង្រុក​ឧស្ម័ន​ហ្គាស​ធម្មជាតិ​ ប្រមាណ​ជា​៣០% ​នៃ​ទីផ្សារ​សកលលោក។ វិស័យ​ហិរញ្ញវត្ថុ​របស់​កាតា​ កំពុង​ឡើង​ដល់​ចំណុច​កំពូល ​ ហើយ​ជះ​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិ​ ដែល​ធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ភ័យ​បារម្ភ។

បង្ខំ​ឲ្យ​កាតា​ ស្អប់​អ៊ីរ៉ង់​ដូចខ្លួន
 
អ្វីៗ​បាន​ចាប់ផ្តើម​ ពី​ការ​ផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ដែល​ថា ​លោក​អេមៀរ ​ តាមីម ​ បេន​ហាម៉ាដ ​អាល់ថានី ​បាន​និយាយ​ថា ​មិន​ត្រូវ​តតាំង​ជាមួយ​អ៊ីរ៉ង់​ទេ ​ព្រោះ​អ៊ីរ៉ង់​ ក៏ជា​ប្រទេស​អ៊ីស្លាម​សំខាន់​មួយ​ដែរ​ ក្នុង​តំបន់។ រដ្ឋាភិបាល​កាតា ​បាន​បញ្ជាក់​ថា ​លោក​អេមៀរ​កាតា ​មិន​បាន​និយាយ​សម្តី​នេះ​ទេ។​ ពោលគឺ​គេ​ហទំព័រ​របស់​បណ្តាញ​ព័ត៌មាន​ផ្លូវការ​កាតា ​ត្រូវ​បាន​ចោរ​ព័ត៌មានវិទ្យា​ចូល​លុកលុយ ​ហើយ​បាន​បង្ហោះ​ផ្សាយ​ព័ត៌មាន​ប្រឌិត​នេះ។ យ៉ាងណាមិញ ​ មន្ត្រី​ទូត​បារាំង ​ ដែល​ប្រចាំ​ការ​នៅ​ក្រុង​ដូហា ​ក៏បាន​បញ្ជាក់​ដែរ​ថា ​ខ្លួនមាន​វត្ត​មាន​នៅក្នុង​ឱកាស​ ដែល​លោក​អេមៀរ​កាតា ​ធ្វើ​សន្ទរកថា ​ហើយ​ថា ​លោក​អេមៀរ​កាតា ​មិន​បាន​និយាយ ​ ដូច​ព័ត៌មាន​ដែល​គេ​ផ្សាយ​ទេ។

ដូច្នេះ ​វាអាច​មាន​ការ​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​ពិតមែន​ ​ដើម្បី​ចោទ​មេដឹក​នាំ​កាតា ​ថាមាន​ទំនោរ​ទៅ​រក​អ៊ីរ៉ង់។ តែ​បើយើង​ក្រឡេក​មក​មើល​ការ​ពិត​ជាក់​ស្តែង ​កាតា​ពិត​ជា​មាន​ទំនោរ ​ មិន​សូវ​ស្អប់​អ៊ីរ៉ង់​ ខ្លាំង​ដូច​អារ៉ាប៊ីសាអូឌីត​ពិតមែន។​ កាតា​មាន​ទំនោរ​កណ្តាល ​ព្រោះអី​បើ​យើង​ក្រលេក​មើល​ទៅ​លើស្ថានភាព​ភូមិសាស្ត្រ ​កាតា​គ្មាន​ហេតុផល​អ្វី ​ដែល​ត្រូវ​ទៅ​តតាំង ​ជាមួយ​នឹង​អ៊ីរ៉ង់​ឡើយ។ ត្រង់នេះ​ហើយ ​ ដែល​អារ៉ាប៊ីសាអូឌីត​ មិន​ពេញចិត្ត​នឹង​កាតា ​ព្រោះ​មេ​ដឹកនាំ​អារ៉ាប៊ីសាអូឌីត ​បច្ចុប្បន្ន​នេះ កំពុង​ងុបងុល ​ស្អប់​អ៊ីរ៉ង់​ជា​ទី​បំផុត។ ហើយ​បញ្ហា​នេះ ​វាកាន់​តែ​ឡើង​កំដៅ ​ ដោយសារ​មាន​លោក​ដូណាល់ ត្រាំ ​ជាអ្នក​ជំរុញ​ ឲ្យ​គ្រប់គ្នា​ ស្អប់​អ៊ីរ៉ង់។

លោក​ដូណាល់ ត្រាំ ​ចូលរួម​បំផ្ទុះ​បញ្ហា ​ និយាយ​ម្តងក្តៅ​ម្តង​ត្រជាក់
 
រដ្ឋាភិបាល​អាមេរិក ​កំពុងតែ​ចូលរួម​បង្ករ​រឿង ​ដែល​មាន​ភាព​សាំញ៉ាំ​បំផុត។ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​លោក​ដូណាល់ ត្រាំ ​បាន​ប្រកាស​តាម​ទំព័រ​Twitter ​របស់​លោក​ថា​ កាតា​ត្រូវតែ​ឈប់​គាំទ្រ​ក្រុម​ភេរវកម្ម ​ ហើយ​លោក​សង្ឃឹម​ថា ​ការ​បិទខ្ទប់​ធ្វើ​បាប​កាតា​ នាពេល​នេះ ​នឹង​អាច​បញ្ចប់​ចលនា​ភេរវកម្ម។ បើ​ពិនិត្យ​មើល​លើ​ខ្លឹមសារ ​របស់​សារ​លោក​ដូណាល់ ត្រាំ ​គឺ​ជាសារ​ដែល​មាន​ន័យ​ឆ្កិះឆ្កៀល ​ចាក់រុក​ និង​ពន្យុះឲ្យ​គ្រប់គ្នា​ស្អប់​កាតា ​និង​អ៊ីរ៉ង់។ ការ​និយាយ​ដោយ​សង្ខេប​ថា ​កាតា ​គឺ​ជា​មេ​គាំទ្រ​ភេរវកម្ម​នេះ ​គឺ​ជា​ការ​ដែល​លោក​ដូណាល់ ត្រាំ ​បាន​បង្ហាញ​ប្រាប់​គេ​ឯង​ថា​ ថា​គាត់​ពិត​ជា​អត់យល់​អ្វី​សោះ ​ពី​បណ្តាញ​ភេរវកម្ម​អន្តរជាតិ។ អ្វីៗ​វាមិន​ស្រួល​ដូច​អញ្ចឹង​ពេក​ទេ។

តែស្រាប់តែនៅ​​ថ្ងៃ​សុក្រ ​ទី៩ ​មិថុនា​ លោក​ Rex Tillerson ​បាន​ចេញ​មុខ​មក​ប្រកាស​ថា សុំ​ឲ្យ​អារ៉ាប៊ីសាអូឌីត ​និង​សម្ព័ន្ធ​មិត្ត​បន្ធូរបន្ថយ​ឲ្យ​កាតាខ្លះ​ ព្រោះ​ការ​បិទ​ខ្ទប់​ដង្ហើម​បែប​នេះ ​ទីមួយ​គឺ​វា​ជារឿង​អមនុស្សធម៌ ​ហើយ​ទីពីរ ​គឺ​វាបាន​ប៉ះពាល់ ​ដល់​សកម្មភាព​ប្រយុទ្ធ​នឹង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។  ​នៅ​កាតា​ មាន​មូលដ្ឋាន​ទ័ព​អាកាស​របស់​អាមេរិក។

ត្រង់ចំណុចនេះ​ យើងឃើញ​ថា ​លោក​ដូណាល់ ត្រាំ​ បាន​និយាយ​ចាក់រុក​ឲ្យ​គេ​ស្អប់​កាតា ​ទាំង​មិន​ដឹង​ថា ​មាន​មូលដ្ឋាន​ទ័ព​អាមេរិក​ នៅ​ទីនោះ។ ឥឡូវ​ពេល​នេះ ​លោក​ Rex Tillerson  ​ជាអ្នក​ចេញ​មុខ​មក​ដោះស្រាយ​វិញ។ ហើយបើតាម​ដំណឹង​ចុង​ក្រោយ​ទើប​ទទួល​បាន ​ គឺ​លោក​ដូណាល់ ត្រាំ ​បាន​ទូរស័ព្ទ​ទៅនិយាយ​ជាមួយ​លោក ​អេមៀរ​របស់​កាតា ​ដើម្បី​សុំខ្លួន​ ធ្វើ​ជា​អាជ្ញារកណ្តាល​សម្រុះ​សម្រួល​ទៀត​ផង។​ ដូច្នេះ​យើង​ឃើញ​ថា ​នយោបាយ​ការបរទេស​របស់​លោក​ត្រាំ ​ ពិត​ជា​មិនអាច​ស្មាន​ដឹង​មែន​ គឺ​ពោរពេញ​ដោយ​ភាព​ផ្ទុយគ្នា​ ម្តង​អញ្ចេះ ​ម្តង​អញ្ចោះ ​តាម​តែ​ចិត្ត​នឹកឃើញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ