អានតួអត្ថបទ
យេម៉ែន-អារ៉ាប៊ីសាអូឌីត

ក្រុម​ឧទ្ទាមហ៊ូទី បំប្លោង​មីស៊ីល ​មួយ​គ្រាប់​ថ្មី​ទៀត ​ទៅ​អារ៉ាប៊ីសាអូឌីត

តាមការប្រកាសឲ្យដឹង ពីអ្នកនាំពាក្យកងទ័ពអារ៉ាបប៊ីសាអូឌីត បានបញ្ជាក់ថា​នៅព្រឹកថ្ងៃសៅរ៍ ទី៣១មីនា ក្រុមឧទ្ទាមហ៊ូទី នៅភាគខាងជើងយេម៉ែន​ បានបាញ់​ប្លោងមីស៊ីល មួយគ្រាប់ថ្មីទៀត ​ឆ្លងចូលទៅ​ក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ភាគខាងត្បូង។ ក្រុមហ៊ូទីយែម៉ែន ដែលអារ៉ាប៊ីសាអូឌីត ចាត់ទុកថាជាកូនកាំបិតរបស់អ៊ីរ៉ង់នេះ ហាក់បានបន្ថែមការវាយប្រហារទៅ​លើអារ៉ាប៊ីសាអូឌីត​ កាន់តែខ្លាំង។ ជាក់ស្តែង កាលពីសប្តាហ៍មុន ក្នុងយប់ថ្ងៃទី​២៥ ឆ្លងចូលថ្ងៃទី​២៦មីនា ក្រុមហ៊ូទី បានបាញ់មីស៊ីល ដល់ទៅ៧គ្រាប់ ចូលទៅក្នុងដីអារ៉ាប៊ីសាអូឌីត។

អ្នកនាំពាក្យ​កងទ័ព​សម្ព័ន្ធមិត្ត​អារ៉ាប់ Turki al-Malki ធ្វើបទ​បង្ហាញ​​អំពី​គ្រាប់​​មីស៊ីល​​របស់​ក្រុម​ហ៊ូទី នៅក្រុង​រីយ៉ាដ ថ្ងៃទី​២៦ មីនា ២០១៨​
អ្នកនាំពាក្យ​កងទ័ព​សម្ព័ន្ធមិត្ត​អារ៉ាប់ Turki al-Malki ធ្វើបទ​បង្ហាញ​​អំពី​គ្រាប់​​មីស៊ីល​​របស់​ក្រុម​ហ៊ូទី នៅក្រុង​រីយ៉ាដ ថ្ងៃទី​២៦ មីនា ២០១៨​ REUTERS/Faisal Al Nasser
ផ្សាយពាណិជ្ជកម្ម

លោកមេបញ្ជាការ Turki al-Maliki អ្នកនាំពាក្យកងទ័ពសម្ព័ន្ធមិត្តអារ៉ាប់ បានបញ្ជាក់ថា មីស៊ីល១គ្រាប់ ត្រូវបានកងទ័ពអារ៉ាប៊ីសាអូឌីត ស្ទាក់បាន​នៅវេលាម៉ោង ១០ និង១៦នាទី ព្រឹក ថ្ងៃសៅរ៍ទី ៣១មីនា។ ប្រភពដដែលអះអាងថា យ៉ាងហោចណាស់ មានបុរសជនជាតិឥណ្ឌាម្នាក់ បានរងរបួស។ ចំណែក ទីភ្នាក់ងារ ព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បានចុះផ្សាយថា ក្រុមហ៊ូទី បានបាញ់គ្រាប់មីស៊ីល យ៉ាងងងឹតងងុល សំដៅទៅដំបន់ ក្រុង Najrane ដោយ​មិនគិតខ្វល់ ថាធ្លាក់ត្រូវផ្ទះប្រជាជន​ស្លូតត្រង់ ឬក៏អត់នោះទេ។ ដោយឡែក ទីភ្នាក់ងារព័ត៌មាន Saba របស់ក្រុមហ៊ូទី បានប្រកាសដែរថា ក្រុមហ៊ូទី ពិតជាបានបាញ់មីស៊ីលមួយគ្រាប់ សំដៅកំទេច បន្ទាយកងសេនាជាតិរបស់អារ៉ាប៊ីសាអូឌីត នៅក្នុងទីក្រុង Najrane។

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ក្រុមហ៊ូទី ក៏បានបាញ់មួយគ្រាប់សំដៅទៅក្រុងJazane ដើម្បីកំទេច​​ ទីតាំងស្តុកប្រឹងកាតដ៏ធំមួយ។ ដោយឡែក កាលពីសប្តាហ៍មុន នៅយប់ថ្ងៃទី២៥ ឆ្លងចូលទី២៦មីនា ក្រុមហ៊ូទី បានបាញ់មីស៊ីលចំនួន៧គ្រាប់ ផ្ទួនៗគ្នា ដោយក្នុងនោះ មាន៣គ្រាប់បានហោះទៅរដ្ឋធានីរីយ៉ាដ។ កងទ័ពអារ៉ាប៊ីសាអូឌីត បានប្រកាសថា ខ្លួន​បានប្រើប្រព័ន្ធខែលមីស៊ីល ដែលបានទិញពីអាមេរិក ដើម្បីកំទេចគ្រាប់មីស៊ីលទាំងនោះ មុននឹងធ្លាក់ទៅដល់ដី។

គួរកត់សម្គាល់ដែរថា ការបាញ់មីស៊ីលផ្ទួនៗគ្នា ជាច្រើនគ្រាប់ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺក្រុមហ៊ូទី ចង់រំលឹកខួប៣ឆ្នាំ ដែលកងទ័ពអារ៉ាប៊ីសាអូឌីត បានដឹកនៃក្រុមសម្ព័ន្ធមិត្តអារ៉ាប់ ទៅទំលាក់គ្រាប់បែកនៅយេម៉ែន។ អារ៉ាប៊ីសាអូឌីត បានចោទអ៊ីរ៉ង់ថា គឺជាអ្នកប្រគល់បច្ចេកវិទ្យា និងគ្រាប់មីស៊ីលទាំងនោះ ទៅឲ្យក្រុមហ៊ូទី។ ការចោទប្រកាន់ ដែលអ៊ីរ៉ង់ តែងតែប្រកែកជានិច្ច។ តែយ៉ាងណា បើយោងតាមរបាយការណ៍ស៊ើបអង្កេត របស់អ្នកជំនាញនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា​គ្រាប់មីស៊ីល ដែលក្រុមហ៊ូទីបានប្រើ គឺមានលក្ខណៈស្រដៀង នឹងគ្រាប់មីស៊ីល អ៊ីរ៉ង់ខ្លាំងណាស់។

សង្រ្គាមយេមែន បានអូសបន្លាយ៤ឆ្នាំមកហើយ។ ការខូចខាត​ និងការបាត់បង់ជីវិតមនុស្សមានកាន់តែធ្ងន់ធ្ងរ នៅក្រោយពេល​ដែល​អារ៉ាប៊ីសាអូឌីត បានចូលធ្វើអន្តរាគម​ទំលាក់គ្រាប់បែក។ គិតមកត្រឹមពេល​នេះ មានមនុស្សស្លាប់ប្រមាណ១ម៉ឺននាក់ និងរបួសប្រមាណ​៥ម៉ឺន​៣ពាន់​នាក់។ ក្រៅពីខ្វះស្បៀងអាហារ និងទំនិញប្រើប្រាស់គ្រប់មុខ ប្រជាជនយេម៉ែន កំពុងប្រឈមមុខនឹងបញ្ហាសុខភាព យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការឆ្លងរាតត្បាត នូវជំងឺអាសន្នរោគ។

ការព្យាយាមរកច្រកចរចាសន្តិភាព តែងតែរលាយក្លាយជាផេះ ជាច្រើនលើកច្រើនសារ។ អង្គការសហប្រជាជាតិ ទើបតែបានតែងតាំង លោក Martin Griffiths ឲ្យធ្វើជាអ្នកសម្របសម្រួលកិច្ចការចរចា។ ដោយឡែក បើតាមប្រភពពីមន្ត្រីទូត និងមន្ត្រីយេម៉ែនខ្លះ​ ដែលបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា​ ក្រុមហ៊ូទី បានបញ្ជូនក្រុមតំណាងខ្លួន ឲ្យទាក់ទងចរចាជាមួយអារ៉ាប៊ីសាអូឌីត ដោយមានប្រទេសអូម៉ង់ ជាអាជ្ញាកណ្តាល អស់រយៈពេល២ខែមកហើយ តែជាការចរចា ដោយគ្មានតំណាង របស់​រដ្ឋាភិបាល​យេម៉ែន ដែលបច្ចុប្បន្ន កំពុង​ភៀសខ្លួន នៅ​អារ៉ាប៊ីសាអូឌីតនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ