អានតួអត្ថបទ
ស៊ីរី

ក្រុម​កួដស៊ីរី ប្រកាស​ថា​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​ស៊ីរី ដើម្បី​សុំ​ស្វយ័តភាព

ក្រុមកួដស៊ីរី បានប្រកាសឲ្យដឹង កាលពីថ្ងៃសៅរ៍ ទី២៨កក្កដាថា ក្រុមគេកំពុងតែចរចា ជាមួយតំណាងរដ្ឋាភិបាលស៊ីរី របស់លោកបាឆា អាល់អាសាដ ដើម្បីរៀបចំធ្វើវិមជ្ឈការ និងសុំឲ្យដែនដីដែលគ្រប់គ្រង ដោយក្រុមកួដ អាចមានស្វយ័តភាព។ បើទោះបីជានេះគ្រាន់តែជាការចាប់ផ្តើមចរចា តែយ៉ាងណា វាគឺជាលើកដំបូងហើយ ដែលមានការចរចារបៀបនេះ ជា​មួយរដ្ឋាភិបាលបាឆា អាល់អាសាដ ខណៈ​ដែលសង្រ្គាមនៅស៊ីរី មិនទាន់រលត់ទាំងស្រុងនៅឡើយទេ។

ក្រុមកួដស៊ីរី លើករូបថត មេដឹកនាំ​កួដ​អ៊ីរ៉ាក់ ​Massud Barzani ​ថ្ងៃទី​​២៣ ​តុលា ​២០១៧ ​ក្រុង ​Qamichli ​ប្រទេស​ស៊ីរី។
ក្រុមកួដស៊ីរី លើករូបថត មេដឹកនាំ​កួដ​អ៊ីរ៉ាក់ ​Massud Barzani ​ថ្ងៃទី​​២៣ ​តុលា ​២០១៧ ​ក្រុង ​Qamichli ​ប្រទេស​ស៊ីរី។ Delil souleiman / AFP
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ តំណាងកងកម្លាំងកួដស៊ីរី បានធ្វើដំណើរទៅក្រុងដាម៉ាស តាមការអញ្ជើញរបស់រដ្ឋាភិបាលលោកបាឆា អាល់អាសាដ ដើម្បីចាប់ផ្តើមការចរចាគ្នា ស្តីពី​ការបែងចែកអំណាច តាមបែបវិមជ្ឈការ និងការផ្តល់សិទ្ធិស្វ័យត ទៅឲ្យដែនដីគ្រប់គ្រងដោយក្រុមកួដស៊ីរី។ នេះបើតាមការប្រកាស កាលពីថ្ងៃសៅរ៍ របស់កងកម្លាំង​ប្រជាធិបតេយ្យ​​ស៊ីរី ដែលរួមគ្នា ដោយក្រុមកួដ និងក្រុមអារ៉ាប់។

បើ​តាម​ប្រភពដដែលនេះ គឺរដ្ឋាភិបាលស៊ីរី បានបង្កើត ក្រុមប្រឹក្សាពិសេសមួយ ដើម្បីចាត់ចែង​ការចរចា ជាមួយភាគីទាំងអស់​ ដែលក្នុងនោះ មានក្រុមអារ៉ាប់ និងក្រុមកួដស៊ីរី។ បញ្ហា​សេដ្ឋកិច្ច ប្រព័ន្ធយុត្តាធិការ និងបញ្ហានយោបាយ ទាំងនេះ សុទ្ធសឹងតែចោទឡើង ដែល​ក្រុម​ប្រឹក្សាពិសេសនេះ ត្រូវចរចាគ្នា រកច្រកចេញ។

លោក Sihanouk Dibo សមាជិកតំណាងឲ្យគណបក្សសហព័ន្ធប្រជាធិបតេយ្យស៊ីរី បានអះអាងថា ក្រុមប្រឹក្សានេះ នឹងនិយាយគ្នា​អំពីដំណាក់កាលដែលត្រូវធ្វើ ដើម្បីឈានទៅធ្វើការបែងចែកអំណាច តាមបែបវិមជ្ឈការ។ ទោះយ៉ាងណា លោកម្នាក់នេះ និយាយថា ការចរចាគ្នា ទើបតែចាប់ផ្តើមធ្វើ ហើយលោកទទួលស្គាល់ថា វានឹងមានរយៈពេលយូរទៅមុខទៀត ព្រោះរដ្ឋាភិបាលស៊ីរី គ្រប់គ្រងអំណាចប្រមូលផ្តុំយ៉ាងណែន និងយូរយារណាស់​មកហើយ។ ដោយឡែក រដ្ឋាភិបាលក្រុងដាម៉ាស មិនបានធ្វើការអះអាង ឬមានប្រតិកម្មអ្វីទាំងអស់ ទាក់ទិននឹងតំណឹង នៃការចរចាធ្វើវិមជ្ឈការនេះទេ។ គួរ​កត់​សម្គាល់​ថា កាលពីចុងឆ្នាំ២០១៧ ប្រមុខការទូតស៊ីរី ធ្លាប់បានលើកឡើងថា រដ្ឋាភិបាលស៊ីរី អាចនឹងមិនមានអ្វីជំទាស់ទេ បើសិនជាក្រុមកួដស៊ីរី ប្រាថ្នាចង់បានស្វ័យតភាពខ្លះនោះ។

គួរបញ្ជាក់ថា ក្រុមកួដស៊ីរី កន្លងមកតែងត្រូវបានរដ្ឋាភិបាលកណ្តាលស៊ីរី បំភ្លេចចោល​ ថ្វីបើប្រជាជនកួដ មានប្រមាណជា១៥%នៃប្រជាជនសរុបនៅស៊ីរី។ សង្រ្គាមស៊ីវីលនៅស៊ីរី បានផ្តល់ឱកាស ឲ្យក្រុមកួដស៊ីរីអាចប្រយុទ្ធយកឈ្នះ លើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ដោយមានជំនួយពីកងទ័ពអាមេរិក ហើយបា​ន​កាន់កាប់ដែនដីមួយចំនួនធំ នៅ​ភាគ​ខាងជើងឈាងខាងកើតស៊ីរី។ បើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ក្រុម​កួដ​ ​បច្ចុប្បន្នកំពុងគ្រប់គ្រងដែនដីប្រមាណ៣០%នៃផ្ទៃដីស៊ីរី។

នៅឆ្នាំ២០១៦ ក្រុមកួដ ធ្លាប់បានប្រកាសថាតំបន់ខ្លួន គឺជាតំបន់នៃសហព័ន្ធស៊ីរី ដែលមានស្វ័យតភាពពិសេស ដូចជាមានការបោះឆ្នោតដាច់ដោយឡែក ប្រមូលពន្ធដារដាច់ដោយឡែក ព្រមទាំងមានប្រព័ន្ធអប់រំ និងមានកងកម្លាំងនគរបាល ដាច់ដោយឡែកផងដែរ។ ការដាក់ចិត្តចរចាជាមួយរដ្ឋាភិបាលស៊ីរី ដើម្បីធ្វើវិមជ្ឈការ ជាជាងការទាមទារឯករាជ្យ ត្រូវបានគេមើលឃើញថា គឺជាយុទ្ធសាស្ត្ររបស់ក្រុមកួដស៊ីរី ដើម្បីកុំឲ្យបាត់បង់អ្វីដែលខ្លួនខំតស៊ូបាន ហើយនិងមិនចង់ប្រឈមមុខនឹងរដ្ឋាភិបាលស៊ីរី ព្រោះខ្លួនដឹងថា រដ្ឋាភិបាលស៊ីរី អាចនឹងវាយសំពងបកវិញ ជាមួយនឹងការទំលាក់គ្រាប់បែករបស់កងទ័ពរុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ