អានតួអត្ថបទ

គូប្រជែង នយោបាយ​របស់​ណេតាន់យ៉ាហ៊ូ អះអា​ង​ចង់​ដក​តំបន់​អាណានិគម​ខ្លះ ​នៅ​ស៊ីហ្សកដានី

អ្នកនយោបាយថ្មី របស់អ៊ីស្រាអែលម្នាក់ ឈ្មោះបេន្នី ហ្កាន់ត្ស៍ បានធ្វើឲ្យភ្លើងរិះគន់ ពីសំណាករដ្ឋាភិបាលកាន់អំណាចបច្ចុប្បន្ន ដោយបាននិយាយថា បើគណបក្សលោកឈ្នះឆ្នោតនោះ នោះលោកនឹងសម្រេច ដកចេញនូវតំបន់អាណានិគមខ្លះ ចេញពីតំបន់ស៊ីហ្សកដានី។ សូមបញ្ជាក់ថា ការបោះឆ្នោតសភានៅអ៊ីស្រាអែល នឹងមកដល់នៅដើមខែមេសាខាងមុខ។ លោក បេន្នី ហ្កាន់ត្ស៍ គឺជា​គូរប្រជែងនយោបាយម្នាក់ដ៏សំខាន់  សម្រាប់លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល មកពីបក្សស្តាំជាតិនិយមជ្រុល។

លោក Benny Gantz អតីតមេបញ្ជាការកងទ័ពអ៊ីស្រាអែល  ប្រកាសដឹកនាំបក្សនយោបាយឈ្មោះ "Resilience For Israel" ក្នុង​​មីទ្ទីញ​លើក​ទីមួយ នៅ​ក្រុង​ទែលអាវីវ  ថ្ងៃទី​​២៩​មករា ​២០១៩
លោក Benny Gantz អតីតមេបញ្ជាការកងទ័ពអ៊ីស្រាអែល ប្រកាសដឹកនាំបក្សនយោបាយឈ្មោះ "Resilience For Israel" ក្នុង​​មីទ្ទីញ​លើក​ទីមួយ នៅ​ក្រុង​ទែលអាវីវ ថ្ងៃទី​​២៩​មករា ​២០១៩ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចសម្ភាសន៍លើកដំបូងបង្អស់ តាមកញ្ចក់ទូរទស្សន៍អ៊ីស្រាអែល​ លោក បេន្នី ហ្កាន់ត្ស៍ (Benny Gantz) ដែលទើបតែបានប្រកាសចលនាគណបក្សនយោយថ្មីនោះ​ បានធ្វើឲ្យពិភពនយោបាយអ៊ីស្រាអែល ភ្ញាក់ផ្អើលគ្រប់គ្នា។ នៅក្នុងបទសម្ភាសន៍ ដែលនឹងចាក់ផ្សាយទាំងស្រុង នៅថ្ងៃសុក្រ លោកបេន្នី ហ្កាន់ត្ស៍ បានលើកឡើងអំពីបំណង ក្នុងការដកថយនូវតំបន់អាណានិគមខ្លះ ដែលអ៊ីស្រាអែល បានចូលទៅកាន់កាប់ នៅតំបន់ស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។

លោកបាននិយាយរំលឹកអំពីបទពិសោធន៍ និងផលវិជ្ជមាននៃការរុះរើតំបន់អាណានិយម នៅឯតំបន់ហ្កាហ្សា កាលពីឆ្នាំ២០០៥។ លោកថា ការរុះរើ ដែលធ្វើឡើងដោយទាហានអ៊ីស្រាអែល កាលជំនាន់នោះ គឺមិនមែនជារឿងដែល​មិនមានការឈឺ​ចាប់នោះទេ ក៏ប៉ុន្តែវាគឺជារឿងល្អ ដែលត្រូវធ្វើ។

តែយ៉ាងណា លោកបេន្នី ហ្កាន់ត្ស៍ មិនបានលំអិតឲ្យច្បាស់ទេ ថាលោកមានគំរោង ដក​ថយ​អាណានិគម ​​ត្រង់តំបន់ចំណុចណា ក្នុងទំហំប៉ុណ្ណានោះទេ។ ប៉ុន្តែបើតាមការវិភាគ គឺលោកអាចសំដៅ តែទៅលើការដាក់អាណានិគមរបស់ប្រជាជនជ្វីហ្វ អ៊ីស្រាអែល ដែល​សង់ផ្ទះ ដាច់ដោយឡែក រាយប៉ាយ និងគ្មានការអនុញ្ញាតពីអាជ្ញាធរអ៊ីស្រាអែល ក្នុងទឹកដីស៊ីហ្សកដានីរបស់ប៉ាឡេស្ទីន។

សូមរំលឹកថា ចាប់ពីឆ្នាំ១៩៦៧ អ៊ីស្រាអែល បានចូលទៅទន្រានដាក់អាណានិគម បន្តិចម្តងៗ នៅតំបន់ ស៊ីហ្សកដានីប៉ាឡេស្ទីន។ កន្លងមក ក្នុងផែនការសន្តិភាព អ៊ីស្រាអែល ធ្លាប់​បានយល់ព្រមដកថយ និងរុះរើពាក់កណា្តល នូវតំបន់អាណានិគមខ្លួននៅស៊ីហ្សកដានី។ តែយ៉ាងណា សម្រាប់ប៉ាឡេស្ទីន ក៏ដូចជាក្នុងក្របខណ្ឌច្បាប់អន្តរជាតិ ការដាក់អាណានិគមនៅតំបន់ស៊ីហ្សកដានី ពីសំណាក់អ៊ីស្រាអែល គឺជារឿងខុសច្បាប់។

គួរកត់សំគាល់ថា ការលើកឡើង របស់លោកបេន្នី ហ្កាន់ត្ស៍ ត្រូវបានក្រុមអ្នកនយោបាយស្តាំ ជាតិនិយមជ្រុលមួយចំនួនរិះគន់ជាខ្លាំង។ តែយ៉ាងណា ភាគីប៉ាឡេស្ទីន បានថ្លែងអបអរ ចំពោះបំណងល្អនេះ។ អ្នកនាំពាក្យលោក Mahmoud Abbas មេដឹកនាំចលនារំដោះ​ប៉ាឡេស្ទីន បានលើកឡើងថា ខាងប៉ាឡេស្ទីន​ មិនទាន់ស្គាល់​អ្នកនយោបាយអ៊ីស្រាអែល ម្នាក់នេះច្បាស់ទេ។ តែយ៉ាងណា ប៉ាឡេស្ទីនអរណាស់ ប្រសិនបើអ៊ីស្រាអែល មានរដ្ឋាភិបាលថ្មី ដែលស្រលាញ់សន្តិភាព។

សូមរំលឹកថា លោកបេន្នី ហ្កាន់ត្ស៍ ជាអតីតមេបញ្ជាការកងទ័ព ហើយទើបតែបានបង្កើតគណបក្សមួយឈ្មោះថា “ភាព​អំណត់ដើម្បីអ៊ីស្រាអែល” ដែលមានទំនោរឆ្វេងនិយម។ តាមការស្ទាបស្ទង់មតិ នៅក្នុងការបោះឆ្នោតសភានៅថ្ងៃទី​៩ មេសាខាងមុខនេះ គណបក្ស​នេះ អាចសង្ឃឹម​ប្រមូលអាសនៈបានចន្លោះពី​២១ ទៅ២៤ កៅអី ក្នុងចំណោមអាសនៈសភា ចំនួន១២០។ ពោលគឺគណបក្សរបស់លោកបេន្នី ហ្កាន់ត្ស៍ អាចជាប់លំដាប់ទី២ បន្ទាប់ពីគណបក្សស្តាំនិយម របស់លោកបេនយ៉ាមីន ណេតាន់យ៉ាហ៊ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ