អានតួអត្ថបទ
ស៊ីរី

លោក ​ចន ឃែរី ​ជួប​ព្រះចៅ​អាប់ដាឡាទី​២ ​នៅ​ហ្សកដានី ​ស្តីពី​បញ្ហា​ស៊ីរី

វិបត្តិនៅ​ស៊ីរី​ នៅតែ​មិន​ទាន់​មាន​ច្រក​ចេញ​នៅឡើយ ​ថ្វីបើ​មាន​ការ​កំណត់​ឲ្យ​ភាគី​ទាំងអស់​ ធ្វើការ​ទម្លាក់​អាវុធ​បណ្តោះ​អាសន្ន​ក៏ដោយ។ ថ្ងៃ​អាទិត្យ​ទី​ ២១ ​កុម្ភៈ​នេះ ​លោក​ ចន ឃែរី ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ កំពុងតែ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ហ្សកដានី ​ដើម្បី​ចូល​គាល់​ព្រះចៅ​អាប់ដាឡា ​ស្តីពី​បញ្ហា​សង្រ្គាម​នៅ​ស៊ីរី​នេះ។ ចំណែក​ នៅ​ទីក្រុង​ហូម ​ ប្រទេស​ស៊ីរី​ឯណោះ​មាន​ភេរវកម្ម​ពីរ​ផ្ទួនៗគ្នា ​ បាន​បង្ករ​ឡើង ​បើ​តាម​ព័ត៌មាន​បឋម​ មាន​មនុស្ស​ស្លាប់​ប្រមាណជា​៤៦​នាក់ ​ដែល​ភាគ​ច្រើន​សុទ្ធសឹង​ជា​ប្រជាជន​ស្លូតត្រង់។

លោក​ចន ឃែរី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ ដែលកំពុង​មមាញឹក​ក្នុង​កិច្ច​ការ​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី
លោក​ចន ឃែរី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ ដែលកំពុង​មមាញឹក​ក្នុង​កិច្ច​ការ​ដោះស្រាយ​វិបត្តិ​នៅ​ស៊ីរី REUTERS/Nicholas Kamm/Pool
ផ្សាយពាណិជ្ជកម្ម

កម្មវត្ថុនៃ​ជំនួប​ពិសេស​របស់​លោក​ចន ឃែរី ​ជាមួយ​នឹង​ព្រចៅ​អាប់ដាឡាទី២​ ​នៃ​រាជាណាចក្រ​ហ្សកដានី ​នៅ​ថ្ងៃ​នេះ​ គឺ​ផ្តោត​សំខាន់​ទៅ​លើ​វិបត្តិ​ស៊ីរី​នេះឯង។ ក៏ប៉ុន្តែ​គេ​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ទេ ​ ​ថា​ថ្នាក់​ដឹកនាំ​ទាំងពីរ ​ នឹង​លើក​ឡើង​ពី​ចំណុច​អ្វី​ខ្លះទេ​។ យ៉ាងណា​ក៏ដោយ ​គឺ​វា​គ្មាន​អ្វី​ក្រៅពី​រក​ដំណោះស្រាយ​ ដែល​ហ្សកដានី​អាច​ចូលរួម​ជួយ​ ដើម្បី​ធ្វើ​យ៉ាងណា ​បញ្ចប់​សង្រ្គាម​នៅ​ស៊ីរី។

 

ជុំរំជ​នភៀសខ្លួន​ស៊ីរី ​នៅក្នុង​ទឹកដី​ហ្សកដានី​
ជុំរំជ​នភៀសខ្លួន​ស៊ីរី ​នៅក្នុង​ទឹកដី​ហ្សកដានី​ REUTERS/ Muhammad HamedTEMPLATE OUT

ហ្សកដានី​ជា​ ជុំរំ​ជនភៀសខ្លួន​ស៊ីរី៖
ជាដំបូង ​យើង​អាច​ទទួល​ស្គាល់​បាន​ថា ​ហ្សកដានី ​មាន​ទួនាទី​មនុស្សធម៌​ដ៏​សំខាន់​សម្រាប់​ជន​ភៀសខ្លួន​ ស៊ីរី ​ដែល​រត់គេច​ពី​សង្រ្គាម ​ពី​ការ​កាប់សម្លាប់​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ នៅ​ភាគ​ខាង​ត្បូង​ស៊ីរី។ ហ្សកដានី​មាន​ព្រំដែន​ជាប់​ជាមួយ ​ស៊ីរី​និង​អ៊ីរ៉ាក់ ​ប្រវែង​៥៦០​គីឡូម៉ែត្រ ​ដែល​ព្រំដែន​នេះ​សំខាន់​ណាស់ ​ សម្រាប់​ប្រជាជន​ស៊ីរី​ និង​អ៊ីរ៉ាក់ ​ ដែល​រស់​នៅ​ភាគ​ខាង​ត្បូង​ ព្រោះ​ជា​ច្រក​ចេញចូល​ទំនិញ ​សម្ភារៈ​គ្រប់​មុខ។ ចាប់តាំង​ពី​ឆ្នាំ​២០១១ ​ នៅ​ពេល​ដែល​សង្រ្គាម​ស៊ីរី ​បាន​លេច​រូបរាង្គ ​ ហ្សកដានី​បាន​ទទួល​ជនភៀសខ្លួន​ច្រើន​ណាស់។

ព្រះចៅ​អាប់ដាឡាទី​២ ​ក៏​ធ្លាប់​មាន​បន្ទូល​ដែរ​ កាល​ពី​ដើម​ខែ​កុម្ភៈ​នេះថា​ ហ្សកដានី​កំពង់តែ​ដើរ​ដល់​ចំណុ​ចុងក្រោយ ​មិន​អាច​ទទួល​យក​ជន​ភៀសខ្លួន​ថែម​ទៀត​បាន​ទេ។ ក្នុង​បញ្ហា​ជនភៀសខ្លួន​នេះ ​ហ្សកដានី ​ត្រូវការ​ជំនួយ ​ត្រូវការ​ឲ្យ​វិបត្តិ​នៅ​ស៊ីរី​ចប់​ដែរ ​ ព្រោះខ្លួន​កំពុង​តែ​ជួប​អាសន្ន​ដែរ។ នេះ​យើង​នៅ​មិន​ទាន់​និយាយ​ពី​ការ​គម្រាម​កំហែង​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ស៊ីរី ​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ហ្សកដានី។

ហ្សកដានី​សម្ព័ន្ធមិត្ត​របស់​គ្រប់​គ្នា៖
កន្លង​មក​ ហ្សកដានី ​បាន​ប្រកាន់​ជំហរ​ មិន​គាំទ្រ​ខាង​ណា ​ប្រឆាំង​ខាង​ណាឲ្យ​ច្បាស់​ទេ។ ថ្វីបើ​ពី​ដំបូង​ រដ្ឋាភិបាល​ហ្សកដានី ​បាន​ឧបត្ថម្ភ​គាំទ្រ​ក្រុម​ឧទ្ទាម​សេរី​ស៊ីរី ​ដែល​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ របស់​បាស្ឆា អាល់អាសាដ​មែន​ ក៏​ប៉ុន្តែ​ហ្សកដានី ​ នៅ​តែ​រក្សា​ទំនាក់ទំនង​បន្តិចបន្តួច​ជាមួយ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស​ដដែល។ បន្ថែម​ពី​នេះ​ទៀត ​ ហ្សកដានី​បាន​សហការ​ជាមួយ​រុស្ស៊ី ​ក្នុង​អន្តរាគមន៍​ទម្លាក់​គ្រាប់​បែករបស់​រុស្ស៊ី​នៅ​ស៊ីរី។ យើង​ដឹង​ហើយ​ថា ​រុស្ស៊ីចូល​មក​ធ្វើ​សង្រ្គាម​នៅ​ស៊ីរី​ ដើម្បី​ការពារ​បាស្ឆា អាល់អាសាដ។ ទន្ទឹម​នឹង​នេះ ​ហ្សកដានី ​ ក៏​អនុញ្ញាត​ឲ្យ​កងទ័ព​បារាំង ​ឈរជើង ​ដើម្បី​ចេញ​យន្តហោះ​ទៅ​កម្ទេច​ក្រុមជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែរ។ មួយវិញ​ទៀត ​ពីមុន ​អាមេរិក​ធ្លាប់​បាន​បញ្ជូន​ជំនួយ​យោធា ​ទៅ​ជួយ​ក្រុម​ឧទ្ទាម​សេរី​ស៊ីរី ​ឆ្លងកាត់​តាម​ហ្សកដានី​ដែរ។

បើ​តាម​ការ​ស្មាន ​ពេលនេះ ​អាមេរិក​ ត្រូវការ​ជំនួយ​ពី​ហ្សកដានី​ ក្នុង​ប្រតិបត្តិការ​ជួយ​ក្រុម​ឧទ្ទាម​សេរី​ស៊ីរី​ឡើងវិញ ​ និង​ប្រតិបត្តិការ​កម្ទេច​ក្រុម​ជីហាដ​អ៊ីស្លាម ​ព្រោះ​អាមេរិក​ដឹង​ថា ​ ហ្សកដានី​ចង់​បាន​តែមួយ​គត់​ គឺ​ធ្វើ​យ៉ាងណា​ ឲ្យ​សង្រ្គាម​ចប់​នៅ​ស៊ីរី​ ទោះ​មាន​បាស្ឆា ​រឺ​គ្មាន​បាស្ឆា ​មិន​សំខាន់។​សំខាន់​ធ្វើ​យ៉ាងណា​កម្ទេច​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ឲ្យបាន។

លោក​ ចន ឃែរី​ថា​ រុស្ស៊ី​ព្រម​ផ្អាក​ទម្លាក់​គ្រាប់​បណ្តោះ​អាសន្ន៖
លោក​ចន ឃែរី ​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត ​នៅ​ទីក្រុង​អាមាន់​ ក្រោយ​បាន​ចូល​គាល់​ព្រះចៅ​អាប់ដាឡាថា​ អាមេរិក​ និង​រុស្ស៊ី​បាន​ព្រមព្រៀង​គ្នា​រួចហើយ​ អំពី​លក្ខខណ្ឌ​ជាច្រើន ​ដែល​ត្រូវ​គោរព​ ដើម្បី​ឲ្យ​ការ​ដាក់​អាវុធ​ឈប់បាញ់​បណ្តោះ​អាសន្ន​ នៅ​ស៊ីរី​ បាន​ជោគជ័យ។ ហើយ​លោក ​បារ៉ាក់ អូបាម៉ា ​និង​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​លោក​ពូទីន ​ ក្នុង​ពេល​ឆាប់ៗ​នេះ។ កាល​ពី​ថ្ងៃ​ម្សិលមិញ​ដែរ​ លោក​ចន ឃែរី ​ បាន​និយាយ​ទូរស័ព្ទ​ជាមួយ​លោក ​ស៊ែកហ្គៃ ឡារ៉ូវ ​ រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​ ​ថាត្រូវ​ធ្វើ​យ៉ាងណា ​គោរព​ការ​ដាក់​អាវុធ​បណ្តោះអាសន្ន​នេះ​ឲ្យ​បាន។

ការដាក់​អាវុធ​បណ្តោះអាសន្ន​ ធ្វើ​បាន​ជោគជ័យ ​ល្គិកណា​ភាគី​ទាំងអស់​គោរព។ បើ​មាន​នរណា​ម្នាក់​នាំអាថទិ ​គឺថា​ការ​បាញ់​បោះ​ដាក់គ្នា​នឹង​ធ្វើ​ឡើង​សារជាថ្មី។ អញ្ចឹង​ហើយ ​បាន​ជា​ក្រុម​ឧទ្ទាម​បាន​ទាមទារ​ថា​ រុស្ស៊ី​ត្រូវតែ​ផ្អាក​ឈប់​ទំលាក់​គ្រាប់​ឲ្យ​ខាង​តែ​បាន។
 

ភេរវកម្ម​នៅទីក្រុុង​ហូម ថ្ងៃ​ទី​២១ កុម្ភៈ ស្លាប់​៤៦នាក់
ភេរវកម្ម​នៅទីក្រុុង​ហូម ថ្ងៃ​ទី​២១ កុម្ភៈ ស្លាប់​៤៦នាក់ REUTERS/SANA/Handout

តួកគី​ កំពុង​តែ​ចូល​មក​បំផ្លាញ​ការ​ទម្លាក់​អាវុធ​បណ្តោះអាសន្ន?
ពីមុន​យើង​ថា ​បើ​រុស្ស៊ី​គោរព​ការ​ដាក់​អាវុធ​បណ្តោះអាសន្ន​ មិន​ទម្លាក់​គ្រាប់ ​គឺ​អ្វីៗ​នឹង​ប្រព្រឹត្តិ​ទៅ​តាម​សម្រួល។ ក៏​ប៉ុន្តែ​ឥឡូវ​ស្ថានការណ៍ ​បាន​ផ្លាប់ប្តូរ​ទាំង​ស្រុង ​ ដោយសារ​មាន​តួអង្គ​មួយ​ទៀត ​ កំពុងតែ​សម្តែង​ដែរ ​ គឺ​តួកគី ​ដែល​បាន​បង្កើន​ការ​ទម្លាក់​គ្រាប់​បែក ​ នៅ​តាម​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​គួដ។ តួកគី​ចោទ​ក្រុម​នេះ ​ថាជា​ក្រុម​ភេរវកម្ម​ បាន​បង្ករ​ភេរវកម្ម​អត្តឃាត​នៅ​ក្រុង​អង់ការ៉ា ​កាល​ពី​បីថ្ងៃ​មុន​នេះ។ លោក ​ប្រធានាធិបតី​តួកគី​ បាន​ប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ​ថា ​ការ​ទម្លាក់​គ្រាប់​លើ​ក្រុម​គួដ​នៅ​ស៊ីរី​ គឺ​ជា​សិទ្ធិ​ការពារ​ខ្លួន ​ដោយ​ស្រប​ច្បាប់​របស់​តួកគី ​ហើយ​គ្មាន​នរណា​មក​ហាម​បាន​ទេ។

ដូច្នេះ​គេ​កំពុង​តែ​ចាំ​មើល​ថា ​រុស្ស៊ី​នឹង​មាន​ចិត្ត​អត់ធ្មត់ ​ មិន​ធ្វើ​អីសោះ​ក្នុង​កំឡុង​ពេល​នេះ​ ក្នុង​ខណៈ​ដែរ​ តួកគី​ឯណោះ​ទម្លាក់​គ្រាប់​យ៉ាង​សប្បាយ​ដៃ​ដែរ​រឺទេ​។ នយោបាយ​តួកគី ​ធ្វើ​នេះ​មួយ​ផ្នែក​ចង់​សងសិក​ក្រុម​គួដ ​ តែ​ក៏​ចង់​សងសឹក​រុស្ស៊ី​ដែរ។ តួកគី​ចង់​ឃើញ​រុស្ស៊ី​បាក់មុខ​ ធ្វើ​ឲ្យ​គម្រោង​ការ​ទម្លាក់​អាវុធ ​ ដែល​រុស្ស៊ី​យក​មុខ​មក​ធានា​ ត្រូវ​បរាជ័យ។

សម្រាប់​ពេល​នេះ ​អ្វីៗ​ស្ថិត​នៅ​លើ​ការ​អត់ធ្មត់ ​ការ​តាំងចិត្ត​របស់​ភាគី​ធំៗ ​ ដូច​ជា​រុស្ស៊ី ​និង​អាមេរិក​ជា​ដើម។ លោក​ហ្សង់ម៉ាក អេរ៉ូ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថ្មី​របស់​បារាំង ​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ​ អាមេរិក​ និង​រុស្ស៊ី​ត្រូវតែ​ប្រកាន់​ជំហរ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជីហាដ​នៅ​ស៊ីរី​ឲ្យ​ច្បាស់​លាស់។ ការ​កម្ទេច​ក្រុម​ជីហាដ​ គឺ​ជា​រឿង​បន្ទាន់​ដែល​ត្រូវ​តែ​ធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ