អានតួអត្ថបទ
អ៊ិស្រាអែល-ប៉ាឡេស្ទីន

ឆ្លើយតប​នឹង​គ្រាប់​រ៉ូកែត​ចេញ​ពី​តំបន់​ហ្គាហ្សា ​អ៊ីស្រាអែល​បាញ់​កំទេច​គោលដៅ​១២​កន្លែង

វិវាទនៅតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅមិនទាន់ស្ងប់នៅឡើយទេ បើទោះបីជាមានបទឈប់បាញ់។ កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យនេះ យោងតាមប្រភពពីកងទ័ពអ៊ីស្រាអែល គឺមានគ្រាប់រ៉ូកែត  ជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា សំដៅមកភាគខាងត្បូងអ៊ីស្រាអែល។ ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែល បានបាញ់កំទេចគោលដៅចំនួន១២ទីតាំង ក្នុងតំបន់ហ្កាហ្សា ដែលអ៊ីស្រាអែល គិតថាជាទីតាំងរបស់ក្រុមភេរវកម្មអ៊ីស្លាមប៉ាឡេស្ទីន។

ផ្សែង​ក្រោយ​ផ្ទុះ​គ្រាប់​ ដែល​អ៊ីស្រាអែល​បាញ់​ទៅ​លើ​តំបន់ហ្កាហ្សា។ ថ្ងៃទី​២៩ ​ឧសភា​២០១៨
ផ្សែង​ក្រោយ​ផ្ទុះ​គ្រាប់​ ដែល​អ៊ីស្រាអែល​បាញ់​ទៅ​លើ​តំបន់ហ្កាហ្សា។ ថ្ងៃទី​២៩ ​ឧសភា​២០១៨ REUTERS/Suhaib Salem
ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃអាទិត្យទី៣មិថុនា​នេះ កងទ័ពអ៊ីស្រាអែល បានអះអាងថា ខ្លួនបានបាញ់ចំគោលដៅ កំទេចទីតាំងរបស់ក្រុមហាម៉ាស​ នៅក្នុងតំបន់ហ្កាហ្សា ចំនួនយ៉ាងហោច​១២​កន្លែង។ ក្នុងចំណោមគោលដៅ ដែលកងទ័ពអ៊ីស្រាអែល បានបាញ់កំទេច គឺមានជា​អាថទិ ​ទីតាំងផលិត និងស្តុកអាវុធ ព្រមទាំងទីតាំងប្រតិបត្តិការរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន។ យ៉ាងណាក៏ដោយ អាជ្ញាធរ​ប៉ាឡេស្ទីន នៅតំបនហ្កាហ្សា មិនបានលើកឡើង ​អំពីជនរងគ្រោះ ដោយការវាយប្រហារ របស់កងទ័ពអ៊ីស្រាអែល ទៅលើទីតាំងទាំង១២ទីតាំងនោះទេ។

បើតាមលិខិតជូនដំណឹងរបស់ក្រសួងការពារជាតិអ៊ីស្រាអែល ការបាញ់ប្លោងរបស់កងទ័ពអ៊ីស្រាអែល​នេះ គឺជាការឆ្លើយតប ទៅនឹងការបាញ់គ្រាប់រ៉ូកែត ជាច្រើនគ្រាប់ កាលពីយប់ថ្ងៃសៅរ៍​ រំលងចូលថ្ងៃអាទិត្យ ចេញពីតំបន់ហ្កាហ្សា សំដៅមកភាគខាងត្បូងអ៊ីស្រាអែល។

សូមបញ្ជាក់ថា បើយោងតាមប្រភពពីកងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា ក្នុងវេលាយប់ថ្ងៃសៅរ៍ទី ២មិថុនា មានគ្រាប់រ៉ូកែត ២គ្រាប់បានហោះចេញពីតំបន់ហ្គាហ្សា ដែលក្នុងនោះ មួយគ្រាប់ ត្រូវបានប្រព័ន្ធខែលមីស៊ីល របស់អ៊ីស្រាអែល បាញ់កម្ទេចបាន ហើយមួយគ្រាប់ទៀត មិនបានហោះចេញឆ្ងាយចូលដីអ៊ីស្រាអែលទេ ដោយបានធ្លាក់នៅក្នុងតំបន់​ហ្កាហ្សា។ ប៉ុន្មានម៉ោងក្រោយមក នៅវេលាទៀបភ្លឺឈានចូលថ្ងៃអាទិត្យទី៣មិថុនា មានគ្រាប់​រ៉ូកែត​ប្រមាណ៤គ្រាប់ផ្សេងទៀត  ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា ដែលក្នុងនោះមាន៣គ្រាប់ ត្រូវបានកងទ័ពអ៊ីស្រាអែល ស្ទាក់កម្ទេចបាន។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមកងកម្លាំងប៉ាឡេស្ទីន ណាមួយចេញមុខ មកទទួលថាខ្លួនជាអ្នកបាញ់គ្រាប់រ៉ូកែតទាំងនោះឡើយ។ ក៏ប៉ុន្តែជានិច្ចជាកាល កងទ័ពអ៊ីស្រាអែល តែងតែចោទប្រកាន់ថា វាគឺជាស្នាដៃ របស់កងកម្លាំងហាម៉ាសប៉ាឡេស្ទីន។

គួរកត់សម្គាល់ដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ អ៊ីស្រាអែល បានចោទប្រកាន់ទៀត ទៅលើក្រុមហាម៉ាស ថាបានពន្យុះឲ្យប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ធ្វើគ្រប់មធ្យោបាយ ដើម្បី​វាយកំទេច ឬបង្កការខូចខាត មកលើស្ថានីយ៍យាមល្បាតតាមព្រំដែន របស់​កងទ័ព​អ៊ីស្រាអែល។ តួយ៉ាង ដូចជាការគប់ដុំថ្ម គប់ដបសាំងបញ្ឆេះភ្លើង និងការបង្ហោះគោមភ្លើង ឲ្យធ្លាក់ឆេះមកក្នុងដីអ៊ីស្រាអែលជាដើម។

ដោយឡែក កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅតំបន់ហ្កាហ្សា មានប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានចូលរួមក្នុងពិធិដង្ហែរសព ស្ត្រីអ្នកស្ម័គ្រចិត្តសង្រ្គោះជនជាតិប៉ាឡេស្ទីនម្នាក់ ដែលបានស្លាប់ក្រោមគ្រាប់កាំភ្លើងរបស់កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃសុក្រ ភាគខាងត្បូងតំបន់ហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ