ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/02 12h00 GMT
មជ្ឈិមបូព៌ា

ណេតាន់យ៉ាហ៊ូ ថា​ចង់​បញ្ចូល​ដែនដី​អាណានិគម​ មកជា​របស់​អ៊ីស្រាអែល ​អាមេរិក​បដិសេធ ​ថា​មិន​ធ្លាប់​និយាយគ្នាទេ

media  
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី​អ៊ិស្រាអែល​ REUTERS

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទកន្លងទៅថា  លោកធ្លាប់បាននិយាយគ្នា ជាមួយរដ្ឋាភិបាលអាមេរិក ស្តីអំពីគំរោង ចង់អនុវត្តសិទ្ធិអធិបតេយ្យអ៊ីស្រាអែល ទៅលើដែនដីប៉ាឡេស្ទីន​ដែលអ៊ីស្រាអែល បានដាក់អាណានិគម។ សម្តីរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបង្កនូវការរិះគន់ជាខ្លាំង។ ដោយឡែក តំណាងរដ្ឋាភិបាលអាមេរិក បានឆ្លើយបដិសេធថា ខ្លួនមិនធ្លាប់បាននិយាយគ្នា ជាមួយអ៊ីស្រាអែល ​ស្តីពីបញ្ហានេះទេ។

បើតាមការអះអាង របស់អ្នកនាំពាក្យម្នាក់នៃរដ្ឋាភិបាលអ៊ីស្រាអែល ដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នៅចំពោះមុខសមាជិក​សភា នៃគណបក្សលីគូដ ដែលជាបក្សសំលេងភាគច្រើន លោក ណេតាន់​យ៉ាហ៊ូ បាននិយាយថា អស់រយៈពេលយូរក្រែលដែរហើយ​​ ដែលលោកបានពិភាក្សា ជាមួយនឹងភាគីអាមេរិក ស្តីអំពីផែនការ ចាត់បញ្ចូល​​ដែនដី​ប៉ាឡេស្ទីន ដែលអ៊ីស្រាអែលដាក់អាណានិគម មកក្នុងទឹក​ដី​​អ៊ីស្រាអែល តាមរយៈ ការអនុវត្តសិទ្ធិអធិបតេយ្យនៃរដ្ឋអ៊ីស្រាអែល។

ក្រោយមកបន្តិច បន្ទាប់ពីមានការរិះគន់ទូទៅ មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល​ ខ្លះបានចេញមកសម្រួលបរិយាកាស ដោយបានអះអាថា លោក​​ណេតាន់យ៉ាហ៊ូ មិនបានលើកឡើង ឲ្យចំៗ ​អំពីផែនការ ឬយន្តការ​ជាក់​ស្តែង​ណាមួយ ដើម្បីចាត់បញ្ចូលដែនដីអាណានិគម មកក្នុង​ដែន​អធិបតេយ្យ នៃទឹកដីអ៊ីស្រាអែលទេ។ ហើយជាងនេះទៅទៀត ភាគី​សហរដ្ឋអាមេរិម បានបដិសេធ មិនគាំទ្រ និងគំរោងនេះទេ។

យ៉ាងណាមិញ កាលពីថ្ងៃអង្គារ ទី១២ កុម្ភៈ លោក Josh Raffel អ្នកនាំពាក្យ​សេតវិមាន បានបញ្ជាក់ថា រដ្ឋាភិបាល​អាមេរិក មិនដែលធ្លាប់បានពិភាក្សា​ អំពីបញ្ហានេះ ជាមួយអ៊ីស្រាអែលទេ។ អ្នកនាំពាក្យរូបនេះ បន្ថែម​ថា លោកប្រធានាធិបតីអាមេរិក ផ្តោតការយកចិត្តទុកដាក់ ទៅ​លើ​គំរោង​ការ​កសាងសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាជាងបន្ថែម​បញ្ហាឲ្យកាន់តែធ្ងន់ធ្ងរ។

ជាការពិត បើសិនសម្តីដែលគេអះអាងថា ជាសម្តីលោកណេតាន់យ៉ាងហ៊ូ នេះ​ ពិតប្រាកដមែន នោះគឺវាជារឿងមួយ គួរឲ្យរិះគន់ខ្លាំងណាស់។ ប្រសិន​បើ​អ៊ីស្រាអែល ប្រើសិទ្ធិអធិបតេយ្យ ទៅលើដែនដីប៉ាឡេស្ទីន ​ដែល​ខ្លួនបានដាក់អាណានិគមនោះ គឺមិនខុសពី អ៊ីស្រាអែល​​ ទៅប្លន់​​យក​ដែនដី​ទាំងនោះ មកធ្វើជារបស់ខ្លួន ដោយផ្លូវការនោះទេ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានប្រជាជនអ៊ីស្រាអែល ប្រមាណជា​៦សែន​នាក់ កំពុងរស់នៅតាមដែនដីប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានដាក់​អាណានិយគម។ ការតាំងទីលំនៅនេះ តែងតែពើបប្រទះ នឹងបញ្ហា​ហិង្សា ជម្លោះ​តវ៉ា ជារឿយៗ ពី​សំណាក់​ប្រជាជន និងអាជ្ញាធរ​ប៉ាឡេស្ទីន។ ការ​ដាក់​អាណានិគម នៅក្នុង​ទឹកដី​ប៉ាឡេស្ទីន ពី​សំណាក់អ៊ីស្រាអែល​ តែងតែត្រូវបានសហគមអន្តរជាតិ រិះគន់ជានិច្ច មិនថានៅតំបន់​ស៊ីសហ្សកដានី ឬហ្សេរុយសាឡឹមខាងកើតទេ។ សហគមន៍អន្តរជាតិ ​នៅតែ​ទាមទារ ឲ្យ​អ៊ីស្រាអែល គោរព​ព្រំដែន ដែល​មាន​ មុនឆ្នាំ​១៩៦៧។

យ៉ាងណាមិញ ការឆ្លើយប្រកែក របស់រដ្ឋាភិបាលអាមេរិក នាពេលនេះ គឺប្រហែលជាអាមេរិក បានទទួលមេរៀននៃការរិះគន់យ៉ាងទ្រហឹងអឺងកង​ ទូទាំងពិភពលោក បន្ទាប់ពីខ្លួន បានទទួលស្គាល់ ក្រុង​ហ្សេរុយសាឡឹម ជា​រដ្ឋធានី​របស់អ៊ីស្រាអែល តែម្នាក់៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ