អានតួអត្ថបទ

នគរបាល​តួកគីថា អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត​ដែល​បាត់ខ្លួន ​អាច​ត្រូវគេ​សម្លាប់​ក្នុង​ស្ថាន​កុងស៊ុល

អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត ឈ្មោះ Jamal Khashoggi ដែលល្បីថាហ៊ានសរសេរ​រិះគន់​រដ្ឋាភិបាលប្រទេសនេះ បានបាត់ខ្លួន តាំងតែពីថ្ងៃទី២តុលាមកម្លេះ។ នៅថ្ងៃអាទិត្យ​ទី៧​តុលានេះ នគរបាល​តួកគី បាន​សន្និដ្ឋាន​ថា អ្នក​កាសែត​រូបនេះ អាច​ប្រហែល​ជាត្រូវបាន​គេ​សម្លាប់​ចោល នៅក្នុង​អាគារ​ស្ថានកុងស៊ុល ​របស់អារ៉ាប៊ីសាអូឌីត ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល។

បាតុករ​​លើកបដា រូបលោក Jamal Khashoggi នៅ​ខាងមុខ​​ស្ថានកុង​ស៊ុល​​អារ៉ាប៊ីសាអូឌីត ប្រចាំ​ក្រុង​​អ៊ីស្តង់ប៊ូល​
បាតុករ​​លើកបដា រូបលោក Jamal Khashoggi នៅ​ខាងមុខ​​ស្ថានកុង​ស៊ុល​​អារ៉ាប៊ីសាអូឌីត ប្រចាំ​ក្រុង​​អ៊ីស្តង់ប៊ូល​ REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

លោក Jamal Khashoggi អ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីត បានចូលទៅស្ថានកុងស៊ុល​​អារ៉ាប៊ីសាអូឌីត ប្រចាំក្រុងអ៊ីស្តង់ប៊ូល ដើម្បីធ្វើឯកសាររដ្ឋបាល កាលពីថ្ងៃទី​២តុលា។ ប៉ុន្តែ គេមិនឃើញលោក ចេញមកវិញនោះទេ។ នេះបើតាមការចុះផ្សាយ របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការតួកគី ដោយផ្អែកលើប្រភពនរគបាលតួកគី។ រដ្ឋអាជ្ញារតុលាការក្រុងអ៊ីស្តង់ប៊ូល បានបើកការស៊ើបអង្កេត លើសំណុំរឿងនេះ។

ប្រភពដដែលនេះ បន្ថែមថា នគរបាលតួកគី ជឿថា លោក Jamal Khashoggi ប្រហែលជាត្រូវបានគេសម្លាប់ចោល​ នៅក្នុងអាគារស្ថានកុងស៊ុលនោះ ព្រោះថា​នៅថ្ងៃទី២តុលា គេសង្កេតឃើញ មានក្រុមមនុស្ស មួយក្រុម មានគ្នា១៥នាក់​ ធ្វើដំណើរមកពីក្រុងរីយ៉ាដ បានចូលទៅក្នុងស្ថានកុងស៊ុល ដែលតាមការប៉ាន់ស្មាន របស់អាជ្ញាធរតួកគី គឺមនុស្សមួយក្រុមនេះ អាចត្រូវរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បញ្ជូនឲ្យ​មក​សម្លាប់​លោក Jamal Khashoggi។

ដោយឡែក ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បានចុះផ្សាយ ដោយស្រង់សំដី របស់មន្ត្រីទទួលបន្ទុក ស្ថានកុងស៊ុលនៅអ៊ីស្តង់ប៊ូល ថាការសន្និដ្ឋានរបស់អាជ្ញាធរ​តួកគី គឺជាការ​ចោទប្រកាន់ ដោយ​គ្មានភស្តុតាងអ្វីទាំងអស់។ ឆ្លើយតប​ក្នុងបទសម្ភាសន៍ លើ​គេហទំព័រ​Bloomberg ព្រះអង្គម្ចាស់រាជទាយាទ  Mohammed Ben Salman បានលើក​ឡើង​ថា អារ៉ាប៊ីសាអូឌីត អាចបើកទ្វារស្ថានកុងស៊ុលនៅអ៊ីស្តង់ប៊ូល ស្វាគមន៍សមត្ថកិច្ច​តួកគី បើសិនជាចង់ចូលទៅឆែកឆេរ។ អនាគតព្រះចៅអារ៉ាប៊ីសាអ៊ូឌីត នេះ បាន​អះអាង​ថា លោក Jamal Khashoggi ពិតជាបានចូលទៅស្ថានកុងស៊ុលនៅអ៊ីស្តង់ប៊ូល​មែន តែបានចេញមកវិញ ប្រហែលមួយម៉ោងក្រោយមក។

គួរកត់សម្គាល់ថា ការបាត់ខ្លួនរបស់ លោកJamal Khashoggi តាំងតែពីថ្ងៃទី២តុលាមក បានបង្កការព្រួយបារម្ភជាខ្លាំង ពីសំណាក់អង្គការ សមាគមន៍ការពារអ្នកកាសែត និងសេរីភាពសារព័ត៌មាន។ លោក Jamal Khashoggi អាយុ៥៩ឆ្នាំ ជនជាតិ​អារ៉ាប៊ីសាអូឌីត បានរត់ភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៧។

លោកគឺជាអ្នកកាសែតមួយរូប របស់កាសែត The Washington Post ដែលលោកតែងតែសរសេរបរិហាររិះគន់ អំពីអំណាចផ្តាច់ការ ការបំបិទសិទ្ធិសេរីភាព ការរំលោភសិទ្ធិមនុស្សនៅអារ៉ាប៊ីសាអូឌីត។ អង្គការ Reporters Sans Frontières បានលើកឡើងថា បើសិនជាដំណឹង ដែលថាលោក Jamal Khashoggi ត្រូវគេសម្លាប់ក្នុងស្ថានកុងស៊ុលពិតមែន នោះគឺជារឿងមួយសាហាវ និងធ្ងន់ធ្ងរបំផុត ដែលរដ្ឋា​ភិបាលអារ៉ាប៊ីសាអូឌីត រំលោភជាន់ឈ្លីសិទ្ធិសេរីភាពសារព័ត៌មាន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា គេកំពុងតាមដានស្ថានការណ៍នេះ ដោយមិនទាន់ហ៊ានអះអាងយ៉ាងណាទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ