អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រជាមតិ​កែប្រែ​រដ្ឋធម្មនុញ្ញ ​ជា​ប្រវត្តិសាស្ត្រ​នៅ​តួកគី ដើម្បី​ពង្រឹង​អំណាច​ប្រធានាធិបតី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​ ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ប្រទេស​តួកគី ​បាន​មក​ដល់​ហើយ ​គឺ​នៅ​ថ្ងៃ​អាទិត្យ​ទី​១៦​មេសា​នេះ។ លោក​ប្រធានាធិបតី ​អ៊ែរដូហ្កាន់ ​បាន​ធ្វើ​ការ​ឃោសនា​ អះអាង​ថា ​ កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ ​ជា​ប្រវត្តិសាស្ត្រ​នេះ​ ​គឺ​នឹង​ញ៉ាំង​ឲ្យ​តួកគី​ មាន​របប​នយោបាយ​ថ្មី ​ដែល​មាន​ស្ថិរភាព ​ហើយ​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន ​ដែល​តួកគី ​កំពុង​ប្រឈម​មុខ​ ឧទាហរណ៍​ដូច​ជា​ការ​គំរាម​កំហែង​នៃ​អំពើ​ភេរវកម្ម​ជា​ដើម។ តែ​យ៉ាងណា ​ក្រុម​បក្ស​ប្រឆាំង​តួកគី ​ក៏​ដូចជា​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ធំ ​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ ចំពោះ​កំណែ​ទម្រង់​នេះ ​ ដែល​ពួក​គេ​គិត​ថា​ វា​នឹង​ផ្តល់​អំណាច​ស្ទើរតែ​ទាំង​ស្រុង ​ទៅក្នុង​ដៃ​ប្រធានាធិបតី​​ ហើយ​តួកគី​អាច​ធ្លាក់​ទៅ​ក្នុង​របប​ផ្តាច់ការ​និយម។

លោក Erdogan ក្នុងពេលទៅបោះឆ្នោត​​ប្រជាមតិ ព្រឹកថ្ងៃទី​១៦ មេសា​២០១៧
លោក Erdogan ក្នុងពេលទៅបោះឆ្នោត​​ប្រជាមតិ ព្រឹកថ្ងៃទី​១៦ មេសា​២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋធម្មនុញ្ញ​តួកគី​ ដែល​ត្រូវ​បាន​តាក់តែង​ឡើង ​នៅ​ឆ្នាំ​១៩២១ ​ព្រម​ពេល​ជាមួយ​នឹង​ការ​កសាង​សាធារណរដ្ឋ​តួកគី​នោះ ​ ត្រូវ​បាន​ប៉ះប៉ូវ​កែ​តម្រូវ​ច្រើន​ដង​មក​ហើយ ​ ​ក៏​ប៉ុន្តែ​លើក​នេះ ​ កំណែ​ទម្រង់​មាន​លក្ខណៈ​ស៊ីជំរៅ​ខ្លាំង​ ដែល​អាច​កែប្រែ​របប​ដឹកនាំ​របស់​តួកគី​​តែម្តង។

 
លុបតំណែង​នាយករដ្ឋមន្ត្រី​ចោល
តាម​ការ​គ្រោងទុក ​ កំណែ​ទម្រង់​នេះ ​សង្កត់​ធ្ងន់​ទៅ​លើ​១៨​ចំណុច ​ដែល​ជារួម ​គឺ​ដើម្បី​ពង្រឹង​អំណាច​ដឹកនាំ ​របស់​ប្រធានាធិបតី​តែម្តង។ មាន​ជា​អាទិ៍​ដូច​ជា ​ មុខ​តំណែង​នាយករដ្ឋ​មន្ត្រី​នឹង​ត្រុវ​លុប​ចោល ​ហើយ​ការ​ដឹកនាំ​អំណាច​នីតិ​ប្រតិបត្តិ​ទាំងស្រុង​ ត្រូវ​ប្រគល់​ទៅ​ឲ្យ​បុគ្គល​តែ​ម្នាក់​គត់​ គឺ​ប្រធានាធិបតី។ ប្រធានាធិបតី​ នឹង​មាន​អំណាច​តែងតាំង ​អនុប្រធានធិបតី​​ ព្រមទាំង​រដ្ឋមន្ត្រី​ទាំង​អស់។

សង្កត់​ប្រព័ន្ធយុត្តិធម៌
មិនមែន​ត្រឹម​តែ​ក្នុង​អំណាច​នីតិ​ប្រតិបត្តិ​ទេ​ កំណែ​ទំរង់នេះ​នឹងផ្តល់​អំណាច​ឲ្យ​ប្រធានាធិបតី​ទៅលើ​អំណាច​តុលាការ​ដែរ។ ប្រធានាធិបតី​មាន​អំណាច ​តែងតាំង​ សមាជិក​១២​រូប ​ ក្នុង​ចំណោម​សមាជិក​១៥​រូប ​ នៃ​ក្រុមប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ។ ហើយ​ប្រធានាធិបតី ​ក៏​មាន​សិទ្ធិ​តែងតាំង ​សមា​ជិក​៦រូប ​ ក្នុង​ចំណោម​១៣​រូប​ នៃ​សមាជិក​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ដែរ។ សមាជិក​ក្រុមប្រឹក្សា​អង្គ​ចៅ​ក្រម​៧នាក់​ទៀត​ នឹង​ត្រូវ​តែងតាំង​ដោយ​រដ្ឋសភា។

ប្រធានាធិបតី​មាន​សិទ្ធិ​រំលាយ​សភាចោល
ចំណែក​នៅក្នុង​អំណាច​នីតិបញ្ញត្តិ​វិញ ​ យើញឃើញ​ថា ​កំណែ​ទម្រង់​ថ្មី​នេះ ​នឹង​រក្សា​ប្រធានធិបតី ​ឲ្យនៅ​តែ​ជា​មេដឹកនាំ​បក្ស​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា។ ការ​បោះឆ្នោត​សភា ​និង​បោះឆ្នោត​​ប្រធានាធិបតី​ នឹង​ត្រូវ​ធ្វើ​ព្រមគ្នា ​ដែល​នេះ​ក៏​ចោទ​ជា​បញ្ហា​ដែរ​ ព្រោះ​មាន​ន័យ​ថា ​សភា​និង​រដ្ឋាភិបាល ​ប្រាកដ​ជា​បក្ស​តែ​មួយ​ហើយ។ ដូច្នេះ​មាន​ន័យ​ថា ​ទំនោរ​នយោបាយ​របស់​រដ្ឋ​សភា ​ប្រាកដ​ជា​ត្រូវ​ទោរ​ទៅ​តាម​ ប្រធានាធិបតី​ទាំងស្រុង។

សមាជិក​សភា​ដែល​បច្ចុប្បន្ន​មាន​ចំនួន​៥៥០​នាក់ ​ នឹង​ឡើង​ដល់​ ៦០០​នាក់។ ជាងនេះ​ទៅ​ទៀត​ ប្រធានធិបតី ​នឹង​អាច​មាន​សិទ្ធិ​រំលាយ​រដ្ឋសភា​ចោល ​ដើម្បី​បោះឆ្នោត​សភា​ម្តង​ទៀត ​ ក្នុង​ករណី​ បក្ស​ខ្លួន​ គ្មាន​សំឡេង​ភាគ​ច្រើន។​ ធ្វើដូច​នេះ​ ដើម្បី​ចៀសវៀង​មិន​បាច់​បង្កើត​រដ្ឋាភិបាល​ចំរុះ។​ អាណត្តិ​ប្រធានាធិបតី ​នឹង​កើន​មួយ​ឆ្នាំ​ទៀត ​ពោល​គឺ​ពី​ ៤​ ឡើង​ដល់​៥​ឆ្នាំ​ ហើយ​អាច​ឈរ​ឈ្មោះ​បាន​២​អាណត្តិ។

របប​ប្រធានាធិបតី​និយម ​បែប​ផ្តាច់ការ
បើ​ពិនិត្យ​ឲ្យ​មែនទែន​ទៅ​  របប​សភា​និយម​នៅ​តែ​មាន ​ មិន​ទាន់​បិទ​បញ្ចប់​ទេ ​ក៏​បន្តែ​របប​នយោបាយ​តួកគី​ថ្មី​នេះ ​នឹង​ដើរ​ទៅ​រក​របប​ប្រធានធិបតី ​បែប​ផ្តាច់ការ។ ការពិត ​របប​ប្រធានាធិបតី​និយម​នេះ ​មាន​ប្រទេស​ធំៗ​ជាច្រើន ​គេ​អនុវត្ត ​តួយ៉ាង​ដូច​ជា​សហរដ្ឋ​អាមេរិក។ បារាំង​ក៏មាន​របប​ដឹកនាំ​បែប​ប្រធានាធិបតី​ដែរ​ ​តែវានៅ​កណ្តាល​បន្តិច ​មិន​ខ្លាំង​ជ្រុល​ដូច​សហរដ្ឋ​អាមេរិក។ របប​ប្រធានាធិបតី​មិន​មាន​អ្វី​គ្រោះថ្នាក់​ទេ​ បើសិន​ជា​យើង​ធ្វើ​វា​ឲ្យ​សមស្រប ​ កុំ​ប្រមូល​អំណាច​ទាំងស្រុង ​ទៅ​ក្នុង​កណ្តាប់​ដៃ ​របស់​ប្រធានាធិបតី​តែ​ម្នាក់។ ពោល​គឺ​ធ្វើ​យ៉ាងណា ​ធានា​ការ​បែងចែក​អំណាច ​ប្រកប​ដោយ​ឯករាជ្យភាព​ រវាង​អំណាច​ទាំង​បី​ នីតិ​ប្រតិបតិ្ត ​នីតិ​បញ្ញត្តិ ​និង​អំណាច​តុលាការ។

ចំណុច​នេះ​ហើយ​ ដែល​ជា​ការ​ព្រួយ​បារម្ភ​ សម្រាប់​ពេល​នេះ ​នៅ​តួកគី ​ ព្រោះ​ថា​ ជាមួយ​នឹង​កំណែទំរង់​ថ្មី​ប្រធានាធិបតី ​មាន​សិទ្ធិ​អំណាច​សឹងតែ​ទាំងស្រុង ​ទៅ​លើ​អំណាច​គោល​ទាំង​បី​នេះ។ ប្រធានាធិបតី​តួកគី​ នឹង​មាន​អំណាច​អាជ្ញាសិក ​នៅនឹង​ដៃ ​ ដើម្បី​ចាត់ចែង​បង្រ្កាប​រាល់​ការ​តវ៉ា ​របស់​មហាជន ​ដោយ​សំអាង​លើ​ហេតុផល ​រក្សា​សន្តិសុខ ​និង​ស្ថិរភាព​ជាតិ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ក្នុង​កាលៈ​ទេសៈ​ចាំបាច់​ ប្រធានាធិបតី ​អាច​សម្រេច​ធ្វើ​ក្រិត្យ ​ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​រដ្ឋសភា​ទេ។

ទាំងអស់​នេះ​ហើយ ​ ដែល​ជា​ការ​ព្រួយ​បារម្ភ​ធំ ​ ព្រោះគេ​ជឿ​ថា​ប្រធានាធិបតី​តួកគី ​នឹង​ខិត​ទៅ​រក​ការ​កាន់​កាប់​អំណាច​ផ្តាច់ការ​បន្តិច​ម្តងៗ។ មួយ​រយៈ​ចុងក្រោយ​នេះ ​ យើង​អាច​មើលឃើញ​ដឹង​ស្រាប់​ទៅ​ហើយ ​ អំពី​ទំនោរ​ផ្តាច់ការ ​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន់ ​ទាក់ទិន​ទៅនឹង​ការ​បង្រ្កាប​គ្មាន​ប្រណី ​ទៅ​លើ​ចរន្ត​នយោបាយ​ប្រឆាំង។ យ៉ាងណាមិញ ​ ក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច ​លោក​អ៊ែរដូហ្កាន់ ​បាន​បញ្ជារ​ឲ្យ​ចាប់​មនុស្ស​៤ម៉ឺន​នាក់ ​ដាក់ឃុំ ​ ហើយ​មន្ត្រី​រដ្ឋកាល​ចំនួន​១២​ម៉ឺននាក់ ​ត្រូវ​គេ​លុប​ឈ្មោះ​ចោល ​​ដោយ​ពុំចាំ​បាច់​មាន​ការ​ស៊ើបអង្កេត​អ្វី​ទាំង​អស់។

បើសិន​ជា​កំណែ​ទម្រង់​នេះ​អាច​ធ្វើ​ទៅ​បាន​មែន​ គឺវា​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០១៩ ​ចំ​ពេល​ដែល​ត្រូវ​មាន​ការ​បោះឆ្នោត​ប្រធានាធិបតី ​និង​បោះឆ្នោត​សភា ​ព្រមពេល​ជា​មួយ​គ្នា។ លោក​អ៊ែរ​ដូហ្កាន់​ អាច ​នឹង​ឈរ​ឈ្មោះ​សាជាថ្មី ​បាន​ពីរ​អាណត្តិ​ទៀត ​ពោល​គឺ​គាត់​អាច​នៅ​កាន់​តំណែង​នេះ ​ដល់​ឆ្នាំ​២០២៩។

បំបិត​មាត់​អ្នក​រិះគន់ ​បំផុស​ឲ្យ​ប្រជាជន​ស្តាប់ខ្លួន​តែម្ខាង
ការ​ស្ទាបស្ទង់ ​មតិ​ចុង​ក្រោយ​កាល​ពី​ចុង​សប្តាហ៍​នេះ ​ បង្ហាញ​ថា ​សម្លេង​គាំទ្រ ​និង​សម្លេង​មិន​គាំទ្រ ​មាន​ប្រហាក់​ប្រហែល​គ្នា។ តែ​បើ​តាម​ការ​សន្និដ្ឋាន ​សម្លេង​គាំទ្រ ​នឹង​អាច​មាន​លើស​បន្តិច​បន្តួច។ តាម​ធម្មតា​ ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ បើ​មាន​លើស​តែ​មួយ​សម្លេង ​ក៏​ឈ្នះ​ដែរ។

បញ្ហាគឺ​នៅ​ត្រង់​ថា ​មាន​តែ​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន់​ ម្នាក់ឯង​ប៉ុណ្ណោះ ​ដែល​មាន​លទ្ធភាព​ធ្វើការ​ឃោសនា ​ស្វែងរក​ការ​គាំទ្រ ​គណបក្ស​ប្រឆាំង ​រឺ​ក្រុម​ចលនា​ដែល​រិះគន់​កំណែ​ទំរង់​នេះ ​ មិន​មាន​លទ្ធ​ភាព​អាច​ធ្វើ​ការ​ឃោសនា​បាន​ទូលំ​ទូលាយ​ទេ។ វិទ្យុ ​ទូរទស្សន៍ ​បណ្តាញ​សារព័ត៌មាន ​ទាំង​ស្រុង​នៅ​តួកគី​ គឺស្ថិត​ក្នុង​ដៃ​របស់​រដ្ឋាភិបាល​តួកគី ​ ដែល​គេ​នាំគ្នា​ឃោសនា ​បំផុសបំផុល​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត​គាំទ្រ។ ចំណែក​បណ្តាញ​ព័ត៌មាន ​និង​អ្នក​កាសែត ​ដែល​មាន​ទំនោ​រិះគន់ ​ រឺ​ប្រឆាំង​នឹង​លោក​អ៊ែរដូហ្កាន់ ​ត្រូវបាន​គេ​តាម​ចាប់ ​និង​បង្ខំ​ឲ្យ​បិទទ្វារ​ម្តង​មួយៗ ​នៅក្រោយ​ហេតុការណ៍​រដ្ឋ​ប្រហារ។

យក​បញ្ហា​ភេរវកម្ម ​មក​បំភ័យ​ប្រជាជន
ដូច្នេះ​យើងឃើញ​ថា ​ប្រជាជន​ទូទៅ ​មិន​បាន​ឮ ​មិន​បាន​យល់ ​ពី​ចំណុច​អវិជ្ជមាន​នៃ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​នេះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​លោក​អ៊ែដូហ្កាន់ ​បាន​យក​បញ្ហា​ភេរវកម្ម ​ជា​ចំណុច​ស្នូល ​ដើម្បី​ពន្យុះ​ប្រជាជន​ឲ្យ​គាំ​ទ្រ​គាត់។ លោក​អ៊ែរដូហ្កាន់ ​ឃោសនា​ថា ​រដ្ឋធម្មនុញ្ញ​ថ្មី ​ និង​ជួយ​ជំរុញ​ការ​អនុវត្ត​អំណាច ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព ​ ងាយ​ស្រួល​ក្នុង​ការ​កំចាត់ ​បោសសំអាត​ក្រុម​ភេរវកម្ម។ ក្រុម​ភេរវកម្ម​ដែល​លោក​អ៊ែរដូហ្កាន់​ចង់​សំដៅ​នោះ ​ គឺ​មាន​រាប់​ទាំង​ចលនា​បះបោរ​របស់​ជនជាតិ​គួដ​ផងដែរ។ ហើយ​លោក​អ៊ែរដូហ្កាន់ ​ថែម​ទាំង​បាន​ចោទ​ថា​ អ្នក​ណា​បោះឆ្នោត​ប្រឆាំង​នឹង​កំណែ​ទម្រង់​នេះ ​ សុទ្ធតែ​ជា​ពួក​ដែល​គាំទ្រ​ពួក​ភេរវកម្ម​ទាំងអស់។ ត្រង់​ចំណុច​នេះ ​លោក​អ៊ែរដូហ្កាន់ ​បាន​ពន្យុះ​ឲ្យ​មាន​ការ​បែកបាក់​ក្នុង​សង្គម។

បើសិន ​ជា​លោក​អ៊ែរដូហ្កាន់ ​ទទួល​ជោគជ័យ​នា​ពេល​នេះ​ មាន​ន័យ​ថា​ តួកគី ​នឹង​កាន់​តែ​រំកិល​ខិត​ទៅ​ឆ្ងាយ​ ពី​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត​ នៅ​អឺរ៉ុប​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ