តួកគី៖ ប្រជាជនអ៊ីស្តង់ប៊ូល បោះឆ្នោតរើសអភិបាលក្រុងម្តងទៀត
នៅថ្ងៃទី២៣ មិថុននានេះ ប្រជាជនតួកគី នៅក្រុងអ៊ីស្តង់ប៊ូល ត្រូវទៅបោះឆ្នោតម្តងទៀត ដើម្បីជ្រើសរើសអភិបាលក្រុង។ ការបោះឆ្នោតដែលបានធ្វើកាលពីខែមីនាកន្លងទៅ បានប្រគល់ជោគជ័យ ទៅឲ្យបេក្ខជនមកពីគណបក្សប្រឆាំង។ ក៏ប៉ុន្តែលទ្ធផលនេះ ត្រូវបានគណបក្សរបស់អ៊ែដូហ្កាន់ បដិសេធចោល ដោយបានលើកឡើងថា មានភាពមិនប្រក្រតីច្រើន។ សម្រាប់ការបោះឆ្នោតលើកទី២នេះ បើសិនជាបក្សរបស់លោកអ៊ែរដូហ្កាន់នៅតែចាញ់ នោះមានន័យថា វាជាភាពអាម៉ាសធំណាស់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១២
ប្រជាជនតួកគី អ្នកក្រុងអ៊ីស្តង់ប៊ូល ចំនួន១០លាន៥សែននាក់ ដែលមានសិទ្ធិបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោត ជ្រើសរើសអភិបាលក្រុង ជាលើកទី២ បន្ទាប់ពីការបោះឆ្នោតកាលពីខែមីនា ត្រូវបានប្រកាសជាមោឃៈ។
កាលពីបោះឆ្នោត ថ្ងៃទី៣១មីនា បេក្ខភាពលោក Ekrem Imamoglu មកពីគណបក្សប្រឆាំង បានទទួលបានសម្លេងឆ្នោត លើសបេក្ខភាពលោក Binali Yildirim ដែលមកពីគណបក្សអ៊ីស្លាមអភិរក្សនិយម AKP របស់លោកប្រធានាធិបតី អ៊ែរដូហ្កាន់។ លោក Binali Yildirim ជាមនុស្សស្និតនឹងលោកអ៊ែរដូហ្កាន់ ហើយក៏ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីតួកគីដែរ។
ក្រោយលទ្ធផលបរាជ័យ គណបក្សAKP បានដាក់ពាក្យប្តឹង បដិសេធលទ្ធផលឆ្នោត ដោយអះអាងថាមានភាពមិនប្រក្រតី។ ចំណែកគណបក្សប្រឆាំងវិញ បានបដិសេធចោល ការចោទប្រកាន់នេះ ហើយបានចាត់ទុក ថាបក្សAKP របស់លោកអ៊ែរដូហ្កាន់ បានធ្វើរដ្ឋប្រហារប្រឆាំងនឹងការសម្រេចចិត្តរបស់ម្ចាស់ឆ្នោត។
គួរកត់សំគាល់ថា ក្រុងអ៊ីស្តង់ប៊ូល ដែលមានប្រជាជនរស់នៅប្រមាណ១៥លាននាក់ គឺជាទីក្រុងសេដ្ឋកិច្ច និងវប្បធម៍ដ៏ធំបំផុតរបស់តួកគី។ ការបោះឆ្នោតរើសអភិបាលក្រុងអ៊ីស្តង់ប៊ូល ជានិច្ចជាកាល គឺជាឱកាសល្បងស្វែងយល់ ការគាំទ្រទៅលើគោលនយោបាយដឹកនាំប្រទេស នៃគណបក្សរបស់ប្រធានាធិបតីតែម្តង។ យ៉ាងណាមិញ លោកអ៊ែរដូហ្កាន់ ខ្លួនឯងតែងតែបាននិយាយថា អ្នកណាឈ្នះឆ្នោតនៅអ៊ីស្តង់ប៊ូល អ្នកនោះនឹងឈ្នះឆ្នោតនៅតួកគីទាំងមូល។
សូមរំលឹកដែរថា កាលពីពេលបោះឆ្នោតនៅចុងខែមីនា គណបក្សAKP ក៏បានចាញ់ នៅឯរដ្ឋធានីអង់ការ៉ាដែរ។ ការចាញ់ឆ្នោតនៅតាមទៅក្រុងធំៗនេះ ត្រូវបានគេមើលឃើញថា គឺជាផលវិបាកនៃវិបត្តិសេដ្ឋកិច្ច អត្រាអត់ការងារធ្វើ និងអត្រាឱនភាព ដែលបានកើនឡើងដល់ទៅ២០%។
បើតាមការវិភាគ លោកអ៊ែរដូហ្កាន់ បានចាត់ទុកការបោះឆ្នោតនៅអ៊ីស្តង់ប៊ូល ជាកម្មវត្ថុធំដើម្បីអះអាង ពីជោគជ័យនិងការគាំទ្រ ទៅលើគោលនយោបាយដឹកនាំប្រទេសរបស់លោក។ តែយ៉ាងណា ការបោះឆ្នោតលើកទី២នេះ បើបក្សAKP នៅតែចាញ់ គឺលោកអ៊ែរដូហ្កាន់ នឹងអាម៉ាសមុខខ្លាំង ហើយបើទោះជាបក្សលោកឈ្នះ ក៏ជាជ័យជំនះដែលប្រលាក់ដោយពាក្យសើចចំអកដែរ ព្រោះវាបានមកពីការចាត់ទុកជាមោឃៈ នូវជ័យជំនះរបស់បក្សប្រឆាំង កាលពីខែមីនា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ