អានតួអត្ថបទ
តួកគី-ភេរវកម្ម

ភេរវកម្មនៅអ៊ីស្តង់ប៊ូល៖ ភេរវជន​គឺជា​មនុស្ស​ជំនាញ​ខាង​ប្រើ​អាវុធ របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម

ឃាតករ ​ដែល​បាន​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម​យ៉ាង​ព្រៃផ្សៃ ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល ​ប្រទេស​តួកគី ​ ត្រូវបាន​ចាប់ខ្លួន​បាន​ហើយ ​ ដោយ​ជន​នេះ​បាន​សំងំ​លាក់ខ្លួន​ នៅ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល​ដដែល ​ជាទី​ដែល​ខ្លួន​ បាន​បាញ់​សម្លាប់​មនុស្ស​៣៩នាក់ ​កាល​ពី​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល។ តាម​លទ្ធផល​ស៊ើប​អង្កេត​បឋម ​បង្ហាញថា​ ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​រូប​នេះ ​គឺ​ជា​មនុស្ស​សំខាន់​ម្នាក់ ​ ដែល​មាន​ជំនាញ​ផ្នែក​ប្រើប្រាស់​អាវុធ​ យ៉ាង​ស្ទាត់​ជំនាញ ​នៅ​ក្នុង​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។

រូបឃាតករ​ ដែល​បាន​បាញ់​សម្លាប់​​មនុស្ស​​៣៩នាក់ ​ក្នុង​​ក្លឹប​រាត្រី​ ថ្ងៃ​ឆ្លង​ឆ្នាំសកល​ក្នុង​ក្រុង​អ៊ីស្តង់​ប៊ូល
រូបឃាតករ​ ដែល​បាន​បាញ់​សម្លាប់​​មនុស្ស​​៣៩នាក់ ​ក្នុង​​ក្លឹប​រាត្រី​ ថ្ងៃ​ឆ្លង​ឆ្នាំសកល​ក្នុង​ក្រុង​អ៊ីស្តង់​ប៊ូល HANDOUT / DOGAN NEWS AGENCY / AFP
ផ្សាយពាណិជ្ជកម្ម

ជនឈ្មោះ​ Mohammad Khorassani ​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា ​ Abdulgadir Masharipov ​គឺ​ជា​ជនជាតិ​អូសបេគីស្ថាន ​អាយុ​៣៤​ឆ្នាំ។ តាម​ការ​ផ្សាយ​របស់ ​ទីភ្នាក់ងារ​ព័ត៌មាន ​Anadolu ​តួកគី ​បាន​ឲ្យដឹង​ថា ​ជន​នេះ ​គឺ​ជា​មេ​ក្លោង​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ប្រចាំ​តំបន់​អាស៊ី​កណ្តាល​ម្នាក់​ដ៏​សំខាន់។ យោង​តាម​ប្រភព​ផ្សេងទៀត ​ពី​បណ្តាញ​ព័ត៌មាន​តួកគី ​គឺ​ជន​នេះ ​បាន​ធ្វើ​បេសកកម្ម​នៅ​ស៊ីរី ​ ដោយ​បាន​ទទួល​ការ​ហ្វឹកហាត់ ​ហើយ​មាន​ជំនាញ​ខ្ពស់ ​ខាង​ប្រើប្រាស់​អាវុធ។

 
បន្ទាប់ពី​បាន​តាម​ដាន​ស្រាវជ្រាវ ​អស់២​សប្តាហ៍ ​ នគរបាល​សម្ងាត់​តួកគី ​បាន​តាម​ដាន​ដឹង​ថា ​ជន​នេះ​ មិន​បាន​ទៅ​ណា​ឆ្ងាយ​ទេ។ បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ ​TRT ​តួកគី ​បាន​ឲ្យដឹង​ថា ​នគរបាល​សំងាត់​តួកគី ​ បាន​តាម​ដាន​ដឹង​កន្លែង​លាក់ខ្លួន ​របស់​ជន​ Mohammad Khorassani ​តាំង​តែ​ពី​៣ថ្ងៃ​មុន​​ មុន​នឹង​ឈានទៅ​ដល់ការ​ចុះ​ចាប់​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ។ នគរបាល​តួកគី ​បាន​ទុក​ពេល​វេលា​តាមដាន​ ដើម្បី​ចង់​ដឹង​ពី​បក្ស​ពួក​ផ្សេង​ទៀត​របស់​ជន​នេះ។

នៅថ្ងៃ​ចាប់ខ្លួន​ វេលា​ម៉ោង​ប្រមាណ​ជា​ ៩ និង​១៥នាទី ​យប់ ​ ឃាតករ​នេះ ​កំពុង​នៅ​ជាមួយ​កូន​ប្រុស​របស់​ខ្លួន​ អាយុ​៤ឆ្នាំ។ ទីភ្នាក់ងារ​ Anadolu ​បាន​ផ្សាយ​រូបភាព​ជននេះ ​ដោយ​មាន​មុខ​ប្រលាក់​ឈាម ​ហើយ​នគរបាល​កំពុង​ក្របួច​ចាប់​ពីក្រោយ។ ទូរទស្សន៍​តួកគី​វិញ​ បាន​ផ្សាយ​ថា ​មាន​មនុស្ស​៤នាក់​ផ្សេង​ទៀត​ត្រូវបាន​ចាប់​ខ្លួន ​ក្នុង​នោះ​ប្រុស​ម្នាក់ ​ដែល​ជា​អ្នក​ជួល​ផ្ទះ​ឲ្យ​ភេរជន​នេះ​លាក់ខ្លួន ​ និង​មនុស្ស​ស្រី​៣នាក់​ទៀត។ បច្ចុប្បន្ន ​កូន​របស់​ជននេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​សង្រ្គោះ​សង្គម។ បើ​រាប់​​ចាប់​តាំង​ពីថ្ងៃ​ភេរវកម្ម ​ មក​ទល់​ពេលនេះ ​នគរបាល​សំងាត់​តួកគី ​ បាន​ចាប់ខ្លួន​មនុស្ស​ប្រមាណ​៣៥​នាក់​ហើយ។

កាសែតក្នុង​ស្រុក​តួកគី​បាន​ផ្សាយ​ថា ​ ជន​ Mohammad Khorassani ​នេះ ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ទឹកដី​តួកគី​ពី​ប្រទេស​ស៊ីរី​នៅ​រវាង​ខែ​វិច្ឆិកា ​ដោយ​បាន​រស់នៅ​ក្នុង​តំបន់​ Konya ​ភាគ​ខាងត្បូង​តួកគី ​ជាមួយ​ប្រពន្ធ​ និងកូន​២នាក់ ​ក្នុង​នាម​ជា​ជនភៀសខ្លួន​ស៊ីរី។ យ៉ាងណា​មិញ ​ក្រោយពេល​ភេរវកម្ម​ ដែល​ជន​នេះ​បង្ក​ឡើង ​អាជ្ញាធរ​តួកគី ​ បាន​រឹត​បន្តឹង​សន្តិសុខ ​នៅ​តាម​ព្រំដែន​យ៉ាង​ម៉ដ្ឋចត់។

ភេរវកម្ម​ដែល​ជន​នេះបង្ក​ឡើង ​ នៅ​ក្នុង​ក្លឹបរាត្រី ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ​ត្រូវ​បាន​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ ចេញមុខ​មក​ទទួល​ថា​ ជា​ស្នា​ដៃ​របស់​ខ្លួន។​ ក្រុម​ជីហាត​ជ្រុល​និយម​នេះ ​បាន​ប្រកាស​ថា ​គេ​ចង់​ដាក់​ទោស​តួកគី ​ដែល​ក្បត់​ព្រះ​អាឡា ​ ទៅដើរ​តាម​ពួក​ប្រទេស​លោក​ខាងលិច ​និង​ធ្វើ​បុណ្យ​ឆ្លងឆ្នាំ​សប្បាយ​ភ្លើតភ្លើន​ តាម​បែប​ពួក​ប្រទេស​សាសនា​គ្រិស្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ