ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
មជ្ឈិមបូព៌ា

តួកគី៖ ​មនុស្ស​៣៤​នាក់​ ត្រូវ​ជាប់​ទោស​មួយ​ជីវិត ​ក្នុង​សំណុំ​រឿង​ធ្វើ​រដ្ឋប្រហារ

media  
អតីតទាហ៊ាន ​ជា​ជនជាប់​ចោទ ​ត្រូវ​គេ​បញ្ជូន​ឡើង​សវនាការ​​នៅ Mugla ​ថ្ងៃទី ​៤ ​តុលា​ ២០១៧ REUTERS/Osman Orsal

យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​តួកគី​ Anadolu ​បាន​ឲ្យ​ដឹង​ថា ​អង្គ​សវនាការ​មួយ ​ត្រូវ​បាន​បើក​ទ្វារ​ កាល​ពី​ថ្ងៃ​ពុធ ​ទី ​៤ ​តុលា ​ដើម្បី​កាត់ទោស​មនុស្ស​ចំនួន​៣៤​នាក់​ ដែល​ជាប់​ចោទ ​ពី​បទ​រៀប​ចំ​ធ្វើ​រដ្ឋ​ប្រហារ ​ ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ​អ៊ែរដូហ្កាន់ ​​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៦។ មនុស្ស​ទាំង​៣៤​នាក់​ ត្រូវ​បាន​តុលាការ​តួកគី​ ផ្តន្ទាទោស ​ឲ្យ​ជាប់​ពន្ធនាគារ ​មួយ​ជីវិត។

តុលាការ​ក្រុង ​Mugla ​នៅភាគ​និរតី​តួកគី ​បាន​បើក​សវនាការ​ កាល​ពី​រសៀល​ថ្ងៃ​ពុធ ​ទី​ ៤​តុលា ​ដើម្បី​កាត់ទោស ​មនុស្ស​៣៤​នាក់ ​ ពី​បទ​បាន​រៀបចំ​ដឹកនាំ​ការ​ធ្វើ​រដ្ឋ​ប្រហារ ​កាល​ពី​ថ្ងៃ​ទី​ ១៦ ​កក្កដា​ ឆ្នាំ​២០១៦។ ក្នុង​ចំណោម ​ជន​ជាប់ចោទ​ទាំង​៣៤​នាក់ ​ មាន​អតីត​មេ​បញ្ជាការ​កងទ័ព​ម្នាក់​ ឈ្មោះ Gokhan Sonmezates​ ដែល​ត្រូវ​គេ​ចោទ​ថា​ ជា​មេ​ក្លោង​ក្រុម​ធ្វើ​រដ្ឋប្រហារ ​ហើយ​ដែល​ជន​នេះ ​ មាន​បេសកកម្ម​ ត្រូវ​ទៅ​ចាប់​យក​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន់​ មក​សំលាប់​ឲ្យ​បាន​ ក្នុង​យប់​ធ្វើ​ប្រតិបត្តិការ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ បណ្តាញ​ទូរទស្សន៍​រដ្ឋ​តួកគី។

ថ្វីបើ​មាន​ការ​ស្រែក​ទាមទារ​ ​ពី​សំណាក់​មនុស្ស​ជាច្រើន​ នៅ​ខាង​ក្រៅ​តុលាការ ​ថា​ត្រូវ​ប្រហារ​ជីវិត​ ជន​ជាប់ចោទ ​ តុលាការ​តួកគី ​ បាន​សម្រេច ​ផ្តន្ទាទោស​ជន​ជាប់​ចោទ​ទាំង ​៣៤ ​ដោយ​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត។ ដោយ​ឡែក ​ តុលាការ​បាន​សម្រេច​ បំបែក​សំណុំ​រឿង​នេះ ​ ចេញ​ពី​សំណុំ​រឿង​១​ផ្សេងទៀត​ ដែល​មាន​ជាប់​ឈ្មោះ​មនុស្ស​៣នាក់​ ​ ផ្សេង​ ហើយ​ដែល​ក្នុង​នោះ ​មាន​ឈ្មោះ​លោក ​Fathullah Gulen ។ លោក Fathullah Gulen ​ប្រមុខ​សាសនា ​និង​នយោបាយ​តួកគី​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​តួកគី ​ចោទ​ថា​ជា​មេ​គំនិត​រដ្ឋ​ប្រហារ​ នេះ​ ត្រូវ​បាន​តុលាការ​តួកគី​ កាត់ទោស ​ដោយ​កំបាំង​មុខ​រួច​ហើយ។

សូម​បញ្ជាក់​ថា ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​ របស់​ក្រុម​យោធា ​មួយ​ក្រុម ​ ដែល​ប៉ុនប៉ង​រំលំ​របប​ដឹកនាំ​លោក ​អ៊ែរដូហ្កាន់ ​បាន​ប្រែក្លាយ ​ទៅ​ជា​ឱកាស​មាស​ សម្រាប់​លោក​អ៊ែរដូហ្កាន់ ​ ទៅវិញ។ ក្រោយ​រដ្ឋ​ប្រហារ​ លោក​ប្រធានាធិបតី​តួកគី​ បានបើក​ប្រតិបត្តិការ​​បោស​សំអាត​ផ្ទៃ​ក្នុង​ ក្នុង​ជួរ​កងទ័ព ​នគរបាល ​ និង​តាម​ក្រសួង​នានា ដើម្បី​កំចាយ​រាល់​ចរន្ត​នយោបាយ ​ដែល​មាន​ទំនោរ​គាំទ្រ ​លោក​ Fathullah Gulen

ចាប់​តាំង​ពី​ខែ​កក្កដា ​ឆ្នាំ​២០១៦​មក ​ មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ​៥ម៉ឺន​នាក់​ ដែល​ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន ​ ដោយ​ពុំ​បាន​ឆ្លង​កាត់​ការ​ជំនុំ​ជំរះ ​ ហើយ ​និង​១៤​ម៉ឺន​នាក់​ផ្សេង​ទៀត ​ដែល​ត្រូវ​គេ​ដក​ហូត​មុខ​ដំណែង​ការងារ ​ឬ​ត្រូវ​ព្យួរ​ជើង​ចោល។ សកម្មភាព​បោស​សំអាត​អ្នក​ប្រឆាំង ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​មហាសាល​បែប​នេះ ​ បាន​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា ​ការ​ពិត​ រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦​ គឺ​គ្រាន់​តែ​ជា​ឆាក​ល្ខោន ​ដើម្បី​បាន​ឱកាស ​ចាប់​អ្នក​ប្រឆាំង​មក​ដាក់​ឃុំ​ប៉ុណ្ណោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ