អានតួអត្ថបទ
កាតា-ដើមបូពា៌

តួកគី និង​អ៊ីរ៉ង់ ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដើម្បី​ជួយ​កាតា​

កាលពីថ្ងៃអាទិត្យកន្លងទៅ  តួកគី អ៊ីរ៉ង់​ និងកាតា បានយល់ព្រមចុះកិច្ចព្រមព្រៀង លើប្រូតូកូល មួយ ដើម្បីឈានទៅសម្រេចឲ្យបាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ​ រវាងប្រទេសប្រទេសទាំងបី។ បើតាមប្រភពពីទូរទស្សន៍ជាតិអ៊ីរ៉ង់ កិច្ចព្រមព្រៀងនេះ មានកម្មវត្ថុជួយកាតា ឲ្យមានដង្ហើមសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីប្រទេសនេះ ត្រូវបានអារ៉ាប៊ីសាអូឌីត និងបក្សពួក ព្រួតគ្នាផ្តាច់ចំណងការទូត និងបិទទ្វារព្រំដែន។

Tamim bin Hamad al-Thani អេមៀរ​របស់​កាតា
Tamim bin Hamad al-Thani អេមៀរ​របស់​កាតា Qatar News Agency/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រតូកូលនៃកិច្ចព្រមព្រៀងមួយ​ ត្រូវបានចុះហត្ថលេខា នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអាទិត្យ ទី ២៦ វិច្ឆិកា​ម្សិលមិញ  ដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអ៊ីរ៉ង់​ ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចតួកគី និង កាតា។ តែយ៉ាងណា ខ្លឹមសារលំអិត នៃប្រូតូកូលព្រមព្រៀងគ្នា មិនត្រូវបានគេប្រកាសឲ្យដឹងឡើយ។

បើតាមគេហទំព័ររបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់​ បានផ្សាយថា ប្រូតូកូលនេះ បានកំណត់ពីការបង្កើតក្រុមការងារពិសេសមួយ ដើម្បីបើកសម្រួល ដល់ការធ្វើចរាចរណ៍ ទំនិញ និងហិរញ្ញវត្ថុ រវាងប្រទេសទាំង៣។ ប្រភពដដែលបានបញ្ជាក់ថា ប្រទេសទាំង៣ មានបំណង រកច្រកដោះស្រាយ និងគេចវៀង នូវឧបសគ្គក្នុងការបញ្ជូនទំនិញ ពីអ៊ីរ៉ង់ និង ពីតួកគី ទៅកាន់កាតា។

សូមរំលឹកថា កាតា ត្រូវបានប្រទេសជិតខាងនៅជុំវិញ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត កាត់ការចោលលែងរាប់​ ផ្តាច់ចំណងទូត បិទព្រំដែន ទាំងទឹកទាំងគោក ទាំងអាកាស តាំង​តែ​ពី​ខែមិថុនាកន្លងមកម្លេះ។ អារ៉ាប៊ីសាអូឌីត បារ៉ែន អេមៀរ៉ាតអារ៉ាប់រួម និង អេហ្ស៊ីប បានព្រួតគ្នា ចោទកាតា ថាបានប្រើនយោបាយ គាំទ្រទំនុកបំរុងក្រុមភេរវកម្ម ហើយនឹងមានទំនោរខិតទៅរកអ៊ីរ៉ង់។

កាតា បានច្រានចោលរាល់ការចោទប្រកាន់ទាំងនេះ ហើយលោកអេមៀកាតា Tamim Ben Hammad al-Thani ហាក់ប្រកាន់ជំហររឹងមាំ មិនព្រមចុះចាញ់ការដាក់គំនៀប របស់អារ៉ាប៊ីសាអូឌីត និងបក្សពួកឡើយ។ រហូតមកទល់ពេលនេះ គេនៅពុំទាន់ មានសង្ឃឹម​ថា ថានឹងអាចមានដំណោះស្រាយ នៃវិបត្តិនេះទេ បោះទោះបីជាកូវ៉ែត សហរដ្ឋអាមេរិក​ និង​បារាំង ព្យាយាមសម្របសម្រួលយ៉ាងណាក៏ដោយ។

ដោយឡែក តាំងតែពីកើតវិបត្តិនេះ មក គេសង្កេត ឃើញ តួកគី និងអ៊ីរ៉ង់​បានចេញមុខ ជួយជ្រោមជ្រែងកាតា តាមរយៈការបញ្ជូនទំនិញ សម្ភាៈប្រើប្រាស់ចាំបាច់ និងស្បៀងអាហារ ទៅជួយកាតា។ ប្រូតូកូល នៃនកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលទើបតែចុះហត្ថលេខា ដោយប្រទេសទាំងបី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ គឺជាសក្ខីភាព បញ្ជាក់​ថា តួកគី និងអ៊ីរ៉ង់ គាំទ្រកាតា ហើយមិនចង់ឲ្យកាតា ទន់ខ្សោយ ស្ថិតក្រោមបង្គាប់របស់​អារ៉ាប៊ីសាអូឌីតទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ