ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
មជ្ឈិមបូព៌ា

តួកគី ​និងរុស្ស៊ី ​យល់ព្រម​សហការគ្នា​គ្រប់គ្រង​តំបន់​ព្រំដែន​ខាង​ជើង​ស៊ីរី

media លោកពូទីន និងលោកអ៊ែរដូហ្កាន់ ចាប់ដៃគ្នា ក្នុង​ពេល​ធ្វើសន្និសីត​​ក្រោយ​ការប្រជុំ​​ នៅក្រុង​​សុតឈីល ថ្ងៃទី​​២២តុលា ​២០១៩ Sputnik/Alexei Druzhinin/Kremlin via REUTERS

បន្ទាប់ពីចរចាគ្នា អស់រយៈពេល៦ម៉ោង រវាងប្រធានាធិបតីរុស្ស៊ី លោកពូទីន និងលោក​អ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី នៅឯទីក្រុងសុតឈីល មេដឹកនាំទាំងពីរ បានយល់ព្រមគ្នា ក្នុង​ការ​​ផ្អាក​​ការប្រយុទ្ធ ព្រមទាំង​យល់ព្រមសហការគ្នា គ្រប់គ្រងតំបន់ព្រំដែនភាគខាងជើងស៊ីរី ​ដែល​ពីមុន ធ្លាប់ជា​តំបន់​កាន់កាប់ របស់​​ក្រុមប្រដាប់អាវុធគួក។

កាលពីថ្ងៃទី​៩ តុលា តួកគីបានបញ្ជូនទ័ព ចូលទៅក្នុងទឹកដីស៊ីរី ត្រង់តំបន់ភាគខាងជើងជាប់ព្រំដែនខ្លួន ដែលតំបន់ទាំងនោះ ស្ថិតក្នុងការកាន់កាប់ របស់កងកម្លាំងប្រដាប់អាវុធគួក។ ប្រតិបត្តិការ ដែលតួកគីចាត់ទុកថាជាការកំទេចក្រុមភេរវកម្មនេះ បានបណ្តាលឲ្យស្លាប់ប្រជាជនស៊ីវីលគួកជាច្រើននាក់ និងមនុស្សជាច្រើនម៉ឺននាក់ ត្រូវបង្ខំចិត្ត ភៀសខ្លួន​ចាកចោល​ផ្ទះសម្បែង។

នៅថ្ងៃទី​១៧តុលា ដោយមានអន្តរាគមន៍ពីសហរដ្ឋអាមេរិក តួកគីបានសុខចិត្ត​ចុះកិច្ចព្រមព្រៀង​ផ្អាកការប្រយុទ្ធរយៈពេល​៥ថ្ងៃ ដែលបានផុតកាលពីម៉ោង៧ល្ងាច ថ្ងៃ​អង្គារទី​២២តុលា​។ រដ្ឋមន្ត្រីក្រសួងការពារជាតិតួកគី បានបញ្ជាក់ថា សម្រាប់តំណាក់កាលនេះ គឺតួកគី គ្មានគំរោងបើកប្រតិបត្តិការយោធាថ្មីណាមួយផ្សេងទៀតទេ ព្រោះ​ក្រុមប្រដាប់អាវុធគួក បានដកថយចេញពីតំបន់ព្រំដែនភាគខាង​ជើងស៊ីរីហើយ។

ព្រមជាមួយពេលនេះដែរ រុស្ស៊ីបានចូល​ខ្លួន ធ្វើអន្តរាគមន៍ក្នុងបញ្ហានេះ ដោយបានរៀបចំការប្រជុំបន្ទាន់មួយ នៅទីក្រុងសុតឈីល រវាងលោកពូទីន និងលោកអ៊ែរដូហ្កាន់។ ឆ្លងកាត់ការប្រជុំរយៈពេល​៦ម៉ោង ភាគីទាំងពីរ បានយល់ព្រមសហការគ្នា​ គ្រប់គ្រង​តំបន់ភាគខាងជើងស៊ីរី។ ក្នុងន័យនេះ​ តំបន់ភាគខាងជើងស៊ីរី ដែលជាប់ព្រំដែន​តួកគី មួយភាគធំ ប្រវែងជាង​៤០០គីឡូម៉ែត្រ គឺត្រូវស្ថិតក្នុងការគ្រប់គ្រងរបស់​កងទ័ពរុស្ស៊ី និងកងទ័ពតួកគី។ ក្នុងនោះ ដែនដីស៊ីរី នៅតាមបណ្តោយព្រំដែន ប្រមាណ​ជា​១២០គីឡូម៉ែត្រ នឹង​ត្រូវស្ថិតក្នុងការគ្រប់គ្រងដោយផ្ទាល់ របស់​តួកគី។

នៅក្នុង​សន្និសីតកាសែត ក្រោយកិច្ចប្រជុំ លោកអ៊ែរដូហ្កាន់ បានប្រកាសថា កិច្ចព្រមព្រៀងរវាងលោក និងលោកពូទីននេះ គឺជាកិច្ចព្រមព្រៀង​ជាប្រវត្តិសាស្ត្រ ដើម្បីរក្សាសុវត្ថិភាព​នៅតាមព្រំដែនរវាងតួកគី និងស៊ីរី។ ចំណែកលោកពូទីនវិញ បានគូសបញ្ជាក់ អំពីភាពចាំបាច់​ ក្នុងការទប់ស្កាត់ កុំឲ្យក្រុម​ជីហាតអង្គការរដ្ឋអ៊ីស្លាម ឆក់ឱកាសប្រមូលកម្លាំងធ្វើសកម្មភាពឡើងវិញឲ្យសោះ។

ដោយឡែក លោកបាឆា អាល់អាសាដ ប្រធានាធិបតីស៊ីរី បានទូរស័ព្ទទៅនិយាយជាមួយលោកពូទីន ដោយបាន​លើកឡើងថា ស៊ីរីនឹងមិនអនុញ្ញាតឲ្យមានការចូលទន្ទ្រានពី​សំណាក់កងទ័ពបរទេសណាមួយទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកបាឆា អាល់អាសាដ បានអះអាងទៀតថា មិនយូរមិនឆាប់ កងទ័ពជាតិស៊ីរី និងគ្រប់គ្រងបូរណភាពដែនដីស៊ីរី ទាំងស្រុងឡើងវិញ។

គួរកត់សំគាល់ថា ក្នុងបញ្ហានេះ អ្នកដែលខាតបង់ និងរងគ្រោះ គឺក្រុមកងកម្លាំងប្រដាប់អាវុធគួក ដែលត្រូវបាន​បាត់បង់ដែនដីរបស់ខ្លួន។ ក្រុមកងកម្លាំងគួកស៊ីរី បានចូលរួមជួយកងទ័ពសម្ព័ន្ធមិត្ត​ដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការវាយប្រយុទ្ធយកឈ្នះ លើ​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅភាគខាងជើងស៊ីរី។ តែទីបំផុតក្រុមកងកម្លាំងគួកស៊ីរី ត្រូវបានកងទ័ព​​សហរដ្ឋអាមេរិកបោះបង់ចោល។ សម្រាប់ពេលនេះ រុស្ស៊ីកំពុងតែចូលខ្លួន មកធ្វើ​ជាអ្នកចែកសន្លឹកបៀថ្មី នៅភាគខាងជើងស៊ីរី៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ