អានតួអត្ថបទ
បារាំង-លីបង់

ប្រធានាធិបតី​បារាំង​សន្យា​ជួយ​លីបង់ ដោះស្រាយ​វិបត្តិ​នយោបាយ និង​បញ្ហា​ជនភៀស​ខ្លួន​

ចាប់​ពី​ថ្ងៃ​សៅរ៍ ​ទី​១៦​មេសា ​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ ហូឡង់ ​បាន​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​តំបន់​ដើមបូព៌ា ​ដោយ​បាន​ចាប់ផ្តើម​ពី​ប្រទេស​លីបង់ ​បន្ទាប់​មក​អេហ្ស៊ីប ​និង​ហ្សកដានី។ នេះ​ជា​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​ ដែល​លោក​មាន​ទិសដៅ​បង្ហាញ​ពី​ឥទ្ធិពល​និង​តួនាទី​បារាំង ​ ក្នុង​កិច្ចការ​កសាង​សន្តិភាព​ក្នុង​តំបន់​ដើមបូព៌ា។ ក៏​ប៉ុន្តែ​ក្នុង​ប្រទេស​បារាំង​ឯណោះ​វិញ ​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ​ ហូឡង់ ​កាន់តែ​បាត់បង់​ការ​គាំទ្រ​កាន់តែ​ខ្លាំង។

លោក François Hollande និង នាយករដ្ឋមន្ត្រីលីបង់ Tamman Salam នៅ​វិមានរដ្ឋាភិបាល​ក្រុង​បេរូត ថ្ងៃទី ១៦ មេសា ២០១៦
លោក François Hollande និង នាយករដ្ឋមន្ត្រីលីបង់ Tamman Salam នៅ​វិមានរដ្ឋាភិបាល​ក្រុង​បេរូត ថ្ងៃទី ១៦ មេសា ២០១៦ REUTERS/Wael Hamzeh/Pool
ផ្សាយពាណិជ្ជកម្ម

 

ប្រទេស​ លីបង់​ជួបការ​រាំងស្ទះ​នយោបាយ​ជិត​២​ឆ្នាំ​មក​ហើយ ​ដោយ​គ្មាន​ប្រធានាធិបតី​គ្រប់គ្រង​ទេ។ ហើយ​មួយ​វិញទៀត​លីបង់​ មាន​ព្រំដែន​ជាប់​ជាមួយ​ស៊ីរី ​ដែលធ្វើ​ឲ្យ​មាន​ជនភៀសខ្លួន​ស៊ីរី​ ជាង​១លាន​នាក់ ​ដែល​បាន​រត់​ទៅ​ជ្រកកោន​នៅ​លីបង់ ​ បង្ករ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​ថែម​ទៀត ​សម្រាប់​ប្រទេស​ដ៏​តូច​មួយ​នេះ។ លោក​ប្រធានាធិបតី​បារាំង​ កំពុងតែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់​ ដើម្បី​ពិភាក្សា ​លើ​កម្មវិធី​ជំនួយ ​ដើម្បី​ជួយ​លីបង់។

ជនភៀសខ្លួន​ស៊ីរី ​នៅ​លីបង់​មាន​ជិត​៣០%​ នៃ​ប្រជាជន​លីបង់៖
បន្ថែម​ពី​វិបត្តិ​នយោបាយ​គឺ ​វិបត្តិ​ជនភៀសខ្លួន​ស៊ីរី ​ដែល​នាំ​គ្នា​រត់​មក​នៅ​កកកុញ​ក្នុង​ប្រទេស​លីបង់។ កន្លង​មក​ តាម​បណ្តាញ​ព័ត៌មាន​នានា ​គេ​នាំគ្នា​និយាយ​តែ​ពី​តួកគី ​ដែល​មាន​ជនភៀស​ខ្លួន​ស៊ីរី ​រាប់​លាន​នាក់។ ជន​ភៀស​ខ្លួន​ស៊ីរី ​ដែល​រត់​ទៅ​លីបង់​ មាន​មិន​ជាង​នៅ​តួកគី​មែន ​ តែ​បើ​យើង​ធ្វើ​សមមាត្រ ​ទៅ​នឹង​ផ្ទៃដី ​ហើយ​ប្រជាជន​សរុប​ ​គឺ​ថា​លីបង់ ​កំពុង​ជួប​វិបតិ្ត​ធ្ងន់ធ្ងរ​ជាង​តួកគី​ឆ្ងាយ​ណាស់ ​ព្រោះ​លីបង់​ជា​ប្រទេស​តូច​ជាង​តួកគី​ឆ្ងាយណាស់​ ហើយ​ប្រជាជន​លីបង់​មាន​តែ​ជាង​៤លាន​នាក់ទេ។

បច្ចុប្បន្ន​នេះ ​ជន​ភៀសខ្លួន​ស៊ីរី ​នៅ​លីបង់​ មាន​ដល់​ទៅ​ ជាង​មួយ​លាន​នាក់។ នេះ​នៅ​មិន​រាប់​ជន​ភៀសខ្លួន​មក​ពី​តំបន់​ផ្សេង ​ដូច​ជា​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ជាដើម។ សរុប​ទៅ​មាន​ន័យ​ថា ​ចំនួន​ជន​ភៀសខ្លួន ​នៅ​លីបង់ ​មាន​សឹង​តែស្មើ​៣០%​នៃ​ចំនួន​ប្រជាជន​លីបង់​ទៅ​ហើយ។ ដូច្នេះ​ហើយ ​បាន​ជា​លីបង់​ត្រូវ​ការ​ជំនួយ​បន្ទាន់​ពី​សហគមន៍​អន្តរជាតិ។

ជួយ​លីបង់​១៥០លាន​អឺរ៉ូ ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ស៊ីរី៖
អ្វី​ដែល​រដ្ឋាភិបាល​បារាំង​បាន​សន្យា ​គឺ​បារាំង​នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​លីបង់ ​សម្រាប់​ឆ្នាំ​២០១៦​នេះ ​គឺ​៥០​លាន​អឺរ៉ូ។ តាមពិត​ ការ​សន្យានេះ​ បាន​ធ្វើ​រួច​ទៅ​ហើយ ​កាល​ពី​ដើម​ខែ​មីនា ​ក្នុង​ឱកាស​សន្និសីទ​រក​ជំនួយ​ជួយ​ជន​ភៀសខ្លួន​ស៊ីរី​នៅ​ទីក្រុង​ឡុងដ៍។ បន្ថែម​ពីនេះ ​សម្រាប់​៣​ឆ្នាំ​ទៅមុខ​ទៀត ​ លោក​ប្រធានាធិបតី​បារាំង​សន្យា ​ជួយ​លីបង់​ ១០០​លាន​អឺរ៉ូ។

ក្រៅ​ពី​ជំនួយ​ហិរញ្ញវត្ថុ​ បារាំង​បាន​សន្យា​ជាមួយ​លីបង់ ​ថា​នឹង​ទទួល​យក​ជនភៀសខ្លួន​ស៊ីរី​ ចំនួន​៣ពាន់​នាក់ ​ដែល​បច្ចុប្បន្ន​ស្នាក់នៅ​លីបង់ ​យក​មក​រស់នៅ​បារាំង ​ ដោយ​ធ្វើការ​សហការ​ជាមួយ​នឹង​ឧត្តម​ស្នងការ​ជនភៀសខ្លួន ​របស់​អង្គការ​សហប្រជាជាតិ។ យ៉ាងណា​ក៏ដោយ ​៣ពាន់​វា​នៅ​តិច​ណាស់។ បារាំង​សន្យា​ទទួល​ជនភៀស​ខ្លួន​ស៊ីរី ​សរុប​ទាំងអស់​៣ម៉ឺន​នាក់​ ក៏​ប៉ុន្តែ​ចំនួន​ពិត​ប្រាកដ ​នៅ​មិនទាន់​បាន​ដល់​ពាក់​កណ្តា​លនេះ​នៅ​ឡើយទេ។

ដោះស្រាយ​វិបត្តិ​នយោបាយ​លីបង់ ​ ជារឿង​បន្ទាន់៖
ទាក់ទិន​និង​បញ្ហា​នយោបាយ​លីបង់ ​តាម​ពិត​ទៅ​ខាង​វិមាន​ប្រធានាធិបតី​បារាំង ​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់​ ព្រោះ​មិនចង់​រង​ពាក្យ​រិះគន់។ ព្រោះអី្វ​ ព្រោះ​ថា​គេ​អាច​រិះគន់​ថា ​លោក​ហ្វ្រង់ស័រ ហូរឡង់ ​ចង់​ទៅ​ជួយដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ស្រុក​គេ ​ ទាំង​ខ្លួន​ឯង​នៅ​បារាំង​ឯនេះ​វិបត្តិ​នៅ​រុំកោះ ​ប្រជាប្រិយភាព​ធ្លាក់ចុះ​លែង​មាន​អ្នក​ណា​គាំទ្រ ​​បែរ​ជា​ចង់​ទៅ​ផ្តល់​មេរៀន​ឲ្យ​លីបង់​ទៀត។ កន្លែង​នេះ​ហើយ ​ដែល​ធ្វើ​ឲ្យ​លោក​ហ្វ្រង់ស័រ ហូឡង់​មិន​សូវ​ជា​មាន​គោល​ជំហរ​ច្បាស់​លាស់​ទេ ​ក្នុង​វិបត្តិ​នយោបាយ​លីបង់។

គោល​ជំហរ​មិន​ច្បាស់​លាស់​នេះ ​ ត្រូវ​បាន​លោក​ប្រធានាធិបតី​បារាំង ​ដែល​បាន​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​លីបង់ ​លោក​ តាំម៉ាំ សាឡាម ​អះអាង​ថា ​បារាំង​មិន​កាន់​ជើង​ភាគី​ណា ​បក្ស​ណានោះ​ទេ។ បញ្ហា​ចំបង​គឺ​ស្ថិរភាព​ និង​ការ​បង្រួបបង្រួម​ជាតិ​លីបង់។ លោក​ហ្រ្វង់ស័រ ហូឡង់​មាន​ប្រសាសន៍​ថា​ ជិត​២ឆ្នាំ​ហើយ​ ដែល​លីបង់ ​និយាយ​គ្នា​មិនត្រូវ ​មិន​អាច​តែងតាំង​ប្រធានាធិបតី​បាន។ បញ្ហា​នេះ ​មិន​អាច​បន្ត​នៅ​អូស​បន្លាយ​ទៀត​បាន​ទេ ​ព្រោះ​លីបង់​កំពុងតែ​រុំព័ទ្ធ​ដោយ​វិបត្តិ​ ជា​ពិសេស​គឺ​ចលនា​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម។ ដូច្នេះ​លីបង់​ ត្រូវការ​ឲ្យ​មាន​រដ្ឋាភិបាល​មួយ​រឹងមាំ ​មាន​អំណាច​កណ្តាល​ជន្ទោល ​ និង​ត្រូវ​ការ​ស្ថាប័ន​ធំៗ​របស់​រដ្ឋ​មាន​កំលាំង ​ធ្វើការ​មាន​ប្រសិទ្ធិភាព។

អ្វីដែល​លោក​ហ្រ្វង់ស័រ ហូឡង់ ​បាន​សន្យា​ជាមួយ​លីបង់ ​គឺ​លោក​នឹង​ប្រើ​តួនាទី​បារាំង ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​ ដើម្បី​ធ្វើការ​ដឹកនាំ​ក្រុម​ចំរុះ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ដោះស្រាយ​វិបតិ្ត​លីបង់។ ក្រុម​ចំរុះ​នេះ ​ស្ថិត​ក្នុង​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ ​ជាមួយ​នឹង​សហព័ន្ធ​ប្រទេស​អារ៉ាប់​ ជាមិត្ត​ជាមួយ​លីបង់។ ស្ថិត​ក្នុង​កម្មវត្ថុ​នេះ​ លោក ​ហ្សង់ម៉ាក ​អេរ៉ូ​ រដ្ឋមន្ត្រី​ការបរទេស​បារាំង ​ និង​អញ្ជើញ​ទៅ​ប្រទេស​លីបង់ ​នៅ​ថ្ងៃទី​២៧​ឧសភា ​ខាង​មុខនេះ​​ ដើម្បី​ចាប់ផ្តើម​ផ្តល់​សន្ទុះ​ដល់​ការ​ចរចា​នយោបាយ ​ជាមួយ​ភាគី​លីបង់​ទាំងអស់។
 
ជំនួយ​យោធា៖
រ៉ាប៊ីសាអូឌីត ​ ដោយ​ខឹង​នឹង​ពួក​ហេសបូឡា​លីបង់ ​ដែល​ចូលរួម​ជាមួយ​អ៊ីរ៉ង់​ ក្នុង​សង្រ្គាម​នៅ​ស៊ីរី ​ បាន​សម្រេច​ផ្អាក​ជំនួយ​យោធា​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា​ជិត​៣ពាន់​លាន​អឺរ៉ូ។ ជំនួយ​យោធា​នេះ ​ គឺ​អារ៉ាប៊ីសាអូឌីត ​កុម្មង់​ទិញ​ពី​បារាំង ​យក​ទៅ​ជួយ​លីបង់។ យ៉ាងណាក៏​ដោយ នេះ​គ្រាន់តែ​ជា​ការផ្អាក ​ ហើយ​កិច្ចសន្យា​នៅ​មិនទាន់​លុប​ចោល​ទេ។ បញ្ហា​ចោទ​គឺ​ថា​គេ​មិន​ដឹង​ថា​អាវុធ​ដែល​កុម្មង់ទិញ ​ មិនដឹង​ជា​ធ្លាក់​ទៅ​ក្នុង​ដៃ​អ្នក​ណា​ទេ។

បញ្ហា​យោធា​លីបង់​គឺស្មុគស្មាញ ​ ដោយសារ​តែ​មាន​កងទ័ព​សេរី​លីបង់​ផង​ មាន​កងទ័ព​ហេសបូឡា​លីបង់​ផង។ ទាំងពីរ​នេះ​មាន​និន្នកា​នយោបាយ​ខុសគ្នា​ ហើយ​ដែល​ជា​ប្រភព​នៃ​ភាព​តានតឹង​នយោបាយ។ វិស័យ​កងទ័ព​លីបង់ ​ត្រូវការ​ជំនួយ​បន្ទាន់​ ដើម្បី​ឲ្យ​កងទ័ព​នេះ ​អាច​មាន​លទ្ធភាព​ទប់​ក្រុម​ឧទ្ទាម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។

រដ្ឋាភិបាល​បារាំង​ មិន​បាន​បញ្ជាក់​លំអិត ​ អំពី​កម្មវិធី​ជំនួយ​ផ្នែក​យោធា​ឲ្យ​លីបង់​ទេ។ អ្វីដែល​លោក​ហ្រ្វង់ស័រ ហូឡង់​បាន​ប្រកាស ​គឺគ្រាន់តែ​បាន​និយាយ​ថា ​ បារាំង​នឹង​ព្យាយាម​រកវិធី​ជួយ​លីបង់ ​ក្នុង​វិស័យ​យោធា ​និង​កង​អាវុធហត្ថ។ តាម​ការ​បញ្ជាក់ ​ លោក​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​ និង​ធ្វើការ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លីបង់ ​ ដើម្បី​ស្វែង​យល់​ពី​តំរូវការ​បន្ទាន់ ​របស់​កងទ័ព​សេរី​លីបង់ ​មិន​ថា​ក្នុង​វិស័យ​ហ្វឹកហាត់ ​សម្ភារៈ ​រឺវិស័យ​ទិន្ន័យ​យោធា​ជាដើម។ បន្ទាប់មក​ បារាំង​នឹង​សម្រេច​ ថា​ត្រូវ​ជួយ​តាម​វិធីណា​ ផ្នែកណា។ ក្រៅពីនេះ​ លោក​ហ្រ្វង់ស័រ ហូឡង់​ បាន​ប្រកាស​ផងដែរ​ ថា​បារាំង​នឹង​បន្ត​រក្សា​កងកម្លាំង​ពិសេស​របស់​បារាំង​ ចំនួន​៩០០​នាក់ ​ ដែល​ឈរជើង​នៅ​លើបង់​ក្នុង​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ ​ឲ្យនៅ​ដដែល។

យ៉ាងណា​ក៏ដោយ ​យើង​សង្ឃឹម​ថា ​អន្តរាគមន៍​របស់បារាំង ​នៅ​លីបង់​នឹង​អាច​ហុចផល​ល្អ ​សម្រាប់​លីបង់ ​និង​តំបន់​ដើមបូពា ​ហើយ​ជាពិសេស ​សម្រាប់​ប្រជាប្រិយភាព​លោក​ហ្វ្រង់ស័រ ហូឡង់​ផ្ទាល់តែ​ម្តង។ ព្រោះបើ​និយាយ​ពី​បញ្ហាក្នុងស្រុក ​គឺ​ថា​៤ឆ្នាំ​មក​នេះ​លោក​ហូឡង់ ​បរាជ័យ​សឹងតែ​គ្រប់​វិស័យ​តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ