ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT

បារាំងនិង អេមៀរ៉ាត់អារ៉ាប់​រួម ជុំគ្នា​រៀប​ចំ​សន្និសីទ​អន្តរជាតិ ​ដើម្បី​សង្រ្គោះ​បេតិកភណ្ឌ​ពិភពលោក

បារាំងនិង អេមៀរ៉ាត់អារ៉ាប់​រួម ជុំគ្នា​រៀប​ចំ​សន្និសីទ​អន្តរជាតិ ​ដើម្បី​សង្រ្គោះ​បេតិកភណ្ឌ​ពិភពលោក
 
ច្រកចូល​ទៅ​ប្រាសាទ​ Palmyre នៅខែ​មីនា​២០១៦ ​ក្រោយ​​ពេល​​រំដោះ​​បានមក​​វិញ​​ពី​ដៃ​​ក្រុុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម STRINGER / AFP

សង្រ្គាម​នៅ​ស៊ីរី​ និង​អ៊ីរ៉ាក់ ​បាន​បង្ក​វិនាសកម្ម​មិន​ថា​លើ​អាយុ​ជីវិត​មនុស្ស ​តែ​ថែម​ទាំង​ទៅ​លើ​វិនាសកម្ម​​ទៅលើ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​មនុស្សជាតិ ​ថែមទៀត​ផង។ ដែនដី​អ៊ីរ៉ាក់ ​និង ​ស៊ីរី ​គឺ​ជា​អតីត​ដែនដី​នៃ​តំបន់​ម៉េហ្សូប៉ូតាមី ​ដែល​មាន​អរិយធម៌​រីក​ចំរើន​ តាំងតែ​ពី​ប្រមាណ​​២ពាន់​ឆ្នាំ​ មុន​គ្រឹស្តិ​សករាជ។ តំបន់​នេះ ​សំបូរ​ទៅ​ដោយ​ទីក្រុង​បូរាណ ​ដែល​មាន​ចំណាស់​ជិត​៣ពាន់​ឆ្នាំ ​ហើយ​ដែល​ត្រូវ​ចាត់​បញ្ចូល​ជា​សម្បតិ្ត​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ ​ ដោយ​អង្គការ​យូណេស្កូ។ ដើម្បី​រិះរក​វិធី​ការពារ ​និង​ស្រោចស្រង់​សម្បតិ្ត​បិតិ​ភណ្ឌ​ទាំង​នេះ ​ បារាំង​ និង​ប្រទេស​អេមៀរ៉ាត់​រួម​ បាន​ផ្តើម​គំនិត​រៀប​ចំ​សន្និសិទ​អន្តរជាតិ​មួយ ​ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស ​និង​អង្គការ​អន្តរជាតិ​ជាច្រើន។

ស៊ីរី​ និង​អ៊ីរ៉ាក់ ដែនដីអរិយធម៌​ម៉េហ្សូប៉ូតាមី ​ចំណាស់​២ពាន់​ឆ្នាំ​មុន​គ្រឹស្ត​សករាជ៖

ដែនដីស៊ីរី ​និង​អ៊ីរ៉ាក់ ​សំបូរ​ទៅ​ដោយ​ទីក្រុង​បូរាណ ​វិហារ​បូរាណ ​ដែល​ចំណាស់​ជាង​មួយ​ពាន់​ឆ្នាំ​ មុន​គ្រិះ​សករាជ​ទៅទៀត។ តំបន់​នេះ​គឺ​ជា​អតីត​ដែនដី​នៃ​អរិយធម៌​ ម៉េហ្សូប៉ូតាមី ​និង​បាប៊ីឡូន ​មុន​នឹង​សាបរលាប​បន្តិច​ម្តងៗ​ ក្រោយ​ការ​វាទទី​របស់​អាណាចក្រ​រ៉ូម៉ាំង។ ដូច្នេះ​ហើយ​ ទីក្រុង​បូរាណ ​សំណង់​ប្រាសាទ​ចាស់ៗ​ ដែល​នៅ​សេស​សល់​រហូត​មក​ដល់​បច្ចុប្បន្ន ​ ​គឺ​មាន​តំលៃ​មហាសាល​មិន​អាច​កាត់​ថ្លៃ​បាន​ទេ ​ ព្រោះវា​ជា​ទឹកតាង​នៃ​ប្រវត្តិសាស្រ្ត​រួម ​របស់​មនុស្ស​ជាតិ​យើង​ទាំង​អស់​គ្នា។

៤ ឆ្នាំ​មកនេះ ​ស៊ីរី​ និង​អ៊ីរ៉ាក់​​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្លើង​សង្រ្គាម។ ទីតាំង​ប្រវត្តិសាស្ត្រ​ទាំងអស់ ​មិនមែន​ត្រឹមតែ​ខូចខាត​ដោយសារ​ការ​ប្រយុទ្ធ​គ្នា ​គ្រាប់​កាំភ្លើង ​រឺ​ការ​ទំលាក់​គ្រាប់បែក​ប៉ុណ្ណោះ​ទេ ​តែ​ទីតាំង​ខ្លះ​ គឺ​ត្រូវ​បំផ្លេចបំផ្លាញ​ដោយ​ចេតនា ​ដោយ​ស្នាដៃ​មនុស្ស​ជា​អ្នក​វាយ​កំទេច​តែម្តង។ គ្រាន់​តែ​នៅ​ស៊ីរី ​ មាន​ទីតាំង​បេតិកភណ្ឌ​ប្រវត្តិសាស្រ្ត​ចំនួន​ ៩០០​កន្លែង ​ ដែល​បាន​រង​ការ​ខូចខាត។ នេះ​បើ​យោង​តាម​តួលេខ​ផ្លូវ​ការ​របស់​សមាគម​ដើម្បី​ការ​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ស៊ីរី។

ជា​ឧទាហរណ៍ ​តំបន់​ប្រាសាទ​បូរាណ​ប៉ាល់មៀរ។ តំបន់​នេះ ​បាន​ស្ថិត​នៅ​ក្រោម​កណ្តាប់​ដៃ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៥ ​ដល់​ខែ​មីនា​២០១៦។ ពេល​ដែល​រំដោះ​បាន​មក​វិញ ​ គឺប្រាសាទ​បូរាណ​ប៉ាល់មៀរ ​សឹងតែ​រលំ​ រាបដល់​ដី​ទៅ​ហើយ។ ក្រុម​ជីហាត ​ បាន​យក​ទីតាំង​ប្រាសាទ​បូរាណ​សំខាន់ៗ ​ ​ធ្វើ​ជា​មូលដ្ឋាន​របស់​ពួកវា ​ ដើម្បី​ជា​ខែល ​បង្អាក់​ការ​ទំលាក់​គ្រាប់បែក។ ជា​ទូទៅ ​កងទ័ព​សម្ព័ន្ធមិត្ត​ ដែល​មាន​អាមេរិក ​និង​បារាំង ​ជា​អ្នក​ដឹកនាំ ​តែងតែ​រារែក ​ និង​ពិចារណា​ពី​ផល​ខូចខាត​ ក៏​ប៉ុន្តែ​សម្រាប់​កងទ័ព​រដ្ឋាភិបាល​បាស្ហា ​និង​កងទ័ព​រុស្ស៊ី​វិញ ​គឺ​ថា​គេ​មិន​សូវ​ខ្វល់​ពី​សម្បត្តិ​បេតិកភណ្ឌ​អ្វីទេ។ ជាក់ស្តែង​តំបន់​ទីក្រុង​បូរាណ​នៅ​ក្រុង​អាឡិប ​ គឺ​២​ភាគ​៣ ​ត្រូវ​ខ្ទេចខ្ទី​ដោយការ​ទំលាក់​គ្រាប់បែក​ឥត​សំចៃ​របស់​រុស្ស៊ី។

នៅ​មាន​តំបន់​ប្រវត្តិសាស្ត្រ​ផ្សេងទៀត ​ដូច​ជា​ស្ថានីយ៍ ​Mari ​ស្ថានីយ៍ ​ Doura Europos  ​និង​ស្ថានីយ៍ ​Apamée​ ជាដើម ​ដែល​ខូចខាត​យ៉ាង​ដំណំ។ ក្រៅ​អំពី​ខូចខាត​ដោយ​ការ​ប្រយុទ្ធ​គ្នា ​ អង្គការ​អ្នក​ឃ្លាំ​មើល​នានា ​ បាន​លើក​ឡើង​ពី​ករណី​គាស់​រំលើង​យក​វត្ថុ​បូរាណ​ទាំង​នោះ​យក​ទៅ​លក់។ ករណី​នេះ​មិនមែន​មាន​ចំពោះតែ​ក្រុម​ជីហាត​អ៊ីស្លាម​ទេ ​ ខាង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​ ក៏​ត្រូវ​គេ​ចោទ​ដែរ។

ចំណែក​នៅ​អ៊ីរ៉ាក់​វិញ ​ តំបន់​ដែល​រង​ផល​ប៉ះពាល់​ជាង​គេ​គឺ​តំបន់​ម៉ូស៊ូល។ កាល​ពេល​ក្រុម​ជីហាត​បាន​ចូល​ទៅ​កាន់​កាប់​តំបន់​នេះ ​ពួកវា​បាន​ចូល​ទៅ​វាយ​បំផ្លាញ​វត្ថុបូរាណ ​នៅ​ក្នុង​សារៈមន្ទីរ​ម៉ូស៊ូល ​ហើយ​បាន​បង្ហោះ​ផ្សាយ​វីដេអូ​នេះ ​ ធ្វើ​ឲ្យ​អ្នក​អភិរក្ស​ប្រវត្តិសាស្រ្ត​ស្រក់​ទឹកភ្នែក។ ដោយឡែក ​ទីក្រុង​បូរាណ​ Nimrod ​ដែល​មាន​ចំណាស់ ​នៅ​សតវត្ស​ទី​១៣​ មុន​គ្រឹស្ត​សករាជ្យ ​ ហើយ​ដែល​ទើបតែ​បាន​រំដោះ​បាន​ពី​ដៃ​ក្រុម​ជីហាដ​អ៊ីស្លាម​កាល​ពី​២​សប្តាហ៍​មុន​នេះ ​ ក៏​រង​ការ​ខូចខាត​គួរ​ឲ្យ​បារម្ភ​ផងដែរ។ ក្រុម​ជីហាដ​បាន​ដាក់​បង្កៃ​គ្រាប់បែក ​នៅក្នុង​ទីតាំង​ប្រាសាទ​ទៀតផង។

បញ្ហា​បំផ្លេច​បំផ្លាញ​សម្បតិ្ត​បេតិកភណ្ឌ​នេះ ​មិនមែន​មាន​នៅ​តែ​អ៊ីរ៉ាក់​ និង​ស៊ីរី​ទេ ​ ​តែ​វា​ក៏​មាន​នៅ​អាហ្វហ្គានីស្ថាន​ និង​ម៉ាលី​ជាដើម។ នៅ​ម៉ាលី ​ស្ថានីយ៍​ប្រវត្តិសាស្ត្រ ​Tombouctou​ ត្រូវ​បាន​ក្រុម​អាល់កាអ៊ីដា ​ វាយ​បំផ្លាញ​សឹងតែ​ទាំង​ស្រុង ​នៅ​ឆ្នាំ​២០១២។

បង្កើត​មូលនិធិ​អន្តរជាតិ​ ស្រោចស្រង់​សម្បតិ្ត​បេតិកភណ្ឌ៖
ការ​ផ្តួចផ្តើម​គំនិត​នេះ ​ ត្រូវបាន​លោក​ប្រធានាធិបតី​បារាំង ហ្រ្វង់ស័រ ហូឡង់​ប្រកាស​ឲ្យដឹង ​នៅ​ថ្ងៃនេះ​តែម្តង។ ជា​បឋមបារាំង ​និង ​អេមៀរ៉ាត់អារ៉ាប់រួម ​នឹង​រួមគ្នា​រៀបចំ​សន្និសីទ​អន្តរជាតិ​មួយ ​ដែល​ត្រូវ​ធ្វើ​នៅ​ទីក្រុង​អាប៊ូដាប៊ី ​ ប្រទេស​អេមៀរ៉ាត់​រួម​ ចាប់​ពី​ថ្ងៃ​សុក្រ​ខាង​ស្អែក​នេះ។ សន្និសីទ​អន្តរជាតិ​នេះ ​ នឹង​មាន​ការ​ចូលរួម​ពី​អ្នក​តំណាង​របស់​អង្គការ​យូណេស្កូ ​ប្រទេស​ពាក់ព័ន្ធ​ប្រមាណ​ជា​៤០​ប្រទេស ​ ព្រមទាំង​អង្គការ​អន្តរជាតិ​នានា ​ដែល​ធ្វើការ​ទាក់ទង​នឹង​ជំនាញ​អភិរក្ស​និង​បូរាណ​វិទ្យា។

យោង​តាម​ក្រុម​ការងារ​បារាំង ​ដែល​ទទួល​បន្ទុក​កិច្ចការ​នេះ ​ហើយ​ដែល​មាន​លោក ​Jacque Lang​ អគ្គ​នាយក​វិទ្យាស្ថាន​ពិភពអារ៉ាប់ ​ជាអ្នក​ដឹក​នាំនោះ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​សន្និសីទ​នេះ ​ ភាគី​ទាំង​អស់​នឹង​ត្រូវ​ប្រជុំ​ពិភាក្សាគ្នា​ លើ​ចំណុច​គោលបី​ធំៗ៖

-       រិះរក​យុទ្ធសាស្ត្រ​បញ្ជៀស ​រឺ​ទប់ស្កាត់​កុំ​ឲ្យ​សម្បតិ្ត​បេតិកភណ្ឌ ​ធ្លាក់​ចូល​ទៅ​ក្រុង​កណ្តាប់ដៃ​របស់​ពួក​ជន​បំផ្លាញ។
-       អន្តរាគម​បន្ទាន់ ​ ដើម្បី​សង្រ្គោះ ​រឺ​រំដោះ​វត្ថុ​បូរាណ​ ចេញ​ពី​បណ្តាញ​ជួញ​ដូរ​ខុស​ច្បាប់។
-       ការ​រៀបចំ​ស្តារ ​កសាង ​និង​ជួសជុល​ឡើងវិញ ​នៅ​តាម​ទីតាំង​ប្រវត្តិសាស្ត្រ ​បន្ទាប់​ពី​សន្តិភាព​វិល​ត្រលប់​មក​វិញ។

សម្រាប់​កញ្ចប់​ថវិកា ​ បើ​យោង​តាម​ប្រសាសន៍​លោក ​ Jacque Lang ​ជំហាន​ដំបូង​គេ​ត្រូវ​ការ​ប្រាក់​ប្រមាណ​ជា​១០០​លាន​ដុល្លារ។ ក្នុងនោះ​ភាគី​ដែល​ចូលរួម​ច្រើន​ជាង​គេ ​ ​គឺ​បារាំង ​ និង​អេមៀរ៉ាត់​អារ៉ាប់​រួម​តែម្តង។ បារាំង ​អាច​នឹង​ចំណាយ​ក្នុង​នេះ ​ ប្រមាណ​ជា​៣០​លាន​ដុល្លារ។ ​គេ​នឹង​បង្កើត​មូលនិធិ​អន្តរជាតិ​មួយ​ ដោយ​យក​គំរូ​តាម​មូល​និធី​ធំៗ​ផ្សេង​ទៀត ​ហើយ​បើ​តាម​ការ​គ្រោងទុក ​ មូល​និធី​នេះ ​នឹង​ត្រូវ​បង្កើត​នៅ​ទីក្រុង​ហ្សឺណែវ ​នៅ​រវាង​ឆ្នាំ​២០១៧ ​ដោយ​យោង​តាម​ច្បាប់​របស់​ស្វីស។
 

ចម្លាក់​​នៅ​ប្រាសាទ​បូរាណ​ក្រុង​​Nimrud ​​មាន​ចំណាស់​​នៅ​សតវត្ស​​ទី​១៣ ​​មុន​គ្រិស្ត​សករាជ​ ​​ស្ថិត​នៅ​​ខាង​​ត្បូង​ក្រុង​​Mossoul ត្រូវ​បាន​​បំផ្លាញ​​ដោយ​ក្រុម​ជីហាត​អ៊ីស្លាម​ REUTERS/Ari Jalal

សង្រ្គោះ​សម្បត្តិ​បេតិកភណ្ឌ ​មាន​តម្លៃ​ស្មើ​សង្រ្គោះ​ជីវិត​មនុស្ស​ ដែល​រត់គេច​ពី​សង្រ្គាម៖
ថវិកាជា​មធ្យោបាយ​មួយ​ ក្នុង​ការ​ចំណាយ។ មធ្យោបាយ​មួយទៀត​ ​គឺការ​បង្កើត​ជា​បណ្តាញ​សារមន្ទីរ​ និង​មណ្ឌល​អភិរក្ស​វត្ថុ​បូរាណ ​នៅតាម​ប្រទេស​នានា។ លោក​ប្រធានាធិបតី​បារាំង ​ បាន​លើកឡើង​ថា​ ប្រជាជន​ដែល​រត់​គេច​ពី​សង្រ្គាម ​អាច​បាន​ទទួល​សិ​ទ្ធិសុំ​ជ្រកកោន​ជា​ជនភៀស​ខ្លួន ។ ដូច្នេះ​សិទ្ធិ​នេះ ​ ក៏​ត្រូវ​ផ្តល់​ទៅ​ឲ្យ​វត្ថុ​បូរាណ​ដែរ។ វត្ថុ​បូរាណ ​ដែល​រង​ការ​ខូចខាត ​ ​រឺ​ដែល​ត្រូវ​រំដោះ​បាន​ពី​បណ្តាញ​ជួញដូរ​ខុសច្បាប់ ​អាច​ត្រូវ​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​ ​នៅ​កន្លែង​មាន​សុវត្ថិភាព ​ដូច​ជា​នៅ​សារៈមន្ទីរ​ក្នុង​ប្រទេស​បារាំង។ យ៉ាងណាមិញ​ ប្រទេស​អេមៀរ៉ាត់ អារ៉ាប់រួម​ ​ក៏​កំពុង​តែ​រៀបចំ​សម្ភោធ​សារមន្ទីរ​ដ៏ធំ​បំផុត​របស់​ខ្លួន ​ ​ហើយ​ទីនោះ​ក៏​អាច​ក្លាយ​ជា​កន្លែង​រក្សា​វត្ថុ​បូរាណ​ទាំងនោះ​ បណ្តោះ​អាសន្ន​ដែរ។

មធ្យោបាយ​មួយទៀត ​ ​គឺ​ជា​មធ្យោបាយ​ការ​ទូត ​ ដែល​សន្និសីទ​នេះ​ មាន​បំណង​សម្រេច ​តាម​រយៈ​ការ​ធ្វើសេចក្តី​ថ្លែងការ​រួម ​ ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ​ធ្វើ​សេចក្តី​សម្រេចចិត្ត​រួម​មួយ ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​សន្តិភាព។ ធម្មតា​ទេ ​ក្នុង​វិបត្តិ​សង្រ្គាម ​អ្វី​ដែល​ជា​អាទិភាព​ គឺ​អាយុ​ជីវិត​មនុស្ស ​គេ​មិន​សូវ​ជា​ខ្វល់​ពី​ការ​ស្រោចស្រង់​ប្រាសាទ​បូរាណ​ទេ។​ ក៏​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ ការ​ស្រោចស្រង់​សម្បតិ្ត​បេតិកភណ្ឌ​ គឺ​ជា​រឿង​សំខាន់ ​ដែល​ត្រូវ​តែ​ធ្វើ​ ហើយ​ជាង​នេះ​ទៅទៀត ​ កម្មវត្ថុ​នៃ​ការ​អភិរក្ស​សម្បតិ្ត​បេតិកភណ្ឌ ​គឺ​វា​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​សន្តិភាព ​និង​ការ​បញ្ចប់​សង្រ្គាម៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ