ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT

បោះឆ្នោត​នៅ​អ៊ីស្រាអែល៖ ណេតាន់យ៉ាហ៊ូ សង្ឃឹម​យក​ឈ្នះ និង​បន្ត​អំណាច​អាណត្តិ​ទី៥

បោះឆ្នោត​នៅ​អ៊ីស្រាអែល៖ ណេតាន់យ៉ាហ៊ូ សង្ឃឹម​យក​ឈ្នះ និង​បន្ត​អំណាច​អាណត្តិ​ទី៥
 
បដាឃោសនាបក្សលីគូត មានរូប​លោក​ណេតាន់យ៉ាហ៊ូ ធំនៅ​ពី​លើ​បដា​ របស់​​បក្ស "ខៀវ-ស"របស់លោក បេន្នី ហ្កាន់ស៍ ដែលនៅខាងក្រោម។ ក្រុង​ Petah Tikva ថ្ងៃទី​៧ មេសា ២០១៩​ REUTERS/Nir Elias

នៅថ្ងៃទី​៩មេសា ប្រជាជនអ៊ីស្រាអែល ជាង៦លាននាក់ ត្រូវទៅចូលរួមបោះឆ្នោត ជ្រើសរើស​សមាជិកសភា និងឈានទៅរើសនាយករដ្ឋមន្ត្រីថ្មី។ លោក ប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន​ ដែលដឹកនាំក្រុមសម្ព័ន្ធមិត្តបក្សស្តាំនិយម សង្ឃឹម​យក​ឈ្នះ​ការបោះឆ្នោតលើកនេះ ដើម្បីបន្តតំណែងនេះ ក្នុងអាណត្តិទី៥។ តែយ៉ាងណា លោក បេន្នី ហ្កាន់ស៍ មកពីបក្សកណ្តាល​និយម គឺជា​គូប្រជែងដ៏គ្រោះថ្នាក់ សម្រាប់លោក​ណេតាន់យ៉ាហ៊ូ។ បញ្ហាសន្តិសុខ និងដំណើរការចរចាសន្តិភាព ជាមួយប៉ាឡេស្ទីន គឺជាសំណុំ​រឿងចំបងបំផុត ដែលពុះចែក ការយល់ឃើញ របស់អ្នកនយោបាយនាំមុខទាំង២ នា​ឱកាសបោះឆ្នោតលើកនេះ។

បេន្នី ហ្កាន់ស៍ ចោលឯកសណ្ឋានទាហាន មកធ្វើនយោបាយផ្សះផ្សា​ជាមួយប៉ាឡេស្ទីន

មិនដល់មួយឆ្នាំផងទេ ដែលប្រជាជនអ៊ីស្រាអែល បាន​ចាប់ផ្តើមស្គាល់ឈ្មោះ លោក បេន្នី ហ្កាន់ស៍។ គាត់គឺជាអតីតទាហានលោតឆ័ត្រយោង អតីតមេបញ្ជាការកងកម្លាំងពិសេស ហើយចុងក្រោយគឺជាអគ្គបញ្ជាការ​កងទ័ពជាតិអ៊ីស្រាអែល។ ក្នុងវ័យ​៥៩ឆ្នាំ លោក​បេន្នី ហ្កាន់ស៍​បាន​ដោះឯកសណ្ឋានទាហានចោល​ ហើយ​បាន​ហក់ប្រឡូក ក្នុង​ឆាក​នយោបាយ​អ៊ីស្រាអែល កាលពីដើមឆ្នាំ២០១៨។

លោកបេន្នី ហ្កាន់ស៍ បានបង្កើតចលនានយោបាយ​ថ្មីមួយ មាននិន្នាកាកណ្តាលនិយម ឈ្មោះថា “សម្ព័ន្ធភាព​ខៀវ-ស”។ ខៀវ ស គឺជាពណ៌ទាំង២ នៃទង់ជាតិអ៊ីស្រាអែល។ អ្នកដែលចូលរួម ជាមួយលោក បេន្នី ហ្កាន់ស៍ គឺមានអតីតមេទ័ពធំៗរបស់អ៊ីស្រាអែល យ៉ាង​ហោច​៣រូប រួមជាមួយអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម្នាក់ និងលោក​អតីតប្រធានសហព័ន្ធសហជីពជាតិអ៊ីស្រាអែល។

ដូច្នេះ ក្នុងរូបភាពនេះ យើងឃើញថា លោកបេន្នី ហ្កាន់ស៍ មានការចូលរួមគាំទ្រ ទាំងខាងអ្នកសេដ្ឋកិច្ចហិរញ្ញវត្ថុស្តាំនិយមកណ្តាល ទាំងខាងអ្នកសង្គមនិយម និងពីខាងកងទ័ពខ្លះៗផងដែរ។ គោលនយោបាយ​របស់​លោក​បេន្នី​ ហ្កាន់ស៍ គឺធ្វើ​យ៉ាងណា បិទ​បញ្ចប់​គោលនយោបាយ​តឹង​ហួសហេតុ របស់ពួក​ស្តាំ​និយមជ្រុល ដែល​​ដឹកនាំ​ដោយ​លោក​ណេតាន់យ៉ាហ៊ូ ប្រមាណ​១០ឆ្នាំមកនេះ។ វាគឺ​ជាគោលនយោបាយ​បិទទ្វាជិត រារាំង​​រាល់​ផែនការ​​ផ្សះផ្សា​ជាតិ​ ជាមួយ​ប៉ាឡេស្ទីន។

អ្វីដែលធ្វើឲ្យលោក បេន្នី ហ្កាន់ មាន​ប្រជាប្រិយភាព យ៉ាង​ឆាប់រហ័សនោះ គឺលោក​តំណាង​​ឲ្យ​​ចរន្តគំនិត​ថ្មី ចរន្ត​ផ្លាស់ប្តូរ បើក​ចំហរ​សម្រាប់​យុវជន​អ៊ីស្រាអែល ដែល​នឿយ​ណាយ​​នឹង​ជម្លោះ​រ៉ាំរ៉ៃ ​ជាមួយ​ប៉ាឡេស្ទីន។ បើទោះ​លោក បេន្នី ហ្កាន់ស៍ មិន​បាន​អះអាង​ថា លោក​គាំទ្រ​ការ​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​ក៏ដោយ តែ​លោក​បាន​សន្យាថា នឹង​បើកចិត្ត បោះដៃ ដើម្បី​ផ្សះផ្សា​ កសាង​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន។

បញ្ហាសន្តិសុខ ជាស្នូលនៃការឃោសនា របស់លោកណេតាន់យ៉ាហ៊ូ

ផ្ទុយទៅវិញ លោកណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តី​បច្ចុប្បន្ន មាន​គំនិត​ពង្រឹង​សន្តិសុខ​ឲ្យកាន់តែ​ខ្លាំង​ហើយ​​មិន​ត្រូវ​បន្ធូរដៃ ​ជាមួយ​ប៉ាឡេស្ទីន ជាដាច់ខាត។ បញ្ហាសន្តិសុខនេះ គឺត្រូវបានលោកណេតាន់យ៉ាហ៊ូ យកមកធ្វើ​ជា​ចំណុចស្នូល នៃការឃោសនា។ តាំងតែ​ពីដើមមក លោក​ណេតាន់យ៉ាហ៊ូ ជា​មនុស្សងប់នឹង​បញ្ហា​សន្តិសុខ។ លោក​ណេតាន់យ៉ាហ៊ូ មិន​ដែលលាក់ទេ នូវការយល់ឃើញ​របស់គាត់ ដែលថា “អ៊ីស្រាអែល ស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ ព័ទ្ធទៅដោយសត្រូវជុំទិស”។ ដូច្នេះ អ៊ីស្រាអែល​ ត្រូវតែពង្រឹងកម្លាំង ដោយមិនឲ្យប៉ាឡេស្ទីន មានថ្ងៃក្លាយជារដ្ឋអធិបតេយ្យ បានជាដាច់ខាត។ សម្រាប់​លោក​ណេតាន់យ៉ាហ៊ូ បើប៉ាឡេស្ទីនរឹងមាំ ក្លាយជារដ្ឋឯករាជ្យ គឺវានឹងគំរាមដល់សន្តិសុខ និងស្ថិរភាពរបស់រដ្ឋអ៊ីស្រាអែល។

ក្នុងន័យនេះ លោកណេតាន់យ៉ាហ៊ូ បានអះអាងប្រាប់ទៅពលរដ្ឋអ៊ីស្រាអែលថា គឺមានតែលោកទេ ដែលអាចការពារទឹកដីអ៊ីស្រាអែល ហើយការពារសន្តិសុខឲ្យប្រជាជនអ៊ីស្រាអែល​បាន។ លោកមិនញញើតទេ ក្នុងការប្រើកម្លាំងសង្កត់ទៅលើប៉ាឡេស្ទីន ឬក្រុម​ហាម៉ាស ដែលធ្វើសកម្មភាពភេរវកម្ម ឬបាញ់ផ្លោងគ្រាប់មក​ក្នុងដីអ៊ីស្រាអែល។

ជាងនេះទៀត លោកណេតាន់យ៉ាហ៊ូ មិនមែនមានគំនិតត្រឹមតែការពារទឹកដីអ៊ីស្រាអែលទេ គឺពង្រីកទឹកដីអ៊ីស្រាអែល ថែមទៀតផង។ ជាក់ស្តែង កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ លោកណេតាន់យ៉ាហ៊ូ បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា បើលោកឈ្នះឆ្នោត លោក​នឹង​​បញ្ចូល​មកក្នុងដីអ៊ីស្រាអែលទាំងអស់​ នូវដែនដីអាណានិគម ដែលប្រជាជន​ជ្វីហ្វ ទៅតាំងទីក្នុងតំបន់ស៊ីហ្សកដានី។ គំនិតជាតិនិយមជ្រុលរបស់លោក ណេតាន់យ៉ាហ៊ូនេះ គឺគាត់តែងតែអនុវត្តដោយមិនខ្វល់ ពីសហគមអន្តរជាតិទេ។

ដូណាល់ ត្រាំ ជួយជ្រោមជ្រែងលោកណេតាន់យ៉ាហ៊ូ

កាលពីខែចុងខែមីនា លោកណេតាន់យ៉ាហ៊ូ បានទៅវ៉ាស៊ីនតោន ហើយលោកដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ដែនដីខ្ពង់រាបហ្គោឡានរបស់ស៊ីរី ថាគឺជាទឹកដីរបស់អ៊ីស្រាអែល។ ទង្វើនេះ ត្រូវបានគេមើលឃើញថា លោកដូណាល់ ត្រាំ បានធ្វើកាដូ ដើម្បីជួយលោកណេតាន់យ៉ាហ៊ូ ឲ្យ​ឈ្នះឆ្នោត។ ពេលមកដល់ស្រុកវិញ លោកណេតាន់យ៉ាហ៊ូ បានអួតថា មានតែលោកទេ ដែលទៅនិយាយនៅអាមេរិកមានគេស្តាប់ មិនថានៅសភាខុនក្រេស មិនថា​នៅសេតវិមាន។

គាត់អួតថា គាត់បានទាមទារដាក់លក្ខណៈបីធំៗ ទៅលើផែនការដោះស្រាយវិបត្តិ អ៊ីស្រាអែល - ប៉ាឡេស្ទីន ដែលរដ្ឋបាលលោកត្រាំ កំពុងតែពិចារណា។ ទីមួយ គឺ​ក្រុង​ហ្សេរុយសាឡឹម មិនអាចពុះចែកបាន ជារបស់អ៊ីស្រាអែលផ្តាច់មុខ។ ទី២ អ៊ីស្រាអែលត្រូវតែបន្តគ្រប់គ្រងតំបន់វាលទំនាបទន្លេហ្សកដាំង ហើយទី៣ គឺមិនរុះរើដែនដីអាណានិគម ក្នុងតំបន់ស៊ីហ្សកដានីជាដាច់ខាត កុំថាឡើយផ្ទះប្រជាជនជ្វីស្វ​សូម្បីតែម្នាក់។

ស្នៀតទាំងអស់នេះ គឺលោកណេតាន់យ៉ាហ៊ូ បានបច្ចេញនៅកៀកថ្ងៃបោះឆ្នោត ដើម្បីបំប៉ោងរូបភាព នៃភាពជោគជ័យ នៃនយោបាយរបស់គាត់ ដែលគិតប្រយោជន៍ជនជាតិជ្វីហ្វ ជាងអ្វីៗទាំងអស់​ ចង់អ្នកណារងទុក្ខយ៉ាងម៉េចក៏មិនខ្វល់។ ពោលគឺវាមិនខុសពី គោលនយោបាយអត្មានិម « America First » របស់លោកដូណាល់ត្រាំ ប៉ុន្មានទេ។

ថ្វីបើមានរឿងអាស្រូវពុករលួយ តែលោកណេតាន់យ៉ាហ៊ូ មានសង្ឃឹមឈ្នះឆ្នោត

បើយោងតាមការស្ទាបស្ទង់មតិទូទៅ ធ្វើឡើងដោយសារព័ត៌មាន Yedioth Ahronoth ចេញផ្សាយ​ កាលពីថ្ងៃសុក្រ គឺលោកណេតាន់យ៉ាហ៊ូ អាចនឹងឈ្នះឆ្នោតអាណត្តិនេះមួយទៀត។ រដ្ឋសភា Knesset របស់អ៊ីស្រាអែល មាន១២០អាសនៈ។ ដូច្នេះដើម្បីបង្កើតរដ្ឋាភិបាល​បាន គឺត្រូវការ​៦១អាសនៈ។ តាំងតែពីកកើតរដ្ឋអ៊ីស្រាអែលមក មិនដែលមានបក្សណាមួយ ឈ្នះដាច់បានសម្លេងភាគច្រើន​ក្នុងសភាទេ។ ជាទូទៅ គឺជារដ្ឋាភិបាលចម្រុះ។

តាមការស្ទាបស្ទងមតិខាងលើ បក្ស សម្ព័ន្ធភាព​ខៀវ-ស របស់លោក បេន្នីហ្កាន់ អាចប្រមូលបាន​៣០អាសនៈ រីឯបក្សលីគូទរបស់លោកណេតាន់យ៉ាហ៊ូ អាចប្រមូលបានតែ​២៦​អាសនៈទេ។ក៏ប៉ុន្តែលោកណេតាន់យ៉ាហ៊ូ អាចនឹងមានការចុះចូល ពីបក្សមួយចំនួនទៀត ដែលមាននិន្នាការស្តាំនិយមប្រហាក់ប្រហែលគ្នា។ បោះឆ្នោតលើកនេះ មានគណបក្សចូលរួមដល់ទៅ៤០ ដែលធ្វើឲ្យសម្លេងឆ្នោតបែកច្រើន។ បក្សមួយ ដែលមិនបានសម្លេងឆ្នោត ៣,២៥% ដែលស្មើនឹង៤អាសនៈទេ គឺមិនអាចចូលសភាបានទេ។

ដូច្នេះ តាមការសន្និដ្ឋាន សម្ព័ន្ធភាពស្តាំនិយមជ្រុល របស់លោកណេតាន់យ៉ាហ៊ូ អាចបានអាសនៈសរុប ៦៣។ អញ្ចឹងលោក ណេតាន់យ៉ាហ៊ូ ប្រហែល​​ជា​អាចឈានទៅបង្កើតរដ្ឋាភិបាលបាន ដែលជារដ្ឋាភិបាលចម្រុះ រវាងពួកស្តាំនិយម ពួកជាតិនិយម​ជ្រុល និងពួកជ្វីហ្វអកតូដុក្ស ស្រដៀងគ្នាទៅនឹងរដ្ឋាភិបាល​បច្ចុប្បន្ននេះ។ បើពិតមែន គឺលោកណេតាន់យ៉ាហ៊ូ នឹង​ក្លាយជានាយករដ្ឋមន្ត្រី ដែលកាន់អំណាចបានយូរជាងគេ ក្នុងប្រវត្តិសាស្ត្​រអ៊ីស្រាអែល៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ណេតាន់យ៉ាហ៊ូ បញ្ជាក់​​ថាបើ​ឈ្នះឆ្នោត នឹង​បញ្ចូល​ដែន​អាណានិគម​ស៊ីហ្សកដានី ទៅ​ក្នុង​ដី​អ៊ីស្រាអែល

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ពលរដ្ឋ​ប៉ាឡេស្ទីន​ជា​ច្រើនពាន់នាក់​ធ្វើ​បាតុកម្ម​នៅ​តាម​ព្រំដែន​រវាង​តំបន់ហ្កាហ្សា និង​ប្រទេស​អ៊ីស្រាអែល

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    តំបន់ខ្ពង់រាប​ហ្កូឡាន៖ អាមេរិក​កាន់តែ​ឯកោ នៅក្នុង​ឆាកអន្តរជាតិ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ