ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT
មជ្ឈិមបូព៌ា

ប្រធានាធិបតី​អ៊ីរ៉ង់ អំពាវនាវ​ឲ្យ​ពិភពអ៊ីស្លាម​ រួមគ្នា​តទល់​នឹង​អាមេរិក

media  
លោកហាសាន់ រ៉ូហានី ប្រធានាធីបតី​អ៊ីរ៉ង់ STRINGER/AFP

នៅក្នុងឱកាសសន្និសីទអន្តរជាតិ ស្តីពីការបង្រួបបង្រួមអ៊ីស្លាម ដែលធ្វើឡើងនៅទីក្រុងតេអេរ៉ង់ លោក ហាសាន់ រ៉ូហានី ប្រធានាធិបតី អ៊ីរ៉ង់ បានថ្លែងអំពានាវ ឲ្យពិភពអ៊ីស្លាមទូទាំងសកលលោក ក្រោកឡើង រួមគ្នាតទល់នឹងអំណាចកៀបសង្កត់ ឈ្លាន​ពាន​និយម​របស់អាមេរិក។ លោកប្រធានាធិបតីអ៊ីរ៉ង់ ក៏បានលើកឡើងដែរថា អ៊ីរ៉ង់ត្រៀមខ្លួនជានិច្ច ក្នុងការការពារ ផលប្រយោជន៍ជាតិ របស់អារ៉ាប៊ីសាអូឌីត ដើម្បីកុំឲ្យប្រទេសនេះឱនក្បាល​ បន្តធ្វើជាកូនអុករបស់អាមេរិក។

ឱនក្បាលដាក់លោកខាងលិច ដែលមានអាមេរិកជាមេដឹកនាំ គឺជាទង្វើមួយក្បត់នឹងឧត្តមគតិនៃសាសនារបស់យើង ហើយវាក៏ក្បត់នឹងអនាគតនៃកូនចៅជំនាន់ក្រោយ នៅតំបន់របស់យើងទាំងមូល”។ នេះគឺការប្រកាស របស់លោកហាសាន់ រ៉ូហានី ប្រធានាធិបតី​​អ៊ីរ៉ង់ ក្នុងឱកាសបើកសន្និសីទអន្តរជាតិ ស្តីពីការបង្រួមបង្រួមសាមគ្គីភាពអ៊ីស្លាម នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍ ទី២៤វិច្ឆិកា។

លោក ហាសាន់ រ៉ូហានី បានថ្លែងបន្តថា៖ “យើង​គ្រប់គ្នាមានជម្រើស រវាងការក្រាលព្រំក្រហម ទទួលពួកឧក្រិដ្ឋជន ឬមួយក៏ប្រឹងប្រែងចាប់ដៃគ្នា កសាងកម្លាំង ដើម្បីប្រឆាំងតទល់ នឹងអំពើអយុត្តិធម៌ ហើយបន្តគោរពជឿជាក់ លើព្រះអាឡានៃសាសនាអ៊ីស្លាមយើង”។

លោក ប្រធានាធិបតីអ៊ីរ៉ង់ បានសង្កត់ធ្ងន់បន្ថែមថា៖ “អ៊ីរ៉ង់ ត្រៀមខ្លួនជានិច្ច ក្នុងការជួយការពារផលប្រយោជន៍ជាតិអារ៉ាប៊ីសាអូឌីត ដែលជាបងប្អូនអ៊ីស្លាមដូចគ្នា ដើម្បីទប់ទល់នឹងក្រុមភេរវនិយម ព្រមទាំងឥទ្ធិពលអំណាចកៀបសង្កត់ របស់អាមេរិក។ បងប្អូនអារ៉ាប៊ីសាអូឌីត គ្មានអ្វីដែលត្រូវភ័យព្រួយ ឬខ្លាចអ៊ីរ៉ង់នោះទេ”។ លោករ៉ូហានី បន្តថា “អ្វីដែលអាមេរិក កំពុងធ្វើ គឺយកប្រទេសខ្លះធ្វើជាខ្ញុំកញ្ជះ ដើម្បីបំរើមហិច្ឆិតា និងផលប្រយោជន៍សេដ្ឋកិច្ច អាមេរិក តាមរយៈការលក់គ្រឿងសព្វាវុធ យ៉ាងច្រើនសន្ធឹកសន្ធាប់”

សម្តីខាងលើនេះ គឺលោកហាសាន់ រ៉ូហានី បានសំដៅដោយចំៗ ទៅលើអារ៉ាប៊ីសាអូឌីត និងប្រទេសតំបន់ឈូងសមុទ្រពែក្ស មួយចំនួនទៀត ដែលបានជ្រើសរើសចងសម្ព័ន្ធមេត្រី ជាមួយនឹងសហរដ្ឋអាមេរិក។ គួរកត់សម្គាល់ថា សង្រ្គាម​ពាក្យសំដី រវាងរដ្ឋាភិបាលលោកដូណាល់ ត្រាំ និងរដ្ឋាភិបាលអ៊ីរ៉ង់ កំពុងឡើងដល់ចំណុចកំពូល គួរឲ្យព្រួយបារម្ភបំផុត។

បន្ទាប់ពីបានដកខ្លួនតែម្នាក់ឯង ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ រដ្ឋាភិបាលអាមេរិក បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាច្រើនមកលើអ៊ីរ៉ង់ ហើយថែមទាំងបានគំរាម​ដាក់​ពិន័យ​ទៅលើ​ក្រុមហ៊ុន​បរទេសទាំងអស់ ដែលហ៊ានរកស៊ីជាមួយអ៊ីរ៉ង់ទៀតផង។ ចាប់តាំងពីឡើងកាន់តំណែងមក លោកដូណាល់ ត្រាំ បានប្រកាសសត្រូវយ៉ាង​ចំហ​ជាមួយអ៊ីរ៉ង់​ ហើយបានប្រើប្រាស់គ្រប់វេទិកាអន្តរជាតិធំៗ ដើម្បីវាយប្រហារ ជេរប្រមាថ និងចោទប្រកាន់ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ