ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/06 12h00 GMT
មជ្ឈិមបូព៌ា

ដើមបូព៌ា៖ មេបញ្ជាការ​ក្នុង​សម្ព័ន្ធមិត្ត​អន្តរជាតិ និយាយ​ផ្ទុយគ្នា​រឿង​ការ​គំរាម​របស់អ៊ីរ៉ង់

media  
នាវាផ្ទុកយន្តហោះ​ចម្បាំងរបស់អាមេរិក the USS Abraham Lincoln ត្រូវគេថតបាន​នៅថ្ងៃទី៩ ឧសភា នៅ​ព្រែកជីក​​ស៊ុយអេ កំពុង​​​បើក​សំដៅ​ទៅកាន់​​ឈូងសមុទ្រ ក្បែរ​​ប្រទេស​​អ៊ីរ៉ង់។ Bud Kinsey/via REUTERS

តើនៅតំបន់ដើមបូព៌ា អ៊ីរ៉ង់ព្រមទាំងបក្សពួក កំពុងតែបង្កើនការ​គម្រាម ដល់សន្តិសុខ និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកមែនឬ? លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗ ថាអ៊ីរ៉ង់ កំពុងតែត្រៀមកម្លាំង​​បម្រុង​​ធ្វើអ្វីម្យ៉ាង​នៅដើមបូព៌ា ហើយក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង ព្រមទាំងកងកម្លាំងទម្លាក់គ្រាប់បែក ទៅក្បែរអ៊ីរ៉ង់។ ក៏ប៉ុន្តែ ស្រាប់តែនៅថ្ងៃអង្គារ ទី១៤ឧសភា មេបញ្ជាការតំណាងកងទ័ពអង់គ្លេសម្នាក់​ ដែលជាផ្នែកមួយនៃកងសម្ព័ន្ធមិត្តអន្តរជាតិដែរ​ បានលើកឡើងថា ស្ថានការណ៍នៅដើមបូព៌ា គឺគ្មានអ្វីគួរឲ្យព្រួយបារម្ភ លើសពីធម្មតានោះទេ។

នៅក្នុងកិច្ចប្រជុំពីចំងាយ តាមរយៈ Téléconférence ពីទីក្រុងបាកដាដ ជាមួយនឹងមន្ទីរប៉ង់តាហ្គោន លោក Chris Ghika មេបញ្ជាការទ័ពអង់គ្លេស បានលើកឡើងថា ស្ថានការណ៍នៅស៊ីរី និងនៅអ៊ីរ៉ាក់ គឺគ្មានប្រែប្រួលធ្ងន់ធ្ងរនោះទេ។ លោកបន្ថែមថា ក្រុមកងកម្លាំងដែលស្និទ ឬស្ថិតក្រោមបង្គាប់របស់​អ៊ីរ៉ង់ ពុំមានធ្វើសកម្មភាពអ្វីមួយគួរឲ្យកត់សំគាល់  ដែល​បន្ថែមការគំរាម ឬបន្ថែម​គ្រោះថ្នាក់ ដល់សន្តិសុខក្នុងតំបន់ទេ។ កងទ័ពសម្ព័ន្ធមិត្តអន្តរជាតិ តាមដានក្តាប់ស្ថានភាពនេះ បានយ៉ាងល្អ។

សូមបញ្ជាក់ថា លោក Chris Ghika  គឺជាអ្នកនាំពាក្យរង និងជាអ្នកទទួលបន្ទុក​​ កិច្ចការយុទ្ធសាស្ត្រ និងព័ត៌មាន នៃកងទ័ពសម្ព័ន្ធមិត្តអន្តរជាតិ ប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតអ៊ីស្លាម។ សម្តីរបស់លោកមេបញ្ជាការរូបនេះ គឺវាផ្ទុយទៅនឹងការអះអាង របស់កងទ័ពអាមេរិក ដែលបានលើកឡើងថា អ៊ីរ៉ង់និងបក្សពួក​ កំពុងតែត្រៀមកម្លាំងគំរាមកំហែងកាន់តែខ្លាំង នៅតំបន់ដើមបូព៌ា។

ភ្លាមៗ ក្រោយការលើកឡើងផ្ទុយគ្នានេះ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំតំបន់ដើមបូព៌ា​ បានចេញមុខអះអាងថា សម្តីរបស់លោកមេបញ្ជាការ Chris Ghika គឺមិនត្រឹមត្រូវទេ។ លោក Bill Urban អ្នកនាំពាក្យកងទ័ពអាមេរិកប្រចាំតំបន់​ដើមបូព៌ា បញ្ជាក់ថា​សម្តីរបស់លោក Chris Ghika ​វាផ្ទុយពីអ្វីដែលក្រុមស៊ើបការសម្ងាត់អាមេរិក បានសន្និដ្ឋាន។ ការសន្និដ្ឋានដែលអះអាងថា ស្ថានការណ៍នៅដើមបូព៌ា​ កំពុងតែស្ថិតក្នុងការគំរាមកំហែងខ្ពស់ ដោយសារតែសកម្មភាពរបស់អ៊ីរ៉ង់ ដែលចង់បំផ្លាញផលប្រយោជន៍របស់អាមេរិក។

អ្នក​នាំពាក្យដដែល បន្ថែមថា ដោយយោងទៅលើការគំរាមកាន់តែខ្លាំង របស់អ៊ីរ៉ង់ កងទ័ពអាមេរិក បានបន្ថែម​កម្លាំង នៅក្នុងកងទ័ពសម្ព័ន្ធមិត្ត ដែលប្រចាំការនៅអ៊ីរ៉ាក់ និងស៊ីរី ដែលនេះមានន័យថា ប្រតិបត្តិការ Inherent Resolve OIR នៃកងទ័ពសម្ព័ន្ធមិត្ត កំពុងស្ថិតក្នុងការប្រុងប្រយត្ន័ខ្ពស់។

គួរកត់សំគាល់ថា ការលើកឡើងផ្ទុយគ្នា រវាងមេបញ្ជាកងទ័ពអង់គ្លេស និងអាមេរិកនេះ គឺវាសរបង្ហាញ​ពីភាពមិនចុះសម្រុងគ្នា នៅក្នុងកងទ័ពសម្ព័ន្ធមិត្តអន្តរជាតិ។ ​យ៉ាងណាមិញ លោក​មេ​បញ្ជាការ Chris Ghika បានឆ្លៀតលើកឡើងថា កម្មវត្ថុនៃ​កង​សម្ព័ន្ធ​មិត្ត​​អន្តរជាតិ គឺដើម្បីបោសសំអាតក្រុមជីហាតអ៊ីស្លាមនៅដើមបូព៌ា មិនទៅបើកប្រតិបត្តិការ ប្រឆាំងនឹងអ៊ីរ៉ង់ទេ។ គ្មាន​ឯកសារលាយលក្ខណ៍អក្សរ ឬបទបញ្ជាណាមួយ ឲ្យកងទ័ពសម្ព័ន្ធមិត្ត បើកប្រតិបតិ្តការផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់ឡើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ