អានតួអត្ថបទ

យេម៉ែន៖ ក្រុមហ៊ូទី និង​កងទ័ព​រដ្ឋាភិបាល ព្រម​ព្រៀង​គ្នា​ទំលាក់​អាវុធ​នៅ​​កំពង់ផែ ហូដីដា

ការចរចា​ស្វែងរកសន្តិភាពនៅយេម៉ែន ដែលបានបិទបញ្ចប់ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ធ្នូ នៅប្រទេសស៊ុយអែដ បានទទួលផ្លែផ្កា គួរជាទីគាប់ប្រសើរ។​ កិច្ចព្រមព្រៀងទំលាក់អាវុធ បណ្តោះអាសន្ន រវាង​កងទ័ព​រដ្ឋាភិបាល​យេម៉ែន និង​ក្រុម​ឧទ្ទាមហ៊ូទី ត្រូវបានចុះហត្ថលេខា ដោយភាគីទាំងពីរ បានសន្យា​ឈប់​ប្រយុទ្ធគ្នា នៅ​ទីក្រុង​កំពង់ផែ ហូដីដា។ ទីក្រុងកំពង់ផែនេះ គឺជាច្រកចេញចូលដ៏សំខាន់ សម្រាប់​​នាំយក​ទំនិញ សម្ភារៈ​ប្រើប្រាស់ និងជាពិសេស គឺស្បៀងអាហារ ថ្នាំពេទ្យ​ជាដើម ទៅជួយ​សង្រ្គោះ​ ប្រជាជន​យេម៉ែន។

តំណាងក្រុមហ៊ូទី Mohammed Abdul-Salam (ស្តាំ) ចាប់ដៃជាមួយតំណាងរដ្ឋាភិបាល​យេម៉ែន Khaled al-Yaman (ឆ្វេង) ក្រោម​ក្រសែភ្នែកសប្បាយរីករាយ​របស់​លោក Antonio Guterres និង​លោកស្រី​​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែដ Margot Wallstrom។ ថ្ងៃទី​១៣​ធ្នូ ២០១៨​
តំណាងក្រុមហ៊ូទី Mohammed Abdul-Salam (ស្តាំ) ចាប់ដៃជាមួយតំណាងរដ្ឋាភិបាល​យេម៉ែន Khaled al-Yaman (ឆ្វេង) ក្រោម​ក្រសែភ្នែកសប្បាយរីករាយ​របស់​លោក Antonio Guterres និង​លោកស្រី​​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែដ Margot Wallstrom។ ថ្ងៃទី​១៣​ធ្នូ ២០១៨​ TT News Agency/Pontus Lundahl via REUTERS
ផ្សាយពាណិជ្ជកម្ម

កន្លងមកទីក្រុងនេះ ស្ថិតក្នុងដៃក្រុមហ៊ូទី ហើយដែលបានរងការទំលាក់គ្រាប់បែក យ៉ាងដំណំ ពីសំណាក់កងទ័ពអារ៉ាប៊ីសាអូឌីត។ ការទំលាក់អាវុធនៅតំបន់ហូដីដា (Hodeida) នេះ បានធ្វើឲ្យការបញ្ជូនជំនួយមនុស្សធម៌ ត្រូវកាត់ផ្តាច់ទាំងស្រុង។ ដើម្បីអបអរ នូវលទ្ធផលនៃការចរចាសន្តិភាព ដំណាក់កាល​ទីមួយនេះ លោក អង់តូនីញ៉ូ ហ្គុតទែសហ៍ អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានអញ្ជើញទៅប្រទេសស៊ុយអែដ និងបានថ្លែងសន្ទរកថា បិទការប្រជុំ។ ក្នុងនោះផងដែរ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រកាសពីការចរចា ដំណាក់កាលបន្ទាប់ ដែលនឹងចាប់ផ្តើមបើក នៅខែមករា ដើមឆ្នាំ២០១៩។

“...អ្នកទាំងអស់គ្នា បានយល់ស្របគ្នា ក្នុងការសម្រេចកិច្ចព្រមព្រៀងមួយ ស្តីពីការទំលាក់អាវុធ ឈប់ប្រយុទ្ធនៅតំបន់ ទីក្រុងកំពង់ផែ ហូដីដា ព្រមទាំងប្រមូលកម្លាំង ដកចេញពីតំបន់នេះ ទាំងសងខាង។ អង្គការសហប្រជាជាតិ នឹងដើរតួនាទីធំ ដ៏សំខាន់ នៅឯកំពង់ផែ ហូដីដានេះ។ មានន័យថា បេសកកម្ម របស់អង្គការសហប្រជាជាតិពេលនេះ គឺនឹងរៀបចំចាត់ចែង សម្រួលដក់ការដឹកជញ្ជូននូវ ជំនួយមនុស្សធម៌ ស្បៀងអាហារ ដើម្បីទៅជួយដល់ប្រជាជនស្លូតត្រង់។ ការនេះ​​ នឹងជួយសម្រាលការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាជនយេម៉ែន រាប់លាននាក់។

អ្នកទាំងអស់គ្នា ក៏បានត្រូវរ៉ូវគ្នា ដែរ ក្នុងការចុះកិច្ចព្រមព្រៀង សន្យារួមគ្នា ដើម្បីធ្វើយ៉ាងណា ឲ្យស្ថានការណ៍នៅទីក្រុង តាអេហ្ស៍ វិលមករកភាពស្ងប់ស្ងាត់វិញ។ ខ្ញុំជឿថា ការនេះ នឹងបើកផ្លូវ ឲ្យមានការបញ្ជូននូវជំនួយមនុស្សធម៌។ ហើយមុននឹងមកជួបគ្នាចរចា នៅទីនេះ អ្នកទាំងអស់គ្នា ក៏បានព្រមព្រៀងគ្នា ក្នុងការដោះលែងចំណាប់ខ្មាំងទាំងសងខាង។ ឥឡូវ ភាគីទាំងសងខាង បានព្រមព្រៀងគ្នា លើកាលបរិច្ឆេទ និងលក្ខខណ្ឌលំអិត ដើម្បីឈានទៅសម្រេច ការដោះដូរចំណាប់ខ្មាំង។ ដំណោះស្រាយនេះ នឹងអនុញ្ញាត ឲ្យប្រជាជនយេម៉ែន រាប់ពាន់នាក់ មិនមែនតិចទេ គឺរាប់ពាន់នាក់ ដែលពួកគេ អាចនឹងមានវាសនា បានជួបជុំគ្រួសារឡើងវិញ”

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ