អានតួអត្ថបទ
យេម៉ែន-អារ៉ាប៊ីសាអូឌីត

យ៉េមែន៖ សម្ព័ន្ធមិត្ត​រវាង​ក្រុម​ហ៊ូទី​ និង​លោក​អតីត​ប្រធានាធិបតី​សាឡេស ​បែក​បាក់​គ្នា

សង្រ្គាមនៅយេម៉ែន ទើបតែបានដើរដល់ ដំណាក់កាលថ្មីមួយទៀត ដោយ​កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ លោក អាលី អាប់ដាឡា សាឡេស​​ អតីតប្រធានាធិបតី និងជាមេដឹកនាំចលនានយោបាយ​យេម៉ែន​ ចង​សម្ព័ន្ធ​ជាមួយ​នឹង​ក្រុម​ហ៊ូទី នោះ បានប្រកាសអំពាវនាវ ឲ្យ​ប្រជាជន​ក្រោកឡើង តតាំងនឹងក្រុមហ៊ូទី ហើយលោកសុខចិត្តយល់ព្រម បំភ្លេចអតីតកាល បើសិនជាអារ៉ាប៊ីសាអូឌីត ឈប់ធ្វើសង្រ្គាមនៅយេម៉ែនតទៅទៀត។ ចំណែកក្រុមហ៊ូទីវិញ បានចាត់ទុកការប្រកាសនេះថា គឺជាអំពើក្បត់។

លោកអតីត​ប្រធានាធិបតី​យេម៉ែន Ali Abdullah Saleh
លោកអតីត​ប្រធានាធិបតី​យេម៉ែន Ali Abdullah Saleh REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

ទីបំផុតទៅ សម្ព័ន្ធមិត្តរវាងក្រុមឧទ្ទាមហ៊ូទី និងគណបក្សមហាសន្និុបាទប្រជាជនយេម៉ែន ដែលដឹកនាំដោយលោក Ali Abdallah Saleh អតីតប្រធានាធិបតីយេម៉ែននោះ បានផ្ទុះបែកជាចំរៀក កាលពីថ្ងៃសៅរ៍ ទី២ ធ្នូម្សិលមិញ។ លោក Saleh បានចេញមុខមកប្រកាស តាមទូរទស្សន៍​ថា លោកសុខចិត្តកាត់ចិត្តបំភ្លេចអតីតកាល តែលោកសូមអំពាវនាវ សុំឲ្យ​ប្រទេសបងប្អូនជិតខាងទាំងអស់ ឈប់ព្រួតគ្នាធ្វើបាបយេម៉ែនតទៅទៀត។ សម្តីនេះ គឺលោក Saleh បានសំដៅទៅអារ៉ាប៊ីសាអូឌីត ដែលបានមកធ្វើសង្រ្គាម ទំលាក់គ្រាប់បែកនៅយេម៉ែន តាំងតែពីឆ្នាំ២០១៥មក។

លោក Saleh បន្ថែមទៀតថា នៅពេលណា ដែលប្រទេសបងប្អូនជិតខាងយើង ព្រមទំលាក់អាវុធ ហើយបើកផ្លូវ​ ឈប់ឡោមព័ទ្ធប្រជាជនយេម៉ែន តទៅទៀត នោះលោកនឹងសុខចិត្តរៀបចំ ឲ្យមានការចរចា តាមរយៈអាជ្ញាធរស្របច្បាប់មួយ ដែលតែងតាំងដោយសភា។

អារ៉ាប៊ីសាអូឌីត បានថ្លែងអបអរ ចំពោះការផ្លាស់ប្តូរគោលជំហរ របស់លោក Ali Abdallah Saleh ហើយថា ជំរើសនេះ នឹងអាចរំដោះ យេម៉ែន អំពីភាពវិនាសបាន។

ក៏ប៉ុន្តែ សម្តីប្រកាសរបស់លោក Saleh នេះ ត្រូវបានក្រុមហ៊ូទី ច្រានចោលភ្លាមៗ។ លោក Abdelmalek Al-Houthi មេក្រុមហ៊ូទី បានចាត់ទុក លោក Ali Abdallah Saleh ថាជាជនក្បត់ ពស់មួយក្បាលពី បំភ្លេចចោលពាក្យសច្ចា ដែលខ្លួនធ្លាប់បានសន្យា ថានឹងតស៊ូប្រយុទ្ធ រំដោះយេម៉ែន ពីក្រញ៉ាំរបស់អារ៉ាប៊ីសាអូឌីត។

លោក Ali Abdallah Saleh បានឆ្លើយបកទៅវិញថា គឺដើមឡើយក្រុម​ហ៊ូទី​ទេ ដែលជាអ្នកបង្កសង្គ្រាម ដោយជឿតាការញុះញង់ និងផ្តល់អាវុធ​ ដោយអ៊ីរ៉ង់។ មិនត្រឹមតែប៉ុណ្ណោះ លោក Saleh បានអំពាវនាវ ឲ្យប្រជាជនយេម៉ែន​ ក្រោកឈរឡើង តតាំងនឹង ក្រុមហ៊ូទី ចាប់ពីពេលនេះទៅ។

ភ្លាមៗក្រោយ ការប្រកាសរបស់លោក Ali Abdallah Saleh ក្រុមហ៊ូទី បានរៀបចំការជួបជុំ បង្ហាញកំលាំង ជាច្រើនកន្លែងនៅរដ្ឋធានីសាណា។​ ភាពចលាចល ហិង្សា បានបង្កជាការជ្រួលច្របល់យ៉ាងខ្លាំង។ ភាគីទាំងពីរ ដែលកន្លងមក ចែកគ្នាគ្រប់គ្រងរដ្ឋធានីសាណា ពេល​នេះ បានចាប់ផ្តើម វាយដណ្តើមគ្នា នឹងអួតអាង តាមបណ្តាញផ្សព្វផ្សាយ​ព័ត៌មានរៀងៗខ្លួន ថាបានវាយដណ្តើមបានតំបន់ថ្មីកាន់កាប់។ សេចក្តីពិត នៃការអះអាង ទាំងអស់នេះ នៅមិនទាន់អាចផ្ទៀងផ្ទាត់បានទេ ដោយសារតែរដ្ឋធានីសាណា កំពុងស្ថិតក្នុងភាពចលាចល។

យ៉ាងណាមិញ អង្គការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ ជាច្រើន បានអំពាវនាវ ឲ្យសម្ព័ន្ធមិត្ត ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ត្រូវតែដកចេញជាបន្ទាន់ និងទាំងស្រុង នូវការឡោមព័ទ្ធយេម៉ែន។ សូម​បញ្ជាក់ថា ការឡោមព័ទ្ធនេះ ត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកថាជាគ្រោះធ្ងន់ធ្ងរបំផុត ព្រោះប្រជាជនយេម៉ែនមួយប្រទេស កំពុងប្រឈមមុខ និងគ្រោះទុរភិក្ខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ