អានតួអត្ថបទ
កូរ៉េខាងជើង-អ៊ីរ៉ង់

រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង ទៅ​អ៊ីរ៉ង់ ​ចំថ្ងៃ​អាមេរិក​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់

កាលពីថ្ងៃទី៧ សីហា លោករដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បានដឹកនាំគណប្រតិភូ ទៅដល់​រដ្ឋធានី​តេអេរ៉ង់ ដើម្បី​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អ៊ីរ៉ង់។ ទស្សនកិច្ច​ដ៏​គួរឲ្យភ្ញាក់ផ្អើល​ គឺ​ជួន​ចំពេល​តែមួយ ដែល​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក ដាក់ទៅលើអ៊ីរ៉ង់ បាន​ចូលជាធរមាន។ តើប្រទេសទាំងពីរនេះ ដែលសុទ្ធតែជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក កំពុងតែចាប់ដៃគ្នារកស៊ី ឬយ៉ាងណា?

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ់ង់Javad Zarif ដឹកនាំគណប្រតិភូ ពិភាក្សុា​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​​កូរ៉េ​ខាងជើង​ Ri Yong Ho ។ ក្រុង​តេអេរ៉ង់ ថ្ងៃ​ទី៧​សីហា​ ២០១៨។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ់ង់Javad Zarif ដឹកនាំគណប្រតិភូ ពិភាក្សុា​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​​កូរ៉េ​ខាងជើង​ Ri Yong Ho ។ ក្រុង​តេអេរ៉ង់ ថ្ងៃ​ទី៧​សីហា​ ២០១៨។ ATTA KENARE / AFP
ផ្សាយពាណិជ្ជកម្ម

លោក Ri Yong Ho ប្រមុខការទូតរបស់កូរ៉េខាងជើង និងជាមនុស្សដ៏ស្និតបំផុត របស់គីម ជុងអ៊ុន បានដឹកនាំគណប្រតិភូ ទៅទីក្រុងតេអេរ៉ង់។ ជាទស្សនកិច្ច រយៈពេល២ថ្ងៃ ដោយថ្ងៃ ទី៧សីហា ពេលទៅដល់ភ្លាម លោករដ្ឋមន្ត្រីកូរ៉េខាងជើង បានចូលជួបលោក Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ ទោះយ៉ាងណា ពុំមានការធ្វើសន្និសីទកាសែត ឬការប្រកាសព័ត៌មានណាមួយ ស្តីពីលទ្ធផលប្រជុំនេះទេ។ បើតាមការផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មានផ្លូវការអ៊ីរ៉ង់ បានឲ្យដឹងថា នៅថ្ងៃទី៨សីហានេះ លោករដ្ឋមន្ត្រីកូរ៉េខាងជើង នឹងចូលទៅជួប នឹងលោក ហាសាន់ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់។

សូមបញ្ជាក់ថា ទស្សនកិច្ចរបស់ប្រមុខការទូតកូរ៉េខាងជើង នៅក្រុងតេអេរ៉ង់ នាពេលនេះ គឺវាជួនចំថ្ងៃតែមួយ ដែលទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក ដាក់ទៅលើអ៊ីរ៉ង់ បានចូលជាធរមាន។ នរណាក៏ដឹងដែរថា ប្រទេសទាំង២ កូរ៉េខាងជើង និងអ៊ីរ៉ង់ គឺសុទ្ធតែជាសត្រូវរបស់អាមេរិក រាប់សិបឆ្នាំមកហើយ ហើយសុទ្ធតែជាប់ទណ្ឌកម្មរបស់អាមេរិកដូចគ្នា។

តើអាចទេ ដែលប្រទេសទាំង២នេះ កំពុងពួតដៃគ្នា រកស៊ី គេចវាងចេញពីការដាក់ទណ្ឌកម្មរបស់អាមេរិក។ ជាឧទាហរណ៍ អ៊ីរ៉ង់ កំពុងតែបារម្ភ ដោយសារចាប់ពីខែវិច្ឆិកាទៅ ការនាំចេញប្រេងឆៅរបស់ខ្លួន ប្រាកដជាធ្លាក់ចុះ ដោយសារតែអាមេរិក បិទទីផ្សារហាមប្រទេសផ្សេងមិនឲ្យទិញប្រេងពីអ៊ីរ៉ង់។ រីឯកូរ៉េខាងជើងវិញ កំពុងត្រូវការអ្នកផ្គត់ផ្គង់ប្រេងឲ្យខ្លួន ព្រោះចិន និងរុស្ស៊ី បានជាប់គំនាបទណ្ឌកម្មអន្តរជាតិ មិនអាចបន្តលក់ប្រេងឲ្យខ្លួនទៀតបានទេ។

ជាងនេះទៅទៀត ការសហការរកស៊ីរវាងអ៊ីរ៉ង់ និងកូរ៉េខាងជើងនេះ មិនមែន អាចមានត្រឹមតែវិស័យថាមពលទេ តែអ្វីដែលគេចាប់អារម្មណ៍បំផុត គឺការឃុំឃិតគ្នាជួញដូរអាវុធ ព្រមទាំងការសហការគ្នា ក្នុងវិស័យកងទ័ព។ ក្នុងរបាយការណ៍មួយ របស់អង្គការសហប្រជាជាតិ ចេញឆ្នាំ២០១៧ បានឲ្យដឹងថា មានឈ្មួញទុច្ចរិតជួញដូរអាវុធ ជនជាតិកូរ៉េខាងជើង មានអាស័យដ្ឋានស្នាក់នៅ ក្នុងទឹកដីអ៊ីរ៉ង់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកជំនាញ ធ្លាប់បានអះអាង ថា ប្រព័ន្ធបច្ចេកវិទ្យាមីស៊ីលបាលីស្ទីក របស់អ៊ីរ៉ង់​មានលក្ខណៈស្រដៀង នឹងមីស៊ីលបាលីស្ទីកូរ៉េខាងជើងខ្លាំងណាស់។ អ្នកជំនាញ ធ្លាប់បានក្រើនរំលឹកថា បើថ្ងៃណាមួយ ​បច្ចេកវិទ្យានុយក្លេអ៊ែរ របស់កូរ៉េខាងជើង ធ្លាក់ដល់ដៃអ៊ីរ៉ង់ នោះគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ