ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/09 12h00 GMT
មជ្ឈិមបូព៌ា

​អ៊ីរ៉ង់ អំពាវនាវ​ឲ្យ​​មាន​"ទង្វើ​​ជាក់ស្តែង" ដើម្បី​សង្រ្គោះ​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ

media លោក Wang Yi ចាប់រលាក់ដៃ​ជាមួយ​​លោក​​ Mohammad Javad Zarif នៅ​វិមាន​ Diaoyutai State Guesthouse ក្រុងប៉េកាំង ថ្ងៃទី​១៧ ឧសភា ២០១៩​ REUTERS/Thomas Peter

លោក ចាវ៉ាត់ ហ្សារីហ្វ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កំពុងតែមានវត្តមាននៅទីក្រុងប៉េកាំង ជាទីដែលលោកបានជួបនឹងលោករដ្ឋមន្ត្រីការបរទេសចិន។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅដល់ចិន បន្ទាប់ពីបានចាកចេញពីទីក្រុងតូក្យូ។ វាជាដំណើរទស្សនកិច្ច ដែលតាមការប៉ាន់ស្មាន គឺដើម្បីស្វែងរកការធានា និងគាំទ្រ ពីប្រទេសមហាអំណាចអាស៊ីទាំង២នេះ ទាក់ទិននឹងការនាំប្រេងចេញរបស់អ៊ីរ៉ង់។ នៅប៉េកាំង លោករដ្ឋ​មន្ត្រី​ការបរទេសអ៊ីរ៉ង់ បានថ្លែងអំពាវនាវឲ្យប្រទេសហត្ថលេខី​ ដែលក្នុងនោះមានចិនផងដែរនោះ ថាត្រូវតែធ្វើអ្វីមួយឲ្យជាក់ស្តែង ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ចេញពីតូក្យូ លោក Javad Zarif បានទៅដល់ក្រុងប៉េកាំង កាលពីរសៀលថ្ងៃសុក្រ ដើម្បីជួបជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន។ ទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅប្រទេសចិន ធ្វើឡើងក្នុងបរិបទមួយដ៏តានតឹង បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចដាក់ទណ្ឌកម្ម លើប្រទេសទាំងអស់ ដែលហ៊ានទិញប្រេងឆៅពីអ៊ីរ៉ង់។ បន្ថែមពីនេះទៀត កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំង និងយន្តហោះទំលាក់គ្រាប់បែកជាច្រើនគ្រឿង ទៅក្បែរអ៊ីរ៉ង់។

នៅចំពោះមុខសមភាគីចិន លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានថ្លែងអំពាវនាវ ថាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ត្រូវតែធ្វើអ្វីមួយឲ្យបាន"ជាក់ស្តែង" ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនេះ មិនមែនសន្យាតែមាត់នោះទេ។ ការថ្លែងដូចនេះ គឺបន្ទាប់ ពីប្រទេសហត្ថលេខី មានដូចជា ចិន រុស្ស៊ី បារាំង អង់គ្លេស អាល្លឺម៉ង់ ហាក់នៅស្ងៀមបិទមាត់ មិនហ៊ានតតាំង នឹងទណ្ឌកម្ម ដែលសហរដ្ឋអាមេរិក បានដាក់មកលើអ៊ីរ៉ង់។

គួរបញ្ជាក់ថា ចាប់ពីដើមខែឧសភានេះទៅ​ រដ្ឋាភិបាលអាមេរិក នឹងលប់ចោល នូវការលើកលែងដល់ប្រទេស៨ ដែលកន្លងមកអាច​មានសិទ្ធិទិញប្រេងឆៅពីអ៊ីរ៉ង់។ តែចាប់ពីពេលនេះទៅ ប្រទេសទាំងនោះ នឹងជាប់ទណ្ឌកម្មអាមេរិក បើសិនហ៊ានទិញប្រេងឆៅរបស់អ៊ីរ៉ង់ សូម្បីតែមួយដំណក់។ ហើយទណ្ឌកម្មកាន់តែធ្ងន់ ក្នុងករណីដែលការទូទាត់កិច្ចសន្យា ត្រូវបានធ្វើជាប្រាក់ដុល្លារអាមេរិក។ ក្នុងចំណោមប្រទេសទាំង៨ គឺមានដូចជា ឥណ្ឌា ចិន ជប៉ុន តួកគី កូរ៉េខាងត្បូង តៃវ៉ាន់ អ៊ីតាលី និងក្រិក។

គួរកត់សំគាល់ដែរថា អ៊ីរ៉ង់ កំពុងតែព្យាយាមស្វែងរកការជួយគាំទ្រ ពីប្រទេសដ៏ទៃ ចំពោះមុខនឹងទណ្ឌកម្មរបស់អាមេរិក ដែលកំពុងតែផ្ទប់ដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ទាំងស្រុង។ ចិន គឺជាអ្នកទិញប្រេងពីអ៊ីរ៉ង់ ម្នាក់ដ៏សំខាន់។ ហើយចិន ក៏ជាប្រទេស​ហត្ថលេខី នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែរ​។ សំណួរសួរថា តើចិន ដែលកំពុងតែមានវិវាទ​ពាណិជ្ជកម្ម ជាមួយអាមេរិកស្រាប់ ហ៊ានទៅ​សេបគប់រកស៊ីជាមួយអ៊ីរ៉ង់ បំពាននឹងទណ្ឌកម្មរបស់អាមេរិក ដែរ ឬទេ?

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ