អានតួអត្ថបទ
ស៊ីរី

រដ្ឋាភិបាល​ស៊ីរី​បញ្ជូន​ទ័ព​ថ្មើរជើង​ពិសេស ​ទៅ​វាយ​ដណ្តើម​យក​អាឡិប​ខាងកើត ​ពី​ក្រុម​ឧទ្ទាម

កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​ កំពុង​តែ​វាយ​សម្រុក​នៅ​ដំណាក់​កាល​ចុង​ក្រោយ ​ដើម្បី​បំបែក​ក្រុម​ឧទ្ទាម ​នៅ​ក្រុង​អាឡិប​ភាគ​ខាង​កើត។ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​តំបន់​នេះ​បាន​ក្លាយ​ជា​ទី​វាល​ពិឃាដ ​និង​សោកនាដកម្ម​សម្រាប់​ប្រជាជន​ស្លូតត្រង់ ​ ដែល​ជាប់​គាំង​នៅ​ទីនោះ​ទៅ​ណា​មិនរួច។​ មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ​បាន​អំពាវនាវ​ ឲ្យ​សហគម​អន្តរជាតិ ​ដាក់​សម្ពាធ​លើ​រុស្ស៊ី ​ដើម្បី​បញ្ឈប់​សកម្មភាព​វាយប្រហារ​ដ៏​អមនុស្សធម៌​នេះ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១ធ្នូ ​កងទ័ព​ស៊ីរី​ ទើប​បាន​បញ្ជូន​កម្លាំង​ថ្មើរជើង​ពិសេស ​ដើម្បី​ចូល​ទៅ​តំបន់​អាឡិប​ខាងកើត ​ ក្នុង​បំណង​សម្លាប់​ក្រុម​ឧទ្ទាម​ ម្តង​មួយៗ។

ក្រុង​អាឡិប ​ដែល​ខ្ទេច​សឹងតែ​​ទាំងស្រុង​ ដោយសារ​​គ្រាប់​បែក​​របស់រុស្ស៊ី
ក្រុង​អាឡិប ​ដែល​ខ្ទេច​សឹងតែ​​ទាំងស្រុង​ ដោយសារ​​គ្រាប់​បែក​​របស់រុស្ស៊ី REUTERS/Abdalrhman Ismail
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​បាន​ទម្លាក់​គ្រាប់បែក​ តាម​រយៈ​យន្តហោះ​រុស្ស៊ី ​និង​បាញ់​ផ្លោង​គ្រាប់បែក​ត្បាល់​យ៉ាង​រន្ធាន់​ ​ទៅ​លើ​ក្រុង​អាឡិប​ភាគ​ខាង​កើត​ ចាប់​តាំង​​ពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ​មក ​​ កងទ័ព​ខាង​រដ្ឋាភិបាល​ស៊ីរី​ បាន​សម្រេច​ប្រើប្រាស់​យុទ្ធសាស្ត្រ​ថ្មី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១ធ្នូ​ ដោយ​បាន​បញ្ជូន​កងទ័ព​ថ្មើរជើង​ពិសេស​មួយ​ក្រុម ​ ចូល​ទៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​អាឡិប​តែ​ម្តង។

 
តំបន់​ដែល​កងកម្លាំង​ពិសេស​នេះ ​ត្រូវ​ឆ្លងកាត់ ​ ​គឺ​ជា​តំបន់ ​ដែល​សំបូរ​ប្រជាជន​ស្លូតត្រង់​រស់នៅ​បំផុត ​ ហើយ​កម្មវត្ថុ​នៃ​យុទ្ធសាស្ត្រ​នេះ​ គឺ​ដើម្បី​សម្លាប់​ក្រុម​ឧទ្ទាម​ម្តង​មួយៗ​ ដែល​សំងំ​លាក់​ខ្លួន​លាយឡំ​ជាមួយ​នឹង​ប្រជាជន​ស៊ីវីល។

យោងតាម​មន្ត្រីឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​ បាន​ឲ្យ​ដឹង​ថា ​កម្លាំង​ពិសេស​ថ្មើរជើង​នេះ ​មាន​ជាង​មួយ​ពាន់​នាក់ ​ដែល​សុទ្ធតែ​ជា​ទ័ព​មក​ពី​ក្រុម​ហេសបូឡា​លីបង់ ​មកពី​អ៊ីរ៉ង់​ និង​មក​ពី​អ៊ីរ៉ាក់ ​មួយ​ចំនួន​ទៀត។ យោង​តាម​អ្នក​នាំ​ពាក្យ​ដដែល ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​កងទ័ព​ខាង​រដ្ឋាភិបាល​ស៊ីរី ​បាន​ដណ្តើម​យក​តំបន់​ភាគ​ខាងកើត​អាឡិប ​បាន​ប្រមាណ​ជា​៤០%​ហើយ។ ជាមួយ​នឹង​យុទ្ធសាស្ត្រ​សម្រុក​ថ្មើរជើង​នេះ ​ គេ​កំពុង​ព្រួយ​បារម្ភ​ថា​ តំបន់​ភាគ​ខាង​កើត​អាឡិប ​ នឹង​ក្លាយ​ជា​ទី​លាន​កប់ខ្មោច​របស់​ប្រជាជន​ស្លូតត្រង់​មិន​ខាន​ទេ។
 

តាមផ្លូវ​​នៅ​ភាគ​ខាងកើត​​ក្រុង​អាឡិប មាន​សាកសព​​​មនុស្ស​​​ស្លាប់​​រណេក​រណូកយ៉ាង​អនោចអធម៌  ​បន្ទាប់​​ពី​​គ្រាប់​បែក​ផ្ទុះ​​នៅ​ថ្ងៃ​​ទី​៣០ ​វិច្ឆិកា​២០១៦
តាមផ្លូវ​​នៅ​ភាគ​ខាងកើត​​ក្រុង​អាឡិប មាន​សាកសព​​​មនុស្ស​​​ស្លាប់​​រណេក​រណូកយ៉ាង​អនោចអធម៌ ​បន្ទាប់​​ពី​​គ្រាប់​បែក​ផ្ទុះ​​នៅ​ថ្ងៃ​​ទី​៣០ ​វិច្ឆិកា​២០១៦ Handout via Reuters

សូម​បញ្ជាក់​ថា ​ មុន​ការ​សម្រុក​វាយ​ប្រហារ​កាល​ពី​១៥​ថ្ងៃ​មុន​នេះ ​ តំបន់​អាឡិប​ខាង​កើត ​ មាន​ប្រជាជន​ស៊ីវីល​រស់នៅ​ប្រមាណ​ជា​២៥០០០០​នាក់។ ក៏​ប៉ុន្តែ​ក្នុង​រវាង​៣ថ្ងៃ​ចុងក្រោយ​នេះ ​ បន្ទាប់​ពី​រស្ស៊ី​បាន​ទំលាក់​គ្រាប់បែក​ឥត​សំចៃ ​ទាំងថ្ងៃ​ទាំង​យប់ ​ ប្រជាជន​ប្រហែល​៥ម៉ឺន​នាក់ ​បាន​រត់គេច​ចេញ​ពី​តំបន់​នេះ។
 

ជនភៀសខ្លួន​ស៊ីរី ដែលរត់​ចេញ​ពី​តំបន់​ខាង​កើត​​អាឡិប រងចាំ​​ទទួល​​ជំនួយ​ស្បៀង​ និង​​ឆ្លង​​ទៅ​​កន្លែង​​មាន​សុវត្ថិភាព។ ថ្ងៃទី​២៩ វិច្ឆិកា​​២០១៦​
ជនភៀសខ្លួន​ស៊ីរី ដែលរត់​ចេញ​ពី​តំបន់​ខាង​កើត​​អាឡិប រងចាំ​​ទទួល​​ជំនួយ​ស្បៀង​ និង​​ឆ្លង​​ទៅ​​កន្លែង​​មាន​សុវត្ថិភាព។ ថ្ងៃទី​២៩ វិច្ឆិកា​​២០១៦​ SANA/Handout via REUTERS

យ៉ាង​ណា​មិញ ​ យោង​តាម​តួលេខ​របស់អ​ង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​ក្នុង​រវាង​១៥​ថ្ងៃ​នេះ ​ មាន​មនុស្ស​ស្លាប់​ប្រហែល​៣០០​នាក់​ ក្នុង​នោះ​ជាង​៣០​នាក់ ​ជា​កុមារ។ ក្រុម​សង្រ្គោះ​ មិន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់ ​ដោយ​ពុំមាន​មធ្យោបាយ ​ ពុំមាន​រថយន្ត​ដឹក​អ្នក​របួស ​ ហើយ​មន្ទីរ​ពេទ្យ​ទាំង​២នៅ​តំបន់​នោះ ​ ត្រូវ​បាន​កម្ទេច​ដោយ​គ្រាប់បែក​របស់​រុស្ស៊ី។ ប្រជាជន​ដែល​នៅ​ជាប់​គាំង​នៅ​ទីនោះ ​កំពុង​ជួប​ទុក្ខ​លំបាក​ជាខ្លាំង ​ដោយសារ​គ្មាន​ស្បៀង​អាហារ ​ គ្មាន​ទឹក​ស្អាត ​និង​ភ្លើង​អគ្គីសនី។ អាកាសធាតុ​កាន់​តែ​ចុះ​ច្រជាក់​ ដែល​បាន​បន្ថែម​ការ​លំបាក​មួយ​កម្រិត​ទៀត។

កាលពី​ថ្ងៃ​ពុធ​ទី​៣០​ វិច្ឆិកា ​បារាំង​បាន​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ជា​បន្ទាន់ ​ ដើម្បី​រក​វិធី​ជួយ​ប្រជាជន​នៅ​អាឡិប ​ ​តែ​ទី​បំផុត​សំណើរ​របស់​បារាំង ​ត្រូវ​បាន​រុស្ស៊ី​បោះឆ្នោត​បដិសេធ។  អង្គការ​សហប្រជាជាតិ ​និង​សហគម​អន្តរជាតិ ​កំពុង​ស្ថិត​ក្នុង​គោល​ជំហរ​មួយ​​ដែល​ទន់ជ្រាយ​​ និង​អសមត្ថភាព​បំផុត​ ព្រោះ​អ្វីៗ​មិន​អាច​ចេញ​ទៅ​រួច​ បើ​សិន​រុស្ស៊ី​មិន​យល់​ព្រម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ