អានតួអត្ថបទ

លោក​ត្រាំ ថាបើ​ចង់វាយ​អ៊ីរ៉ង់​ គឺមិន​ប្រើ​ពេល​យូរ​ទេ និង​មិនចាំបាច់​ប្រើទ័ព​ជើងគោក​

ស្ថិតក្នុងបរិបទ នៃការប្រឈមមុខដោយគ្នាដោយអាវុធ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងពេលបច្ចុប្បន្ននេះ លោកដូណាល់ ត្រាំ បាននិយាយថា បើសិនជាអាមេរិក ត្រូវសម្រេចចិត្តធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់មែន សង្រ្គាមនោះ នឹងមិនចំណាយពេលយូរទេ ហើយអាមេរិក ក៏មិនចាំបាច់ បញ្ជូនកងទ័ពជើងគោកទៅវាយដែរ ព្រោះអាមេរិក មានកម្លាំងខ្លាំងជាងអ៊ីរ៉ង់ឆ្ងាយណាស់។ 

លោកដូណាល់ ត្រាំ និយាយទៅ​កាន់អ្នកកាសែត នៅវ៉ាស៊ីនតោន ថ្ងៃទី​២២ មិថុនា ២០១៩
លោកដូណាល់ ត្រាំ និយាយទៅ​កាន់អ្នកកាសែត នៅវ៉ាស៊ីនតោន ថ្ងៃទី​២២ មិថុនា ២០១៩ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

នៅលើកញ្ចក់ទូរទស្សន៍ Fox Business ថ្ងៃពុធទី​២៦មិថុនា លោកដូណាល់ត្រាំ បានអះអាងជាថ្មីថា លោកមិនចង់ឲ្យមានសង្រ្គាម​ជាមួយអ៊ីរ៉ង់ទេ។ តែទន្ទឹមនឹងនេះ លោកដូណាល់ ត្រាំ បាននិយាយបែបយ៉ាងជឿជាក់ក្នុងចិត្តថា បើសិនជាត្រូវធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់មែន សង្រ្គាមនោះនឹងមិនចំណាយពេលយូរទេ។ អាមេរិកក៏មិនចាំបាច់បញ្ជូនកងទ័ពជើងគោក ឲ្យ​​ចូលទៅដីអ៊ីរ៉ង់ដោយផ្ទាល់ផងទេ ព្រោះថាសមត្ថភាព កម្លាំងរបស់អាមេរិកខ្លាំងសម្បើមណាស់​។

សម្តីប៉ុន្មានម៉ាត់របស់លោកដូណាល់ ត្រាំ ជាពាក្យគម្រាមថ្មីបន្ថែមទៀត ដល់អ៊ីរ៉ង់ ព្រមជាមួយនឹងការមាក់ងាយ ថាអ៊ីរ៉ង់ គ្មាសមត្ថភាពតទល់ជាមួយនឹងកម្លាំងទ័ពផ្លូវអាកាសរបស់អាមេរិក។ ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីអាមេរិក ឆ្លៀតបញ្ជាក់ថា លោកគ្មានបំណងបញ្ជូនកងទ័ពជើងគោក ទៅដោយផ្ទាល់ ដូចក្នុងករណីនៅអាហ្វា​ហ្កានីស្ថាន ឬនៅអ៊ីរ៉ាក់ទេ។

គួរកត់សំគាល់ដែរថា ការគំរាមជាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីលោកដូណាល់ត្រាំ បានសម្រេចបន្ថែមទណ្ឌកម្ម​ទៅលើអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ដោយបានវាយសំដៅទៅលើ ផលប្រយោជន៍ហិរញ្ញវត្ថុ របស់លោកអាយ៉ាតូឡា អាលីខាមឺណី មគុទេសន៍សាសនារបស់អ៊ីរ៉ង់។

ដោយឡែក ភាគីអ៊ីរ៉ង់វិញ ត្រូវបានគេសង្កេតឃើញថា ហាក់ដូចជា​​មានគោលជំហរ បន្ថយ​កំហឹងមកវិញខ្លះ នា​ប៉ុន្មានថ្ងៃ​ចុងក្រោយនេះ។ លោកប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានទូរស័ព្ទនិយាយជាមួយ​លោក​ ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអង្គារទី​២៥មិថុនា។ បើតាមការឲ្យដឹង ពីមន្ត្រីវិមានប្រធានាធិបតីបារាំង គឺលោក ហាសាន់ រ៉ូហានី បាននិយាយក្នុងន័យថាអ្វីៗនៅមិនទាន់ហួសពេលទេ បើសិនជាប្រទេសអឺរ៉ុប និងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ចង់ជួយអ៊ីរ៉ង់។

ដូចគ្នា​ដែរ យោងតាមទីភ្នាក់ងារព័ត៌មាន Iran លោកហាសាន់ រ៉ូហានី បានលើកឡើងថា អ៊ីរ៉ង់គ្មានចេតនាធ្វើសង្គ្រាមជាមួយប្រទេសណាទាំងអស់ កុំថាឡើយជាដល់ទៅជាមួយសហរដ្ឋអាមេរិក។ តែយ៉ាងណា លោកប្រធានាធិបតីអ៊ីរ៉ង់ បានទំលាក់កំហុសទៅលើអាមេរិក ថាបាន​ទាញដៃបិទទ្វារករាចរចាផ្លូវទូត ជាលក្ខណៈស្ថាពរទៅហើយ ជាមួយនឹងទណ្ឌកម្ម​ថ្មី​ដែលអាមេរិកបានដាក់មកលើអ៊ីរ៉ង់ កាលពីថ្ងៃចន្ទទី​២៤មិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ