ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT
មជ្ឈិមបូព៌ា

លោក​ម៉ាក្រុង​ថា ឃាតកម្ម​លោក​ខាស្ហូហ្ស៊ី ​មិន​ពាក់ព័ន្ធ​នឹង​ការ​លក់​អាវុធ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ទេ

media  
បាតុករ​លើកបដា នៅខាង​មុខ​ស្ថានទូត​អារ៉ាប៊ីីសាអូឌីត ​ទីក្រុងឡុង ថ្ងៃទី២៦តុលា ២០១៨។ REUTERS/Simon Dawson

ប៉ុន្មានសប្តាហ៍ ក្រោយកើតរឿងរ៉ាវឃាតកម្ម លើរូបលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី នៅក្នុងអាគារស្ថានកុងស៊ុល​​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្តង់ប៊ូល មានថ្នាក់ដឹកនាំប្រទេសមួយចំនួន បានចេញប្រតិកម្មរិះគន់​អារ៉ាប៊ីសាអូឌីត​ ហើយបានអំពាវនាវ ថាត្រូវតែឈប់ លក់អាវុធទៅឲ្យប្រទេសនេះទៀត។ ខុសពីលោក​ស្រី​មែរគែល ដែលសន្យានឹងព្យូរកិច្ចសន្យាលក់អាវុធ ទៅឲ្យអារ៉ាប៊ីសាអូឌីត លោកម៉ាក្រុង ប្រធានាធិបតី​បារាំងឯនេះ បានលើកឡើងថា​ ការលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត និងអំពើឃាតកម្មលើរូបលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី នេះ មិនមានអ្វីពាក់ព័​ន្ធនឹងគ្នាទាល់តែសោះ។

នៅថ្ងៃទៅ២៦តុលា ពីទីក្រុងប្រាទីស្លាវ៉ា ប្រទេសស្លូវ៉ាគី លោកម៉ាក្រុងប្រធានាធិបតីបារាំង បាននិយាយថា លោកឆ្ងល់ណាស់ ចំពោះមនុស្សមួយចំនួន ដែលមិនទាន់ដឹងរឿងច្បាស់លាស់ផង បែរជាទៅប្រកាសថានឹងឈប់ ឬផ្អាក លក់អាវុធឲ្យអារ៉ាប៊ីសាអូឌីត។ លោកម៉ាក្រុងបានបន្ថែម​ថា អំពើឃាតកម្មនេះ វាគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចសន្យាលក់អាវុធ ទាល់តែ​សោះ។ បារាំង និងដាក់ទណ្ឌកម្មលើអារ៉ាប៊ីសាអូឌីត ឲ្យសមស្រប និងត្រឹមត្រូវសមហេតុផល បើសិនជាការពិតរកឃើញថា អារ៉ាប៊ីសាអូឌីត ពិតជាអ្នកទទួលខុសត្រូវលើឃាតកម្ម លើរូបលោកខាស្ហូហ្ស៊ីមែននោះ។

សម្តី​ទាំងអំបាលម៉ានរបស់លោកម៉ាក្រុង គឺឆ្លើយតបទៅនឹងការអំពាវនាវ ប៉ុន្មានថ្ងៃចុងក្រោយនេះ ថាត្រូវឈប់លក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត។ ជាក់ស្តែង លោកស្រីមែរគែល បានប្រកាសសាជាថ្មី នៅថ្ងៃទី២៦តុលាថា អាល្លឺម៉ង់ នឹងផ្អាកកិច្ចសន្យាលក់អាវុធ ទៅឲ្យអារ៉ាប៊ីសាអូឌីត ដរាបណា ការពិតមិនត្រូវបានបំភ្លឺ ជុំវិញអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនេះទេ។ នៅថ្ងៃដដែលនេះដែរ លោករដ្ឋមន្ត្រីការបរទេសអូទ្រីស បានអំពាវនាវទៅសហភាពអឺរ៉ុប ឲ្យចាត់វិធានការរួម ដើម្បីហាមឃាត់ ការលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត។

សូមរំលឹកថា អារ៉ាប៊ីសាអូឌីត ជាប្រទេសធំជាងគេទី២ បន្ទាប់ពីឥណ្ឌា ដែលទិញគ្រឿងសព្វាវុធច្រើនបំផុត។ បារាំងគឺជាប្រទេសផ្គត់ផ្គង់អាវុធឲ្យអារ៉ាប៊ីសាអូឌីត លំដាប់ទី៧ ឯអាមេរិកវិញ គឺជាប្រទេសនាំមុខគេ។ យ៉ាងណាមិញ ទាក់ទិននឹងបញ្ហានេះ លោកដូណាល់ ត្រាំ បាននិយាយយ៉ាងច្បាស់ ថាគ្មានថ្ងៃទេ ដែលអាមេរិក យកកិច្ចសន្យាតម្លៃ​១១​ម៉ឺន​លាន​ដុល្លារ ទៅហែកចោលនោះ។ លោកដូណាល់ ត្រាំ បន្ថែមថា បើអាមេរិក​មិនលក់ ចិន និងរុស្ស៊ីនឹងយកទីផ្សារនេះ។

គួរកត់សំគាល់ថា ការលក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីតនេះ វាបានធ្វើឲ្យថ្នាក់ដឹកនាំអឺរ៉ុប មានការប្រទាំងប្រទើសសំដីគ្នា ដោយម្ខាង ព្យាយាមការពារផលប្រយោជន៍សេដ្ឋកិច្ច ឯម្ខាងផ្សេងទៀត បានផ្តល់តំលៃធំ ដល់សតិសម្បជញ្ញៈ តម្លៃនៃសិទ្ធិមនុស្សជាធំ។ ការពិតទៅ ការអំពាវនាវ​សុំ​ឲ្យ​ឈប់លក់អាវុធទៅឲ្យអារ៉ាប៊ីសាអូឌីត គឺមានតាំងតែពីដើមឆ្នាំ២០១៨មកម្លេះ ដោយគេសង្កេតឃើញអំពីការទំលាក់គ្រាប់បែក យ៉ាងសាហាវព្រៃផ្សៃរបស់អារ៉ាប៊ីសាអូឌីត ទៅលើប្រទេសយេម៉ែន។

លោក Tony Fortin តំណាងអង្គការឃ្លាំមើលចរាចរសព្វាវុធ បានលើកឡើងថា ល្មមប្រទេសធំៗទាំងអស់ ពិចារណាហើយ ថាតើ គួរលក់អាវុធដែលខ្លួនផលិតបាន ទៅឲ្យប្រទេសដូចជាអារ៉ាប៊ីសាអូឌីត ឬ​អេមៀរ៉ាត់​អារ៉ាប់​រួម​នេះដែរទៀតទេ? ទាំងដែរគ្រប់គ្នាដឹងថា ប្រទេសដូចជាអារ៉ាប៊ីសាអូឌីតនេះ ធ្វើបាប បំបិទសិទ្ធិសេរីភាពប្រជាជន គ្រប់បែបយ៉ាង សម្លាប់អ្នកនយោបាយប្រឆាំង ព្រមទាំងប្រើអាវុធនេះ ទៅសម្លាប់ប្រជាជនស្លូតត្រង់នៅយេម៉ែន ហើយពេលនេះ សម្លាប់អ្នកកាសែត កាត់កង់ៗយ៉ាងព្រៃ​ផ្សៃ បែបនេះទៀត។

ដោយឡែក លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ បានលើកឡើថា វានឹងគ្មានលទ្ធផលវិជ្ជមានទេ​ បើអាល្លឺម៉ង់ ឈប់លក់តែម្នាក់ឯង។ គឺត្រូវតែប្រទេសអឺរ៉ុបទាំងអស់រួមគ្នា ដើម្បីដាក់សំពាធទៅលើអារ៉ាប៊ីសាអូឌីត​។ តែយ៉ាងណាក៏ដោយ គេពិបាកនឹងជឿណាស់ ថាប្រទេសអឺរ៉ុបនឹងព្រមរួមគ្នា​លើបញ្ហានេះ ខណៈដែលបច្ចុប្បន្ននេះ ប្រទេស​នីមួយៗ គិតតែបារម្ភតែរឿងសេដ្ឋកិច្ចជាចំបង។ លប់ចោលកិច្ចសន្យាលក់អាវុធ ហាក់ដូចជាផ្កាប់ឆ្នាំងបាយដូច្នោះដែរ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ