ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/07 12h00 GMT
មជ្ឈិមបូព៌ា

ស៊ីរី៖ ក្រុម​ឧទ្ទាម​នៅ​ដាម៉ាស ស្ម័គ្រចិត្ត​ភៀស​ខ្លួន​ចេញ ខណៈក្រុមប្រឆាំង​ចោទ​ថា​ជា​ការ​​ជំលៀស​មនុស្ស​​ដោយ​បង្ខំ

media  
រថយន្តដែលកំពុងរងចាំដឹក​ក្រុមឧទ្ទាម និងគ្រួសារ Reuters

ពីរថ្ងៃ​ក្រោយ​ការ​ចូល​ជា​ធរមាន ​នៃ​កិច្ច​ព្រមព្រៀង​បង្កើត​តំបន់​ទំលាក់​អាវុធ ​ដែល​រដ្ឋាភិបាល​ស៊ីរី ​បាន​ចុះ​ជាមួយ​អ៊ីរ៉ង់ ​តួកគី ​និង​រុស្ស៊ី​នោះ ​ នៅថ្ងៃ​ចន្ទ​ ទី៨ ឧសភា ​ក្រុម​កំលាំង​ឧទ្ទាម​នៅ​តំបន់​ក្រុង​ដាម៉ាស ​បាន​ស្ម័គ្រចិត្ត​ចាកចេញ​ពី​តំបន់ ​ដែល​ខ្លួន​ត្រូវ​កងទ័ព​ស៊ីរី​ឡោមព័ទ្ធ។ រដ្ឋាភិបាល​ស៊ីរី ​បាន​អះអាង​ថា ​គេនឹង​ធ្វើ​កិច្ច​ព្រមព្រៀង​តូចៗ​ នៅតាម​តំបន់​របៀប​នេះ ​ម្តង​មួយៗ ​ដើម្បី​ឈាន​ទៅ​ដល់​ការ​រំសាយ​កំលាំង​របស់​ក្រុម​ឧទ្ទាម។ រដ្ឋាភិបាល​ស៊ីរី ​ក៏បាន​បដិសេធ ​មិនឲ្យ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ ចុះទៅ​ត្រូវ​ពិនិត្យ​ការ​អនុវត្ត​ កិច្ច​ព្រមព្រៀង​ទាំង​នោះទេ។

នេះ​ជាលើក​ទីមួយ​ហើយ​ ដែល​ក្រុម​ឧទ្ទាម​ស៊ីរី​ នៅ​តំបន់​ដាម៉ាស ​បាន​ព្រម​ស្ម័គ្រចិត្ត​ចាកចេញ ​ ​ពី​មូលដ្ឋាន​ របស់​ពួកគេ។ បន្ទាប់​ពី​បាន​រង​ការ​ទំលាក់​គ្រាប់​បែក​យ៉ាង​ដំណំ  ​ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​ ក្រុម​ឧទ្ទាម​បាន​បាក់​កំលាំង ​ហើយ​គ្មាន​ជំរើស​អ្វី ​ក្រៅ​ពីចរចា​ សុំ​ភៀសខ្លួន​ចេញ​នោះ​ទេ។ ចាប់​ពី​ពេល​នេះ​ទៅ​ ក្រុង​ដាម៉ាស ​នឹង​ស្ថិត​នៅ​ក្នុងដៃ​របស់​រដ្ឋាភិបាល​ស៊ីរី ​ទាំងស្រុង។
 
អង្គការ​សង្កេតការ​សិទ្ធិ​មនុស្ស​នៅ​ស៊ីរី ​បាន​ឲ្យដឹង​ថា ​យ៉ាងហោច​ណាស់ ​មាន​ក្រុម​ឧទ្ទាម​និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ប្រមាណ​ពី​១៤០០ ​ទៅ​១៥០០​ នាក់​ ដែល​ត្រូវ​ចាក​ចេញ​ពី​តំបន់​ Barzé ​ក្រុង​ដាម៉ាស ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី៨ ​ឧសភា។ រថយន្ត​ក្រុង​ប្រមាណ​៤០​គ្រឿង ​បាន​ត្រៀម​ដឹក​ពួក​គេ ​ទៅ​ភាគ​ខាង​ជើង​ស៊ីរី ​ក្នុង​ខេត្ត​ Idleb។ បើតាម​ប្រភព ​ពីមន្ត្រី​ក្នុង​ជួរ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​បាន​បន្ថែម​ថា ​ រដ្ឋាភិបាល ​បាន​អនុញ្ញាតិ ​ឲ្យ​ក្រុម​ឧទ្ទាម​ចាកចេញ ​ជាមួយ​នឹង​អាវុធ​ ជាប់​ខ្លួន​ទៀត​ផង។
 
លោក​រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី ​បាន​លើកឡើង​ថា ​ការ​ជំលៀស​ក្រុម​ឧទ្ទាម​នេះ ​គឺ​ជា​លទ្ធផល​នៃ​ការ​ចរចា ​ជា​លក្ខណៈ​មូលដ្ឋាន​ ដាច់​ដោយ​ឡែកៗ​ពីគ្នា។ លោក​រដ្ឋមន្រ្តី​រូបនេះ ​បន្ត​ថា​ នេះ​ជា​ជំរើស​ដ៏​ល្អបំផុត​  ព្រោះគេ​មិន​អាច​រំពឹងឲ្យមាន​ដំណោះស្រាយ​ទំលាក់​អាវុធ​រួម​ ទូទាំង​ប្រទេស​ទេ ​ ​គឺមាន​តែ​ធ្វើ​តាម​តំបន់​ ម្តង​បន្តិចៗ។ ដោយឡែក​ រដ្ឋមន្ត្រី​ស៊ីរី​ដដែល ​បាន​និយាយ​ថា ​រដ្ឋាភិបាល​ស៊ីរី ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​សង្កេតការ​អន្តរជាតិ ​របស់​អង្គការ​សហប្រជាជាតិ ​មកត្រួត​ពិនិត្យ ​ការ​ជំលៀស​ក្រុម​ឧទ្ទាម​នេះទេ។
 
តែយ៉ាងណា​ សម្រាប់​ក្រុម​ប្រឆាំង​ស៊ីរី ​ដែល​រត់ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ​បាន​ចាត់ទុក ​ការ​ជំលៀស​ក្រុម​ឧទ្ទាម​នេះថា​ ជា​ការ​ចាប់​បញ្ជូន​ក្រុម​ឧទ្ទាម ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ ​ចេញ​ពី​ផ្ទះ​សម្បែង​ទាំង​បង្ខំ។ ធ្វើយ៉ាង​នេះ ​រដ្ឋាភិបាល​ផ្តាច់ការ​ស៊ីរី ​និង​អាច​ក្តោបក្តាប់​អំណាច ​ឡើងវិញ​ នៅតាម​តំបន់​ដែល​ពីមុន​សំបូរ​អ្នក​ប្រឆាំង។
 
សូមរំលឹកថា ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ រដ្ឋាភិបាល​ស៊ីរី​ ជាមួយ​នឹង​តួកគី​ អ៊ីរ៉ង់ ​និង​រុស្ស៊ី ​នៅ​ទីក្រុង ​Astana​ ប្រទេស​​អូសបេកគីស្ថាន ​បាន​យល់​ព្រម​គ្នា ​បង្កើត​តំបន់​ទំលាក់​អាវុធ​ ចំនួន​៤តំបន់​  អម​ដោយ​ការ​បង្កើត​ការិយាល័យ​ត្រួត​ពិនិត្យ​ការ​ចេញចូល  ​ដែល​មាន​ភាគី​ទាំង​បួន​ធ្វើ​ការ​រួមគ្នា។ រុស្ស៊ី​ក៏​ទើប​បាន​បញ្ជូន​សំណើរ​នេះ ​ទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ ​ដើម្បី​ពិនិត្យ​ដែរ។
 
ដោយឡែក​ សហរដ្ឋ​អាមេរិក​ ក៏បាន​បញ្ជូន​មន្ត្រី​ម្នាក់​ទៅ​ចូលរួម​ កិច្ច​ចរចា​ នៅ​ទីក្រុង​ Astana ​ដែរ ​ តែ​មិន​បាន​ចុះហត្ថលេខា​ជាមួយ​ទេ។ លោករដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ ភាគី​អាមេរិក ​ កំពុង​​ពិនិត្យ​មើល ​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ​ឲ្យបាន​ល្អិតល្អន់ ​ថាតើ​វា​ពិត​ជា​អាច​ជួយ​អ្វី​បាន​ខ្លះ  ​ដល់​ការបញ្ចប់​សង្រ្គាម​នៅ​ស៊ីរី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ