អានតួអត្ថបទ
ស៊ីរី-ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម

ស៊ីរី៖ កងកម្លាំង​ចំរុះ​នៃ​សម្ព័ន្ធមិត្ត ​សំរុក​រំដោះ​ទីក្រុង​បុរាណ​រ៉ាខា ពីដៃ​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម

៣ឆ្នាំ​មក​ហើយ ​ ដែល​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​យក​ទីក្រុង​បូរាណ​រ៉ាខា ​ក្នុង​ប្រទេស​ស៊ីរី ​ធ្វើ​ជា​ទីក្រុង​មូលដ្ឋាន​ធំ​ របស់​ក្រុម​ដ៏​ព្រៃផ្សៃ​នេះ។ មួយខែ​កន្លង​មក​នេះ ​កង​កម្លាំង​ចំរុះ ​មាន​ដូច​ជា​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​កង​កម្លាំង​គួដ ​និង​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រោយ ​ពី​សំណាក់​កងទ័ព​អាមេរិក ​ កំពុងតែ​សំរុក​ដណ្តើម​យក​ទីក្រុង​នេះ​មក​វិញ ​ដើម្បី​វាយ​បំបែក​សំបុក ​ទីតាំង​អំណាច ​របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។ ​តែ​អ្វី​ដែល​ជា​ការ​លំបាក​នោះ ​គឺត្រូវ​បញ្ជៀស​ កុំឲ្យ​ខូចខាត​ទីតាំង​បិតិកភណ្ឌ​ប្រវត្តិសាស្ត្រ ​នៃ​ទីក្រុង​ដ៏​ចំណាស់​នេះ។

កម្លាំងប្រជាធិបតេយ្យស៊ីរី កំពុងរុលចូល​ភាគ​ខាងលិច​រ៉ាខា ថ្ងៃចន្ទទី ៣ កក្កដា ២០១៧
កម្លាំងប្រជាធិបតេយ្យស៊ីរី កំពុងរុលចូល​ភាគ​ខាងលិច​រ៉ាខា ថ្ងៃចន្ទទី ៣ កក្កដា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​វាយ​សំរុក​ រំដោះ​យក​ទីក្រុង​រ៉ាខា ​ បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី៦ ​មិថុនា ​ដោយ​មាន​ការ​ចូលរួម​ ពី​កង​កម្លាំង​ឯករាជ្យ​ដើម្បី​ប្រជាធិបតេយ្យ​ស៊ីរី ​និងកង​កម្លាំង​គួដ។ ​ក្រុម​ទាំង​ពីរ​នេះ ​​បាន​ទទួល​ការ​គាំទ្រ ​ទាំង​សម្ភារៈ ​និង​បច្ចេកទេស ​ពី​សំណាក់ ​កងទ័ព​សហរដ្ឋ​​អាមេរិក។ កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​បាន​រំដោះ​បាន​​មួយ​ភាគ​ធំ ​នៅ​ភាគ​ខាង​កើត​ និង​ខាង​លិច​រ៉ាខា ​តែ​កំពុង​តែ​ប្រឈមមុខ​ យ៉ាង​លំបាក ​នៅ​ពេល​ពួក​គេ​ ខិត​ចូល​ទៅ​កាន់​តែ​ជិត​ កណ្តាល​ក្រុង ​ដែល​ជា​ទីក្រុង​បុរាណ ​ហ៊ុំ​ព័ទ្ធ​ការពារ​ដោយ​មហា​កំផែង​បុរាណ។ ក្រុម​ជីហាត ​បាន​ដាក់​បង្កៃ​គ្រាប់បែក​ជាច្រើន ​នៅ​តាម​ច្រក​ចេញ​ចូល​ឆ្លង​កាត់​កំផែង​បុរាណ។

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​ អគ្គបញ្ជារ​ការដ្ឋាន​កង​ទ័ព​អាមេរិក​ ប្រចាំ​តំបន់​ដើម​បូព៌ា ​កងទ័ព​សម្ព័ន្ធមិត្ត ​បាន​បើក​ការ​វាយ​ប្រហារ​ ត្រង់​ពីរ​ចំណុច ​នៅ​តាម​បណ្តោយ​កំផែង​បុរាណ ​ដើម្បី​បើក​ផ្លូវ​ ឲ្យ​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ និង​ក្រុម​គួដ ​សម្រុក​ចូល​ទៅ​ខាង​ក្នុង។ លិខិត​ជូន​ដំណឹង​ដដែល ​បញ្ជាក់​ថា ​កំផែង​បុរាណ​ Rafiqah​ កសាង​ឡើង​នៅ​សតវត្ស​ទី៨ ​ដែល​មាន​ប្រវែង​សរុប​ ២៥០០​ម៉ែត្រ ​ត្រូវ​បាន​ខូចខាត ​ត្រង់ពីរ​ចំណុច​ ដែល​មាន​ប្រវែង​តែ​២៥​ម៉ែត្រ ​ប៉ុណ្ណោះ។ កងទ័ព​សម្ព័ន្ធមិត្ត​ ត្រូវ​បង្ខំ​ចិត្ត​ទំលុះ​កំផែង​នេះ​ ដើម្បី​ទីមួយ​ ការពារ​អាយុ​ជីវិត​កង​កម្លាំង​ស៊ីរី ​និង​ទីពីរ​ការពារ​អាយុ​ជីវិត​ប្រជាជន​សាមញ្ញ ​ព្រោះ​ដោយសារ​ក្រុម​ជីហាត ​បាន​ដាក់​បង្កៃ​គ្រាប់បែក ​នៅតាម​ច្រក​ចេញ​ចូល​សំខាន់ៗ។

សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​បើ​យោង​តាម​ការ​ប៉ាន់ស្មាន ​របស់​អគ្គ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​សម្ព័ន្ធ​មិត្ត ​ នៅ​រ៉ាខា ​មាន​កម្លាំង​ក្រុម​ជីហាត ​ប្រមាណ​ជា​ ២៥០០​នាក់។ លោក ​Brett McGurk ​មេ​បញ្ជាការ​កងទ័ព​អាមេរិក​ ទទួល​បន្ទុក​កងទ័ព​សម្ព័ន្ធមិត្ត ​បាន​សរសេរ​លើ​ទំព័រ​Twitter ​ថា​មក​ទល់​ថ្ងៃ​ទី៤​ កក្កដា​នេះ ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​នៅសល់​តំបន់​កាន់កាប់​តែ​ប្រមាណ​ជា​១គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ នៅ​កណ្តាល​ទីក្រុង​បុរាណ​រ៉ាខា។​ លោក ​ក៏បាន​ឲ្យដឹង​ថា ​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​កំពុង​សំរុក​ចូល​ទៅ​មុខ​ តាម​៤​មុខ​ព្រួញ។

គួររំលឹក​ដែរ​ថា ​ទីក្រុង​រ៉ាខា ​ត្រូវ​បាន​គេ​ស្គាល់ ​គេ​ឮ​ ដោយសារ​តែ​ក្រុម​ជីហាត​អង្គការរដ្ឋ​អ៊ីសា្លម​ បាន​យក​ទីក្រុង​បុរណ​នេះ ​ធ្វើ​ជា​ទីក្រុង​ប្រជុំ​អំណាច​របស់​ពួក​វា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤។ គឺ​នៅ​ទីក្រុង​នេះ​ហើយ ​ដែល​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​អនុវត្ត​ច្បាប់ ​Charia​ ឬ​ច្បាប់​អ៊ីស្លាម​ផ្តាច់ការ ​ដូចជា​ការ​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស​ ដោយ​កាត់ក ​នៅ​ទីលាន​សាធារណៈ ​រួច​យក​ក្បាល​មក​ដោត​ចោល​តាម​ផ្លូវ​ជាដើម។ អំពើ​ដ៏​សាហាវ​ព្រៃផ្សៃនេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​មនោគមវិជ្ជា​ខ្មៅ​ងងឹត ​របស់​ក្រុម​ជីហាត​នេះ​ ដែល​អះអាង​ខ្លួន​ថា ​ជា​បុព្វជិត​របស់​ព្រះ​អាឡា។ ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ ក៏បាន​យ​កទីក្រុង​នេះ ​ជា​ទី​កន្លែង​រៀបចំ​ និង​ចេញ​បញ្ជា ​ឲ្យ​ធ្វើ​ភេរវកម្ម​នៅ​ទូទាំង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ