អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖ កងទ័ព​រុស្ស៊ី និង​កងទ័ព​បាឆា សង្គ្រប់​ទំលាក់​គ្រាប់បែក ​លើ​​ខេត្ត​អ៊ីដឡិប

នៅខេត្តអ៊ីដឡិប ភាគខាងជើងស៊ីរី  កងទ័ពរុស្ស៊ី និងកងទ័ពបាឆា អាល់អាសាត កំពុងតែសង្រ្គប់ ទំលាក់គ្រាប់បែកយ៉ាងដំណំ ទៅលើខេត្តនេះ ដែលជាតំបន់ចុងក្រោយរបស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល។ អង្គការសង្គមស៊ីវីល ក៏ដូចជាអង្គការសហប្រជាជាតិ កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង អំពីគ្រោះថ្នាក់មហន្តរាយ បាត់បង់ជីវិតមនុស្សស្លូតត្រង់ ព្រោះពួកគេ ពុំមានកន្លែងណាផ្សេង ដើម្បីភៀសខ្លួន ចេញពីការទំលាក់គ្រាប់បែក ដ៏សន្ធឹកសន្ធាប់នេះទេ។

ផ្សែងខ្មៅដោយសារគ្រាប់មីស៊ីល នៅក្រុង ​Khan Sheikhoun ខេត្ត Idleb។ ថ្ងៃទី៨​ កញ្ញា ​២០១៩
ផ្សែងខ្មៅដោយសារគ្រាប់មីស៊ីល នៅក្រុង ​Khan Sheikhoun ខេត្ត Idleb។ ថ្ងៃទី៨​ កញ្ញា ​២០១៩ OMAR HAJ KADOUR / AFP
ផ្សាយពាណិជ្ជកម្ម

យន្តហោះចម្បាំង របស់កងទ័ពរុស្ស៊ី បានចាប់ផ្តើម ហោះទំលាក់គ្រាប់​បែក ទៅលើទីតាំងមួយចំនួន ក្នុងខេត្តអ៊ីដឡេប ដែលស្ថិតនៅភាគខាងជើងស៊ីរី​  ជាប់ព្រំដែនជាមួយតួកគី។ ចំណែកកងទ័ពរបស់ប្រធានាធិបតីបាឆា អាល់អាសាដ បានប្រើឧត្ថម្ភាគចក្រ ជាច្រើនគ្រឿង ទំលាក់ធុងផ្ទុកដោយសារធាតុផ្ទុះ ទៅលើទីតាំងមួយចំនួនទៀត ក្នុងខេត្ត​នេះ។

បើតាមប្រភព ពីអ្នករាយការណ៍ព័ត៌មាន របស់AFP ប្រចាំតំបន់នោះ បានឲ្យដឹងថា សកម្មភាពទំលាក់គ្រាប់បែក យ៉ាងដំណំនេះ បានបង្កជាការជ្រួលច្របល់ ភិតភ័យ ដល់ប្រជាជនស្លូតត្រង់ ដែលនាំគ្នារត់ប្រសេកប្រសាច រកកន្លែងមានសុវត្ថិភាព។ ប្រភពដដែលអះអាងថា ដោយខ្លាចក្រែងគ្រាប់បែក ទំលាក់មកលើអាគារផ្ទះសំបែក ប្រជាជនស្លូតត្រង់ខ្លះ បានរត់ទៅសំងំនៅទីវាលចំការ។

បើយោងតាមប្រភព ពីលោក Rami Abdel Rahmane ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្ស​នៅស៊ីរី បានឲ្យដឹងថា ក្នុងចំណោមទីទាំងដែលរងគ្រាប់បែក គឺមានមន្ទីរពេទ្យមួយ​កន្លែង ស្ថិតក្នុងតំបន់ Hass A។ គិតមកត្រឹមពេលនេះ គឺមានមនុស្សស្លាប់យ៉ាងហោច ៩នាក់ ក្នុងនោះមានកុមារ២នាក់។ លោក Rami Abdel Rahmane លើកឡើង​ថា នេះគឺជាសកម្មភាពទំលាក់គ្រាប់បែក ក្នុងទ្រង់ទ្រាយបំផុត ក្នុងតំបន់នេះ បើរាបគិត​ពីថ្ងៃទី១០សីហាមក ពោលគឺក្រោយប្រតិបត្តិការទំលាក់គ្រាប់ ក្នុងតំបន់ Orum al-Koubra ដែលបានផ្តាច់ជីវិតមនុស្សស្លូតត្រង់៥៣នាក់។

សូមបញ្ជាក់ថា ខេត្តអ៊ីដឡិប គឺជាដែនដីចុងក្រោយបង្អស់ ដែលបច្ចុប្បន្ន ស្ថិតក្នុងការគ្រប់គ្រង របស់ក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលបាឆា អាល់អាសាដ។ បើតាមប្រភពពីអង្គការ​សហប្រជាជាតិ​ តំបន់នេះមានប្រជាជនរស់នៅប្រមាណជាង១លាននាក់ ដែលភាគច្រើន គឺសុទ្ធតែជាអ្នកភៀសខ្លួនទៅពីតំបន់ផ្សេង ដដែលកងទ័ពបាឆា បានវាយដណ្តើមបាន។

កងទ័ពរុស្ស៊ីបានលើកឡើងថា គេមានភស្តុតាងជាក់ច្បាស់ ថាក្រុមឧទ្ទាមដែលជាដៃជើងរបស់ក្រុមអាល់កាយដា ព្រមទាំងបក្សពួកផ្សេងទៀត កំពុងឃុបឃិតគ្នា រៀបចំផែនការអ្វីម្យ៉ាង នៅក្នុងខេត្តអ៊ីដឡិបនេះ។ ប៉ុន្តែរុស្ស៊ីមិនបានលំអិតទេ ថាជាផែនការអ្វី គ្រាន់តែអះអាងថា នេះគឺជាហេតុផល ដែលកងទ័ពរុស្ស៊ី ត្រូវធ្វើប្រតិបត្តិការទំលាក់គ្រាប់បែកនេះ។

យ៉ាងណាក៏ដោយ តំណាងទទួលបន្ទុកកិច្ចការជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ថាសកម្មភាពនេះ និញរុញប្រជាជនស្លូតត្រង់ប្រមាណ៨សែននាក់ ឲ្យទ័លច្រក គ្មានកន្លែងជ្រក។ វិនាសកម្ម ការបាត់បងជីវិតជនស្លូតត្រង់ស៊ីរី នឹងបន្តមានកាន់តែច្រើន ខណៈដែល មកទល់ពេលនេះ មនុស្សយ៉ាងហោច៣សែន៥ម៉ឺននាក់ បានស្លាប់បាត់បងជីវិតរួចទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ