អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖ គ្រាប់កាំភ្លើង​ផ្ទុះឡើង​វិញ ​ខណៈដែល​ការ​ចរចា​សន្តិភាព​ជុំ​ទី​៣​ ត្រូវ​បិទបញ្ចប់

ការ​ចរចា​សន្តិភាព​ដើម្បី​ស៊ីរី ​ជុំទីបី​ ដែល​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​ទី​២៧​មេសា​នេះ​ហើយ។ លទ្ធផល​នៃ​ការ​ចរចា​លើក​នេះ ​ហាក់​ធ្វើ​ឲ្យ​ភាគី​ទាំង​អស់ ​បែកបាក់​គ្នា​កាន់តែ​លើស​មុន​ទៅ​ទៀត ​ដោយសារ​ក្រុម​ប្រឆាំង​ស៊ីរី ​បាន​ដក​ខ្លួន​ចេញ​ ផ្អាក​ការ​ចរចា។ ការ​ធ្វើ​បែប​នេះ ​ក៏​ដោយសារ​តែ​នៅ​សមរភូមិ​ឯណោះ ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​បាន​ធ្វើ​ការ​ទំលាក់​គ្រាប់បែក​យ៉ាង​ដំណំ​ បើ​ទោះបី​ជា​មាន​ការ​ព្រមព្រៀង​ទម្លាក់​អាវុធ​ក៏ដោយ។

លោក ស្តេហ្វាន ដឺមីស្ទូរ៉ា ប្រេសិតពិសេស​ទទួលបន្ទុក​ការចរចា​សន្តភាព​នៅស៊ីរី
លោក ស្តេហ្វាន ដឺមីស្ទូរ៉ា ប្រេសិតពិសេស​ទទួលបន្ទុក​ការចរចា​សន្តភាព​នៅស៊ីរី PHILIPPE DESMAZES/AFP
ផ្សាយពាណិជ្ជកម្ម

ការចរចាជុំ​ទីបី ​បិទ​បញ្ចប់​ដោយ​លទ្ធផល​សូន្យ៖

ការ​ចរចា​ជុំ​ទីបី​នេះ ​ គឺ​បាន​លទ្ធផល​មិន​មែន​ល្អ​ជាង​មុន​ទេ ​គឺ​អាក្រក់​ជាង​មុន​ទៅ​ទៀត ​ព្រោះថា​ឥឡូវ​ភាគី​ស៊ីរី​ទាំងអស់​និយាយ​លែង​ស្តាប់​គ្នា​ហើយ។ ស្ថានភាព​នេះ ​ ​គឺ​បណ្តាល​មក​ពី​ស្ថានការណ៍​ជាក់ស្តែង​នៅ​ឯ​ក្នុង​ប្រទេស​ស៊ីរី​ឯណោះ ​ដែល​កំពុង​តែ​ប្រែប្រួល ​វិល​ត្រលប់​ទៅ​រក​ភាព​ចលាចល​ឡើង​វិញ។

ភាគី​ទាំងអស់ ​ដែល​មាន​អាមេរិក​ និង​រុស្ស៊ី​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ បាន​សន្យា​ធ្វើការ​ដាក់​អាវុធ​បណ្តោះ​អាសន្ន​ ហើយ​នាំ​គ្នា​ចូល​តុចរចា ​ ដោយ​មាន​លោក​ស្តេហ្វាន ដឺមីស្ទូរ៉ា ​អ្នក​តំណាង​ពិសេស​ របស់​អង្គការ​សហប្រជាជាតិ ​ជា​អាជ្ញា​កណ្តាល។ ការ​ចរចា​បាន​ធ្វើ​ទៅ​បីដង​មក​ហើយ ​តែ​ជា​ការ​ចរចា​ដោយ​ប្រយោល ​មាន​ន័យថា ​អង្គការ​សហប្រជាជាតិ ​ជាអ្នក​នាំពាក្យ​ពី​ម្ខាង​ទៅ​ប្រាប់​ម្ខាងទៀត ​ដោយ ​ភាគី​ទាំងអស់​អត់​ចូល​តុ ​និយាយ​ទល់​មុខ​គ្នា​ទេ។
 

កងសង្រ្គោះ​ដែល​ជា​ប្រជាជន​សាមញ្ញ កំពុងស្វែង​រកជន​រងគ្រោះ​ ដោយសារ​ការ​ទម្លាក់គ្រាប់​​របស់​​កងទ័ពរដ្ឋាភិបាល​ ថ្ងៃសុក្រ ទី​២២ មេសា
កងសង្រ្គោះ​ដែល​ជា​ប្រជាជន​សាមញ្ញ កំពុងស្វែង​រកជន​រងគ្រោះ​ ដោយសារ​ការ​ទម្លាក់គ្រាប់​​របស់​​កងទ័ពរដ្ឋាភិបាល​ ថ្ងៃសុក្រ ទី​២២ មេសា REUTERS/Abdalrhman Ismail

ប៉ុន្តែ​ចាប់​ពី​ចុង​សប្តាហ៍​មុននេះ ​ស្ថានការណ៍​នៅ​ស៊ីរី​ កាន់តែ​វឹកវរ​ ដោយសារ​កងទ័ព​រដ្ឋាភិបាល​របស់​បាស្ឆា ​អាល់អាសាដ ​បាន​បង្កើន​ការ​វាយប្រហារ​ ទម្លាក់​គ្រាប់បែក ​នៅ​តំបន់​ខេត្ត​អាឡិប ​ដែល​នេះ​ជា​ការ​រំលោភ​ទាំងស្រុង ​ទៅ​លើ​បទ​ឈប់បាញ់​បណ្តោះ​អាសន្ន។ គ្រាន់តែ​ពី​ រវាង​ថ្ងៃ​សុក្រ ​និង​ថ្ងៃសៅរ៍ ​សប្តាហ៍​មុន​នេះ ​ មាន​មនុស្ស​ស្លាប់​ជាង​៥០​នាក់ ​ហើយ​ភាគ​ច្រើន​ជា​ប្រជាជន​សាមញ្ញ។ ការ​ទំលាក់​គ្រាប់បែក​របស់​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​បាន​បន្ត​នៅ​ថ្ងៃ​អង្គារ​ទី​២៦ មេស​ទៀត ​ដែលធ្វើ​ឲ្យមាន​មនុស្ស​ស្លាប់​យ៉ាង​ហោចណាស់​ជាង​២០​នាក់។

 

មាត់​ថា​ចរចា ​តែ​បន្ត​វាយប្រហារ​ទំលាក់គ្រាប់​សម្លាប់​ប្រជាជន៖
ក្រុមប្រឆាំងស៊ីរី​ ដែល​ពួកគេ​បាន​រួមរួម​គ្នា​បង្កើត​ជាមួយ​ក្រុម​ មាន​ឈ្មោះថា​​គណកម្មាធិការ​ជាន់​ខ្ពស់​ដើម្បី​ការ​ចរចា​(HCN) បាន​សម្រេច​ចិត្ត​ដកខ្លួន​ សុំផ្អាក​ការ​ចរចា​នៅ​ក្រុង​ហ្សឺណែវ។ ពួកគេ​ធ្វើ​បែប​នេះ​ ដោយសារ​តែ​ពួក​គេ​ចោទ​ថា​រដ្ឋាភិបាល​បាស្ឆា​កំពុង​តែ​លេង​ខ្សែ​លើ ​មាត់​ថា​ចរចា ​តែ​ដៃ​ចុច​បញ្ជារ​យន្តហោះ ​ឲ្យ​ទំលាក់​គ្រាប់​បែក​សម្លាប់​ប្រជាជន​ស៊ីរី។ ក្រុម​ប្រឆាំង​នេះ ​បាន​ទាំង​ចោទ​លោក​ស្តេហ្វាន ដឺមីស្ទូរ៉ា ​ទៀត​ផង​ថា ​គ្មាន​សេចក្តី​ក្លាហាន​ក្នុងការ​ដាក់​គំនៀប​លើ​រដ្ឋាភិបាល​បាស្ឆា ​អាល់អាសាដ ​បណ្តោយ​ឲ្យ​ពួក​នេះ​បន្ត​រំលោភ​បទ​ឈប់​បាញ់។

សរុបទៅ​ គឺថា ​ការ​ចរចា​សន្តិភាព​ជុំ​ទីបី​ត្រូវ​បិទ​នៅ​ថ្ងៃ​នេះមែន ​ តែ​តាម​ពិត​ វា​គ្មាន​អ្វី​ទៅមុខ​ តាំង​តែ​ពី​ថ្ងៃ​សុក្រ​ម្លេះ ​បន្ទាប់​ពី​ក្រុម​ប្រឆាំង​បាន​ធ្វើ​ពហិការ។ ដោយឡែក ​ខាង​រដ្ឋាភិបាល​ស៊ីរី ​បាន​ជួប​ជាមួយ​នឹង​លោក​ស្តេហ្វាន ដឺមីស្ទូរ៉ា ​នៅ​ថ្ងៃ​ម្សិលមិញ ​ហើយ​ថា​សរុប​ទៅ​ការ​ចរចា​លើក​នេះ ​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ពួក​គេ។ ជាមួយ​គ្នា​នេះ ​លោក​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​ថា​ ការចរចា​ជុំ​ទី​បួន​ នឹង​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​១០​ឧសភា​ខាង​មុខ​នេះ។

រុស្ស៊ី​ស្នើអង្គការ​សហ​ប្រជា​ជាតិ​​ ឲ្យចាត់ទុក​ក្រុម​ប្រឆាំង​ស៊ីរី​ពីរក្រុម ​ ទៅ​ជា​ក្រុម​ភេរវកម្ម៖
លោក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី ​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​បាន​ប្រកាស​ឲ្យ​ដឹងថា ​រុស្ស៊ី​បាន​ដាក់​ពាក្យ​សុំទៅ​គណកម្មការ​ភេរវកម្ម​ របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ​ស្នើ​ឲ្យ​ចាត់​ក្រុម​ប្រឆាំង​ស៊ីរី​ពីរ​ ជា​ក្រុម​ភេរវកម្ម។ ក្រុម​ទាំង​ពីរ​នេះ​មាន​ទីមួយ ​គឺ​ក្រុម​ឈ្មោះ ​Ahrar al-Sham ​និង​ទី​ពីរ​គឺ​ក្រុម ​ Jaïch al-Islam។ រុស្ស៊ី​ផ្តល់​អំណះអំណាង​ថា ​ក្រុម​ទាំងពីរ​នេះ​មាន​ទំនាក់ទំនង ​យ៉ាង​ជិតស្និទ ​ជាមួយ​នឹង​ក្រុម​ភេរវកម្ម​ផ្សេងទៀត ​ ដូចជា​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​និង​ក្រុម​អាល់កាយដា។

តាមពិត​ អ្វី​ដែល​យើង​ត្រូវ​ដឹង ​គឺ​ថា​ភាព​ស្មុគ​ស្មាញ​មួយ​ដែល​សំខាន់ ​នៅ​ក្នុង​ជម្លោះ​ស៊ីរី ​ គឺ​មក​ពី​មាន​ក្រុម​ប្រឆាំង ​ក្រុម​ឧទ្ទាម​ហ្នឹង ​ច្រើន​ក្រុមពេក។ ហើយ​ក្រុម​ខ្លះ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ​ជាមួយ​នឹង​ក្រុម​ជីហាដ​អ៊ីស្លាម​ជ្រុល​និយម​មែន។ ក៏​ប៉ុន្តែ​ក្រុម​ទាំងពីរ​ដែល​រុស្ស៊ី​ចោទ​នា​ពេល​នេះ ​គឺជា​ក្រុម​ដែល​បាន​ចូលរួម​ក្នុង​ការ​ចរចា​សន្តិភាព ​នៅ​ហ្សឺណែវ។ ជាក់ស្តែង ​លោក​ មហាម៉េដ អាលូឆ ​ដែល​ជា​បុគ្គល​ម្នាក់​តំណាង​ឲ្យ​ក្រុម​គណកម្មាធិការ​ជាន់​ខ្ពស់​ដើម្បី​ការចរចា ​គឺ​ជា​មេដឹកនាំ​របស់​ក្រុម​ Jaïch al-Islam ​នេះ​ឯង។ លោកម្នាក់​នេះ ​ហើយ ​ដែល​បាន​ផ្តើម​គំនិត​សុំដក​ខ្លួន​ពី​ការ​ចរចា​សន្តិភាព ​ដោយសារ​តែ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​នៅ​តែ​បន្ត​ទម្លាក់​គ្រាប់​នៅ​អាឡិប។
 

លោក Riad Hijab អ្នកតំណាងក្រុមប្រឆាំង (HCN)  ក្នុងពេលចរចា​នៅហ្សឺណែវ​ ថ្ងៃទី​១៨ មេសា
លោក Riad Hijab អ្នកតំណាងក្រុមប្រឆាំង (HCN) ក្នុងពេលចរចា​នៅហ្សឺណែវ​ ថ្ងៃទី​១៨ មេសា REUTERS/Denis Balibouse

យុទ្ធសាស្ត្រ​ កំចាយ​ក្រុម​ប្រឆាំង​ពី​កន្លែង​ចរចា៖
បើយើង​វិភាគ​ឲ្យ​មែនទែន ​ ការ​ស្នើ​សុំ​របស់​រុស្ស៊ី​នា​ពេល​នេះ ​ ​គឺ​មិន​ខុស​ពី​ការ​វាយ​បក​វិញ​ទៅ​លើ​ក្រុម​ប្រឆាំង​ស៊ីរី​ទេ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ​ មេ​បញ្ជារការ​ម្នាក់​ដ៏​សំខាន់​របស់​ក្រុមAhrar al-Sham  ​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ហេតុការណ៍​ភេរវកម្ម​អត្តឃាត។ យើង​មិន​ទាន់​ដឹង​ថា ​ខាង​ណា​ជា​អ្នក​បញ្ជារ​ទេ ​ តែ​យ៉ាងណាក៏​ដោយ ​អ្នក​ដែល​បាន​ផល​ពី​ស្ថានការណ៍​នេះ ​គឺ​រដ្ឋាភិបាល​ បាស្ឆា អាល់អាសាដ។

យើង​ឃើញ​ថា ​ឆ្លៀតពេល​ដែល​ការ​ចរចា​សន្តិភាព​នៅ​គាំង ​ កងទ័ព​រដ្ឋាភិបាល​បាស្ឆា ​បន្ថែម​ការ​ទម្លាក់​គ្រាប់​ទៅ​លើ​ក្រុម​ឧទ្ទាម​ប្រឆាំង ​ ឯរុស្សី​វិញ​ជួយ​ព្រួត​គ្នា ​ស្នើឲ្យ​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ក្រុម​ប្រឆាំង​ពីរ​ក្រុម ​ថា​ជាក្រុម​ភេរវកម្ម​ទៀត។​ នេះ ​គឺ​ជា​យុទ្ធសាស្ត្រ​ របស់​ប្រធានាធិបតី​បាស្ឆា ​និង​រុស្សី ​ក្នុង​ការ​កាច់ដៃ​កាច់​ជើង​ក្រុម​ប្រឆាំង ​មិន​ឲ្យ​ងើប​បាន។
 
ចង់ឲ្យ​ក្រុម​ប្រឆាំង​ស៊ីរី​ទាំងអស់​រួមគ្នា​តែមួយ​ក្នុង​ការ​ចរចា ​ជារឿង​ពិបាក៖
ក្រុម​ប្រឆាំង​និមួយៗ​ មាន​គោលជំហរ​រឹង​រូស​ណាស់ ​ហើយ​អ្នក​ដែលនៅ​ពី​ក្រោយ​ខ្នង​ ​ក៏​ខុសៗ​គ្នាទៀត។ តាមពិត​ទៅ​ អ្នក​ដែល​ទាមទារ​សុំ​ឲ្យ​ក្រុម​ប្រឆាំង​ទាំងអស់​ចាប់ដៃ​គ្នា​បង្កើត​ក្រុម​តែ​មួយ​នេះ ​ ​គឺ​ជា​ក្រុម​ដែល​មាន​និន្នការ​កណ្តាល​និយម ​រឺ​អាច​ហៅ​ម្យ៉ាងទៀត​ថា ​ក្រុម​ដែល​មិន​សូវ​ជា​ប្រឆាំង​ខ្លាំង​ក្លា​ជាមួយ​ប្រធានាធិបតី​បាស្ឆា​ទេ។ ក្រុមនេះ ​មាន​ការ​គាំទ្រ​ពី​រុស្ស៊ី ​និង​អេហ្ស៊ីប ​ហើយ​រដ្ឋាភិបាល​ស៊ីរី ​ក៏​មិន​សូវ​ជា​ស្អប់​ក្រុម​នេះ​ ណាស់​ណា​ដែរ។

បើតាម​អ្នក​វិភាគ​ខ្លះ ​គេ​យល់​ថា​ក្រុម​នេះ ​អាច​ជា​កូន​អុក​របស់​រដ្ឋាភិបាល​បាស្ឆា​ផង​ក៏​មិន​ដឹង។ កន្លង​មក​ក្នុង​ការ​ចរចា ​ ក្រុម​នេះ​មិន​បាន​កំណត់​លក្ខខណ្ឌ​បឋម​ដាច់​អហង្ការ ​ថា​ត្រូវ​តែ​ប្រធានាធិបតី​បាស្ឆា ​ចុះចេញ​ពី​តំណែង​ទេ។ ផ្ទុយ​ពី​ក្រុម​ប្រឆាំង​ដែល​មាន​ឈ្មោះថា​ គណកម្មាធិការ​ជាន់ខ្ពស់​ដើម្បី​ការ​ចរចា​ ដែល​មាន​ការ​គាំទ្រ​ពី​អាមេរិក​ និង​បារាំង ​ដែល​ពួក​គេ​ទាមទារ​ថា​ ប្រធានាធិបតី​បាស្ឆា ​ត្រូវតែ​ចុះចេញ​ពី​តំណែង​ មុននឹង​បើក​ឲ្យ​មាន​សម័យ​អន្តរកាល។

សរុបទៅ​សរុបមក ​ យើងឃើញ​ថា ​អ្វី​ដែល​រដ្ឋាភិបាល​បាស្ឆា ​និង​រុស្ស៊ី​ព្យាយាម​ធ្វើ​ ​គឺ​ធ្វើ​យ៉ាងណា ​កំចាយ​ក្រុមដែល​ប្រឆាំង​ខ្លាំង​ ពោល​គឺ​ក្រុម​ដែល​ទាមទារ​ឲ្យ​ប្រធានាធិបតី​បាស្ឆា​ចុះចេញ​ពី​តំណែង ​ ហើយ​ទន្ទឹម​គ្នានេះ ​គេរុញ​ក្រុម​ប្រឆាំង​កណ្តាល​និយម​ ឲ្យ​ប្រមែល​ប្រមូល​គ្នា ​ធ្វើ​ជា​ក្រុម​ប្រឆាំង​តែមួយ​ដើម្បី​ចរចា។

យ៉ាងណា​ក៏ដោយ ​ស្ថានការណ៍​ទាំងអស់​នេះ ​ គឺ​អ្វីៗ​រំពឹង​ទាំងស្រុង​ទៅ​លើ​ភាព​ម្ចាស់ការ ​ឥត​លម្អៀង ​និង​ថ្លឹងថ្លែង​របស់​លោក​ស្តេហ្វាន ដឺមីស្ទូរ៉ា ​ដែល​ជា​អ្នក​តំណាង​ឲ្យ​អង្គការ​សហប្រជាជាតិ។ បើសិន​ជា​ក្រុម​ឧទ្ទាម​ប្រឆាំង ​យល់​ថា​គេ​កំពុង​តែ​បោក​ប្រាស់​ខ្លួន ​ហើយ​អង្គការ​សហប្រជាជាតិ​ភ្នែក​ស ​ជឿតាម​រុស្ស៊ី​និងបាស្ឆា​ទៀត ​មាន​ន័យ​ថា​ក្រុម​ឧទ្ទាម​ នឹង​ត្រលប់​ទៅ​កាន់​អាវុធ​វិញ​ជា​មិន​ខាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ