ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
មជ្ឈិមបូព៌ា

ស៊ីរី៖ ​ស្លាប់​ជន​ស៊ីវីល ​៤២នាក់ ​ ដោយ​ការ​​ទម្លាក់​​គ្រាប់​​របស់​​កងទ័ព​​​សម្ព័ន្ធមិត្ត​ ​នៅ​​តំបន់​​រ៉ាខា

media  
សមរភូមិរ៉ាខា​ រវាង​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​និង​ ក្រុុមជីហាត​អង្កការ​រដ្ឋ​អ៊ីស្លាម REUTERS/Zohra Bensemra

តំបន់រ៉ាខា ​នៅ​ប្រទេស​ស៊ីរី ​គឺ​ជា​សមរភូមិ​ចុងក្រោយ​ ដែល​កងទ័ព​សម្ព័ន្ធមិត្ត ​និង​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ កំពុង​រួមគ្នា​ប្រយុទ្ធ ​ដើម្បី​រំដោះ​ទីក្រុង​នេះ ​ចេញ​ពី​ដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។​ តែ​យ៉ាង​ណា ​ប្រជាជន​ស៊ីវីល ​ដែល​ជាប់​នៅ​ទី​នោះ ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ ដំបូង​គេ​បង្អស់ ​ដោយសារ​តែ​គ្រាប់​បែក​ ទំលាក់​ដោយ​កងទ័ព​សម្ព័ន្ធមិត្ត។ ជាក់ស្តែង ​កាល​ពី​ថ្ងៃ​ចន្ទ​ កន្លង​ទៅ​ យ៉ាងហោច​ណាស់​មនុស្ស​ស្លូតត្រង់​៤២​នាក់​ បាន​ស្លាប់​ដោយ​សារ​គ្រាប់បែក​ ដែល​គេ​ទំលាក់ ​សំដៅ​សម្លាប់​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម។

ក្នុង​ចំណោម​ជន​ស៊ីវីល​ ទាំង​៤២​នាក់ ​ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​គ្រាប់បែក​របស់​កងទ័ព​សម្ព័ន្ធមិត្ត ​ គឺមាន​១៩​នាក់​ជា​កុមារ។ នេះ ​បើ​តាម​ការ​រាយការណ៍ ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​នៅ​ស៊ីរី។ ចំណែក​កាល​ពី​ថ្ងៃ​អាទិត្យ ​មាន​ជន​ស្លូតត្រង់​ប្រមាណជា​២៧​នាក់​ផ្សេង​ទៀត ​បាន​ស្លាប់ ​ដោយការ​ទម្លាក់​គ្រាប់​បែក ​ស្រដៀង​គ្នា​នេះ​ដែរ។

លោក ​Rami Abdel Rahmane ​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៅ​ស៊ីរី ​បាន​លើក​ឡើង​ថា ​នៅ​រ៉ាខា ​មាន​ប្រជាជន​ស៊ីវីល​ ស្លាប់​ជា​រៀងរាល់​ថ្ងៃ ​ ដោយការ​ទំលាក់​គ្រាប់​ជិញ្ជ្រុំ​របស់​កងទ័ព​សម្ព័ន្ធមិត្ត។ លោក​បញ្ជាក់​ថា ​ ក្នុង​រយៈពេល ​៨ថ្ងៃ​ចុង​ក្រោយ​នេះ ​ គឺមាន​ប្រជាជន​ស៊ីវីល ​ស្លាប់​ចំនួន​១៧០​នាក់​ហើយ ​ នៅក្នុង​សមរភូមិ​រ៉ាខា។

សូមបញ្ជាក់​ថា ​នៅ​រ៉ាខា ​កងទ័ព​សម្ព័ន្ធមិត្ត​បាន​ធ្វើ​ប្រតិបត្តិការ​ទំលាក់​គ្រាប់​បែក ​ ដើម្បី​ជួយ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​និង​កង​កម្លាំង​កួដ ​ឲ្យ​រុល​ទៅ​មុខ។ រហូត​មក​ដល់​ពេល ​ តំបន់​រ៉ាខា ​ត្រូវ​បាន​រំដោះ ​ពី​ដៃ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ បាន​ប្រមាណ​ជា​៦០%​ហើយ។

ក្នុងឆ្នាំ​២០១៤ ​ គ្រាប់បែក​របស់​កងទ័ព​សម្ព័ន្ធមិត្ត​ បាន​សម្លាប់​ប្រជាជន​ស៊ីវិល​ ប្រមាណ​៦២៤​នាក់។ តែ​តួលេខ​នេះ ​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ ​ លើកឡើង​ថា ​នៅ​ទាប​ជាង​ចំនួន​ជាក់​ស្តែង​ទៀត​ផង។ កងទ័ព​សម្ព័ន្ធមិត្ត ​ដែល​ដឹកនាំ​ដោយ​កងទ័ព​អាមេរិក ​ ធ្លាប់​បាន​អះអាង​ថា ​គេ​នឹង​ខឹតខំ​ធ្វើ​គ្រប់​យ៉ាង ​ ដើម្បី​បញ្ចៀស​ កុំឲ្យ​មាន​ប្រជាជន​ស្លូត​ត្រង់​ រងគ្រោះ ​នៅក្នុង​ការ​ទម្លាក់​គ្រាប់​បែក។ តែ​យ៉ាងណា​ក៏ដោយ ​​វា​ជារឿង​ ដែល​ពិបាក​ធ្វើ​បំផុត​ ព្រោះថា ​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម ​ បាន​យក​ប្រជាជន​ស្លូត​ត្រង់​ធ្វើ​ជា​ខែល។

បើតាម​ការ​ប៉ាន់ស្មាន ​ របស់​ក្រុម​ការងារ​សង្កេតការ​ នៃ​អង្គការ​សហប្រជាជាតិ ​បច្ចុប្បន្ន​នេះ ​នៅ​រ៉ាខា ​មាន​​ប្រជាជន​ស៊ីវីល ​ដែល​ត្រូវ​ក្រុម​ជីហាត​អង្គការរដ្ឋ​អ៊ីស្លាម​ បង្ឃាំង​ជា​ចំណាប់​ខ្មាំង ​ មាន​ប្រមាណ​ជា ​២៥០០០​នាក់។ ប្រធាន​ក្រុម​ការងារ​មនុស្ស​ធម៌​នៃ​អង្គការ​សហប្រជាជាតិ ​លើកឡើង​ថា ​ប្រជាជន​ស៊ីវីល​ ​ដែល​ជាប់​ក្នុង​ដៃ​របស់​ពួក​ជីហាត​នៅ​រ៉ាខា ​គឺ​ពួក​គេ​ស្ថិត​ក្នុង​គ្រោះថ្នាក់​បំផុត។ ​ តែ​យ៉ាង​ណា​ ការ​បាត់បង់​ជីវិត​មនុស្ស​ គឺ​ជា​រឿង​ដែល​ចៀស​មិន​ផុត​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ