អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖ បទ​ឈប់បាញ់​បណ្តោះអាសន្ន​ចូល​ជា​ធរមាន​ តែ​គ្រប់​គ្នា​នៅ​មិន​ទុកចិត្ត​រុស្ស៊ី

ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ តុលា​នេះ ​បទ​ឈប់បាញ់​បណ្តោះអាសន្ន​នៅ​សមរភូមិ​អាឡិប ​ភាគ​ខាង​ជើង​ស៊ីរី ​ដែល​កងទ័ព​រុស្ស៊ី ​និង​កងទ័ព​រដ្ឋាភិបាល​ស៊ីរី ​ទទួល​យល់​ព្រម​អនុវត្ត​នោះ ​ត្រូវ​ចូល​ជា​ធរមាន​ហើយ។ ការ​ផ្អាក​ការ​ប្រយុទ្ធ​បណ្តោះ​អាសន្ន​នេះ ​គឺ​ធ្វើ​ឡើង​ដោយ​មាន​ការ​ស្នើ​សុំ​ពី​សហគម​អន្តរជាតិ ​ដើម្បី​រំដោះ​ប្រជាជន​ស្លូតត្រង់ ​អ្នក​របួស ​និង​ក្រុម​ឧទ្ទាម​ស៊ីរី​ណា ​ដែល​មាន​បំណង​ចេញ​ពី​តំបន់​អាឡិប។ យ៉ាង​ណា​ក៏​ដោយ ​តាម​ប្រភព​ព័ត៌មាន ​សំឡេង​កាំភ្លើង​នៅ​តែ​បន្លឺ​ដដែល​នៅ​តាម​ច្រក​រំដោះ ​ហើយ​ប្រជាជន​ស៊ីរី ​នៅ​តែ​មិន​ទុក​ចិត្ត​ពី​ភាព​ស្មោះត្រង់​របស់​រុស្ស៊ី​ ​និង​កងទ័ព​រដ្ឋាភិបាល​បាឆ្ហា ​អាល់​អាសាដ។

ទីក្រុង​អាឡិប ថ្ងៃទី​ ១១ តុលា ២០១៦
ទីក្រុង​អាឡិប ថ្ងៃទី​ ១១ តុលា ២០១៦ REUTERS
ផ្សាយពាណិជ្ជកម្ម

ច្រក​រំដោះ​ចំនួន​៨កន្លែង​ ជុំវិញ​ភាគ​ខាង​កើត​ក្រុង​អាឡិប ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​ឲ្យ​បង្កើត ​ដើម្បី​រំដោះ​ប្រជាជន​ អ្នក​របួស ​និង​ក្រុម​ឧទ្ទាម។ ហើយ​តាម​រយៈ​ច្រក​ទាំង​នេះ​ផងដែរ ​ ដែល​អង្គការ​មនុស្សធម៌​ និង​អង្គការ​សហប្រជាជាតិ​ត្រូវការ ​ ដើម្បី​ដឹក​ស្បៀង​អាហារ ​និង​សំភារៈ​ទៅ​ជួយ​ប្រជាជន​ប្រមាណ​ជា​២ម៉ឺន​៥ពាន់​នាក់ ​ដែល​នៅ​ជាប់​គាំង​ក្នុង​ទីក្រុង​អាឡិប។

រដ្ឋាភិបាល​ស៊ីរី ​និង​កងទ័ព​រុស្ស៊ី​បាន​យល់ព្រម​បើក​ច្រក​ទាំង​នេះ​ ហើយ​បាន​សន្យា​គោរព ​ដោយ​ផ្អាក​ការ​ប្រយុទ្ធ​បណ្តោះ​អាសន្ន។ យ៉ាងណា​មិញ ​ពីរ​ថ្ងៃ​មក​នេះ ​រុស្ស៊ី​បាន​ផ្អាក​ការ​ទំលាក់​គ្រាប់បែក ​ពី​លើ​ក្រុង​អាឡិប។ តែ​បើ​យោង​តាម​ប្រភព​ ពីអ្នក​យក​ព័ត៌មាន​បារាំង ​ដែល​ប្រចាំ​ការ​នៅ​ទីនោះ ​ថ្មី​បើ​បទ​ឈប់បាញ់​បាន​ចូល​ជា​ធរមាន ​កាល​ពី​ម៉ោង​៨ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក៏ដោយ ​ ​តែ​គេ​នៅ​តែ​ឮ​សំឡេង​កាំភ្លើង​ដដែល​នៅ​ច្រក​Boustane al-Qasr។ ខាង​រដ្ឋាភិបាល​ស៊ីរី ​បាន​ចោទ​ថា​ក្រុម​ឧទ្ទាម​ ជា​អ្នក​ចាប់​ផ្តើម​បាញ់​មុន។

តាម​ការ​គ្រោងទុក ​បទ​ឈប់បាញ់​នេះ ​មាន​រយៈពេល​៣ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២០​តុលា​នេះ​ទៅ។ យ៉ាង​ណា​ក៏​ដោយ ​ភាព​ស្រពិច​ស្រពិល ​ស្តីពី​ការ​គោរព​បទឈប់​បាញ់​នេះ​នៅ​តែ​មាន។ តាម​ការ​ឲ្យ​ដឹង​ពី​ភាគី​រុស្ស៊ី ​ការ​ទំលាក់​អាវុធ​បណ្តោះអាសន្ន​នេះ​ មាន​រយៈពេល​៣ថ្ងៃ ​ហើយ​មួយថ្ងៃៗ​មាន​រយៈ​ពេល​១១​ម៉ោង ​ពោល​គឺ​ពី​ម៉ោង​៨ព្រឹក​ រហូត​ដល់​ម៉ោង​៧ល្ងាច។ ក៏​ប៉ុន្តែ​កងទ័ព​រដ្ឋាភិបាល​ស៊ីរី​វិញ ​បាន​អះអាង​ថា ​ការ​ទំលាក់​អាវុធ​គឺ​ធ្វើឡើង​បីថ្ងែ ​តែ​មួយថ្ងៃ​តែ​៨ម៉ោង​ទេ ​គឺ​ពី​ម៉ោង​៨ព្រឹក ​ដល់​ម៉ោង​៤រសៀល។

ប្រជាជន​នៅ​តំបន់​អាឡិប​មួយ​ភាគ​ធំ ​ បាន​ឆ្លើយ​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ថា ​ពួកគេ​មិន​ទុក​ចិត្ត​រុស្ស៊ី ​និង​កងទ័ព​រដ្ឋាភិបាល​បាឆ្ហា ​អាល់ អាសាដ​ទេ។ ថ្មីបើ​ពួក​គេ​មាន​ការ​លំបាក​ខ្លាំង ​ដោយ​ត្រូវ​ជាប់គាំង​ក្នុង​ទីក្រុង​អាឡិប ​តែពួក​គេ​នៅតែ​មិន​ហ៊ាន​ប្រថុយ​ជីវិត​ ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​រំដោះ ​ដែល​រុស្ស៊ី ​និង​កង​ទ័ព​រដ្ឋាភិបាល​ស៊ីរី ​បើក​ឲ្យ​ដែរ។ មួយវិញ​ទៀត ​វា​ក៏​មិនមែន​ជា​លើក​ទីមួយ​ទេ ​ ដែល​រុស្ស៊ី ​និង​កងទ័ព​បាឆ្ហា ​បាន​ក្បត់​សំដី​ខ្លួន​ឯង​ សន្យា​ថា​ផ្អាក​ការ​ប្រយុទ្ធ ​តែ​មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង ​ ក៏​ឆ្មក់​ឱកាស​ទំលាក់​គ្រាប់​ពី​លើ​ក្បួន​ធ្វើ​ដំណើរ​របស់​ប្រជាជន ​ដោយ​យកលេស​ថា​កម្ទេច​ក្រុម​ភេរវកម្ម។
 

កិច្ច​ប្រជុំបន្ទាន់​ស្តី​ពី​​សុីរី នៅទី​ក្រុង​ប៊ែកឡាំង​ថ្ងៃ​ទី​១៩ តុលា រវាង​​ប្រធានាធិបតី​​រុស្ស៊ី​ ប្រធានាធិបតី​បារាំង និង​លោក​ស្រី​អធិកាបតី​អាល្លឺម៉ង់
កិច្ច​ប្រជុំបន្ទាន់​ស្តី​ពី​​សុីរី នៅទី​ក្រុង​ប៊ែកឡាំង​ថ្ងៃ​ទី​១៩ តុលា រវាង​​ប្រធានាធិបតី​​រុស្ស៊ី​ ប្រធានាធិបតី​បារាំង និង​លោក​ស្រី​អធិកាបតី​អាល្លឺម៉ង់ REUTERS

សូម​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ​លោក​ពូទីន ​ប្រធានាធិបតី​រុស្ស៊ី ​បាន​មក​ជួប​ប្រជុំ​ជាមួយ​លោក​ហ្វ្រង់ស័រ ហូឡង់ ​និង​លោកស្រី​អង់ហ្គេឡា មែគែល ​នៅ​ទីក្រុង​ប៊ែកឡាំង ​ ហើយ​បាន​សន្យា​ថា​នឹង​ពន្យា​បទ​ឈប់បាញ់​នេះ​បន្តទៀត ​បើ​សិន​ជា​ចាំបាច់។ ប្រធានាធិបតី​បារាំង ​និង​លោកស្រី​អធិកាបតី​អាល្លឺម៉ង់ ​បាន​សង្កត់ធ្ងន់​ពី​គោល​បំណង​ដាក់​សំពាធ​​លើ​រុស្ស៊ី ​ឲ្យ​គោរព​សម្តី​ខ្លួន​ ឲ្យ​ខាង​តែ​បាន​ ពុំនោះ​ទេ​ សហភាព​អឺរ៉ុប​នឹង​លៃលក​រក​វិធី​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ