អានតួអត្ថបទ
ស៊ីរី-បារាំង

បារាំងទទួល​ស្គាល់ថា​ខ្លួន​មាន​កម្លាំង​ទាហាន​ពិសេស ជួយនៅ​​សមរភូមិ​ស៊ីរី

ក្រៅ​ពី​កង​ទាហាន​អាកាស ​ដែល​ធ្វើ​ប្រតិបតិ្តការ​នៅ​ស៊ីរី ​មន្រ្តី​នៃ​ក្រសួង​ការពារ​ជាតិ​បារាំង​ ​ បាន​ទទួល​ស្គាល់​ថា ​បារាំង​មាន​កង​កម្លាំង​ពិសេស​មួយ​ក្រុម​​​ ដែល​នៅ​ចាំ​ជួយ​ក្រុម​កម្លាំង​អារ៉ាប់ ​ដើម្បី​វាយ​ប្រយុទ្ធ​ជាមួយ​ពួក​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​ក្នុង​ខេត្ត​អាឡេប ​ភាគ​ខាង​ជើង​ស៊ីរី។តែ​យ៉ាងណា ​ក្រសួង​ការពារ​​ជាតិ​បារាំង ​បាន​អះអាង​ថា ​វត្តមាន​របស់​កម្លាំង​ពិសេស​បារាំង​នេះ មាន​បេសកកម្ម​ដើម្បី​តែ​ផ្តល់​ប្រឹក្សា​ផ្នែក​យុទ្ធសាស្ត្រ​ប្រយុទ្ធ ​តែ​មិន​បាន​ចូលរួម​ប្រយុទ្ធ​ដោយ​ផ្ទាល់ទេ។

ផ្សែងខ្មៅជា​ច្រើន​ចំណុច នៅ​សមរភូមិ មីនបិច ​ភាគ​ខាងជើង​ខេត្ត​អាឡិប
ផ្សែងខ្មៅជា​ច្រើន​ចំណុច នៅ​សមរភូមិ មីនបិច ​ភាគ​ខាងជើង​ខេត្ត​អាឡិប Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជាលើក​ទីមួយ​ហើយ ​ដែល​ក្រសួង​ការពារ​ជាតិ​បារាំង​ ​បាន​ទទួល​ស្គាល់ជា​ផ្លូវការ​ថា ​ពិតជា​មាន​កង​កម្លាំង​ពិសេស​បារាំង ​ប្រចាំការ​នៅ​សមរភូមិ ​ក្នុង​ទឹកដី​ស៊ីរី​​ប្រាកដ​មែន។ យោង​តាម​មន្ត្រី​ធំៗ​​នៃ​ក្រសួង​ការពារ​ជាតិ​បារាំង ​បាន​ឲ្យ​ដឹង​ថា ​កង​កម្លាំង​ពិសេស​នេះ ​កំពុង​ធ្វើ​ប្រតិបត្តិការ​ជួយ​កង​កម្លាំង​អារ៉ាប់​ និង​គួដ ​ ដែល​ពួកគេ​កំពុង​តែ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ ​ជាមួយ​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម។ ដោយ​មិន​បញ្ជាក់​ថា ​មាន​ទាហាន​បារាំង​ប៉ុន្មាន​នាក់ ​ ក្រសួង​ការពារ​ជាតិ​គ្រាន់​តែ​បាន​បញ្ជាក់​ថា ​បេសកកម្ម​នេះជា​​បេសកកម្ម​ផ្តល់​ជំនួយ​ប្រឹក្សា​បច្ចេកទេស ​តែ​ប៉ុណ្ណោះ។ កង​កម្លាំង​បារាំង​មិន​បាន​ទៅ​ចូលរួម​ប្រយុទ្ធ​ ដោយ​ផ្ទាល់​ទេ។

សូម​បញ្ជាក់​ថា ​ពេល​មុន​នេះ ​​ ក្រសួង​ការពារជាតិ​បារាំង​ ធ្លាប់​បាន​ទទួល​ស្គាល់​ផងដែរ ​ថា​មាន​កង​កម្លាំង​ពិសេស​បារាំង​ចំនួន​១៥០​នាក់ ​ដែល​នៅ​ជួយ​ខាង​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់​ និង​កង​កម្លាំង​ប៉េហ្សម៉ាហ្គាស ​នៅ​តំបន់​មូស៊ូល។ ដោយឡែក ​លោក ​Jean-Yves le Drian ​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង ​ធ្លាប់​បាន​ព្រលយ​ពាក្យ​ថា ​ មាន​កងទ័ព​បារាំង​មួយ​ក្រុម​កំពុង​សហការ​ជាមួយ​កងទ័ព​អាមេរិក ​ នៅ​សមរភូមិ​តំបន់​មីនបិច​ (Minbej) ​ក្នុង​ខេត្ត​អាឡិប ​ភាគ​ខាង​ជើង​ស៊ីរី។

ថ្លែងនៅ​ក្នុង​កិច្ច​សម្ភាសន៍​ តាម​ទូរទស្សន៍​បារាំង​ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ ​បាន​មាន​ប្រសាសន៍​ថា​ កងទ័ព​បារាំង​ទទួល​ចាត់ចែង ​ក្នុង​ការ​ដឹក​ជញ្ជូន​អាវុធ​ ជួយ​ប្រើ​យន្តហោះ​ប្រដេញ​ដើម្បី​បើកផ្លូវ ​និង​ផ្តល់​ប្រឹក្សា​ផ្នែក​យុទ្ធសាស្ត្រ។ ក្រុម​សម្ព័ន្ធមិត្ត​ ដែល​ដឹកនាំ​ដោយ​កងទ័ព​អាមេរិក​ កំពុង​តែ​ព្យាយាម​យក​ឈ្នះនៅ​សមរភូមិ​ភាគ​ខាង​ជើង​ស៊ីរី ​ដើម្បី​កាត់​ផ្តាច់​ផ្លូវ​ឆ្លង​កាត់​ដឹក​ជញ្ជូន​កម្លាំង ​និង​អាវុធ​របស់​ពួក​ជីហាដ​អង្គារ​រដ្ឋ​អ៊ីស្លាម ​ចេញ​ពី​តួកគី។

ដោយឡែក​ ពី​​ប្រភព​ក្រសួង​ការពារជាតិ​បារាំង​ដដែល ​បាន​បញ្ជាក់​ថា ​បារាំង​ធ្វើ​អន្តរាគមន៍​នៅ​ស៊ីរី​​ មិនមែន​ដោយ​សារ​តែ​ មាន​ពួក​ជីហាដ ​ដែល​ជា​យុវជន​បារាំង​នៅ​តំបន់​នោះ​ទេ។ ទោះ​មាន​ពួក​ជីហាដ​បារាំង​ រឺ​គ្មាន​ក្តី ​ក៏​កងទ័ព​បារាំង​ធ្វើ​អន្តរាគមន៍​ដែរ។ អន្តរាគមន៍​នៅ​សមរភូមិ​ផ្ទាល់​នេះ ​ធ្វើ​ឲ្យ​កងទ័ព​បារាំង ​អាច​ក្តាប់​បាន​សភាពការណ៍​ទូទៅ​របស់​ពួក​ជីហាដ ​ព្រមទាំង​អាច​ស្រង់​យក​ទិន្នន័យ ​ ដើម្បី​ងាយស្រួល​រៀប​យុទ្ធសាស្ត្រ​បង្ការ​ការ​វាយ​ប្រហារ​ភេរវកម្ម​ នៅក្នុង​ទឹកដី​បារាំង។ ជំនាញ​ពិសេស​របស់​កងទ័ព​បារាំង ​គឺ​ជួយ​ណែនាំ ​បណ្តុះបណ្តាល​ដល់​កង​កម្លាំង​មូលដ្ឋាន ​ព្រមទាំង​ផ្តល់​យុទ្ធសាស្ត្រ​បចេ្ចកទេស។ ក្រៅពី​ស៊ីរី ​និង​អ៊ីរ៉ាក់​ បារាំង​ក៏​បាន​បញ្ជូន​កង​កម្លាំង​ពិសេស​របៀបនេះ​ ទៅ​ធ្វើ​បេសកកម្ម​នៅ​ប្រទេស​លីប៊ី​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ