ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
មជ្ឈិមបូព៌ា

អវសាន​នៃ​ដែនដី​ចុងក្រោយ របស់​ក្រុម​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ​នៅ​ស៊ីរី

media  
ស្ត្រីនឹងកុមារ ចំណាប់ខ្មាំង​របស់ក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម ដែលត្រូវរំដោះមកបាន នៅ​សមរភូមិ ​Baghouz ខេត្ត Deir Al Zor ខាងកើត​ស៊ីរី។ ថ្ងៃទី១២ កុម្ភៈ ២០១៩​ REUTERS/ Rodi Said

ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅស៊ីរី កំពុងតែឈានទៅបរាជ័យ បាត់បង់ដែនដីទាំងស្រុង ក្នុងពេលដ៏ឆាប់ៗនេះ។ ក្រុមសម្ព័ន្ធមិត្តអារ៉ាប់ និងគួក រួមជាមួយក្រុមប្រជាធិបតេយ្យស៊ីរី បានឲ្យដឹងថា គេកំពុងតែវាសង្រ្គប់ ដណ្តើមយកដែនដីចុងក្រោយទំហំប្រមាណ​តែ​១គីឡូម៉ែត្រ​ការ៉េ​ ដែលក្រុម​ជីហាត​កំពុង​សំងំ​លាក់ខ្លួន។ ទោះបីជាមិនមែនជាការងាយស្រួល តែ​ក្រុម​កម្លាំង​ប្រជាធិបតេយ្យស៊ីរី អះអាងថា ជ័យជំនះចុងក្រោយ កំពុងតែខិតជិតមកដល់។

លោកមេបញ្ជាការ Jia Furat នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ប្រចាំនៅមូលដ្ឋាន al-Omar ភាគខាងកើតស៊ីរី បានឲ្យដឹងថា សមរភូមិចុងក្រោយបង្អស់ គឺស្ថិតនៅភូមិ Baghouz ក្បែរព្រំដែនជាមួយអ៊ីរ៉ាក់។ ក្រុមជីហាត កំពុងសំងំលាក់ខ្លួននៅទីនោះ ក្នុងផ្ទៃដីប្រមាណតែ១គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។

បើតាមប្រភពពីអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បានឲ្យដឹងថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី កំពុងឡោមព័ទ្ធ នឹងចូលទៅក្នុងតំបន់នោះបន្តិចម្តងៗ ដើម្បីស្វែងរកក្រុមជីហាត ដែលលាក់ខ្លួននៅតាមរូងក្រោមដី។ ប៉ុន្តែចំណោទធំ គឺនៅមានប្រជាជនស៊ីវីល ជាច្រើននាក់ទៀត នៅក្នុងតំបន់នេះ។

អ្នកនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរី បាននិយាយដែរថា គេអាចនឹងដាក់គ្រាប់បែបបំផ្ទុះកម្ទេចរូងក្រោមដី ដើម្បីសម្លាប់ក្រុមជីហាត ក៏ប៉ុន្តែវាជាការប្រថុយ ដោយសារតែក្រុមជីហាត បានចាប់យកប្រជាជនស៊ីវីល និងកងកម្លាំងប្រជាធិបតេយ្យស៊ីរីមួយចំនួន ជាចំណាប់ខ្មាំង។

គួរកត់សំគាល់ថា ថ្វីបើសមរភូមិចុងក្រោយនេះ មានទំហំតូចក្តី តែវាមិនមែនជាការងាយស្រួលក្នុងការយកឈ្នះទេ។ សកម្មភាពប្រយុទ្ធនិងអន្តរាគមន៍ទំលាក់គ្រាប់បែក ពីសំណាក់​​កងទ័ពអាមេរិក ត្រូវបានធ្វើដោយប្រុងប្រយ័ត្ន និងតិតតួចបំផុត ដើម្បីចៀស​វាងស្លាប់ប្រជាជនស៊ីវីល។ ប្រជាជនដែលបានរត់គេចចេញមក បានអះអាងថា ក្រុមជីហាត បានយកប្រជាជនស៊ីវីល មានស្ត្រី មានកុមារជាដើម ធ្វើ​ជាខែល។

សូមរំលឹកដែរថា ចាប់តាំងពីបើកសមរភូមិប្រយុទ្ធចុងក្រោយនេះ កាលពីខែធ្នូមក មានមនុស្សយ៉ាងហោចណាស់៤ម៉ឺននាក់ហើយ ដែលបានរត់គេចេញពីសមរភូមិ ភាគខាងកើតស៊ីរីនេះ។ បើតាមប្រភពគួរទុកចិត្តបាន នៅតំបន់នេះ មានជនជីហាត មិនតិចជាង​៣៨០០នាក់ទេ។ ក្នុងចំណោមនោះ មានជនជីហាត ជាជនជាតិបារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ុយក្រែន រុស្ស៊ី និងភាគច្រើនបង្អស់ជាជនជាតិអ៊ីរ៉ាក់។

កាលពីយប់ថ្ងៃសៅរ៍ លោកដូណាល់ ត្រាំ បានសរសេរ លើទំព័រTwitter ដោយបានអំពាវនាវ ឲ្យប្រទេសអឺរ៉ុប ត្រូវប្រមូលយកជនជីហាតដែលជាជនជាតិខ្លួន សុរបប្រមាណ​៨០០នាក់ ចូល​ទៅស្រុកវិញ ដើម្បីកាត់ទោស ព្រោះថាកងទ័ពអាមេរិក និងក្រុមប្រជាធិបតេយ្យស៊ីរី មិនអាចបន្តឃុំពួកនេះ បានទៀតទេ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ