អានតួអត្ថបទ
ស៊ីរី-អ៊ិស្រាអែល

ទាហាន​ស៊ីរី អះអាង​ថា​ស្ទាក់​កំទេច​បាន​មីស៊ីល ​របស់​អីស្រាអែល​ ជា​ច្រើន​គ្រាប់

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី ទាហានរបស់ស៊ីរី បានស្ទាក់ និងកំទេចបានគ្រាប់មីស៊ីល ជាច្រើនគ្រាប់​ បាញ់ចេញពីអ៊ីស្រាអែល សំដៅមកកំទេចមូលដ្ឋានទ័ពស៊ីរី នៅក្នុងខេត្តដាម៉ាស កាលពីយប់ថ្ងៃសុក្រ រំលងចូលថ្ងៃសៅរ៍ទី ២ធ្នូនេះ។ ប្រភពដដែល អះអាងថា មិនមានមនុស្សរងគ្រោះទេ គ្រាន់តែខូចខាតសម្ភារៈ មួយចំនួនប៉ុណ្ណោះ។

ទាហានស៊ីរី នៅតំបន់ ក្នុងខេត្ត​ដាម៉ាស
ទាហានស៊ីរី នៅតំបន់ ក្នុងខេត្ត​ដាម៉ាស AFP
ផ្សាយពាណិជ្ជកម្ម

“សត្រូវឈ្លានពានអ៊ីស្រាអែល បានបាញ់មីស៊ីល ជាច្រើនគ្រាប់មកកាន់ទឹកដីយើង នៅវេលាម៉ោង ១២ និង ៣០នាទីយប់ថ្ងៃសុក្រ រំលងចូលថ្ងៃសោរ៍ សម្តៅកំទេចបន្ទាយទាហាន​នៅក្នុងខេត្តដាម៉ាស។ តែជាសំណាងល្អ ក្រុមកម្លាំងការពារផ្លូវអាកាសយើង បានទប់ទល់ទាន់ពេលវេលា ដោយបានកំទេចមីស៊ីលនោះបាន២គ្រាប់” ។ នេះគឺជាការរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន Sana របស់ស៊ីរី ដោយមិនបានបញ្ជាក់ ពីចំនួនគ្រាប់មីស៊ីល និងពីកន្លែងធ្លាក់ ឲ្យពិតប្រាកដទេ។ ទីភ្នាក់ងារនេះ គ្រាន់តែបានអះអាងថា មិនមានមនុស្សរងគ្រោះទេ តែថាមានខូចខាតសម្ភារៈមួយចំនួន។

ដោយឡែក បើយោងតាមលោក Rami Abdel Rahmane នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បានអះអាងថា ពិតជាមានគ្រាប់មីស៊ីល បានធ្លាក់នៅផ្ទុះនៅតំបន់ Keswe ភាគខាងត្បូងក្រុងដាម៉ាស ដោយបានកំទេចកន្លែងស្តុកគ្រាប់ និងសព្វាវុធរបស់កងទ័ព។ តែយ៉ាងណា គេមិនអាចដឹងថា ទីតាំងនោះជាទីតាំងរបស់កងទ័ពស៊ីរី ឬក៏ជាទីតាំងរបស់កងកម្លាំងសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរី ដែលអាចជាក្រុមហេសបូឡា ឬកងកម្លាំងពិសេស របស់អ៊ីរ៉ង់ ឡើយ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងទ័ព អ៊ីស្រាអែលបានបដិសេធ មិនឆ្លើយសំណួររបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ទេ។

គួរបញ្ជាក់ថា អ៊ីស្រាអែល និង ស៊ីរី ស្ថិតនៅក្នុងស្ថានភាពប្រឈមមុខ កំញើញដាក់គ្នាជាង១០ឆ្នាំមកហើយ។ ចាប់តាំងពីមានផ្ទុះសង្រ្គាមនៅស៊ីរី នៅឆ្នាំ២០១១​មក អ៊ីស្រាអែល​បានតាមដានស្ថានការណ៍នេះ យ៉ាងយកចិត្តទុកដាក់បំផុត ដោយខ្លាចក្រែង ឥទ្ធិពលសង្រ្គាមនេះ រាលដាលមកគំរាមសន្តិសុខរបស់អ៊ីស្រាអែល។ អ៊ីរ៉ង់​ និងក្រុមហេសបូឡាលីបង់ បានចូលរួមជួយកងទ័ព របស់បាឆា អាល់ អាសាដ ដែលការនេះ ធ្វើឲ្យអ៊ីស្រាអែល ព្រួយបារម្ភជាខ្លាំង ទាក់ទិនទៅនឹងការបញ្ជូនអាវុធ ពីអ៊ីរ៉ង់ ទៅក្រុមហេសបូឡា។

មិនប្រឡូកចូលធ្វើសង្រ្គាមទេ តែអ៊ីស្រាអែល ធ្លាប់បានឆ្មក់បាញ់កំទេច ទីតាំងស្តុកអាវុធ និងក្បួនរថយន្តទាហាននៅស៊ីរី ជាច្រើនលើក។ ជាក់ស្តែង កាលពី ខែមីនា ឆ្នាំនេះ ទាហានអ៊ីស្រាអែល បានបាញ់កំទេចក្បួនរថយន្ត ដឹកអាវុធ ដែលអ៊ីស្រាអែល ចោទថាជាអាវុធដែលអ៊ីរ៉ង់បញ្ជូនទៅឲ្យក្រុមហេសបូឡាលីបង់។ ទាហានស៊ីរី បានបាញ់មីស៊ីលតបវិញ សំដៅមកអ៊ីស្រាអែល ក៏ប៉ុន្តែមីស៊ីលនោះ ត្រូវបានស្ទាក់ កំទេចចោល។ ជាមួយនឹងអន្តរាគមន៍យោធារុស្ស៊ី ទៅជួយកងទ័ពរបស់បាឆា អាល់អាសាដ នាពេលនេះទៀត គឺរឹតតែធ្វើឲ្យអ៊ីស្រាអែល ភ័យបារម្ភ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ