អានតួអត្ថបទ
អាមេនី-អាស៊ែបៃហ្សង់

ជម្លោះតំបន់​ខ្ពង់រាប​ការ៉ាបាក្ខ៖​សហគម​អន្តរជាតិ​ទាមទារ​ឲ្យ​គោរព​បទ​ឈប់បាញ់

ជម្លោះ​បាញ់គ្នា​ទៅ​វិញ​ទៅមក​នៅ​តំបន់​ខ្ពង់រាប​ការ៉ាបាក្ខ ​ដែល​ជា​ដែនដី​ស្វយ័ត្ន ​រវាង​ប្រទេស​អាស៊ែបៃហ្សង់ ​និង​ប្រទេស​អាមេនី ​បាន​ផ្ទុះឡើង​កាល​ពី​យប់​ថ្ងៃ​សុក្រ ​រំលង​ចូល​ថ្ងៃ​សៅរ៍​ទី​២ មេសា ​ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង​៣០​នាក់​ទាំង​សង​ខាង។ ក្រោយ​ព្រឹត្តិការណ៍​បាញ់​បោះ ​ដោយ​មាន​ប្រើកាំភ្លើង​ធំ ​និង​រថក្រោះ​ជាច្រើន​គ្រឿង​ផង​នោះ ​សហគម​អន្តរជាតិ​មាន​ជា​អាទិ៍ ​រុស្ស៊ី ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំង​សងខាង​ ធ្វើការ​ទំលាក់​អាវុធ​ ដើម្បី​គោរព​បទ​ឈប់បាញ់​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ​១៩៩៤។

ទាហាន​អាមេនី នៃ​សាធារណ​រដ្ឋការ៉ាបាក្ខ​ឯករាជ្យ កំពុង​តំរង់​​កាំភ្លើង​​ទៅខាង​​អាស៊ែបៃហ្សង់
ទាហាន​អាមេនី នៃ​សាធារណ​រដ្ឋការ៉ាបាក្ខ​ឯករាជ្យ កំពុង​តំរង់​​កាំភ្លើង​​ទៅខាង​​អាស៊ែបៃហ្សង់ AFP PHOTO / KAREN MINASYAN
ផ្សាយពាណិជ្ជកម្ម

ដំបៅ​ចាស់ ​រើ​ឡើងវិញ​ ព្រោះ​មិន​ទាន់​សះ៖

តំបន់​ខ្ពង់រាប​ការ៉ាបាក្ខ ​គឺ​ជា​ដែនដី​ប្រទាញប្រទង់​គ្នា​រវាង​អាមេនី ​និង​អាស៊ែបៃហ្សង់ ​បន្ទាប់​ពី​សហភាព​សូវៀត​រលំ​ទៅ។ កាល​ជំនាន់​សូវៀត ​តំបន់​នេះ​ត្រូវ​បាន​កាត់​បញ្ចូល​ទៅ​ឲ្យ​អាស៊ែបៃហ្សង់។ ម្លោះ​ហើយ​ បន្ទាប់​ពី​សហភាព​សូវៀត​រលំ​ទៅ ​ ទើប​អាមេនី​បាន​ធ្វើ​ប្រតិបត្តិការ​ដណ្តើម​យក​តំបន់​ការ៉ាបាក្ខ​នេះ ​ ពី​អាស៊ៃបៃហ្សង់។

សង្រ្គាម​បាន​ផ្ទុះឡើង​រវាង​ពី​ឆ្នាំ​១៩៨៨ ​ដល់​ឆ្នាំ​១៩៩៤ ​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជា​៣ម៉ឺន​នាក់។ កាល​នោះ​កិច្ច​ព្រមព្រាង​ឈប់បាញ់​ត្រូវ​បាន​ចុះហត្ថលេខា​ទាំង​សងខាង​មែន​ តែ​ពុំមាន​សន្ធិសញ្ញា​សន្តិភាព​រវាង​ភាគី​ទាំងពីរ​ទេ។ តំបន់​ការ៉ាបាក្ខ​នេះ ​បាន​ប្រកាស​ខ្លួន​ជា​ដែនដី​ឯករាជ្យ​ស្វយ័ត្ន​តែ​ម្នាក់ឯង​ ក្រោម​ការ​ជួយ​ទំនុកបំរុង​ពី​អាមេនី។ អញ្ចឹង​យើង​ឃើញ​ថា ​កាលនោះ ​វា​មិន​មាន​ដំណោះស្រាយ​ជាក់ច្បាស់​ទេ​ វា​គ្រាន់តែ​ជា​ការ​ព្រមព្រាង​គ្នា​ មួយ​រយៈ​រវាង​អាស៊ែបៃហ្សង់ ​និង​អាមេនី ​ដូច្នេះ​ជម្លោះ​អាច​ផ្ទុះ​ជាថ្មី​គ្រប់​ពេល​ទាំងអស់។
 

ឧត្ថម្ភាគចក្រ របស់​កងទ័ពអាស៊ែបៃហ្សង់ ធ្លាក់ដោយគ្រាប់របស់អាមេនី ថ្ងៃទី២ មេសា ២០១៦ នៅតំបន់ការ៉ាបាក្ខ
ឧត្ថម្ភាគចក្រ របស់​កងទ័ពអាស៊ែបៃហ្សង់ ធ្លាក់ដោយគ្រាប់របស់អាមេនី ថ្ងៃទី២ មេសា ២០១៦ នៅតំបន់ការ៉ាបាក្ខ REUTERS/Nagorno-Karabakh Military Handout

ភាគី​ទាំងសង​ខាង​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា ​ ម្ខាង​ជា​អ្នក​រករឿង​មុន ​ទើប​គេ​ធ្វើការ​បាញ់​តបត​វិញ។ គួរ​កត់សម្គាល់​ដែរ​ថា ​ការ​ផ្ទុះ​អាវុធ​កាល​ពី​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅនេះ​ មិនមែន​គ្រាន់តែ​ជា​ការ​បាញ់​ផ្លោង​គ្រាប់​ដាក់​គ្នា​ធម្មតា​ទេ​ តែ​ជា​សមរភូមិ​ប្រឈម​មុខ​ដាក់គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ ​ដោយ​មាន​ប្រើ​កាំភ្លើង​យន្ត​ធំៗ ​ រថក្រោះ​ជា​ច្រើន​គ្រឿង ​និង​មាន​ឧត្ថម្ភាគចក្រ ​ព្រម​ទាំង​ម៉ាស៊ីន​ដ្រូន​ទម្លាក់​គ្រាប់​បែក​ទៀត​ផង។ ទះ​ដៃ​តែ​ម្ខាង​វា​មិន​ឮ​ទេ ​តែ​យ៉ាងណា​ក៏ដោយ ​ក្នុង​ករណី​បែប​នេះ ​វា​ពិត​ជា​មាន​ម្ខាង​ជា​អ្នក​ចាប់​ផ្តើម​មុន។

យក​ជម្លោះចាស់ ​មក​បង្វែរ​ចំណាប់​អារម្មណ៍?
អាច​មាន​ហេតុផល​ច្រើន ​ ដែល​រុញច្រាន​ជម្លោះ​នេះ​ឲ្យ​ផ្ទុះ​ឡើងវិញ​ នា​ពេល​នេះ។ ទីមួយ​អាច​ជា​ចេតនា​របស់ ​អាស៊ែបៃហ្សង់ ​ក្នុង​ការ​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ប្រជាជន។ បច្ចុប្បន្ន​នេះ​ អាស៊ែបៃហ្សង់ ​កំពុង​តែ​ជួប​បញ្ហា​សេដ្ឋកិច្ច ​និង​សង្គម​ធ្ងន់ធ្ងរ។ ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​រំពឹង​ស្ទើតែ​ទាំងស្រុង​ទៅ​លើ​ការ​ផលិត​ប្រេង ​តែ​២​ឆ្នំាំ​មក​នេះ ​ប្រេង​ឆៅ​ធ្លាក់​ថ្លៃ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​រដ្ឋ​គ្មាន​ចំណូល ​ប្រជាជន​គ្មាន​ការងារ​ធ្វើ។

ដូច្នេះ​ប្រតិបត្តិការ​ដណ្តើម​តំបន់​ការ៉ាបាក្ខ​មក​ខាង​អាស៊ែបៃហ្សង់​វិញ ​ អាច​ជា​ចំណុច​វិជ្ជមាន​សម្រាប់​រដ្ឋាភិបាល​ប្រទេស​នេះ ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាជន ​ថា​ខ្លួន​ខិតខំ​ការពារ​បូរណភាព​ដែនដី។ ធ្វើបែប​នេះ ​ ប្រជាជន​អាស៊ែបៃហ្សង់​ អាច​ភ្លេច​ពី​បញ្ហា​សេដ្ឋកិច្ច ​ និង​វិបត្តិ​សង្គម។ ចំណុច​មួយ​ទៀត ​គឺ​វា​អាច​ជា​ចេនា​របស់​អាស៊ែបៃហ្សង់ ​ក្នុង​ការ​បញ្ឆេះ​រងើក​ភ្លើង​ឡើងវិញ ​ ដើម្បី​ដាក់​គំនៀប​ទៅ​ដល់​សហគម​អន្តរជាតិ ​ ថា​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​ដាច់​ស្រលះ ​មិន​ត្រូវ​ផ្អាប់​ទុក​រហូត​នោះ​ទេ។

ឥទ្ធិពល​រុស្ស៊ី​លើ​ភាគី​ជម្លោះ៖
ដូច​ប្រទេស​ផ្សេងៗ​ទៀត ​ក្នុង​តំបន់​កូកាស ​ប្រទេស​អាស៊ែបៃហ្សង់ ​និង​អាមេនី ​ ស្ថិត​ក្រោម​ឥទ្ធិពល​របស់​រុស្ស៊ី​ដូចគ្នា។ ដូច្នេះ​ រុស្ស៊ី​គ្មាន​ប្រយោជន៍​អ្វី​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​នេះ​ឈ្លោះ​គ្នា​ទេ។​ អ្វី​ដែល​រុស្ស៊ី​ធ្វើ​កន្លង​មក ​ គឺ​រក្សា​តំបន់​មាន​ជម្លោះ​ការ៉ាបាក្ខ​នេះ ​ឲ្យ​ស្ថិត​នៅ​នឹង​មួយ​កន្លែង ​ដើម្បី​មាន​ឱកាស​ប្រើ​ឥទ្ធិពល​ខ្លួន​ ទៅ​លើ​ភាគី​ទាំងពីរ។ តាម​ការ​វិភាគ​ រុស្ស៊ី​មិន​កាន់​ជើង​អ្នក​ណា​ច្រើន​ជាង​អ្នក​ណាទេ​ ព្រោះ​រុស្ស៊ី​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​ទាំងពីរ​នេះ ​ ក្នុង​ចំនួន​ប្រហាក់​ប្រហែល​គ្នា​ទេ។ ទាំង​វិស័យ​សេដ្ឋកិច្ច​ទៀតសោត​ អាមេនី​និង​អាស៊ែបៃហ្សង់​ពឹង​លើ​រុស្ស៊ី​ច្រើន​ណាស់។

ប៉ុន្តែ​បើ​យើង​វិភាគ​មួយ​ផ្លូវ​ទៀត​ ​គឺ​ថា​រុស្ស៊ី​នៅ​រក្សា​តំបន់​ជម្លោះ​ ឲ្យ​ស្ថិត​ក្នុង​ស្ថានភាព​គ្មាន​ដំណោះស្រាយ​ជាក់លាក់​រាប់សិប​ឆ្នាំ​មក​នេះ ​ដោយសារ​រុស្ស៊ី​យក​លេស​នេះ​ទុក​បញ្ហាឲ្យ​នៅ​ក្តៅ ​ ហើយ​បន្ត​លក់​អាវុធ​ទៅឲ្យ​ភាគី​ទាំង​សងខាង។

នៅ​មាន​តួកគី​មួយ​ទៀត​ដែរ ​ដែល​មាន​ចំណែក​លូកលាន់​ក្នុង​បញ្ហា​នេះ។ តួកគី​ស្អប់​អាមេនី​ណាស់។ ដូច្នេះ​តួកគី​ គាំទ្រ​អាស៊ែបៃហ្សង់​ពេញ​ទំហឹង​តែម្តង​ ទោះ​អាស៊ៃបៃហ្សង់​ធ្វើ​អ្វី​ក៏​ត្រូវ​ដែរ។ ជាក់ស្តែង​នៅ​ថ្ងៃ​អាទិត្យ​នេះ ​ប្រធានាធិបតី​តួកគី ​បាន​ប្រកាស​ថា​រដ្ឋាភិបាល​តួកគី​ គាំទ្រ​ទាំង​ស្រុង​ដល់​ការ​ប្រយុទ្ធ​របស់​អាស៊ែបៃហ្សង់ ​ដើម្បី​ដណ្តើម​យក​តំបន់​ការ៉ាបាក្ខ។ ក្នុងន័យ​នេះ ​ មាន​ន័យ​ថា​តួកគី​អាច​ផ្តល់​ជំនួយ​ដល់​អាស៊ែបៃហ្សង់។ មួយវិញ​ទៀត​ តួកគី​កំពុង​តែ​ឈ្លោះគ្នា​ជាមួយ​រុស្ស៊ី ​អញ្ចឹង​បើ​តួកគី​គាំទ្រ​អាស៊ៃបៃហ្សង់ ​គឺ​តួកគី​សង្ឃឹម​ថា​នឹង​អាច​បញ្ឆេះ​ឲ្យ​រុស្ស៊ី​បង្ខំចិត្ត ​ទៅ​កាន់​ជើង​ខាង​អាមេនី​វិញ។
 

ដាក់​អាវុធ​ជា​បន្ទាន់៖
សហគមន៍​អន្តរជាតិ​ មាន​រុស្ស៊ី ​បារាំង​ អាមេរិក​ អាល្លឺម៉ង់ ​និង​សហភាព​អឺរ៉ុប​ផង​ បាន​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់​ដាក់​អាវុធ ​ និង​គោរព​ទៅ​តាម​បទ​ឈប់បាញ់ ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៩៩៤។ មាន​តែ​តួកគី​មួយ​គត់​ ដែល​ប្រកាស​គាំទ្រ​ឲ្យ​អាស៊ែបៃហ្សង់ ​ធ្វើការ​ប្រយុទ្ធ។

លោកចន ឃែរី​ថា ​ជម្លោះ​នៅ​តំបន់​ការ៉ាបាក្ខ​នេះ ​ មិន​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​ប្រើ​កម្លាំង​អាវុធ​ទេ។ ដូចគ្នា​ដែរ​ លោក​បាន គីមូន​ អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ប្រើ​គ្រឿង​សព្វាវុធ​ធន់​ធំៗ ​ ក្នុង​ជម្លោះ​នេះ​ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជាង​៣០នាក់​ ក្នុង​ពេល​តែ​មួយ​យប់​សោះ។

ប្រជុំរក​ដំណោះស្រាយ​សន្តិភាព ​ក្នុង​ក្របខណ្ឌ​ OSCE៖
លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាល្លឺម៉ង់ ​ដែល​បច្ចុប្បន្ន​មាន​ទួនាទី​ជា​ប្រធាន​អង្គការ​ដើម្បី​សន្តិសុខ​និង​ សហប្រតិបត្តិការ​អឺរ៉ុប​(OSCE) ​បាន​ធ្វើការ​ស្នើសុំ​ឲ្យ​ក្រុម​ចរចា​ទីក្រុង​មីនស្គ៍ ​រៀបចំ​ការ​ប្រជុំ​ជា​បន្ទាន់​ ជាមួយ​នឹង​ភាគី​មាន​ជម្លោះ។ ខាង​រដ្ឋាភិបាល​រុស្ស៊ី ​ ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា ​គេ​កំពុង​ជជែក​ជាមួយ​ដៃគូ​ដ៏​ទៃ​ទៀត ​ ដើម្បី​រៀបចំ​ការ​ចរចា​ក្នុង​ក្របខណ្ឌ​ក្រុម​ចរចា​ទីក្រុង​មីនស្គ៍ ​របស់​អង្គការ​ដើម្បី​សន្តិសុខ​ និង​សហប្រតិបត្តិការ​អឺរ៉ុប​ នេះ​ដែរ។

យ៉ាងណា​ក៏ដោយ ​ការ​ផ្ទុះ​សង្រ្គាម ​គឺ​គ្មាន​នរណា​ចំណេញ​ទេ។ មិន​ថា​រុស្ស៊ី​ រឺ​ក៏​តួកគី ​ រឺ​អាមេរិក​ទេ ​ សង្រ្គាម​ដែល​កំពុង​តែ​ឆេះ​ក្នុង​តំបន់​ដើម​បូព៌ា ​នៅ​ស៊ីរី ​នៅ​អ៊ីរ៉ាក់​ និង​ជម្លោះ​នៅ​ខាងកើត​អ៊ុយក្រែន ​ គឺ​វា​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ឈឺក្បាល​ណាស់​ទៅ​ហើយ។ ដូច្នេះ​បើ​ថែម​នៅ​តំបន់​កូកាស​មួយ​ទៀត ​គឺ​វា​រឹតតែ​ធ្វើ​ឲ្យ​មាន​ការ​លំបាក។ អញ្ចឹង​ហើយ​បាន​ជា​ភ្លាមៗ ​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី ​បាន​ទូរស័ព្ទ​ទៅ​និយាយ​ជាមួយ​ភាគី​ទាំង​សងខាង ​ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ដាក់​អាវុធ​ឈប់បាញ់។ ក៏​ប៉ុន្តែ​សួរថា​ផ្អាក​បណ្តោះ​អាសន្ន​ដល់​ពេល​ណា? ដរាបណា​គ្មាន​ដំណោះស្រាយ​សន្តិភាព​ជាក់​លាក់​ទេ ​ ជម្លោះ​នេះ​គឺ​មិន​ខុស​ពី​ជំងឺ​ដែល​នៅ​រ៉ាំរ៉ៃ ​ហើយ​អាច​រើ​មក​វិញ​គ្រប់​ពេល​ទាំង​អស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ