ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/07 12h00 GMT

អាមេរិក​បង្ហាញ​ភស្តុតាង​បន្ថែម​ចោទ​អ៊ីរ៉ង់ និង​បញ្ជូន​ទាហាន​បន្ថែម​១០០០​នាក់

អាមេរិក​បង្ហាញ​ភស្តុតាង​បន្ថែម​ចោទ​អ៊ីរ៉ង់ និង​បញ្ជូន​ទាហាន​បន្ថែម​១០០០​នាក់
 
តាមរយៈរូបថត​នេះ ក្រសួងការពារជាតិ​អាមេរិក​ អះអាង​​ថា កងទ័ពអ៊ីរ៉ង់កំពុងតែ​ធ្វើ​​សកម្មភាព​ ដកគ្រាប់បែក​​ដែល​មិនផ្ទុះ ដើម្បី​បំបាត់​ភស្តុតាង។ Navy/Handout via REUTERS ATTENTION EDITORS-THIS IMAGE HAS BEEN S

ក្រសួងការពារជាតិអាមេរិក នៅតែបន្តចោទប្រកាន់ និងដាក់សំពាធលើអ៊ីរ៉ង់ ទាក់ទិននឹងហេតុការណ៍ផ្ទុះគ្រាប់បែក លើនាវាដឹកប្រេង២គ្រឿង នៅក្នុងឈូងសមុទ្រអូម៉ង់។ បន្ទាប់ពីបានបង្ហាញវីដេអូ ចោទថាអ៊ីរ៉ង់ជាអ្នកដាក់បង្កៃគ្រាប់បែក កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅថ្ងៃចន្ទ​ទី​១៧មិថុនា ក្រសួងការពារជាតិអាមេរិក បាន​បង្ហាញជាសាធារណៈ នូវរូបថតចំនួន១១សន្លឹក ដែលខ្លួនអះអាងថា ជាភស្តុតាង បញ្ជាក់ពីសកម្មភាព​​របស់អ៊ីរ៉ង់។ ​លោក​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ក៏បានប្រកាសផងដែរ ថាអាមេរិកនឹងបញ្ជូនទ័ពបន្ថែម ចំនួន​១០០០នាក់ ទៅតំបន់ដើមបូព៌ា​ ដើម្បីត្រៀម​លក្ខណៈ។ តើការចោទប្រកាន់ផ្ទួនៗ របស់អាមេរិក ទៅលើអ៊ីរ៉ង់នេះ មានមូលដ្ឋានច្បាស់លាស់កម្រិតណា?

រូបថត​១១​សន្លឹក ​អាច​បញ្ជាក់​ថា អ៊ីរ៉ង់​ជា​អ្នក​ធ្វើ?​

រូបថត ដែលក្រសួងការពារជាតិអាមេរិក បានបង្ហាញជាសាធារណៈ កាលពីថ្ងៃទី​១៧​មិថុនា គឺមានចំនួន​១១សន្លឹក ដែល​គេថតបាន ពីលើឧត្ថម្ភាគចក្រ របស់កងទ័ពអាមេរិក។ ក្នុង​ចំណោម​រូបថតទាំងនោះ មានមួយសន្លឹក ដែលបង្ហាញឲ្យឃើញ នូវវត្ថុម្យ៉ាងរាងមូលសំប៉ែត អង្កត់ផ្ចិត ប្រមាណជា៨សង់ទីម៉ែត្រ។ តាមការអះអាងពីក្រសួងការពារជាតិអាមេរិក វត្ថុនោះ គឺជាដែកឆក់ ដែលគេយកមកដាក់ ដើម្បី​ភ្ជាប់គ្រាប់បែក ទៅនឹងតួខ្លួនកប៉ាល់ ផ្នែកខាងក្រៅ នៅខ្ពស់បន្តិចផុតពីផ្ទៃទឹកសមុទ្រ។

ចំណែករូបថតមួយទៀត​នោះ នោះបង្ហាញឲ្យឃើញនូវប្រហោងធំមួយ នៅលើតួខ្លួនចំហៀង​កាប៉ាល់ ដែលមាន​អង្កត់ផ្ចិតប្រមាណជាង​​១ម៉ែត្រ។ ក្រុមជំនាញស៊ើបការណ៍សំងាត់អាមេរិក អះអាងថា ប្រហោងធំនោះ គឺជាចំណុចផ្ទុះ បង្កឡើងដោយគ្រាប់បែក ដែលគេដាក់បង្កៃ។

លោក Patrick Shanahan រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក បានលើកឡើងថា ភស្តុតាង​ទាំងអស់នេះ គឺវាមកបញ្ជាក់សំអាងយ៉ាងច្បាស់ អំពីភាព​ប្រត្យក្ស សុក្រិត្រ និងភាព​គួរ​ជាទីទុកចិត្ត នៃទិន្នន័យស៊ើបការណ៍ របស់ក្រុមចារកិច្ចស៊ើបការណ៍សំងាត់អាមេរិក ដែលបង្ហាញពីសកម្មភាព​បង្កបញ្ហា និងសកម្មភាពរករឿងរបស់អ៊ីរ៉ង់។

បន្ទាប់ពីបានបង្ហាញភស្តុតាងទាំងនេះ លោក Patrick Shanahan ក៏បានប្រកាសថា លោកបានសម្រេច បញ្ជូនកងទាហានអាមេរិក ចំនួន​១០០០នាក់បន្ថែមទៀត ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយសកម្មភាព​ រករឿងរបស់អ៊ីរ៉ង់ នៅតំបន់ដើមបូព៌ា មិនថាតាមផ្លូវអាកាស​ តាមផ្លូវទឹក ឬផ្លូវគោក។

លោកដូណាល់ ត្រាំ សន្និដ្ឋានចោទអ៊ីរ៉ង់ លឿនជ្រុល?

សាច់រឿងតាំងតែពីដំបូង គឺប្រទេសមួយចំនួន ជាក់ស្តែងនៅសហភាពអឺរ៉ុប មានបារាំង អាល្លឺម៉ង់ជាដើម គឺគេមិនបានអឺអើ ទៅតាមការអះអាង របស់អាមេរិកទេ។ នៅថ្ងៃសុក្រ ពោល​គឺ មួយថ្ងៃក្រោយពេលកើតហេតុការណ៍ផ្ទុះគ្រាប់បែក លើនាវាដឹកប្រេងទាំង​២គ្រឿង ក្រសួងការពារជាតិអាមេរិក បានបង្ហាញវីដេអូមួយ ដែលងងិតព្រាលៗ មើលរូប​មិន​សូវច្បាស់ទេ។ ក្នុងវីដេអូនេះ អាមេរិកអះអាងថា គឺក្រុមកងកម្លាំង​អ៊ីរ៉ង់ ដែលជិះទូក មក​ដកគ្រាប់បែក ដែលមិនបានផ្ទុះ យកចេញពីតួខ្លួនកាប៉ាល់ទៅវិញ ដើម្បីបំបាត់ភស្តុតាង។

តែយ៉ាងណា ភាពប្រត្យក្ស នៃវីដេអូនេះ គ្មាននរណាអាចដឹងបានទេ។ គេមិនដឹងថាវីដេអូនេះ បានមកពីណា ថតនៅពេលណា នៅទីកន្លែងណា ហើយថតដោយរបៀបណានោះទេ។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំ បានអះអាងក្តែងៗ ថាមើលតែវីដេអូនេះ គឺដឹងហើយ ថាអ៊ីរ៉ង់​ជាអ្នកដាក់គ្រាប់បែក។ ក្នុងសំដីលោកត្រាំ ទៀតសោត គាត់និយាយថា វីដេអូនេះគេថតបាននៅពេលយប់ ក្នុងពេលដែលទាហានអ៊ីរ៉ង់ លបចូលមកដកគ្រាប់បែក​ដែល​មិនផ្ទុះ។ ក៏ប៉ុន្តែ យោងតាមអគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិក CENTCOM បាន​អះអាងថា វីដេអូនោះ គេថតបាននៅម៉ោងប្រហែល ៤និង១០នាទីរសៀលទៅវិញ។

ដូច្នេះ យើងឃើញថា ព័ត៌មានមានលក្ខណៈខុសគ្នា។ ជាងនេះទៀត ក្រុមការងារលើនាវាដឹកប្រេងជប៉ុន ដែលរងគ្រោះនោះ បានអះអាង ថាមុនពេលផ្ទុះ គឺមានវត្ថុម្យ៉ាង ដែលទំនងហាក់ដូចជាគ្រាប់រ៉ូកែត បានហោះសំដៅមកកាន់នាវា។ ក្រុមការងារនាវាជប៉ុន អះអាងថា ការផ្ទុះនេះ មិនមែនបណ្តាលមកពីគ្រាប់បែក​ ដែលគេដាក់ភ្ជាប់នឹងកាប៉ាល់ទេ តែអាចបណ្តាលមកពីគ្រាប់រ៉ូកែត។

ទោះបីពេលនេះសហរដ្ឋអាមេរិក បង្ហាញរូបថត១១សន្លឹកបន្ថែម តែរូបថតទាំងនោះ មិនអាចមកអះអាងអ្វីឲ្យបានលើសពីនេះទេ។ បារាំង ចិន រុស្ស៊ី ក៏ដូចជាអង្គការសហប្រជាជាតិ បានអំពាវនាវ ឲ្យមានការស៊ើបអង្កេត ឲ្យបានស៊ីជំរៅ មិនត្រូវសន្និដ្ឋានព្រាលៗ ចោទប្រកាន់អ៊ីរ៉ង់ ដោយគ្មានមូលដ្ឋាននោះទេ។

អ៊ីរ៉ង់ អាចនឹងបង្កើនការចំរាញ់ធាតុអ៊ុយរ៉ានីញ៉ូម

អ៊ីរ៉ង់ បានប្រកែក យ៉ាងម៉ឺងម៉ាត់ថា ថាខ្លួន មិនបានដឹងរឿងទេ ហើយបានចាត់ទុក ការចោទប្រកាន់របស់អាមេរិក មកលើខ្លួន ថាជាការប្រឌិតរឿង ដើម្បីរកលេសធ្វើបាបអ៊ីរ៉ង់ តែប៉ុណ្ណោះ។

កាលពីថ្ងៃចន្ទ ទី១៧មិថុនា លោកហាសាន់ រ៉ូហានី បានទទួលជួបលោក Philippe Thiébaud អគ្គរដ្ឋទូតបារាំង ប្រចាំរដ្ឋធានីតេអេរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់ បានប្រាប់លោកទូតបារាំងថា បារាំង ក៏ដូចជាប្រទេសហត្ថលេខីផ្សេងទៀត នៅសល់ពេល ក្នុងការជួយសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ពុំនោះទេ បើកិច្ចព្រមព្រៀងនេះរលាយក្លាយជាផេះ គឺវាគ្មានផលល្អសម្រាប់ តំបន់ដើមបូព៌ា និងពិភពលោកទាំងមូលឡើយ។

សម្តីរបស់លោកហាសាន់ រ៉ូហានី នេះ យើងអាចចាត់ទុកថា ជាការបំភ័យដែរ ព្រោះវាមាន​ន័យថា អ៊ីរ៉ង់ នឹងចាប់ផ្តើមងាកទៅ បន្តកម្មវិធីផលិតអាវុធនុយក្លេអ៊ែរឡើងវិញ ព្រោះ​ថាអាមេរិក មិនបាន​ទុកជំរើសឲ្យ​ខ្លួន​ ហើយមហាអំណាចផ្សេងទៀត ក៏គ្មាននរណាមាន​សេចក្តី​ក្លាហាន​គ្រប់គ្រាន់ ជួយការពារអ៊ីរ៉ង់។

អ៊ីរ៉ង់ បានប្រកាសថា នៅថ្ងៃទី​២៧មិថុនាខាងមុខ​ ការចំរាញ់ធាតុអ៊ុយរ៉ានីញ៉ូម របស់ខ្លួន និងឡើងលើសកំរិតអប្បរមា ចំនួន​៣,៦៧% ដែលជាកំរិត កំណត់ដោយកិច្ចព្រមព្រៀងឆ្នាំ២០១៥។ បន្ថែមពីនេះទៀត អ៊ីរ៉ង់ នឹងចាប់ផ្តើមដាក់ឲ្យដំណើរការ ស្ថានីយ៍ចំរាញ់ធាតុអ៊ុយរ៉ានីញ៉ូម នៅតំបន់Arak ឡើងវិញ។ ថ្វីបើពេលនេះ ពុំទាន់មានការសម្រេចជាផ្លូវការណាមួយក្តី តែមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានលើកឡើងថា បើអ៊ីរ៉ង់ ចង់សម្រេចដំឡើងការចំរាញ់ធាតុអ៊ុយរ៉ានីញ៉ូម ឲ្យដល់កំរិតខ្ពស់បំផុត ដើម្បីផលិតនុយក្លេអ៊ែរនោះ គឺវាជារឿងងាយណាស់។ បើត្រូវធ្វើ គឺគេអាចសម្រេចធ្វើភ្លាមៗ នៅថ្ងៃស្អែកក៏បាន។

អន្ទាក់អាមេរិក ដែលរុញអ៊ីរ៉ង់ ឲ្យសាងកំហុស

បើយើងស្វែងយល់ឲ្យមែនទែន ការចាកចេញរបស់អាមេរិក ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ គឺជាឱកាស ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់។ កម្មវត្ថុនៃទណ្ឌកម្មសេដ្ឋកិច្ចនេះ គឺធ្វើយ៉ាងណា ឲ្យអ៊ីរ៉ង់ លែងមានដង្ហើមដក។ ហើយ នៅពីក្រោយការចោទប្រកាន់ផ្ទួនៗ ពីសំណាក់អាមេរិក ទៅលើអ៊ីរ៉ង់ ព្រមជាមួយការបញ្ជូនទ័ពទៅដើមបូព៌ា គឺហាក់ដូចជាការសង្កត់ក រុញអ៊ីរ៉ង់ ឲ្យទាល់ច្រកកាន់តែខ្លាំង។

ដូច្នេះ បើអ៊ីរ៉ង់ សម្រេចចិត្តថា ខ្លួន​ទ្រាំលែងបានហើយ ត្រូវតែចាប់ផ្តើមងាកទៅផលិតគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារខ្លួន នោះមានន័យថា អ៊ីរ៉ង់ចូលអន្ទាក់អាមេរិកតែម្តង។ តាំងតែពីដើមមក លោកដូណាល់ ត្រាំ តែងតែស្រែកថាបើអ៊ីរ៉ង់ មាននុយក្លេអ៊ែរ អាមេរិកនឹងវាយភ្លាម។ ថ្វីត្បិតតែលោកដូណាល់ ត្រាំ អះអាងថា គាត់មិនចង់ធ្វើសង្រ្គាមមែនក៏ដោយ តែមនុស្សជុំវិញគាត់ មួយចំនួន ហាក់ដូចជាស្អប់អ៊ីរ៉ង់ខ្លាំង ហើយព្យាយាមធ្វើគ្រប់យ៉ាង ដើម្បីរកលេសវាយអ៊ីរ៉ង់។

ជាក់ស្តែង លោក John Bolton ទីប្រឹក្សាពិសេសផ្នែកសន្តិសុខ របស់លោកដូណាល់ ត្រាំ។ លោក John Bolton នេះ មិនដែលលាក់ទេ ថាគាត់ស្អប់អ៊ីរ៉ង់ ហើយចង់ផ្តួលរំលំរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ហើយលោកម្នាក់នេះ ក៏មិនដែលលាក់ដែរ ថាគាត់គាំទ្រ​អ៊ីស្រាអែលខ្លាំងកម្រិតណា។ លោក John Bolton ធ្លាប់បាននិយាយ នៅឆ្នាំ​២០១៥​ថា ចង់ទប់កុំឲ្យអ៊ីរ៉ង់មានបរមាណូ គឺត្រូវទំលាក់គ្រាប់កំទេចអ៊ីរ៉ង់ ឲ្យបានមុន។

ទាំងលោក John Bolton ទាំងលោក Mike Pompeo មិនមែនមិនដឹងទេ ថាទណ្ឌកម្មសេដ្ឋកិច្ចមិនអាចដោះស្រាយវិបត្តិបានទេ។ ជាក់ស្តែង មានសំណុំរឿងកូរ៉េខាងជើង និងគុយបា ជាឧទាហរណ៍ស្រាប់។ ក៏ប៉ុន្តែកម្មវត្ថុនៃយុទ្ធសាស្ត្រទណ្ឌកម្មសេដ្ឋកិ​ច្ច បូកបន្ថែម ជាមួយការគំរាមសំឡុតប្រើកំលាំងសឹងតែរាល់ថ្ងៃ គឺជាយុទ្ធសាស្ត្រ ធ្វើឲ្យអ៊ីរ៉ង់ក្តៅស្លឹកត្រចៀកទ្រាំលែងបាន ហើយប្រព្រឹត្តិកំហុស

តែកាលណាអាមេរិកចាប់កំហុសបានហើយ នោះអាមេរិកនឹងមានហេតុផលវាយអ៊ីរ៉ង់ ដោយគ្មានប្រទេសណាផ្សេង អាចមកតវ៉ាបានឡើយ។ ហេតុដូច្នេះហើយ បានជាបារាំង កំពុងព្យាយាម ប្រាប់ទៅអ៊ីរ៉ង់ឲ្យអត់ធ្មត់ ខាំមាត់ កុំធ្វើឲ្យ​ជ្រុលជ្រួស ឲ្យគេចាប់កំហុសបានឲ្យសោះ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ