អានតួអត្ថបទ
អេហ្ស៊ីប

ប្រធានាធិបតី​អេហ្ស៊ីប ចុះ​ហត្ថលេខា ប្រគល់​កូនកោះ​ពីរ ​ជូន​អារ៉ាប៊ីសាអូឌីត

លោក ​ហ្វាតាហ ​អាល់ស៊ីស៊ី ​ប្រធានាធិបតី​អេហ្ស៊ីប ​បាន​ចុះ​ហត្ថលេខា ​កាល​ពី​ថ្ងៃ​សៅរ៍​ទី ២៤ មិថុនា ផ្តល់​សច្ចាប័ន ​ទៅដល់​កិច្ច​ព្រមព្រៀង​កំណត់​ព្រំដែន​ទឹក​ រវាង​អេហ្ស៊ីប ​និង​អារ៉ាប៊ីសាអូឌីត ​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៦។ តាម​រយៈ​កិច្ច​ព្រមព្រៀង​នេះ ​ អេហ្ស៊ីប​សុខចិត្ត​ប្រគល់​កូនកោះ​ពីរ​ ក្នុង​សមុទ្រ​ក្រហម ​ ទៅឲ្យ​អារ៉ាប៊ីសាអូឌីត។

កោះ សាណាហ្វៀរ ក្នុងសមុទ្រក្រហម របស់អេហ្ស៊ីប
កោះ សាណាហ្វៀរ ក្នុងសមុទ្រក្រហម របស់អេហ្ស៊ីប STRINGER / AFP
ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍ក្រោយ​ ពេល​សភា​អេហ្ស៊ីប​បាន​បោះឆ្នោត​ផ្តល់​សច្ចាប័ន​ លោក​ ហ្វាតាហ​ អាល់ស៊ីស៊ី ​បាន​ចុះ​ហត្ថលេខា ​កាល​ពី​ថ្ងៃទី​២៤ ​មិថុនា​ ​លើ​កិច្ច​ព្រមព្រៀង​កំណត់​ព្រំដែន​ទឹក​ជាមួយ​ អារ៉ាប៊ីសាអូឌីត។ លោក​ប្រធានាធិបតី​អេហ្ស៊ីប​ បាន​ឆក់​ឱកាស​ ដែល​ប្រជាជន​អេហ្ស៊ីប​ត្រូវ​ឈប់​សំរាក​ អបអរ​ការ​បិទ​បញ្ចប់​បុណ្យ​បួស​អ៊ីស្លាម ​ ដើម្បី​បញ្ចៀស​ការ​ធ្វើ​បាតុកម្ម​តវ៉ា។

គេនៅ​ចាំបាន ​ កាល​ពី​ខែ​មេសា ​ឆ្នាំ​២០១៦ ​នៅ ​ពេល​ប្រទេស​ទាំងពីរ​ បាន​សម្រេច​ចុះ​កិច្ចព្រមព្រៀង​នេះ​ ​ ប្រជាជន​អេហ្ស៊ីប​រាប់​ពាន់​នាក់ ​បាន​ចុះផ្លូវ​ ធ្វើ​បាតុកម្ម​តវ៉ា ​ចំពោះ​ការ​ដែល​អេហ្ស៊ីប​ សុខចិត្ត​បាត់បង់​បូរណភាព​ទឹកដី។ យោង​តាម​កិច្ច​ព្រមព្រៀង​នេះ ​អេហ្ស៊ីប ​ត្រូវ​ប្រគល់​កោះ​ពីរ​ នៅក្នុង​សមុទ្រ​ក្រហម​ គឺ​កោះ ​ទីរ៉ាន់(Tiran) ​ និង​កោះ​សាណាហ្វៀរ ​(Sanafir) ​ទៅឲ្យ​អារ៉ាប៊ីសាអូឌីត។

សូម​បញ្ជាក់​ថា ​កិច្ច​ព្រមព្រៀង​យល់​ព្រម​បាត់បង់​ទឹកដី​នេះ​ បាន​ឆ្លងកាត់​ភាព​ចំរូងចំរាស់​ផ្លូវច្បាប់ ​តាំងតែ​ពី​ដំបូង​នៅ​អេហ្ស៊ីប។ កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៧នេះ​ តុលាការ​រដ្ឋបាល​កំពូល​អេហ្ស៊ីប ​ បាន​បដិសេធ​កិច្ចព្រមព្រៀង​នេះ ​ ដោយ​បាន​លើកឡើង​ថា ​កោះ​ទាំងពីរ​មាន​ប្រវត្តិ​ និង​ភូមិសាស្ត្រ ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​អេហ្ស៊ីប។ ក្រោយ​មក​រដ្ឋាភិបាល​អេហ្ស៊ីប ​បាន​រិះរក​វិធី​គ្រប់​យ៉ាង ​ដើម្បី​លប់​ចោល​សាលក្រម​នេះ ​ តាម​រយៈ​ការ​ដាក់​ពាក្យ​ប្តឹង​ ទៅ​តុលាការ​ធម្មនុញ្ញ។

នៅដើម​សប្តាហ៍នេះ​ តុលាការ​ធម្មនុញ្ញ​ បាន​សម្រេច​ ព្យួរទុក​នូវ​រាល់​សេចក្តី​សម្រេច​ដែល​មាន​ពី​មុន។ តែទោះ​យ៉ាងណា ​បញ្ហា​នេះ ​នៅមិន​ទាន់​ដាច់​ស្រេច​ នៅឡើយ​ទេ ​ ដោយសារ ​ គេ​កំពុង​រងចាំ ​ឲ្យ​តុលាការ​ធម្មនុញ្ញ ​សម្រេច​ថា​តើ​កិច្ច​ព្រមព្រៀង​នេះ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​ភាព​អេហ្ស៊ីប ​ឬ​យ៉ាងណា ​ ឬមួយ​ក៏​រដ្ឋាភិបាល ​ត្រូវ​ធ្វើ​ប្រជាមតិ​ សួរចិត្ត​ប្រជាជន​អេហ្ស៊ីប។

គួរ​កត់​សំគាល់​ដែរ​ថា ​ការ​ព្យាយាម​មានះ ​របស់​លោក​ប្រធានាធិបតី​ អាល់ស៊ីស៊ី​ ក្នុង​ការ​ចុះ​ហត្ថលេខា​ប្រគល់​កោះទៅ​ឲ្យ​អារ៉ាប៊ីសាអូឌីត ​នេះ ​ត្រូវបាន​គេ​រិះគន់​ជាខ្លាំង ​ទាំង​បណ្តាញ​ព័ត៌មាន ​ទាំង​អ្នក​នយោបាយ ​សូម្បីតែ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល ​ដែល​ធ្លាប់​ស្និទ​និង​លោក​អាល់ស៊ីស៊ី។ អ្នក​នយោបាយ​ខ្លះ​លើកឡើង​ ថា​ លោក​អាល់ស៊ីស៊ី ​ចង់​ធ្វើកាដូ ​ផ្គាប់ផ្គន់​ ចិត្ត​អារ៉ាប៊ីសាអូឌីត ​ដែល​ជា​អ្នក​ផ្តល់​ប្រាក់​កំចី ​ប្រាក់​វិនិយោគ​ច្រើន​ជាង​គេ​បង្អស់ ​ដល់​អេហ្ស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ