អានតួអត្ថបទ
អ៊ីរ៉ង់

អ៊ីរ៉ង់​ប្រកាសថា នឹង​បង្កើន​សមត្ថភាព​យោធា​ខ្លួន ព្រម​ជាមួយ​បច្ចេកវិទ្យា​បាលីស្ទីក

បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់ នឹងប្រឹងប្រែងបង្កើនសមត្ថភាពយោធា ព្រមជាមួយនឹងការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាផលិតកាំជ្រួចមីស៊ីលបាលីស្ទីកទៀតផង។ ការបង្កើនសមត្ថភាពនេះ គឺជាការត្រៀមកំលាំងការពារខ្លួន ដើម្បីទប់ទល់នឹងសត្រូវក្នុងតំបន់។

ការដង្ហែរមីស៊ីល អមដោយរូបថត​Ayatollah Ali Khamenei ​នៅ​ក្រុង​តាអេរ៉ង់ ​ថ្ងៃ​ទី​២៧​កញ្ញា​២០១៧
ការដង្ហែរមីស៊ីល អមដោយរូបថត​Ayatollah Ali Khamenei ​នៅ​ក្រុង​តាអេរ៉ង់ ​ថ្ងៃ​ទី​២៧​កញ្ញា​២០១៧ Nazanin Tabatabaee Yazdi/TIMA via REUTERS
ផ្សាយពាណិជ្ជកម្ម

លោក Mohamed Ahadi អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ បានប្រកាសថា ការអភិវឌ្ឍន៍សមត្ថភាពបច្ចេកវិទ្យា​បាលីស្ទីក ការទិញយន្តហោះចំបាំងទំនើបៗថ្មីៗ ការមាននាវាចម្បាំងខ្នាតធំ ព្រមទាំងនាវាមុជទឹកបាតសមុទ្រ បំពាក់ដោយប្រព័ន្ធសព្វា​វុធទំនើបបំផុតផងនោះ គឺទាំងអស់នេះ សុទ្ធសឹងតែ​ជា​គំរោងរបស់​រដ្ឋាភិបាលអ៊ីរ៉ង់។

គួរកត់សម្គាល់ថា ការប្រកាសបង្កើនសមត្ថភាពយុទ្ធសាស្ត្រ ផ្នែកយោធារបស់អ៊ីរ៉ង់​នេះ នឹងប្រាកដ ជាបង្កើនភាពតានតឹង ជាមួយសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តអាមេរិក ដែលសុទ្ធតែជាសត្រូវរបស់អ៊ីរ៉ង់ នៅក្នុងតំបន់ មានដូចជាអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល​ជាដើម។ រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសម្រេច ដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ដោយចោទថា ជាកិច្ចព្រមព្រៀង ដែលអ៊ីរ៉ង់បោកប្រាស់ ហើយបានសម្រេចអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់។ លោកដូណាល់ ត្រាំបានទាមទារ​ឲ្យ​ចរចា ធ្វើកិច្ចព្រមព្រៀងថ្មី ហើយលោក​មានបំណងសំដៅហាមឃាត់ អ៊ីរ៉ង់ មិនឲ្យមានបច្ចេកវិទ្យាកាំជ្រួចបាលីស្ទីក ថែមទៀតផង។

តែយ៉ាងណាក៏ដោយ ប្រទេសហត្ថលេខីផ្សេងទៀត មានបារាំង អាល្លឺម៉ង់ អង់គ្លេស ចិន រុស្ស៊ី ជាដើម នៅតែបន្តអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់។ បើយោងតាម អង្គការAIEA ដែលមានតួនាទីឃ្លាំមើលការគោរពកាតព្វកិច្ចរបស់អ៊ីរ៉ង់ បានអះអាងថា រហូតមកទល់ពេលនេះ អ៊ីរ៉ង់ បានគោរពទៅតាមអ្វីដែលមានចែង ក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ យ៉ាងខ្ជាប់ខ្ជួន។ ចំណែកវិស័យបច្ចេកវិទ្យាបាលីស្ទីក គឺពុំមានកំណត់នៅក្នុងកិច្ចព្រមព្រៀងនេះទេ។

គួរកត់សំគាល់ដែរថា ការប្រកាសរបស់អ៊ីរ៉ង់ ដែលចង់ពង្រឹងសមត្ថភាពកងទ័ព មានមីស៊ីលបាលីស្ទីក មានយន្តហោះចម្បាំង នាវាចម្បាំង និងគ្រឿងសព្វាវុធទំនើបៗនេះ គឺវាជាការឆ្លើយតប ទៅនឹងគោលនយោបាយរុញខ្ទប់ របស់លោកដូណាល់ ត្រាំ ដែលចាត់ទុកអ៊ីរ៉ង់ជាសត្រូវពេញមុខ ហើយកាន់ជើង អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល យ៉ាងចំហរ។ បើតាមប្រភពពីបណ្តាញស៊ើបការណ៍សំងាត់ នៃប្រទេសលោកខាងលិច បានឲ្យដឹងថា បច្ចុប្បន្ននេះ ដោយសារតែការព្រួតគ្នាគំរាម ពីសំណាក់អាមេរិក អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល គឺអ៊ីរ៉ង់កំពុងតែរកវិធីការពារខ្លួន តាមរយៈការបង្កើនការស្រាវជ្រាវនិងផលិតសព្វាវុធទំនើប ព្រមទាំងការពង្រឹងឥទ្ធិពលយោធាឲ្យកាន់តែរឹង នៅតាមប្រទេសក្បែរខាង មានអ៊ីរ៉ាក់ និងស៊ីរីជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ